អានតួអត្ថបទ
ចិន-ឥណ្ឌា

ឥណ្ឌាថា កងទ័ពចិនបានសម្រេចដកចេញពីជ្រលងភ្នំហ្កាល់វ៉ាន់ដែលកំពុងមានជម្លោះ

ឥណ្ឌាថា កងទ័ពចិនបានសម្រេចដកចេញពីជ្រលងភ្នំហ្កាល់វ៉ាន់ដែលកំពុងមានជម្លោះ
ឥណ្ឌាថា កងទ័ពចិនបានសម្រេចដកចេញពីជ្រលងភ្នំហ្កាល់វ៉ាន់ដែលកំពុងមានជម្លោះ AFP - TAUSEEF MUSTAFA
1 នាទី

ប្រភព​ឥណ្ឌា​បាន​ប្រាប់ AFP ក្នុង​ថ្ងៃ​ចន្ទ ទី៦ កក្កដា​ថា កងទ័ព​ចិន​បាន​សម្រេច​ដក​ចេញ​ពី​ជ្រលងភ្នំ​ហ្កាល់វ៉ាន់​ដែល​មាន​កំពស់​ជាង ៤៥០០ម៉ែត្រ​ស្ថិត​ក្នុង​តំបន់​ឡាដាក​លើ​ជួរ​ភ្នំ​ហេមពាន្ត។ គឺ​នៅ​ទីនោះ​ដែល​អំពើហិង្សា​វាយប្រតាយប្រតប់​ដោយ​ប្រើ​ដំបង និង​ដុំថ្ម​បាន​ផ្ទុះ​ឡើង​រវាង​កងទ័ព​ចិន និង​ឥណ្ឌា​ក្នុង​ថ្ងៃទី១៥ មិថុនា​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។ ប្រភព​ឥណ្ឌា​ដដែល​បាន​បន្ថែម​ថា ការ​សម្រេច​របស់​កងទ័ព​ចិន​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​ការ​ព្រមព្រៀង​នៅ​ក្នុង​កិច្ចចរចា​រវាង​ក្រុម​ឧត្តមសេនីយ​ឥណ្ឌា និង​ចិន​នា​ពេល​ថ្មីៗ​។ ពី​ចិន​វិញ ក្រុង​ប៉េកាំង​ក៏​បាន​បញ្ជាក់​លើ​ព័ត៌មាន​នេះ និង​សង្ឃឹម​ថា ឥណ្ឌា​នឹង​ធ្វើ​ដូច​ចិន​ដែរ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​បង្ហាញ​សាច់ដុំ​ដាក់​គ្នា​ទៅ​វិញ ទៅ​មក​តាម​រយៈ​ការ​ពង្រាយ​កម្លាំងទ័ព និង​គ្រឿង​សព្វាវុធ​មក ស្ថានការណ៍​នៅ​តំបន់​ជ្រលង​ភ្នំ​ហ្កាល់វ៉ាន់​ដែល​មាន​កំពស់​ជាង ៤៥០០ម៉ែត្រ​ស្ថិត​ក្នុង​តំបន់​ឡាដាក​លើ​ជួរ​ភ្នំ​ហេមពាន្ត​ហាក់​កំពុង​ផ្តើម​ស្គាល់​ភាព​ធូរស្រាល​បន្តិច។ បើ​តាម​ប្រភព​ឥណ្ឌា កងទ័ព​ចិន​បាន​រុះរើ​ទីតាំង និង​ប្រមូល​អ៊ីវ៉ាន់ រួម​ទាំង​គ្រឿងសព្វាវុធ​ចេញ​ពី​តំបន់​ជ្រលង​ភ្នំ​ហ្កាល់វ៉ាន់។ ឥណ្ឌា​បាន​សម្គាល់​ឃើញ​ជា​រួម​នូវ​ចលនា​រំកិល​ថយ​ក្រោយ​ចេញ​ពី​ខ្សែព្រំដែន​មាន​ជម្លោះ​របស់​កងទ័ព​ចិន។ តែ​ប្រភព​ឥណ្ឌា​ដដែល​មិន​បាន​បញ្ជាក់​ទេ​ថា តើ​កងទ័ព​ឥណ្ឌា​បាន​ធ្វើ​ដូច​គ្នា​នេះ​ឬ​អត់​ទេ ព្រោះ​អ្វី​ដែល​កងទ័ព​ចិន​បាន​ធ្វើ​ពេល​នេះ គឺ​ដោយ​ផ្អែក​លើ​ការ​ព្រមព្រៀង​រវាង​ក្រុម​ឧត្តមសេនីយ​ឥណ្ឌា និង​ចិន​ដែល​បាន​ចរចា​គ្នា​នា​ពេល​ថ្មីៗ​នេះ។

ពី​ប្រទេស​ចិន ក្រសួង​ការបរទេស​មិន​បាន​និយាយ​អ្វី​លំអិត​ទេ តែ​គ្រាន់​លើក​ឡើង​ពី​ភាព​ចម្រើន​វិជ្ជមាន​ក្នុង​ការ​កាត់​បន្ថយ​វត្តមាន​កងទ័ព​នៅ​តាម​ខ្សែបន្ទាត់ព្រំដែន​មាន​ជម្លោះ។ ចំណែក​អ្នកនំាពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​ហ្សាវ លីជាំង​បាន​ថ្លែង​ដោយ​សង្ឃឹម​ថា ភាគី​ឥណ្ឌា​នឹង​ធ្វើ​ដូច​ភាគី​ចិន​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង និង​បញ្ជៀស​ការ​ប្រឈម​​ផ្លូវអាវុធ​ដាក់​គ្នា។ ក្នុង​ថ្ងៃ​អាទិត្យ ទី៥ កក្កដា រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​លោក​វ៉ាង យី និង​ទីប្រឹក្សាសន្តិសុខជាតិ​ឥណ្ឌា​លោក​អាយីត ដូវ៉ាល់​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ។ លទ្ធផល​នៃ​កិច្ចសន្ទនា  ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បញ្ចប់​ឲ្យ​ឆាប់​លើ​នីតិវិធី​នៃ​ការ​ដក​កម្លាំងទ័ព​ចេញ​ពី​ខ្សែបន្ទាត់ព្រំដែន​មាន​ជម្លោះ។

គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃទី១៥ មិថុនា កងទ័ព​ឥណ្ឌា និង​កងទ័ព​ចិន​បាន​វាយប្រតាយប្រតប់​គ្នា​យ៉ាង​ហិង្សា​នៅ​តំបន់​ជ្រលង​ភ្នំ​ហ្កាល់វ៉ាន់​ដោយ​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​រៀងៗ​ខ្លួន។ គឺ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដល់​មានស្លាប់​មនុស្ស​លើកទី១ គិត​តាំង​ពី ៤៥ឆ្នាំ​កន្លង​ទៅ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​រម្លឹក​ទេ​ថា ជម្លោះ​ព្រំដែន​នៅ​លើ​ជួរ​ភ្នំ​ហេមពាន្ត​ដដែល​នេះ​ត្រូវ​បាន​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​ពីរ​ធ្វើ​សង្រ្គាម​បង្ហូរ​ឈាម​គ្នា​ម្តង​កាល​ពី​ឆ្នាំ ១៩៦២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ