អានតួអត្ថបទ
ជប៉ុន-គ្រោះធម្មជាតិ

ជប៉ុន​ មាន​ស្លាប់​ជា​ច្រើន​នាក់​នៅក្នុង​គ្រោះ​ព្យុះ​ភ្លៀង​

ក្រុមសង្គ្រោះ​កំពុង​ស្វែង​រក​ក្រែង​មាន​ប្រជាជន​ជាប់​កុន​នៅ​ក្នុង​ផ្ទះ​នៅ​ à Hitoyoshi ថ្ងៃទី ៤ កក្កដា ២០២០
ក្រុមសង្គ្រោះ​កំពុង​ស្វែង​រក​ក្រែង​មាន​ប្រជាជន​ជាប់​កុន​នៅ​ក្នុង​ផ្ទះ​នៅ​ à Hitoyoshi ថ្ងៃទី ៤ កក្កដា ២០២០ Kyodo/via REUTERS
ដោយ៖ អៀង សុខម៉ិញ
3 នាទី

ព្យុះ​ភ្លៀង​​ដ៏​កំណាច​បាន​បោកបក់​លើ​តំបន់​ភាគ​ពាយ័ព្យ​ប្រទេស​​ នៃ​កោះ​ គីអុស្ហូ KYUSHU របស់​ជប៉ុន តាំង​ពី​ថ្ងៃសៅរ៍​ទី ៤​កក្កដា​មក បង្កឱ្យ​មាន​ទឹក​ជំនន់ និង​ការ​ហូរ​បាក់​ដី​យ៉ាង​ខ្លាំង។ មនុស្ស​១៦​នាក់​ទំនង​ជា​បានស្លាប់​និងជាង​ច្រើន​នាក់​ផ្សេង​ទៀត​បាន​​បាត់​ខ្លួន​។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី ៥ កក្កដា ២០២០។

ផ្សាយពាណិជ្ជកម្ម

ភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​ប្រកាស​ដាក់​កោះ​គីអុស្ហូ ឱ្យ​ស្ថិតក្រោម​ការ​ប្រុងប្រយ័ត្នខ្ពស់​បំផុត ប្រឈមនឹង​គ្រោះ​ទឹកជំនន់​និង​ការហូរ​បាក់ដី។ ភ្លៀងបាន​​ធ្លាក់​ខ្លាំង​ ដូច​គេ​ចាក់​ទឹក​។ នៅខេត្ត Kumamoto និង​ខេត្ត Kagoshima កម្ពស់​ទឹក​ភ្លៀង​បាន​ឡើង​១០០​មីល្លីម៉ែត្រ​ជា​រៀង​ម៉ោង​ នៅពេលធ្លាក់​ខ្លាំង។ កម្លាំង​ទឹក​ភ្លៀង​ហាក់​ចាប់​ផ្តើម​ថយ​ឥទ្ធិពល​បន្តិច​នៅ​ថ្ងៃអាទិត្យ​នេះ។

ប៉ុន្តែ​តំបន់​នេះ​មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ពីរផង។ ​ទូរទស្សន៍​ជាតិ​ បាន​បង្ហាញ​រូបភាព​នៃ​ការ​លិច​លង់ ភូមិស្ថាន ផ្លូវ​​ថ្នល់ត្រូវ​កាត់​ផ្តាច់ ស្ពានជា​ច្រើន​ត្រូវ​​​ប្រេះ​បែក​ ... ទឹក​ជំនន់​បាន​ជន់​លិចមណ្ឌលចាស់​ជរា បង្ក​ឱ្យ​លង់​ស្លាប់​មនុស្ស​១៤​នាក់។ បើ​តាម​ទូរទស្សន៍ NHK ជន​រងគ្រោះ​១៤នាក់​ផ្សេង​ទៀត​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​​​បេះដូងលែង​ដើរ (​ស្លាប់ តែ​​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការដោយ​គ្រូពេទ្យ)។

មាន​យ៉ាងហោច​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​បាត់​ខ្លួន។ ក្រុមសង្គ្រោះ និង​យោធា​នៃ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន កំពុង​សស្រាក់សស្រាំ​ ស្វែង​រក​ជន​បាត់​ខ្លួន និង​ប្រជាពលរដ្ឋ​ដែល​ជាប់​កុន​នៅក្នុង​ផ្ទះ។ ប៉ុន្តែ​អាជ្ញាធរ​តំបន់​ និ​ង​ឃុំ​ស្រុក មិន​អាច​បញ្ជាក់​អំពី​ចំនួន​អ្នក​ស្លាប់​ ដែល​សារព័ត៌មាន​បាន​ជូន​ដំណឹងនៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​បាន​ទេ តែ​បាន​អះអាង​ថា​កំពុង​ចាត់​វិធានការ​ចាំបាច់​មួយ​ចំនួនទៀត ដើម្បី​ជួយ​ជម្លៀស​ជនរងគ្រោះ​​ពី​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់នេះ​ផង និង​ការពារកុំ​ឱ្យ​មានកា​រចម្លង​រីករាលដាល​មេរោគ​កូរ៉ូណាវីរុស​ថ្មីផង។

ថ្វី​បើ​អាជ្ញាធរមិន​​បាន​ចេញ​បទ​បញ្ជា​ឱ្យ​មានការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ក៏​ដោយ ក៏ពលរដ្ឋ​ប្រមាណ​ជាង​២សែន​នាក់​បាន​ទទួល​អនុសាសន៍​ឱ្យ​ចាកចេញពី​ផ្ទះ ទៅរក​ជម្រក​សុវត្ថិភាព ដើម្បី​ងាយ​ទប់​ស្កាត់​នឹង​កូវីដ​១៩។ ពលរដ្ឋម្នាក់ៗ​ត្រូវ​ពាក់ម៉ាស់ និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព នៅ​ឱ្យ​ឆ្ងាយ​ពី​គ្នា ពីរ​ម៉ែត្រ ពី​គ្រួសារមួយ​ទៅគ្រួសារមួយ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ