អានតួអត្ថបទ
ឥណ្ឌា កូវីដ១៩

ឥណ្ឌា​មាន​អ្នក​ឆ្លង​កូវីដ១៩ ជិត​៧សែន​នាក់​ ច្រើន​ជាង​គេ​លំដាប់​ទី៣

បុគ្គលិក​សុខាភិបាល កំពុងចុះទៅពិនិត្យ​សុខភាព​ នៅតំបន់អាណាធិបតេយ្យ ជាយទីក្រុង ម៉ុមបៃ ថ្ងៃទី​១ កក្កដា ២០២០
បុគ្គលិក​សុខាភិបាល កំពុងចុះទៅពិនិត្យ​សុខភាព​ នៅតំបន់អាណាធិបតេយ្យ ជាយទីក្រុង ម៉ុមបៃ ថ្ងៃទី​១ កក្កដា ២០២០ REUTERS - Francis Mascarenhas
ដោយ៖ ម៉ម ពិសី
1 នាទី

ការឆ្លងរាលដាលនូវជំងឺកូវីដ១៩ បានកើនល្បឿនយ៉ាងខ្លាំង នៅក្នុងប្រទេស​ឥណ្ឌា។ ក្នុងរយៈពេល​២៤ម៉ោងចុងក្រោយនេះ គេបានរកឃើញអ្នកឆ្លងថ្មីបន្ថែម ចំនួន​ប្រមាណ​២៤០០០នាក់ ដែលធ្វើឲ្យចំនួន​អ្នកឆ្លងកូវីដ១៩ សរុបនៅឥណ្ឌា មានចំនួន​ជិត​៧សែននាក់។ គិតត្រឹមថ្ងៃទី​៦កក្កដានេះ ឥណ្ឌាគឺជាប្រទេសទី​៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើន​បំផុត។

ផ្សាយពាណិជ្ជកម្ម

យោងតាមតួលេខផ្លូវការ របស់អាជ្ញាធរសុខាភិបាលឥណ្ឌា​ អ្នកឆ្លងកូវីដ១៩សរុបនៅឥណ្ឌា មានចំនួន ៦៩៧៣៥៨នាក់ គិតត្រឹមថ្ងៃទី​៦កក្កដា ដោយក្នុងនោះមានស្លាប់ ប្រមាណ​១៩៩៦៣នាក់។ បើប្រៀបធៀបទៅនឹងចំនួន​​​​ប្រជាជន​ ១៣០០លាននាក់ ចំនួន​អ្នកឆ្លង និងអ្នកស្លាប់ដោយកូវីដ ១៩ នៅឥណ្ឌា គឺវាមានភាគរយទាបទេ។ ក៏​ប៉ុន្តែអ្វីដែលធ្វើឲ្យគេព្រួយបារម្ភបំផុតនោះ គឺល្បឿននៃការឆ្លងរាលដាល នៅក្នុងប្រទេសនេះ។

តួលេខ២៤ម៉ោងចុងក្រោយនៅថ្ងៃចន្ទទី៦កក្កដា គេបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន​២៤០០០នាក់។ ហើយតួលេខ២៤ម៉ោងចុងក្រោយ កាលពីថ្ងៃអាទិត្យ​ទី​៥កក្កដាវិញ គឺមាន​២៥០០០នាក់។ ជាងនេះទៀត អ្នកជំនាញជឿថា កម្រិតឆ្លងរាលដាលខ្ពស់បំផុត នៅឥណ្ឌា គឺនៅមិន​ទាន់ដល់ចំណុចកំពូល ដែលអាច​ធ្លាក់មកវិញ​នៅឡើយទេ។ ដែលនេះមានន័យថា ចំនួន​ឆ្លងរាលដាលនេះ នឹងកើនឡើង ឬបន្តខ្ពស់បែបនេះយូរថ្ងៃទៅមុខទៀត ជាពិសេសនៅតាមទីក្រុងធំៗ ដែលមានប្រជាជនរស់នៅកកកុញ ដូចជា ទីក្រុងបុមបេ ឆិនណៃ កាល់គូតា និងញូដេលីជាដើម។

ដើម្បីប្រឈមនឹងចំនួនកើនឡើងខ្លាំងនៃអ្នកជំងឺ ក៏ដូចជាអ្នកឆ្លង​ថ្មី អាជ្ញាធរសុខាភិបាលឥណ្ឌា បាន​រៀបចំបង្កើតទីតាំងបណ្តោះអាសន្ន ដើម្បីទទួលអ្នកជំងឺ បានប្រមាណ​១ម៉ឺននាក់ នៅតាមទីតាំងកន្លែងធំៗ ដែលជាទីតាំងរៀបចំពិធីសាសនា។ អាជ្ញាធរទីក្រុងមួយចំនួន បានចាត់វិធានបិទខ្ទប់ និង​ដាក់កំហិត ដើម្បីបង្កាការឆ្លងរាលដាល។ ប្រាសាទ Taj Mahal តំបន់ទេសចរណ៍ធំបំផុតនៅឥណ្ឌា ត្រូវបានអាជ្ញាធរសម្រេចបន្តបិទទ្វា មិនទទួលទេសចរណ៍ទេ។

គួរកត់សំគាល់ថា ប្រព័ន្ធសុខាភិបាល​ឥណ្ឌា មានភាពទន់ខ្សោយ ព្រមទាំងមានលទ្ធភាពតូចបំផុត បើប្រៀបធៀបទៅនឹងចំនួន​ប្រជាជនខ្លួន ជាពិសេសនៅតាមទីជនបទ។ នៅទីក្រុងញូដេលី មានគ្រែសម្រាប់អ្នកជំងឺកូវីដ១៩​ ប្រមាណតែ ១ម៉ឺនគ្រែតែប៉ុណ្ណោះ សរុបទាំងពេទ្យរដ្ឋទាំងឯកជន​ខណៈអ្នកជំនាញព្រួយបារម្ភថា នៅរវាងចុងខែកក្កដានេះ នៅញូដេលី អាចនឹងត្រូវការគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ ប្រមាណ​១សែន៥ម៉ឺនគ្រែឯណោះទើបគ្រប់។

ដោយសង្កេតឃើញ ថាអាជ្ញាធរមូលដ្ឋាន តាមរដ្ឋនីមួយៗ មានការយឺតយ៉ាវ និងគ្មានលទ្ធភាពប្រឈមនឹងវិបត្តិដ៏ធ្ងន់នេះ កាលពីថ្ងៃទី​១៤មិថុនាកន្លងទៅ រដ្ឋាភិបាល​សហព័ន្ធឥណ្ឌា បាន​សន្យាបង្កើនចំនួនគ្រែពេទ្យឲ្យ​បានច្រើនបំផុត​ ដើម្បីទទួលអ្នកជំងឺកូវីដ១៩។

នៅតាមបណ្តាញសង្គម គេបានបង្ហោះរូបភាពជាច្រើន បង្ហាញពីសាកសពមនុស្ស​ជាច្រើន ដែល​នៅកកកុញ យកទៅបូជាឬបញ្ចុះមិនទាន់។ នៅខាងមុខមន្ទីរពេទ្យ មនុស្សម្នាឈរបន្តកន្ទុយរាប់ម៉ោង រងចាំចូលទៅ​ជួបពេទ្យ។ មានការលើកឡើង ដូចៗគ្នា អំពី​ការលំបាកក្នុងការទទួលបានការព្យាបាល ជាពិសេសប្រជាជនក្រីក្រី ដែលត្រូវគេបណ្តេញចេញពីពេទ្យ បើសិនជាគ្មានប្រាក់បង់ថ្លៃសេវា ប្រមាណ​១លាន២សែន៥ម៉ឺនរូបពី ដែលស្មើនឹងប្រមាណ​១៥០០០ដុល្លារ សម្រាប់អ្នកជំងឺកូវីដម្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ