ចិនសម្ពោធបើកការិយាល័យការពារសន្តិសុខជាតិនៅហុងកុង
ចុះផ្សាយនៅថ្ងៃ៖
មួយសប្តាហ៍ក្រោយពីច្បាប់សន្តិសុខជាតិហុងកុងចូលជាធរមាន ចិនបានបើកសម្ពោធនៅព្រឹកថ្ងៃពុធទី ៨ កក្កដា ២០២០ ស្ថាប័នសន្តិសុខជាតិនៃរដ្ឋាភិបាលមជ្ឈិមក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៅកណ្តាលទីក្រុងហុងកុង។ ការិយាល័យការពារសន្តិសុខជាតិបើក មានន័យថា ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ភ្នាក់ងារចារកិច្ចចិន អាចចាប់ផ្តើមប្រតិបត្តិការ យ៉ាងចំហ នៅលើទឹកដីហុងកុង។
ពិធីសម្ពោធ បើកការិយាល័យការពារសន្តិសុខជាតិ ដែលជានិម្មិត្តរូបនៃការពង្រីកអំណាច ចិនលើទឹកដីហុងកុង ប្រព្រឹត្តទៅយ៉ាងអធឹកអធម។ ប៉ូលិសបានបិទខ្ទប់ផ្លូវ និងពង្រាយកងកម្លាំងសន្តិសុខយ៉ាងសន្ធឹកសន្ធាប់នាឱកាសនេះ។
ផ្លាកឈ្មោះស្ថាប័ន និងទង់ជាតិចិនបានបក់រវិចៗនៅមុខសណ្ឋាគារ Metropark ដែលពេលនេះបានក្លាយជាការិយាល័យរបស់ភ្នាក់ងារការពារសន្តិសុខជាតិ។ ជាជម្រើស ប្រកបដោយយុទ្ធសាស្ត្រ ព្រោះទីតាំងនេះស្ថិតនៅចំពីមុខឧទ្យាន Victoria ដែលជាកន្លែងប្រមូលផ្តុំគ្នាធ្វើបាតុកម្ម របស់សកម្មជនប្រជាធិបតេយ្យ តាំងពីជាច្រើនឆ្នាំកន្លងមក។
លោក Zhang Yanxiong ស្ហង់ យ៉ង់ស្យុង ប្រធានការិយាល័យ និងលោកស្រី ការី ឡាំ បានមកធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធការិយាល័យ បានប្រកាសថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ ហុងកុងបានបោះជំហានចូលដំណាក់កាលថ្មីដែលមានប្រព័ន្ធតុលាការនិងយន្តការធានាសន្តិសុខជាតិ។ ស្ថាប័នការពារសន្តិសុខជាតិចិន ជាដៃគូដ៏សំខាន់ក្នុងជួយការពារសន្តិសុខជាតិហុងកុង។ នេះជាប្រសាសន៍របស់លោកស្រី ការី ឡាំ ដែលក្រុមបក្សប្រឆាំងចាត់ទុកជាអាយ៉ងរបស់ប៉េកាំង។
បេសកកម្មរបស់ការិយាល័យការពារសន្តិសុខជាតិ គឺត្រួតពិនិត្យនិងធានាការអនុវត្តច្បាប់សន្តិសុខជាតិថ្មីនៅហុងកុង ដែលប៉េកាំងទើបសម្រេចអនុម័តកាលពីសប្តាហ៍មុន។ ការិយាល័យនេះ ជាទីបញ្ជាការដ្ឋានរបស់ភ្នាក់ចារកិច្ចចិនដែលមានបន្ទុកអង្កេតនិងតាមដានជនជាប់ចោទប្រព្រឹត្តទង្វើប៉ះពាល់ដល់សន្តិសុខហុងកុង។ ពោលគឺអំណើះទៅ ភ្នាក់ងារចារកិច្ចចិនអាចបំពេញប្រតិបត្តិការ ដោយចំហ និងដោយពេញមុខនៅលើទឹកដីហុងកុង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ