អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុង ៖ ​ច្បាប់​សន្តិសុខជាតិចូល​ជា​ធរមាន ករណី​​ចាប់ខ្លួនក៏​កើតមាន

សំឡេង ០៦:៣៩
ប៉ូលិស​ហុងកុង​ចាប់​ខ្លួន​បាតុករ​ ក្នុង​ថ្ងៃ​ខួប​ប្រគល់​ហុងកុង​មក​ឱ្យ​ចិន
ប៉ូលិស​ហុងកុង​ចាប់​ខ្លួន​បាតុករ​ ក្នុង​ថ្ងៃ​ខួប​ប្រគល់​ហុងកុង​មក​ឱ្យ​ចិន AFP
ដោយ៖ អៀង សុខម៉ិញ

១កក្កដា ១៩៩៧-១កក្កដា​២០២០​ ថ្ងៃ​នេះ​ជា​ខួប​២៣​ឆ្នាំ​គត់​នៃ ការ​ប្រគល់​ដែនដី​ហុងកុង​ ក្រោម​អាណានិគម​អង់គ្លេស​ មក​ឱ្យ​ចិន​វិញ។ ប៉ុន្តែជា​លើក​ទី​មួយប្រជាពលរដ្ឋ​ហុងកុង​គ្មាន​សិទ្ធិ​ប្រមូល​ផ្តុំគ្នា​​ធ្វើ​បាតុកម្ម​​រំលឹក​ខួប​ផ្ទេរហុងកុង​មក​ឱ្យ​ចិន​ទេ។ ​តាំង​ពី​​ម្សិលមិញ និង​ពីរបី​ម៉ោង​ក្រោយ​ការអនុម័ត​ជា​ផ្លូវការ​ច្បាប់​សន្តិសុខ​ហុងកុង​ថ្មី​មក​ អាជ្ញាធរ​ហុងកុង បាន​ពង្រាយ​កម្លាំង​ការពារ​សន្តិសុខក្រុង​យ៉ាង​សន្ធឹកសន្ធាប់។ ​ច្បាប់​ចូល​ជា​ធរមាន​ភ្លាម​ ការ​ចាប់​ខ្លួន​បាន​កើនឡើង​ភ្លាម។ មិនដល់​២៤ម៉ោង​ផង មាន​​​​សកម្មជនប្រជាធិបតេយ្យ​​ហុងកុងយ៉ាង​ហោចណាស់១៨០​​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន ពី​បទ​រំលោភ​ច្បាប់​សន្តិសុខជាតិ។នេះ​ឬហុងកុងថ្មី ?

ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ពុធ​ទី​១​ កក្កដា ២០២០ ជា​ថ្ងៃទី​មួយ​នៃ​ហុងកុង​ថ្មី ! ហុងកុង​លែង​ជា​ដែនដីក្រោម​​អាណានិគមអង់គ្លេស ដែល​ប្រគល់​មក​ឱ្យ​ចិន​វិញ​នៅ​ថ្ងៃ ទី​១​កក្កដា​១៩៩៧​ហើយ។ ហុងកុង​លែង​ជា​ក្រុង​ហិរញ្ញវត្ថុ​ពិភពលោក​ដែល​មាន​សិទ្ធិ​ពិសេស​ ស្រប​តាម​គោលការណ៍ ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ ដែលអនុញ្ញាត​ឱ្យ​ពលរដ្ឋ​ហុងកុង​មាន​សិទ្ធិសេរីភាព​ស៊ីវិល​និង​ច្បាប់​ដោយ​ឯករាជ្យ​ខុស​ពី​ចិន​ដីគោក​ទៀត​ហើយ។ ហុងកុង​ចាប់​ថ្ងៃ​ទី ១កក្កដា​២០២០​នេះ​ទៅ ត្រូវ​ត្រលប់​មក​ជា​របស់​ចិន​ ក្នុង​ទម្រង់​ថ្មី។ ហុងកុង​រស់​ក្រោម​របប​ថ្មី តាមគោលការណ៍​នៃ​​​ច្បាប់​សន្តិសុខជាតិ​​ថ្មី។

ករណី​ចាប់ខ្លួន​ស្រប​តាម​ច្បាប់​សន្តិសុខ​ថ្មី​

លោកស្រី​ ការី ឡាំ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ហុងកុង បាន​ចាត់​ទុក​ច្បាប់​សន្តិសុខ​ថ្មី​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត ជា​ការ​បោះជំហាន​ជា​ប្រវត្តិសាស្ត្រ​​​សម្រាប់​ហុងកុង​គិត​ចាប់​តាំង​ពីបាន​ប្រគល់​មក​ឱ្យ​ចិន​វិញ​​ឆ្នាំ​១៩៩៧​។ អាជ្ញាធរ​ប៉េកាំង ក៏​ដូច​ជា​ហុងកុង​ សុទ្ធ​តែ​បាន​អះអាង​ដដែល​ថា​ ច្បាប់​ថ្មី មិន​ប៉ះពាល់ដ​ល់​សិទ្ធិ​សេរីភាព​និង​ផលប្រយោជន៍​របស់​អ្នក​វិនិយោគ​ទេ ព្រោះច្បាប់​នេះ​ដាក់​សំដៅ​តែ​ក្រុម​អ្នក​បង្ក​ហេតុ​បះបោរ​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​​ថ្ងៃ​នេះ​ជា​លើក​ទីមួយ អាជ្ញាធរ​ហុងកុង​បាន​ចេញ​បម្រាម​មិន​ឱ្យ​មាន​ការ​ប្រមូ​លផ្តុំ​ដើរ​ដង្ហែក្បួន​ ប្រារព្វ​​ខួប​បញ្ចប់​អាណានិគមអង់គ្លេស​ ប្រគល់​ហុងកុង​មក​ឱ្យ​ចិន​វិញ​ទេ។ ហេតុការណ៍​ជា​ផ្លូវ​ការ​ គឺ​ហាម​មិន​ឱ្យ​មាន​ការ​ជួប​ជុំ​លើស​ពី​៥០​នាក់ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​របស់​កូវីដដ​១៩។ តាំង​ពីល្ងាច​​ម្សិលមិញ​មក អាជ្ញាធរ​ហុងកុង​បាន​ពង្រាយ​កម្លាំង​ប៉ូលិស​ប្រមាណ​ជិត​៤ពាន់​នាក់​ ចាំ​ការពារ​​មិនឱ្យ​មាន​បាតុកម្ម។

ក្រៅ​អំពី​បំបែក​ហ្វូង​បាតុករ​ដោយ​ប្រើឧស្ម័ន​បង្ហូរ​ទឹកភ្នែក និង​បាញ់​ទឹក ការ​ចាប់​ខ្លួន​បាតុករ​ក៏​បាន​កើត​ឡើង​ភ្លាម​ដែរ​។ ដំបូង​ឡើយ​ជា​សកម្មជន​ម្នាក់​ដែល​មាន​កាន់​ទង់ជាតិ​ ទាមទារ​ឯករាជ្យ​ហុងកុង។ ជា​សរុប​ ក្នុង​ថ្ងៃ​ដំបូង​ដែលហុងកុង​ប្រែមុខ​មាត់​មាន​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី មានពលរដ្ឋ​ហុងកុង​ជាង១៨០​​នាក់​ត្រូវ​ចាប់​ខ្លួន ក្នុង​នោះ​៧​នាក់​ពីបទ​រំលោភ​ច្បាប់​សន្តិសុខ​ថ្មី ប្រមូល​ផ្តុំ​គ្នា​ដោយ​ខុស​ច្បាប់ មិន​ស្តាប់​បញ្ជា​ភ្នាក់ងារ​សន្តិសុខ​ និង​មាន​កាន់​អាវុធ។

​ប្រទេស​មួយ​ ប្រព័ន្ធ​តុលាការ​មួយ ​

ក្រោយ​ការ​អនុម័ត​របស់​សភា​ចិន នៅថ្ងៃអង្គារ​ទី ៣០​មិថុនា ២០២០ ​​ប្រធានាធិបតី​ស៊ីជីនពីង ក៏​បាន​ចុះ​ហត្ថលេខាផ្តល់​សុពលភាព​​ច្បាប់​ភ្លាម។

ច្បាប់សន្តិសុខ​ជាតិហុងកុង​ថ្មី ​​សំដៅ​ដាក់​ទោស​លើ​បទ​ឧក្រិដ្ឋ​បួន​យ៉ាង ៖ សកម្មភាព​វិទ្ធង្សនា អបគមន៍​ ភេរវកម្ម និង​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស ដែល​នាំ​ឱ្យគ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ជាតិ។  ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ​ចុងក្រោយ​​នេះ ប៉េកាំង​ចែក​ទោស​ជា​​បីផ្នែក​ទៀត ៖ ​ជា​សំណុំ​រឿងស្មុគស្មាញ​នៃ​ការ​ជ្រៀតជ្រែក​របស់​បរទេស ​ជា​សំណុំ​រឿង​ដ៏ធ្ងន់ធ្ងរ និង​ជា​សំណុំ​រឿង ដែល​គំរាមកំហែង​ធ្ងន់ធ្ងរ និង​ជាក់ស្តែង ដល់​សន្តិសុខជាតិ​ផ្ទាល់។ ការ​ទៅស្នើ​សុំ​ឱ្យបរទេសដាក់ទណ្ឌកម្ម​ហុងកុង ឬ​ចិន​ ពី​សំណាក់​សកម្មជន​ប្រជាធិបតេយ្យ​​ហុងកុង នឹង​ត្រូវ​រាប់​ចូល​ថា​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋឃុបឃិត​ជាមួយ​បរទេស​ហើយ។

ជន​ដែល​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សន្តិសុខ​ជាតិ ធ្ងន់ធ្ងរ ​អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត ឬ​យ៉ាង​តិច​បំផុត ១០​ឆ្នាំ​។ ជាង​នេះ​ទៅទៀត មាត្រា​៤៦ បាន​អនុញ្ញាតឱ្យ​ ​តុលាការ​អាច​សម្រេច​កាត់​ក្តី​ដោយ​បិទ​ទ្វារ ចំពោះ​សំណុំ​រឿង​ណា ដែល​អាច​ប៉ះពាល់ដល់​​ការ​ណ៍សម្ងាត់​រដ្ឋ។

បើ​តាម​មាត្រា៥៥​នៃ​ច្បាប់​ដែល​មានទាំង​អស់​​៦៦មាត្រា​ បទ​ឧក្រិដ្ឋ​នៅ​ហុងកុង អាច​ផ្ទេរ​ទៅ​ឱ្យ​តុលាការ​ចិន​ដីគោក ក្នុង​ការ​​ទទួល​បន្ទុក​កាត់​ក្តី​​ចំពោះ​ករណី​ធ្ងន់ធ្ងរ​ខ្លាំង ទៅ​តាម​បែប​បទ​ច្បាប់​ចិន។ ភ្នាក់ងារ​ដើម្បី​សន្តិសុខ​ជាតិនឹង​ត្រូវ​បង្កើត​ឡើង​នៅ​ហុងកុង និង​ត្រូវ​ស្ថិត​នៅ​ក្រោម​បង្គាប់​បញ្ជា​ផ្ទាល់​របស់​ប្រមុខ​រដ្ឋាភិបាល​ហុងកុង ពោល​គឺ​លោក​ស្រី ការី ឡាំ ដែល​មាន​ទី​ប្រឹក្សា​តែង​តាំង​ដោយ​ប៉េកាំង​ចាំ​ជួយ​ទៀត។

ច្បាប់​សន្តិសុខ​​មាត្រា​៥៤​នឹង​ពង្រឹង​ការត្រួតពិនិត្យ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​អ្នក​កាសែត​បរទេស ដែល​ស្នាក់នៅក្នុង​ទឹក​ដី​ហុងកុង។ នេះ​ជា​ប្រភព​នៃ​ការ​ព្រួយបារម្ភ​សម្រាប់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន បើ​ទោះ​បី​មាត្រា​៤​នៃ​ច្បាប់  បាន​​ធានា​រក្សា​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន​ ការ​ផ្សព្វផ្សាយ​ និង​​ធ្វើ​បាតុកម្ម​ក៏​ដោយ។  ជា​ចុងក្រោយ​ ច្បាប់​​គ្រោង​នឹង​បង្កើត​ឱ្យ​មាន​ប៉ូលិស​សម្ងាត់​ ដែល​អាច​បញ្ចេញ​សកម្មភាព​ដោយ​សេរីក្រោម​ផ្លាក​ការពារ​សន្តិសុខ​ជាតិ។

​​​​​ ​ចិនរិះគន់​​ប្រតិកម្ម​បរទេស​

​ប្រតិកម្ម​ថ្កោលទោស មាន​ធ្លាក់​មក​ពី គ្រប់ទិសទី តាំង​ពី​ថ្ងៃ​ម្សិលមិញ នៅ​ពេល​សភា​ចិន​បាន​អនុម័ត​ច្បាប់​ភ្លាមៗ និង​បន្ត​ធ្លាក់​មក​ជា​លំដាប់​ទៀត​នៅ​ថ្ងៃ​នេះ។ ២៧ ប្រទេស​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ​អង្គការ​សហប្រជាជាតិ មាន​ជាអាទិ៍​បារាំង អង់គ្លេស អាល្លឺម៉ង់ និង​ជប៉ុន បាន​នាំ​គ្នា​ថ្កោល​ទោស​ច្បាប់​សន្តិសុខ​ថ្មី​។ សហរដ្ឋ​អាមេរិក​គំរាម​ថាមិន​ឈរ​អោប​ដៃ​ស្ងៀម​ទេ។ សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឱ្យ​ចិន​បញ្ចៀស​គ្រប់​សកម្មភាព​ដែល​បំផ្លាញ​ស្វយ័តភាព​ហុងកុង

ប៉ុន្តែ​ចិន​​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​ការ​ថ្កោលទោស​របស់​សហគមន៍​អន្តរជាតិ ដោយ​ចោទ​សួរ​ថា ហេតុ​អ្វី អ្នក​មាន​សិទ្ធិ​អ្វី​​បាន​ជានាំ​​គ្នាសំលុត​​គំរាម​​ដាក់​ចិន​ ? ចិន​មិន​បាន​បង្ក​ហេតុ​អ្វី​សោះ។ ច្បាប់​សន្តិសុខ​ហុងកុង​ថ្មី ​គ្មាន​ពាក់ព័ន្ធ​នឹង​បរទេស​ទេ។ ​នេះ​បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​ចិន​ទទួល​បន្ទុក​កិច្ចការ​ម៉ាកាវ និង​ហុងកុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ