អានតួអត្ថបទ
ហ្វីលីពីន

ច្បាប់​ប្រឆាំង​​ភេរវកម្ម​​ហ្វ៊ីលីពីន ធ្វើឲ្យ​អ្នក​នយោបាយ​​ប្រឆាំង និង​​​សកម្មជន​សិទ្ធិ​មនុស្ស​​ព្រួយបារម្ភ

ប្រជាជនហ្វីលីពីន ធ្វើបាតុកម្ម​ប្រឆាំងនឹងច្បាប់ភេរវកម្ម ដែលលោក​ប្រធានាធីបតី​ឌូទែរតេ បានប្រកាសអនុវត្តនៅថ្ងៃទី​៣ កក្កដា ២០២០។ ទីក្រុងម៉ានីល ថ្ងៃទី​៣កក្កដា ២០២០
ប្រជាជនហ្វីលីពីន ធ្វើបាតុកម្ម​ប្រឆាំងនឹងច្បាប់ភេរវកម្ម ដែលលោក​ប្រធានាធីបតី​ឌូទែរតេ បានប្រកាសអនុវត្តនៅថ្ងៃទី​៣ កក្កដា ២០២០។ ទីក្រុងម៉ានីល ថ្ងៃទី​៣កក្កដា ២០២០ REUTERS - ELOISA LOPEZ
ដោយ៖ ម៉ម ពិសី
4 នាទី

នៅថ្ងៃសុក្រ ទី​៣កក្កដា លោកឌូទែរតេ ប្រធានាធិបតីហ្វ៊ីលីពីន បានខុះហត្ថលេខា ប្រកាស​ចូលជាធរមាននូវច្បាប់ថ្មី ដែលសំដៅប្រយុទ្ធប្រឆាំង​នឹង​សកម្មភាព​ភេរវកម្ម ។ ក៏​ប៉ុន្តែអ្នកនយោបាយ​ប្រឆាំង និងសកម្មជានសិទ្ធិមនុស្សនៅហ្វីលីពីន បានសម្តែងការព្រួយបារម្ភជាខ្លាំង ដោយគេបានលើកឡើងថា និយមន័យនៃពាក្យ​ភេរវកម្មដែលមិនច្បាស់លាស់ នៅក្នុងច្បាប់នោះ នឹងបើកដៃឲ្យរដ្ឋាភិបាល​ប្រើវាជាឧបករណ៍ ដើម្បី​រំលោភបំពានសិទ្ធិសេរីភាព នៅហ្វ៊ីលីពីន។

ផ្សាយពាណិជ្ជកម្ម

ច្បាប់ប្រឆាំងភេរវកម្ម ត្រូវបានសភាហ្វ៊ីលីពីន អនុម័តកាលពីដើមខែមិថុនា ហើយទើបតែត្រូវបានលោក​ប្រធានាធិបតី ឌូទែរតេ ចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រ ទី​៣កក្កដា។ អ្នកនាំពាក្យខុទ្ទការល័យលោកឌូទែរតេ បាននិយាយថា ច្បាប់ថ្មីនេះ បានបង្ហាញអំពីឆន្ទះច្បាល់លាស់ របស់រដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព​ជូនប្រជាជនហ្វ៊ីលីពីន និងបោសសំអាតសកម្មភាព​ភេរវកម្ម ដែលបានធ្វើបាបប្រជាជន​ជាយូរឆ្នាំមកហើយ។

ដោយឡែក ក្រុមអ្នកប្រឆាំងនឹងច្បាប់នេះ បានលើកឡើងថា វាគឺជាឧបករណ៍សម្រាប់ឲ្យ​រដ្ឋាភិបាល​​​ដឹកនាំលោកឌូទែរតេ ចាប់ប្រមូលអ្នកប្រឆាំង និងអ្នករិះគន់ ដោយហេតុថា និយមន័យនៃពាក្យ ភេរវកម្ម ដែលមានចែងក្នុងច្បាប់នេះ មានភាពទូលាយជ្រុល ដែលគេអាចយកទៅបក​ស្រាយ​តាមចិត្តចង់។ ពាក្យថា « អំពើភេរវកម្ម » ត្រូវបានច្បាប់នេះពន្យល់ថា៖ គឺជា បំណង ឬសកម្មភាពទាំងឡាយណា ដែលបង្ករបួស ឬសម្លាប់ បំពានប៉ះពាល់ដល់រដ្ឋាភិបាល និង​ទ្រព្យ​សម្បត្តិ​ឯកជន ឬការប្រើប្រាស់អាវុធជាតិផ្ទុះ ក្នុងចេតនាផ្សព្វផ្សាយ​សាបព្រួស ការភ័យខ្លាចក្នុងសង្គម និងគម្រាមទៅលើរដ្ឋាភិបាល។

តាមរយៈច្បាប់ថ្មីនេះ លោកឌូទែរតេ និងតែងតាំង​ក្រុមប្រឹក្សាពិសេសមួយ ដែលមានសិទ្ធិអំណាច​បញ្ជាឲ្យធ្វើការចាប់ឃាត់ខ្លួនមនុស្សណា ដែលគេសង្ស័យថាបាន ឬប៉ុនប៉ង ធ្វើអំពើភេរវកម្ម ដោយ​មិនចាំបាច់ មានដីកាចាប់ខ្លួន​ពីតុលាការទេ។ អង្គភាពនេះ ក៏អាចសម្រេច​ឃុំខ្លួនមនុស្ស រយៈពេលដល់ទៅ​២៤ថ្ងៃ ដោយមិនចាំបាច់មានការចោទប្រកាន់ជាផ្លូវការឡើយ។ អ្នករិះគន់បានលើកឡើងថា ប្រការនេះគឺវាផ្ទុយពីគោលការណ៍ចែងក្នុងរដ្ឋធម្មនុញ្ញ ដែលអាជ្ញាធរអាចមាន​សិទ្ធិ ឃុំខ្លូន​មនុស្ស​តែ២ថ្ងៃប៉ុណ្ណោះ បើគ្មានការចោទប្រកាន់ជាផ្លូវការពីតុលាការ។

លោក Nicolas Bequelin ប្រធានប្រចាំតំបន់អាស៊ី របស់អង្គការ​ Amnesty International បានលើកឡើងថា ស្ថិតក្នុងអំណាចរបស់ប្រធានាធិបតីហ្វីលីពីន​បច្ចុប្បន្ននេះ ការរិះគន់ទៅលើរដ្ឋាភិបាល ទោះបីជាការរិះគន់សាមញ្ញតូចតាចក៏ដោយ ក៏នឹងអាចក្លាយជាបទល្មើសភេរវកម្មដែរ។ ច្បាប់ថ្មីនេះ គឺជាឧបករណ៍តាមប្រមាញ់ មនុស្សប្រឆាំង ដែលគេចាត់ទុកថាជានសត្រូវឬជនក្បត់។

ដូចគ្នាដែរ លោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ី នៃអង្គការ Human Rights Watch បានលើកឡើងថា ច្បាប់ភេរវកម្មរបស់ហ្វ៊ីលីពីននេះ នឹងធ្វើឲ្យស្ថានភាព​សិទ្ធិមនុស្ស​នៅហ្វ៊ីលីពីន កាន់តែធ្លាក់ដុនដាបខ្លាំងឡើងថែមទៀត។ លោកសង្កត់ធ្ងន់ថា ស្ថានភាពរំលោភសិទ្ធិមនុស្ស នៅហ្វ៊ីលីពីន វាមានកម្រិតធ្ងន់ធ្ងរណាស់ទៅហើយ ក្រោយប្រតិបត្តិការ​បង្រ្កាបគ្រឿងញៀនប្រមាណ៤ឆ្នាំមកនេះ ដែលរហូតមកទល់ពេល​នេះ ជីវិតមនុស្ស​ប្រមាណ៨៦៦៣នាក់ដែល​បានស្លាប់ គឺគ្មាននរណារកយុត្តិធម៌ឲ្យ​នៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ