អង់គ្លេសផ្តើមលក់អាវុធជាថ្មីឱ្យអារ៉ាប់ប៊ីសាអូឌីត
ចុះផ្សាយនៅថ្ងៃ៖
ក្នុងសប្តាហ៍នេះ អង់គ្លេស បានប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលពីការចាប់ផ្តើមលក់គ្រឿងសព្វាវុធជាថ្មី ឱ្យទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។ សេចក្តីប្រកាសនេះ ធ្វើឡើងដោយលោកស្រី លីស ត្រាស់ ( Liz Truss) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ របស់អង់គ្លេស។
អង់គ្លេសបានផ្អាកលក់អាវុធឱ្យអារ៉ាប់ប៊ីសាអូឌីតជាងមួយឆ្នាំហើយ ដោយសារតែប្រទេសអារ៉ាប់ប៊ីសាអូឌីតនេះ ជាប់ផុងជាមេខ្លោងបង្កសង្គ្រាមអមនុស្សជាតិនៅប្រទេសយេម៉ែន។ តែពេលនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស គូសបង្ហាញពីការយល់ឃើញរបស់រាជរដ្ឋាភិបាលអង់គ្លេសថា អារ៉ាប់ប៊ីសាអូឌីត ពេលនេះ មានចេតនាស្មោះនិងមានសមត្ថភាពគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ បើតាមលោកស្រីរដ្ឋមន្ត្រី លីស ត្រាស់ ( Liz Truss) គឺវាគ្មានគ្រោះថ្នាក់ជាក់ស្តែងអ្វីឡើយក្នុងការនាំចេញអាវុធនិងគ្រឿងចម្បាំងយោធា ទៅលក់ឱ្យអារ៉ាប់ប៊ីសាអូឌីត។
សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីអង់គ្លេសនេះ គឺធ្លាក់មកបន្ទាប់តែពីប៉ុន្មានថ្ងៃប៉ុណ្ណោះដែលអង់គ្លេសបានដាក់ទោសទណ្ឌកម្មចំពោះមនុស្ស២០នាក់ ជាជនជាតិអារ៉ាប់ប៊ីសាអូឌីត ដែលជាប់ពាក់ព័ន្ធរួមគំនិតគប់គិតនឹងឃាតកម្មសម្លាប់អ្នកកាសែត Jamal Khashoggi ដោយកាត់ខ្លួនកងៗ នៅក្រុង Istanbul។
គួររម្លឹកជូនថា អារ៉ាប់ប៊ីសាអូឌីត បានផ្តើមលូកដៃចូលក្នុងសង្គ្រាមនៅប្រទេសយេម៉ែននៅឆ្នាំ២០១៥ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ហើយអង្គការសហប្រជាជាតិ បានកត់សម្គាល់ថា សង្គ្រាមយេម៉ែននេះ គឺជាវិបត្តិយ៉ាងធ្ងន់ធ្ងរចំពោះមនុស្សជាតិ។ ចាប់ពី២០១៥មក អង់គ្លេសបានលក់អាវុធឱ្យអារ៉ាប់ប៊ីសាអូឌីត និងបានចំណេញទឹកប្រាក់ ប្រមាណ ៥ពាន់លានលីវ្រ (ប្រហែលជាង៥.៦ពាន់លានអឺរ៉ូ)។ តែទីបំផុត រដ្ឋាភិបាលអង់គ្លេស បានត្រូវតុលាការរបស់ខ្លួន ចេញសេចក្តីសម្រេចឱ្យផ្អាកលក់អាវុធឱ្យអារ៉ាប់ប៊ីសាអូឌីត កាលពីខែមិថុនា២០១៩ ឆ្នាំមុន ដោយសារតែមើលឃើញពីករណីវិបត្តិមនុស្សជាតិនិងអមនុស្សធម៌ បង្កចេញពីសង្គ្រាមនេះ។
នៅពេលនេះ អង្គការសមាគមដែលប្រឆាំងនឹងការលក់អាវុធ ដូចជាអង្គការ CAAT ក៏បានថ្កោលទោសអង់គ្លេស និងថា ជាការសម្រេចចិត្តដ៏គួរឱ្យអាម៉ាស់ និងអសីលធម៌បំផុត ដែលអង់គ្លេសសម្រេចផ្តើមលក់គ្រឿងចម្បាំងជាថ្មីឱ្យអារ៉ាប់ប៊ីសាអូឌីត។ តាមអង្គការដដែល នៅពេលដែលឃើញគ្រាប់បែកសម្លាប់មនុស្សរបស់អង់គ្លេស ទម្លាក់នៅមូលដ្ឋានសឹកសង្គ្រាមយេម៉ែន គឺដូចជា អង់គ្លេសដើរតួបង្កការទម្លាក់គ្រាប់ដោយផ្ទាល់ដូច្នោះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ