អានតួអត្ថបទ
អូស្ត្រាលី-កូវីដ១៩

អូស្ត្រាលី​ បិទ​ក្រុង​ម៊ែលបន​សាជាថ្មី​ដោយសារ​ករណី​ឆ្លង​កូវីដ​ហក់​ឡើង​ខ្លាំង​ជា​លើក​ទី​ពីរ​

មន្រ្តីប៉ូលិសអូស្ត្រាលីនិយាយទៅកាន់ប្រជាពលដ្ឋអំពីវិធានការបិទទីក្រុងដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដក្នុងទីក្រុងម៊ែលបនកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២០។
មន្រ្តីប៉ូលិសអូស្ត្រាលីនិយាយទៅកាន់ប្រជាពលដ្ឋអំពីវិធានការបិទទីក្រុងដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដក្នុងទីក្រុងម៊ែលបនកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២០។ REUTERS - Stringer .
ដោយ៖ អ៊ុង គឹមអ៊ាន់
1 នាទី

នៅ​អូស្រា្តលី​ រដ្ឋអំណាច​បាន​សម្រេច​បិទ​ក្រុង​ម៊ែលបន​ដែល​ជា​ទីក្រុង​ធំ​ទី២​របស់​ប្រទេស​ ដោយសារតែ​ករណី​ឆ្លង​កូវីដ​១៩​ ហក់ឡើង​ខ្លាំង​សាជាថ្មី​។ ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ម៊ែលបន​ប្រមាណជា​ ៥ លាន​នាក់​ ត្រូវ​បាន​ហាមប្រាម​មិនឲ្យ​ចេញពី​ផ្ទះ​រយៈពេល​ ៦​ សប្តាហ៍​ និង​ចាប់​មាន​សុពលភាព​ពី​ថ្ងៃពុធ​ ទី៨​ កក្កដា​ស្អែក​នេះ​តទៅ​។

ផ្សាយពាណិជ្ជកម្ម

កំណើន​ករណី​ឆ្លង​កូវីដ១៩​ ដែល​ចាប់ផ្ទុះឡើង​សាជាថ្មី​ក្នុង​ទីក្រុង​ម៊ែលបន​នៅ​ថ្ងៃអង្គារ​ ទី៧​ កក្កដា​នេះ​ បាន​បង្ខំឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​សម្រេច​បិទ​ទីក្រុងនេះ​ជាថ្មី​ម្តងទៀត​ដោយ​មិន​បង្អែ​បង្អង់​ឡើយ​។

អភិបាល​រដ្ឋ ​Victoria​ លោក​ដានីញ៉ែល​ អេនឌ្រូ​ (Daniel Andrews) បាន​ប្រកាស​ថា​នឹង​បិទ​ទីក្រុងធំ​ទី​២​របស់​អូស្ត្រាលី​នេះ​រយៈពេល​ ៦​ សប្តាហ៍​។ ទន្ទឹមគ្នានេះ​ លោក​បាន​ក្រើន​រំឭក​ដែរ​ថា​ គ្រប់គ្នា​មិន​ត្រូវ​ឈប់​ខ្វល់​និង​គិតថា​វិបត្តិ​កូវីដ​ត្រូវ​បាន​បិទបញ្ចប់​ទាំងស្រុង​នោះទេ​។

នេះ​រាប់​ទុកថា​គឺ​ការកើន​ឡើង​ខ្លាំង​ថ្មី​និង​ជាលើក​ដំបូង​ហើយ​ក្នុង​ប្រទេស​អូស្ត្រាលី​ចាប់​តាំង​ពី​គេ​ជឿជាក់​ថា​ វីរុស​កូវីដ​១៩​ អាច​ត្រូវ​បាន​គ្រប់គ្រង​នៅ​ទូទាំង​ប្រទេស​តាំង​ពី​៣​ខែ​កន្លង​មក​ហើយ​ ពោល​គឺតាំង​ពី​ខែ​មេសា​មក​។ រលក​ទី២​ នៃ​មេរោគ​កូវីដ​ក្នុង​ទីក្រុង​ម៊ែលបន​នេះ​ សរ​បញ្ជាក់​ឲ្យឃើញ​ច្បាស់​ថា​ហានិភ័យ​សុខាភិបាល​នៅតែមាន​បើទោះបីជា​គេ​អាច​គ្រប់គ្រង​ជំងឺ​កូវីដ​បាន​ម្តង​ហើយ​យ៉ាងណាក្តី​។

គួរគូស​បញ្ជាក់​ជូន​ថា​ នៅ​ក្នុង​រយៈពេល​ ២៤ ម៉ោង​ចុងក្រោយ​នេះ​ អាជ្ញាធរ​អូស្ត្រាលី​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​ចំនួន​ ១៩១​ ករណី​ក្នុង​ក្រុង​ម៊ែលបន​។ ភ្លាមៗ​ក្រោយ​ការ​រក​ឃើញ​នេះ​ លោក​អភិបាល​រដ្ឋ ​Victoria​ ដានីញ៉ែល អេនឌ្រូ បាន​មាន​ប្រសាសន៍​ថា​ មនុស្សម្នា​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យដើរហើរ​ដោយសេរី​ដូច​ធម្មតា​ទៀត​បាន​នោះទេ​។

លោក​អភិបាល​រដ្ឋ​រូប​នេះ​បាន​លើកឡើង​ថា​ គ្មាន​នរណា​ម្នាក់​ចង់​រស់​នៅ​ក្នុង​ស្ថានភាព​បែបនេះ​ឡើយ​ ក៏ប៉ុន្ត​គេ​មិន​អាច​មើល​ស្រាល​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​ ១៩​ បាន​ដូចគ្នា​។ ក្នុងពេល​បិទ​ទីក្រុង​ ប្រជាពលដ្ឋ​នឹង​ត្រូវ​ហាមប្រាម​មិនឲ្យ​ចេញ​ពី​ផ្ទះលើកលែង​តែ​ក្នុង​ករណី​ចាំបាច់​មួយ​ចំនួន​ដូច​ជា​ ត្រូវ​ធ្វើការ​ មើលជំងឺ​ ហាត់ប្រាណ​ និង​ទិញម្ហូប​អាហារ​ជាដើម​។

ចំណែក​សិស្ស​និស្សិត​វិញ​ ពួកគេ​នឹង​វិល​ត្រឡប់​ទៅអនុវត្ត​ការ​រៀនសូត្រ​ពី​ចម្ងាយ​តាម​អនឡាញ​វិញ​ ខណៈពេល​ដែល​ភោជនីយដ្ឋាន​និង​ហាងកាហ្វេ​នឹង​ត្រូវ​​កំណត់​ឲ្យ​បម្រើ​សេវា​ដឹក​អាហារ​ភេសជ្ជៈឲ្យ​អតិថជន​ទៅ​ដល់​ផ្ទះ​។

គួរ​ជម្រាប​ជូនថា​ គិត​រហូត​មកទល់​នឹង​ពេលនេះ​ ករណី​ឆ្លង​កូវីដ​សរុប​ក្នុង​ប្រទេស​អូស្ត្រាលី​មាន​ជិត​ ៩ ០០០ ករណី​ និង​មាន​ស្លាប់​ ១០៦ នាក់​។ ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​សឹងតែ​គ្រប់​ករណី​ត្រូវ​បាន​គេ​រក​ឃើញ​នៅទីក្រុង​ម៊ែលបន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ