អ្នកជីកត្បូង​ភូមា ជាង​១៦០នាក់​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​រលំបាក់ដី​នៅ​រដ្ឋ​កាឈីន

សាកសព​របស់​អ្នកជីករកត្បូង​ថ្លើមថ្ម ឬ​ថ្មហ្គិច ត្រូវ​បាន​គេ​អូស​ចេញ​ពី​ក្រោម​ដីភក់ ដែល​ហូរជន់​ដោយសារ​ទឹកភ្លៀង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​កក្កដា
សាកសព​របស់​អ្នកជីករកត្បូង​ថ្លើមថ្ម ឬ​ថ្មហ្គិច ត្រូវ​បាន​គេ​អូស​ចេញ​ពី​ក្រោម​ដីភក់ ដែល​ហូរជន់​ដោយសារ​ទឹកភ្លៀង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​កក្កដា AP - Zaw Moe Htet

គ្រោះថ្នាក់​រលំបាក់ដី ដែល​បណ្តាល​មកពីទឹកភ្លៀង​ជោគជាំ បាន​សម្លាប់​មនុស្ស​យ៉ាងតិច ១៦០​នាក់ នៅ​កន្លែង​ធ្វើ​អាជីវកម្ម​ជីកត្បូងថ្ម មួយកន្លែង នៅ​ភាគខាងជើង​ប្រទេស​ភូមា។ នេះបើតាម​ការជូនដំណឹង​របស់​ទីភ្នាក់ងារ​ពន្លត់អគ្គិភ័យ​នៃ​រដ្ឋ​កាឈីន នៅថ្ងៃ​ព្រហស្បតិ៍នេះ។ ប៉ូលិសភូមា អះអាងថា ប្រតិបត្តិការ​ស្វែងរក​ជនរងគ្រោះ ត្រូវ​ផ្អាក នៅថ្ងៃ​ នេះ ដោយសារ​តែ​ទឹកភ្លៀង​ធ្លាក់ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

ទំព័រហ្វេសប៊ុក​របស់​ទីភ្នាក់ងារ​ពន្លត់អគ្គិភ័យ​នៅរដ្ឋ​កាឈីន បង្ហាញ​រូប ក្រុមជួយសង្រ្គោះ ស្វែងរក​ជនរងគ្រោះ ​ដែល​អាច​កប់​ជាប់​ក្រោម​ដីភក់ ហូរបាក់​ចេញ​ពី គំនរ​ដីភ្នំ នៅក្នុង​បរិវេណ​អាជីវកម្ម​ជីកត្បូង ថ្មើមថ្ម ឬ ថ្មហ្គេច​តាមភាសា​ចិន។

តាមសាក្សី​នៅកន្លែង​កើតហេតុ ដែល​ដកស្រង់សំដី ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters នៅថ្ងៃ​ព្រហស្បតិ៍នេះ មនុស្សរាប់រយ​នាក់ បាន​ទៅ​ឈរ ​កកាយ​រក​ត្បូងថ្លើមថ្ម នៅ​លើ​ជំរាល​គំនរដី ដែល​ក្រុមហ៊ុន ​ចាក់ចោល នៅក្នុង​តំបន់ជីកត្បូង ឈ្មោះ Hpankant។

តំបន់​Hpankant ជា​កន្លែង​ដែល​ឧស្សាហ៍​កើតមាន​ជាញឹកញយ គ្រោះថ្នាក់​រលំបាក់ដី សម្លាប់​ប្រជាជន​ភាគតិច​ក្រីក្រ ដែល​លួច​ចូល​ទៅ​ជីក រ៉ែង​ដី ដែល​គេ​ជឿថា នៅ​សល់​មាន​ត្បូង​ថ្លើមថ្ម ​នៅក្រោយ​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ជីកត្បូង។ នៅឆ្នាំមុន មនុស្ស​១០០នាក់ បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ដូចគ្នា នៅ​តំបន់ Hpankant។

Hpankant ស្ថិតនៅក្នុង​រដ្ឋ​កាឈីន ភាគខាងជើង​ភូមា ជា​កន្លែង​ធ្វើអាជីវកម្ម​ជីកត្បូង​ថ្លើមថ្ម ឬ​ត្បូងហ្គេច​ធំជាងគេ​នៅក្នុង​ពិភពលោក។ ក្នុង​មួយឆ្នាំៗ ភូមា​អាច​លក់ត្បូង​ថ្លើមថ្ម តម្លៃ ៣០​ពាន់​លាន​ដុល្លារ នៅ​ទីផ្សារ​ពិភពលោក។

ចិន​ជា​ប្រទេស​នាំចូល​ត្បូងថ្លើមថ្ម​ពី​ភូមា ច្រើន​ជាងគេ ជាមួយ​នឹង​ការនាំចូល​ត្បូង​តម្លៃ ប្រមាណ ១២​ពាន់​លាន​ដុល្លារ។ ចំណូល​បាន​មកពី​ត្បូង​ថ្លើមថ្ម​តំណាង​ឲ្យ​ពាក់​កណ្តាល​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ភូមា។

អង្គការ​ការពារ​បរិស្ថាន Global Witness ធ្លាប់​បាន​រិះគន់ សកម្មភាព ជីកយក​ត្បូង​ថ្លើមថ្ម​ភូមា ថា ធ្វើឡើង មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ខុសច្បាប់ និង​មិន​គោរព លក្ខខណ្ឌ​សុវត្ថិភាព។ តាម​អង្គការ​ Global Witness​ដដែល ទាំង​អាជ្ញាធរ និង​ក្រុមហ៊ុន​ជីកត្បូង បិទភ្នែក ធ្វើ​មិនដឹង មិនលឺ បណ្តោយ​ឲ្យ​ប្រជាជន​ភូមា រាប់ពាន់នាក់​ ដែល​ក្រីក្រ ចូល​ទៅ​រ៉ែងដី រកត្បូង​ថ្លើមថ្ម នៅ​កន្លែង​ចាក់ដី ដែល​គ្មាន​សុវត្ថិភាព។

អង្គការ​ការពារ​បរិស្ថាន Global Witness​នៅ​បាន​បរិហារ​ផងដែរ សកម្មភាព​ជីកយក​ត្បូង​យ៉ាងគំហុក​របស់​ក្រុមហ៊ុន​ឯកជន។ ការល្មោភ​ចង់បាន​របស់​ចិន ទៅលើ​ត្បូង​ថ្លើមថ្ម ភូមា ជា​មូលហេតុ​ចំបង ​នៃ​ការកាប់​បំផ្លាញ ព្រៃឈើ ដែល​ធ្លាប់​តែ​ខៀវស្រងាត់ នៅ​តំបន់​ Hpakant នៅ​ភូមា។ ម្យ៉ាងទៀត ត្បូង​ថ្លើមថ្ម​ដ៏​មាន​គុណភាព​របស់​ភូមា ក៏​ជាអ្នក​នាំ​ប្រាក់​ចំណូល​ដ៏​សំខាន់ សម្រាប់ ទាំង​កងទ័ព ភូមា និង ក្រុមទ័ព​ឧទ្ទាម​កាឈីន ដើម្បី​ចិញ្ញចឹម​សង្រ្គាម ប្រយុទ្ធ​គ្នា ជាច្រើន​ទសវត្សរ៍​មកនេះ។

នៅក្រោយ​គណបក្សប្រឆាំង​ជាប់ឆ្នោត នៅភូមា លោកស្រី អ៊ុងសាន ស៊ូជី​បាន​សន្យា​កែលម្អ ឧស្សាហកម្ម​ថ្លើមថ្មឡើងវិញ។ នៅ​ឆ្នាំមុន រដ្ឋាភិបាល​បាន​បង្កើតច្បាប់​គ្រប់គ្រង​អាជីវកម្ម​រ៉ែត្បូង។ ប៉ុន្តែ អ្នករិះគន់​ជាច្រើន​វាយតម្លៃថា មន្រ្តីរដ្ឋាភិបាល​មាន​ចំនួន​មានកំណត់ និង​មាន​អំណាច​តិចតួច ដើម្បី​អាច​ទប់ស្កាត់​សកម្មភាពជីកត្បូងខុសច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI