អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គណៈមេធាវី​ហុងកុង សម្តែង​ការ​ព្រួយបារម្ភ​ខ្លាំង ពី​ភាព​​ធំ​ទូលាយ​ជ្រុល​ នៃ​ខ្លឹមសារ​ច្បាប់​សន្តិសុខជាតិ

សំឡេង ០៧:៤៧
នគរបាលហុងកុង លើកដៃគម្រាមបាញ់កាំភ្លើងហ្កាស​បង្ហូរទឹកភ្នែក ខណៈព្យាយាម​ចាប់សង្កត់បាតុករម្នាក់។ ថ្ងៃទី​១កក្កដា ២០២០
នគរបាលហុងកុង លើកដៃគម្រាមបាញ់កាំភ្លើងហ្កាស​បង្ហូរទឹកភ្នែក ខណៈព្យាយាម​ចាប់សង្កត់បាតុករម្នាក់។ ថ្ងៃទី​១កក្កដា ២០២០ REUTERS - Tyrone Siu
ដោយ៖ ម៉ម ពិសី

វិបត្តិនៅហុងកុង កំពុងធ្លាក់កាន់តែជ្រៅ ក្រោយការចូលជាធរមាននៃច្បាប់ស្តីពីសន្តិសុខជាតិ ដែល​ប៉េកាំងបានអនុម័ត។ នៅថ្ងៃពុធទី១កក្កដា សមត្ថកិច្ចហុងកុង បានចាប់ចេញប្រតិបត្តិការចាប់ឃាត់ខ្លួន​មនុស្ស​ប្រមាណ​ ៣៧០នាក់ ពីបទរំលោភបំពាននឹងច្បាប់ថ្មី ដ៏ចម្រូងចម្រាស់នេះ។ នៅថ្ងៃព្រហស្បតិ៍​ទី​២កក្កដា គណៈមេធាវីហុងកុង បានចេញលិខិតមួយ ដោយបានសម្តែងការព្រួយ​បារម្ភជាខ្លាំង​ទាក់ទិននឹងភាពធំទូលាយជ្រុលហួសហេតុពេក នៃខ្លឹមសាររបស់ច្បាប់ស្តីពីសន្តិសុខជាតិ ដែលវាអាចបើកដៃ ឲ្យ​អាជ្ញាធរចិនអាចបកស្រាយ​ តាមតែចិត្តចង់បាន។​ ​

ផ្សាយពាណិជ្ជកម្ម

ទុកន័យឲ្យទូលាយ ងាយបកស្រាយ

​​គណៈមេធាវីហុងកុង បានចេញលិខិតប្រកាសមួយ កម្រាស់​៥ទំព័រ ដើម្បីបង្ហាញពីការយល់ឃើញ និងការវិភាគរបស់ខ្លួន។ នៅក្នុងលិខិតនេះ គណៈមេធាវី បានបង្ហាញពីការព្រួយបារម្ភជាខ្លាំង ទាក់ទិននឹងភាពទូលំទូលាយជ្រុលពេក នៃខ្លឹមសាររបស់ច្បាប់​ស្តីពីសន្តិជាតិនេះ។ ភាពទូលំទូលាយជ្រុលនេះ គឺវាមានន័យថា គេអាចយកទៅបកស្រាយបានច្រើនយ៉ាង តាមចិត្តគេចង់បាន ដើម្បីទាញយក​ការចោទប្រកាន់ណាមួយ ឲ្យ​មកស្ថិតក្រោមច្បាប់នេះទាំងអស់។ សិទ្ធិបញ្ចេញមតិ ទស្សននយោបាយ ព្រមទាំងសិទ្ធិមូលដ្ឋានឯទៀត ប្រាកដជាត្រូវរងការ​គម្រាមកំហែង។

ជាក់ស្តែង កាលពីថ្ងៃពុធទី១កក្កដា​ អាជ្ញាធរហុងកុង បានចាប់ឃាត់ខ្លួន​មនុស្ស​ប្រមាណ​៣៧០នាក់ ដែលពួកគេបានចូលរួម​ ក្នុង​ការជួបជុំគ្នា រំលឹកខួប​២៣​ឆ្នាំ នៃការ​ប្រគល់ដែនដីហុងកុងមកឲ្យចិនវិញ។ យោងតាមអាជ្ញាធរហុងកុង គឺមនុស្ស​ទាំង​៣៧០នាក់ ត្រូវបានចាប់ខ្លួន ក្នុងក្របខណ្ឌនៃច្បាប់​សន្តិុសុខជាតិថ្មីនេះតែម្តង។ ដូច្នេះ យើងមិនដឹង ថាពួកគេបាន​ធ្វើអ្វីខុសឲ្យ​ប្រាកដទេ តែអាជ្ញាធរ​ហុងកុង គេបកស្រាយថា រំលោភនឹងច្បាប់សន្តិសុខជាតិ។

គ្មានពេល​វេលាគ្រប់គ្រាន់ដើម្បីស្វែងយល់​ខ្លឹមសារច្បាប់

គណៈមេធាវីហុងកុង បានលើកឡើងថា ច្បាប់ថ្មីនេះ មិនបានធ្វើឡើង ដោយមាន​ការ​ពិគ្រោះយោបល់ ជាមួយ​ប្រជាជន ព្រមទាំងអ្នកច្បាប់នៅហុងកុងទេ។ ហើយជាងនេះទៀត គឺគេអនុម័តភ្លាម ចូលជាធរមានភ្លាម​ អនុវត្តភ្លាមតែម្តង ទាំងដែលប្រជាជនមិនបានដឹងពីខ្លឹមសាររបស់វា។ គណៈមេធាវីហុងកុង បន្ថែមថា ទាំងអ្នកច្បាប់ អ្នកអាជ្ញាធរអនុវត្តច្បាប់ ទាំងប្រជាជនសាមញ្ញ គឺគ្មាននរណាមានពេលវេលាគ្រប់គ្រាន់ ដើម្បីស្វែងយល់ពីខ្លឹមសារច្បាប់ថ្មីនេះទេ។

ប្រព័ន្ធតុលាការហុងកុង លែងមានឯករាជ្យ

ចំណុចព្រួយបារម្ភមួយ​ទៀត របស់​គណៈមេធាវី គឺឯករាជ្យភាពនៃប្រព័ន្ធតុលាការហុងកុង ដែលនឹង​ត្រូវ​​រង្គោះរង្គើរ។ ច្បាប់សន្តិជាតិ បានកំណត់ថាមានបទល្មើសខ្លះ​ ត្រូវស្ថិតក្រោម​អំណាចយុត្តាធិការ​​របស់ចិនដីគោក។ សមត្ថកិច្ចចិន នឹងអាចធ្វើសកម្មភាព ​នៅហុងកុងដោយផ្ទាល់ ដោយមិនចាំបាច់​គោរព​ច្បាប់​នៅហុងកុងទេ។ ជនជាប់ចោទ អាចត្រូវគេបញ្ជូន យកទៅកាត់ទោសនៅចិនដីគោក ហើយសវនាការវិញ ក៏អាចធ្វើទៅដោយបិទទ្វារ គ្មាននរណាអាចចូលស្តាប់បាន​ ជាដើម។ ទាំងអស់នេះ សម្រាប់គណៈមេធាវីហុងកុង គឺវា​ជា​ធាតុផ្សំ ដែលនឹង​មកម្លាប់​ភាពឯករាជ្យ នៃប្រព័ន្ធតុលាការរបស់ដែនដី​ស្វ័យត្នហុងកុង។

សភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មស្វ័យប្រវត្តិ

ច្បាប់សន្តិជាតិជាតិថ្មីនេះ បានធ្វើឲ្យ​ប្រទេសមហាអំណាចផ្សេងទៀត មានការព្រួយបារម្ភខ្លាំងណាស់ដែរ ថាវានឹងមកកម្ទេចសិទ្ធិសេរីភាព នៅតំបន់ហុងកុង។ ជាក់ស្តែងសហរដ្ឋអាេមរិក បានចេញវិធានការជាបន្តបន្ទាប់ ដើម្បីដាក់សំពាធទៅលើចិន។

បើតាមការពន្យល់របស់ លោក Chris Van Hollen សមាជិកព្រឹទ្ធសភាអាេមរិក ដែលផ្តើមគំនិតធ្វើច្បាប់ដាក់ទណ្ឌកម្មអាេមរិក​ បានអះអាងថា តាមរយៈច្បាប់នេះ គឺអាេមរិក និងដាក់ទណ្ឌកម្ម ទៅលើរូបវន្តបុគ្គល និងនីតិ​បុគ្គលទាំងអស់​ ដែលបានចូលរួមជាមួយចិន ក្នុងការធ្វើសកម្មភាពរំលោភសិទ្ធិសេរី​ភាព នៅហុងកុង។ ជាក់ស្តែង ដូចជា​ សមាជិកបក្សកុម្មុយនីស្តិចិន ឬសមាជិកអង្គភាពនគរបាល​ ដែលចូលរួមក្នុងការបង្ក្រាបបាតុករនៅហុងកុង។ ជាពិសេសនោះ ធនាគារទាំងអស់​ ដែលមានពាក់ព័ន្ធនឹងការទូទាត់ ឬចាត់ចែងប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយនឹងមនុស្ស ឬក្រុមហ៊ុនទាំងនោះ គឺនឹងត្រូវសំពងរបស់ច្បាប់ទណ្ឌកម្មអាមេរិក។

កាលពីថ្ងៃពុធ​ សភាតំណាង ដែលស្ថិតក្នុងដៃបក្ស​ប្រជាធិបតេយ្យ បានបោះឆ្នោតសម្រេចជាឯកច្ឆ័ន្ទ លើច្បាប់ដាក់ទណ្ឌកម្មដោយស្វ័យប្រវត្តិនេះហើយ។ ហើយ​នៅថ្ងៃនេះ ច្បាប់នេះ នឹងត្រូវឆ្លងកាត់ព្រឹទ្ធសភា។ បើតាមការរំពឹងទុក គឺព្រឹទ្ធសភាអាេមរិក ប្រាកដជាបោះឆ្នោតយល់ព្រម ព្រោះថាច្បាប់នេះ ដើម្បីឡើយគឺខាងព្រឹត្តិសភាទេ ជាអ្នកផ្តួចផ្តើម។ បន្ទាប់មកទៀត  លោកដូណាល់ ត្រាំ ត្រូវចុះហត្ថលេខា ប្រកាសច្បាប់នេះចូលជាធរមាន។ តាមការសង្កេតកន្លងមក រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំស្អប់ចិនខ្លាំងណាស់ ដូច្នេះវានឹងគ្មាន​អ្វីចម្លែកទេ ដែលថាលោក​ដូណាល់ ត្រាំ នឹងចុះហត្ថលេខាយល់ព្រម លើច្បាប់ដាក់ទណ្ឌកម្មចិននេះ។

អង់គ្លេស និងអូស្ត្រាលី ប្រកាសទទួលប្រជាជនហុងកុង

លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស​បានលើកឡើង​ថា បច្ចុប្បន្ននេះ មាន​ប្រជាជន​​ហុងកុងប្រមាណ៣៥ម៉ឺននាក់ ដែល​កាន់លិខិតឆ្លងដែនពិសេស ​ដែលអង់គ្លេសប្រគល់ឲ្យ​ សម្រាប់ប្រជាជនរស់នៅតាម​អតីតដែន ដីអង់គ្លេស ដូចជាដែនដី​ហុងកុងនេះ BN(O)។

រដ្ឋមន្ត្រីអង់គ្លេសបញ្ជាក់​ថា ប្រជាជនហុងកុងដែលកើតមុនឆ្នាំ១៩៩៧ ប្រមាណជា​២លាន៩​សែន​នាក់ ព្រមទាំងកូនៗរបស់ពួកគេ គឺសុទ្ធតែអាចបំពេញលក្ខខណ្ឌ សុំលិខិតឆ្លងដែនពិសេសនេះទាំងអស់។ ពីមុន អ្នកដែលកាន់លិខិតឆ្លងដែននេះ អាចចូលដីអង់គ្លេស រយៈពេល​៦ខែ។ តែចាប់ពីពេលនេះទៅ គឺពួកគេ​អាចរស់នៅ និងធ្វើការនៅអង់គ្លេស រយៈពេល៥ឆ្នាំ ហើយបន្ទាប់មកទៀត អាចសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍ មុននឹងសុំសញ្ញាតិអង់គ្លេសពេញសិទ្ធិតែម្តង ក្រោយដាច់ឆ្នាំទី៦។

ជាប្រតិកម្មត​​បវិញ លោក Lui Xiaoming ឯកអគ្គរដ្ឋទូចចិន ប្រចាំទីក្រុងឡុងដ៍ បានឆ្លើយប្រាប់ទៅក្រសួងការបរទេសអង់គ្លេសថា ប្រជាជនរស់នៅហុងកុងទាំងអស់ ទោះមានឬគ្មានលិខិត​ឆ្លងដែន​ពិសេស របស់អង់គ្លេស គឺពួកគេសុទ្ធតែជាជនជាតិចិន ដូចគ្នា។ ស្ថានទូតចិនបានបញ្ជាក់ថា បើសិនជាភាគី​អង់គ្លេស ហ៊ានកែប្រែលក្ខខណ្ឌដោយអត្តនោម័ត គឺចិននឹងចាត់វិធានការឆ្លើយតបវិញ ​ឲ្យសមស្រប ទៅតាមនោះដែរ។

យ៉ាងណាក៏ដោយ នៅតាមកញ្ចក់ទូរទស្សន៍ លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានទទួលស្គាល់ថា អង់គ្លេសអាចបើកទ្វារទទួល​ប្រជាជនហុងកុងមែន តែបើសិនអាជ្ញាធរចិន មិនព្រមបើកទ្វារឲ្យ​ពួកគេធ្វើដំណើរមកអង់គ្លេស ក៏អង់គ្លេសមិនដែងត្រូវជួយធ្វើអ្វីបានដែរ។

រដ្ឋាភិបាលអូស្ត្រាលី ក៏បានលើកឡើងដែរថា ស្ថានភាពនៅហុងកុងគួរឲ្យ​ព្រួយយបារម្ភណាស់ ព្រោះប្រជាជនហុងកុង កំពុងបាត់បង់សិទ្ធិសេរីភាព។ ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត នៅថ្ងៃព្រហស្បតិ៍នេះ លោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី បានអះអាងថា រដ្ឋាភិបាល​លោក កំពុង​ពិនិត្យមើល​លទ្ធភាព​ ដើម​្បីបើកទ្វារទទួលប្រជាជនហុងកុងណា ដែលចង់មករស់នៅលើទឹកដីអូស្ត្រាលី។

វាគ្មានអ្វីចម្លែកទេ ទាំងអង់គ្លេស ទាំងអូស្ត្រាលី ប្រកាស​បើទ្វារទទួលប្រជាជនហុងកុង ក៏ព្រោះតែ ប្រជាជនហុងកុងភាគច្រើនជាអ្នកមាន​លុយ។ មិនខ្វះទេ ជនភៀសខ្លួនរាប់ពាន់ម៉ឺននាក់ ឯទៀត ដែលខំផ្សងជីវិតជិះទូកឆ្លងសមុទ្រ ចង់ចូលដីអង់គ្លេស និងអូស្ត្រាលី តែត្រូវប្រទេសទាំង២នេះ រារាំងមិនឲ្យមកក្បែរ ក៏ព្រោះតែពួកគេមកពីស្រុកក្រីក្រ។ នៅពីក្រោយ​ពាក្យថាចង់ជួយប្រជាជនហុងកុងនេះ ក៏វាអាចមានបង្កប់អត្ថន័យ​សេដ្ឋកិច្ច និងផលប្រយោជន៍ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ