អានតួអត្ថបទ
ជប៉ុន

តូក្យូ មាន​អភិបាលក្រុង​ភេទ​ស្ត្រី​ ជា​គម្រប់​អាណត្តិ​ទីពីរ

លោកស្រី យូរីកូ កូអ៊ីកេ (Yuriko Koike) អភិបាល​ក្រុង​តូក្យូ​ទើប​ជាប់​ឆ្នោត​ថ្មី​ អាណត្តិ​ទីពីរ
លោកស្រី យូរីកូ កូអ៊ីកេ (Yuriko Koike) អភិបាល​ក្រុង​តូក្យូ​ទើប​ជាប់​ឆ្នោត​ថ្មី​ អាណត្តិ​ទីពីរ © 共同社照片
ដោយ៖ អៀង សុខម៉ិញ
4 នាទី

លោកស្រីយូរីកូ កូអ៊ីកេ (Yuriko Koike) ដែល​​បានក្លាយ​ជា​អភិបាល​ក្រុង​តូក្យូភេទស្ត្រី​ជា​លើក​ទីមួយ ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន បាន​ឈ្នះ​ឆ្នោត​​​ជា​ថ្មី នៅ​ថ្ងៃអាទិត្យទី ៥ កក្កដា ២០២០ យ៉ាង​ត្រចះ​ត្រចង់។ គ្រាន់​តែ​ការិយាល័យ​បោះឆ្នោត​បិទ​បញ្ចប់​ភ្លាម ប្រភព​សារព័ត៌មាន​បាន​ប្រកាស​ផ្តល់​ជោគជ័យ​ដល់​លោកស្រី យូរីកូ កូអ៊ីកេ​ភ្លាម។ ចំណែក​លោកស្រី​ផ្ទាល់​ក៏​បាន​ប្រកាស​ ផ្តល់​អាទិភាព​ពីរ​សម្រាប់​អាណត្តិ​ថ្មី គឺ ប្រយុទ្ធ​ប្រឆាំងនឹង​កូរ៉ូណាវីរុស ដើម្បី​ឈាន​ទៅ​​រៀប​ចំកីឡាអូឡាំពិក​ នៅ​ឆ្នាំ​២០២១​ប្រកបដោយ​សុវត្ថិភាព​។

ផ្សាយពាណិជ្ជកម្ម

ជា​ការ​បោះឆ្នោត​ដែល​គ្របដណ្តប់​ទៅ​ដោយ​វិបត្តិ​កូរ៉ូណាវីរុស និង​ការ​លើក​ពេល​ប្រកួត​កីឡាអូឡាំពិក​ក្រុង​តូក្យូ ដោយ​បេក្ខជន​ខ្លះ​ប្រកាស​សន្យា​លុប​ចោល​កីឡាអូឡាំពិក​តែ​ម្តង​ផង ដើម្បី​បញ្ចៀស​កូវីដ។ បេក្ខជន​ខ្លះ​ទៀត​សន្យា​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជប៉ុន​ដែលវិះទ្រទ្រង់​វិបត្តិ​កូវីដ​១៩​មិន​រួច។ មាន​បេក្ខជនចំនួនសរុបដល់​ទៅ​​ ២១​រូប (ជា​ចំនួន​ដ៏​ច្រើនបំផុត​មិន​ធ្លាប់​មាន) ​​ភាគ​ច្រើន​ជា​បុរស និង​​គ្មាន​បទពិសោធ​ន៍​នយោបាយ បាន​ចូលរួមប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។

តែនៅ​ទីបំផុត គឺ​លោកស្រី កូអ៊ីកេ ជា​អ្នក​ឈ្នះ​ បន្ត​គ្រប់គ្រង​កូត្យូ​មួយ​អាណត្តិ​ថ្មី​ទៀត។ គ្រាន់​ការិយាល័​យបោះឆ្នោត​បិទ​ទ្វារ​​ភ្លាម លោកស្រី កូអ៊ីកេ បានប្រកាសថា​កិច្ចការ​បន្ទាន់​បំផុត​របស់​ក្រុង គឺកា​រប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ១៩ ដែល​ក្នុង​រយៈ​ពេល​តែ​បួន​ថ្ងៃជាប់​គ្នា​នេះ​សោះ​បាន​ចម្លង​លើ​មនុស្ស​ចំនួន​១០០​នាក់។ លោក​ស្រី បានថែម​ទាំង​ផ្តល់​អនុសាសន៍ជាក់ស្តែង​ ​ដល់​ប្រជាពលរដ្ឋ​តូក្យូ​​ទាំង​​១៤​លាន​នាក់​ថា ត្រូវ​ពាក់​ម៉ាស់ និង​លាង​ដៃ​សម្អាត​មេរោគ ព្រោះ​វិធី​រក្សា​អនាម័យ​​បែប​នេះ​អាច​ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​មេរោគ​កូវីដ១៩ និង​អាច​ជួយ​ឱ្យ​សេដ្ឋកិច្ច​ក្រុង​ដើរ​ឡើង​វិញ​។ បើ​តាមលោកស្រីអភិបាល​ក្រុង​ វិធានការ​ទប់​ស្កាត់​ជំងឺរាតត្បាត​កូវីដ១៩ ជា​អាទិភាពដ៏​ចម្បង​សម្រាប់​នាំ​តូក្យូ​ឱ្យ​សម្រេច​កម្មវត្ថុ​រៀប​ចំ​កីឡាអូឡាំពិក​ឆ្នាំ​២០២១ ដោយ​ ​សុវត្ថិភាពនិងដោយ​ស្ងប់​ចិត្ត​ ព្រមទាំង​អាច​សម្រួល​និង​បន្ថយ​ចំណាយ​ទៀត។​

ជាប់​ឆ្នោតជា​លើក​ទីមួយ​នៅ​ឆ្នាំ​២០១៦ ​ជា​អភិបាលក្រុង​កូត្យូ​ភេទ​ស្ត្រី​ដំបូង​គេ​បង្អស់​ តាម​រយៈ​ការ​ធ្វើ​យុទ្ធនាការ​យ៉ាង​ឯករាជ្យ​គ្មាន​ជំនួយ​ពី​គណបក្ស​ដែល​និយម​បេក្ខជន​បុរស លោក​ស្រី កូអ៊ីកេ បាន​ចេញ​មុខ​កាន់​តែ​ខ្លាំង​លើ​ឆាក​អន្តរជាតិ​​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ ដើម្បី​ដោះស្រាយ​វិបត្តិ​កូរ៉ូណាវីរុស ដោយតាមដាន​ស្ថានការណ៍​និង​ផ្តល់​ព័ត៌មាន​គ្រប់​យ៉ាង​ដល់​ប្រជាពលរដ្ឋ​និងពេល​ខ្លះ​ជា​ភាសាអង់គ្លេស​ផង ដែល​ជា​ករណី​កម្រ​បំផុត​នៅ​ជប៉ុន។ លោក​ស្រី​បាន​នាំ​មុខ​ប្រកាសដាក់​ក្រុង​ក្នុង​ភាពអាសន្ន​ តាំង​ពី​ខែ​មីនា មុន​សេចក្តី​សម្រេច​របស់​នាយករដ្ឋមន្ត្រី​ទៅ​ទៀត និង​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​តូក្យូ​ជ្រើសរើស​ធ្វើការ​ពី​ចម្ងាយ (នៅ​ផ្ទះ)។ ក្នុង​​​វ័យ​៦៧​ឆ្នាំ លោកស្រី​​ កូអ៊ីកេ ​ជា​ស្ត្រីអ្នក​នយោបាយ​ស្តាំ​និយម​ដ៏​ចំណាន និង​មាន​ថ្វី​មាត់​ ពូកែទំនាក់ទំនង​រហូត​មាន​មតិ​ខ្លះ​យល់​ថា​លោកស្រី​អាច​នឹង​ក្លាយ​ជា​ទៅ​នាយករដ្ឋមន្ត្រី​ជប៉ុន​ភេទ​ស្ត្រី​ដំបូង​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ