អានតួអត្ថបទ
ចិន សព្វាវុធ

ចិន​ព្រម​ចុះហត្ថលេខា ចូលរួម​ជា​សមាជិក នៃ​សន្ធិសញ្ញា​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ

មីស៊ីល Dong Feng-31 (East Wind-31) ជាប្រភេទមីស៊ីល​ឆ្លងទ្វីបរបស់ចិន
មីស៊ីល Dong Feng-31 (East Wind-31) ជាប្រភេទមីស៊ីល​ឆ្លងទ្វីបរបស់ចិន REUTERS
ដោយ៖ ម៉ម ពិសី
1 នាទី

រដ្ឋាភិបាលចិន តាមរយៈអគ្គរដ្ឋទូតខ្លួន​ប​្រចាំអង្គការសហប្រជាជាតិ បានចុះហត្ថលេខា កាលពីថ្ងៃចន្ទទី ៦កក្កដាម្សិលមិញ ចូលរួមធ្វើជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញាគ្រប់គ្រងពាណិជ្ជកម្មអាវុធ។ ជាមួយនឹងការចុះហត្ថលេខានេះ ចិនបានផ្ញើសារ ផ្លែផ្កាទៅកាន់សហរដ្ឋអាមេរិក ដែលចង់ដកខ្លួន​ពីសន្ធិសញ្ញានេះ ថាជាប្រទេសដែលក្អេងក្អាង ធ្វើអ្វីដោយអត្តនោម័តតែម្នាក់ឯង គ្មានគិតពី​ប្រយោជន៍រួមរបស់សហគមអន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

ដូចទៅនឹងអ្វីដែលខ្លួន​បានសន្យាកាលពីខែកញ្ញាឆ្នាំមុន រដ្ឋាភិបាលចិន បានចុះហត្ថលេខាជាផ្លូវការ លើសំណុំឯកសារនៅអង្គការសហប្រជាជាតិ​ ដើម្បីចូលជាប្រទេសសមាជិក នៃសន្ធិសញ្ញាគ្រប់គ្រងពាណិជ្ជកម្មអាវុធ។ ចិនគឺជាប្រទេសសមាជិក​ទី​១០៧ ដែលចូលរួមក្នុងសន្ធិសញ្ញាដ៏សំខាន់មួយនេះ។

សន្ធិសញ្ញាគ្រប់គ្រងពាណិជ្ជកម្មអាវុធ ត្រូវបាន​អនុម័តដោយសម្លេងភាគច្រើនលើសលុប កាលពីក្នុងមហាសន្និបាទនៃអង្គការសហប្រជាជាតិ​​ឆ្នាំ២០១៣។ កម្មវត្ថុនៃសន្ធិសញ្ញានេះ គឺធ្វើយ៉ាងណា គ្រប់គ្រងការជួញដូរអាវុធ ដើម្បីកុំឲ្យ​វាធ្លាក់ទៅក្នុងដៃប្រទេស ដែលរំលោភបំពាននឹងសិទ្ធិមនុស្ស។

គួររំលឹកថា ក្នុងនាមអាមេរិក ជាប្រទេសផលិតនិងនាំចេញអាវុធច្រើនជាងគេ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​កាលជំនាន់នោះ បាន​ចុះហត្ថលេខាលើសន្ធិសញ្ញានេះ។ ក៏ប៉ុន្តែ National Rifle Association (NRA) ដែល​ជា​ក្រុមឡុបប៊ីអាវុធដ៏មានអំណាច បានប្រឆាំងនឹងសន្ធិសញ្ញា ហើយបានប្រើឥទ្ធិពល ធ្វើឲ្យ​ព្រឹទ្ធសភាអាមេរិក បដិសេធមិន​ផ្តល់សច្ចាប័ន លើសន្ធិសញ្ញានេះ។ ក្រោយមកនៅឆ្នាំ២០១៩ លោកដូណាល់ ត្រាំ ដែលគេដឹងថា ជាមិត្តស្និទស្នាលជាមួយក្រុម National Rifle Association បានប្រកាសថា លោកនឹងដកខ្លួនសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញានេះ។

កាលពីថ្ងៃចន្ទ ទី​៦កក្កដា នៅក្នុងលិខិតប្រកាស​របស់​លោក Zhang Jun អគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ បាន​និយាយបន្ទោស​ថា « មានប្រទេសមួយ ដែល​កំសាក ​ដកខ្លួនចេញពីកិច្ចសន្យាអន្តរជាតិសឹងតែគ្រប់វិស័យ ហើយប្រទេសនោះ កំពុង​តែធ្វើសកម្មភាពក្អេងក្អាង អត្តនោម័តតែម្នាក់ឯង និងគំរាមសំឡុតគេឯងឯទៀត »។

ទោះមិនបញ្ចេញឈ្មោះ ក៏គ្រប់គ្នាអាចយល់យ៉ាងច្បាស់ ថាអគ្គរដ្ឋទូតចិន បាននិយាយវាយប្រហារទៅលើសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ ដែលបានសម្រេចដកខ្លួនចេញពីសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន មានជាអាទិ៍​ កិច្ចព្រមព្រាងទីក្រុងប៉ារីសស្តីពីអាកាសធាតុ កិច្ចព្រមព្រាងនុយក្លេអ៊ែរអ៊ីរ៉ង់ កិច្ចព្រមព្រាងពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក ចាកចេញពីអង្គការយូណេស្កូ និង​ចុងក្រោយ​នេះ គឺចាកចេញពី​អង្គការសុខភាពពិភពលោក។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមប្រទេសនាំអាវុធចេញច្រើនជាងគេ ចិនជាប្រទេសលំដាប់ទី៥។ សហរដ្ឋអាេមរិកស្ថិតនៅលំដាប់ទី១ រុស្ស៊ីទី២ បារាំងទី៣ និងអាល្លឺម៉ង់ទី៤។​ នេះបើផ្អែកតាមទិន្នន័យចុងក្រោយ របស់វិទ្យាស្ថានដើម្បីសន្តិភាព​អន្តរជាតិ នៅទីក្រុងស្តុកខូម (Sipri)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ