អានតួអត្ថបទ
បស្ចិមលោក-ចិន-ហុងកុង

សាស្រ្តាចារ្យបារាំង៖ហុងកុង និងតៃវ៉ាន់កំពុងស្ថិតលើសមរភូមិនៃការប្រឈមរវាងលទ្ធិប្រជាធិបតេយ្យ និងអំណាចផ្តាច់ការរបស់ចិន

លោកអេម៉ានុយអែល ឡាំងកូត សាស្រ្តាចារ្យនៃវិទ្យាស្ថានកាតូលិកក្រុងប៉ារីស និងជាអ្នកជំនាញប្រទេសចិនសម័យទំនើប
លោកអេម៉ានុយអែល ឡាំងកូត សាស្រ្តាចារ្យនៃវិទ្យាស្ថានកាតូលិកក្រុងប៉ារីស និងជាអ្នកជំនាញប្រទេសចិនសម័យទំនើប Youtube
1 នាទី

រឿងរ៉ាវ​រវាង​ហុងកុង និង​ចិនដី​គោក​ទាក់ទង​នឹង​ច្បាប់សន្តិសុខជាតិ​ដែល​ប៉េកាំង​ចិន​បាន​អនុវត្ត​លើ​ហុងកុង​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅគគុក។ រឿងរ៉ាវ​មួយ​នេះ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ក្នុង​លោក​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង និង​ថ្កោលទោស​ចិន​យ៉ាង​ខ្លាំង។ ចំណែក​ចិន​វិញ​ក៏​មិន​បាន​ឈរ​ក្រពាត់ដៃ​នៅ​ចំពោះ​មុខ​ប្រតិកម្ម​ខ្លាំងៗ​ពី​សហគមន៍​អន្តរជាតិ​ដែរ។ បន្ទាប់​ពី​កាណាដា និង​អង់គ្លេស ប្រទេស​អូស្រ្តាលី​បាន​ប្រកាស​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៩ កក្កដា​ពី​ការ​ព្យួរ​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​ជាមួយ​ហុងកុង ពន្យារ​សុពលភាព​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​ហុងកុង​ដែល​កំពុង​រស់នៅ​អូស្រា្តលី និង​ត្រៀម​សម្រួល​ច្បាប់អន្តោប្រវេសន៍ ពិសេស​ចំពោះ​សិស្ស និស្សិត។ ចិន​បាន​វាយបក​ភ្លាមៗ​ដោយ​ចាត់​ទុក​ទង្វើ​របស់​អូស្រ្តាលី​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៩ កក្កដា​ដដែល ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ព្រមាន​បារាំង​ទាក់ទង​នឹង​សម្តី​របស់​រដ្ឋមន្រ្តី​ការបរទេស​លោក​ឡឺឌ្រីយ៉ង់​ដែល​អះអាង​ថា ក្រុង​ប៉ារីស​នឹង​មិន​នៅ​ស្ងៀម​ចំពោះ​នយោបាយ​របស់​ចិន​ដីគោក​លើ​ហុងកុង​ទេ។ លោក​អេម៉ានុយអែល ឡាំងកូត សាស្រ្តាចារ្យ​នៃ​វិទ្យាស្ថាន​កាតូលិក​ក្រុង​ប៉ារីស និង​ជា​អ្នកជំនាញ​ប្រទេស​ចិន​សម័យទំនើប​មើល​ឃើញ​ថា សម័យ​កូវីដ-១៩ បាន​ជំរុញ​ល្បឿន​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អូស្រា្តលី និង​ចិន ឬ​រវាង​ចិន និង​អាមេរិក។ តាម​លោក​ឡាំងកូត ហុងកុង និង​តៃវ៉ាន់​កំពុង​ស្ថិត​លើ​សមរភូមិ​នៃ​ការ​ប្រឈម​រវាង​លទ្ធិប្រជាធិបតេយ្យ និង​អំណាចផ្តាច់ការ​របស់​ចិន។

ផ្សាយពាណិជ្ជកម្ម

« សម័យ​កូវីដ-១៩ ជា​រយៈពេល​មួយ​ដែល​បាន​បង្ហាញចេញ​​យ៉ាង​ច្បាស់ពី​​ការ​​ប្រឈម​មុខ​ដាក់គ្នាដែល​កំពុងមានស្រាប់ និង​ដែល​បាន​ផ្ទុះ​ឡើង​ខ្លាំង​បន្ថែម​ទៀត ពិសេស​រវាង​ប្រទេស​អូស្រ្តាលី និងប្រទេស​​ចិន ហើយ​រវាងចិន និង​សហរដ្ឋអាមេរិក។

សម្រាប់​សហភាព​អឺរ៉ុប​វិញ​មក​ទល់​ពេល​នេះ សហភាព​អឺរ៉ុប​ហាក់​មាន​ការ​ប្រយ័ត្នប្រយែងនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ស្តីពី​ព្រឹត្តិការណ៍​នៅ​ហុងកុង នោះ​បើ​ទោះបី​ជា​មាន​ការ​ផ្តន្ទាទោស​ចិនដែល​បាន​​បង្កើត​ច្បាប់សន្តិសុខជាតិ​សម្រាប់​ហុងកុង​ក៏​ដោយ។

តែ​​យ៉ាង​ណា​ក៏​ដោយ វា​ពិត​ជា​រឿង​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ចំពោះយើង។ ពិត​ណាស់​បើ​គិតតាម​ភូមិសាស្រ្ត រឿង​ទាំង​អស់​នេះ​ហាក់​បាន​កើត​មាន​ឡើងនៅ​ឆ្ងាយ​ពី​យើង តែ​គេ​មិន​ត្រូវ​ភ្លេចទេ​ថា អ្វី​ដែល​កំពុងកើត​មាន​នៅ​ហុងកុង និង​នៅ​តៃវ៉ាន់ គឺ​ប្រៀប​ដូច​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាងលទ្ធិប្រជាធិបតេយ្យ និង​អំណាចផ្តាច់ការ​របស់​ចិន។

យើងថែម​កំពុង​ស្ថិតនៅក្នុងតក្កវិជ្ជានៃសង្គ្រាម​ទៀត​ផង មាន​ន័យថា​ក្នុង​កាលៈទេសៈ​កូវីដ-១៩ គេ​បាន​ឃើញ​នាវាចម្បាំង​ចិន​ចេញ​មុខ​គំរាម​​នាវា​ចម្បាំងតៃវ៉ាន់ ហើយ​ដូច​លោកបាន​​ដឹង​ហើយ​នៅប្រមាណ​ជា ៣ ឬ​៤សប្តាហ៍​មុន​នេះ មាន​ការ​ប្រឈមដាក់​គ្នា​យ៉ាង​បង្ហូរឈាម​រវាង​ទាហាន​ឥណ្ឌា និង​ទាហាន​ចិន​នៅ​តាម​ព្រំដែន។ ទាំង​នេះគ្រាន់​ជា​​ឧទាហរណ៍​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​ឧទារណ៍​ជា​ច្រើន​ផ្សេង​ទៀត​តែ​ប៉ុណ្ណោះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ