អានតួអត្ថបទ
ចិន-អាមេរិក-អ៊ុយហ្គួរ

ចិន និងអាមេរិកបានដាក់ទណ្ឌកម្មគ្នាទៅវិញ ទៅមកនៅក្នុងសំណុំរឿងជនជាតិភាគតិចអ៊ុយហ្គួរ

ជនជាតិ​ភាគតិច​ចិន​អ៊ុយហ្គួរ​អ្នកកាន់​សាសនា​អ៊ីស្លាម
ជនជាតិ​ភាគតិច​ចិន​អ៊ុយហ្គួរ​អ្នកកាន់​សាសនា​អ៊ីស្លាម DR
1 នាទី

ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន​ដំឡើង​សរសៃ ក ដាក់​គ្នា​នៅ​ក្នុង​សំណុំរឿង​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ក្នុង​ខេត្ត​ស៊ីនជាំង ប្រទេស​ចិន។ នៅ​ថ្ងៃ​សុក្រ ទី១០ កក្កដា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ថ្នាក់ដឹកនាំ​អាមេរិក​មួយ​ចំនួន​ដោយ​មិន​បាន​ប្រាប់​អត្តសញ្ញាណ​ទេ។ ចំណាត់ការ​របស់​ក្រុង​ប៉េកាំង​យ៉ាង​ដូច​នេះ​ជា​ការ​សងសឹក​នឹង​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ថ្នាក់ដឹកនាំ​ចិន​ចំនួន ៣រូប​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៩ កក្កដា។ គួរ​បញ្ជាក់​ថា រដ្ឋបាល​អាមេរិក​បាន​ចោទ​ថ្នាក់ដឹកនាំ​ចិន​ទាំង ៤ រូប​ពី​បទបង្រ្កាប និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួក​អ៊ុយហ្គួរ អ្នក​កាន់​សាសនា​អ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

ចិន​មិន​បាន​ប្រាប់​ឈ្មោះ និង​តួនាទី​របស់​ថា្នក់ដឹកនាំ​អាមេរិក​ដែល​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​ទេ តែ​គ្រាន់​បញ្ជាក់​ពី​ចំនួន​ស្មើ​នឹង​ចំនួន​ថ្នាក់ដឹកនាំ​ចិន​ដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម។ វិធានការ​របៀប​នេះ​គេ​ហៅ​ជា​វិធានការ​ម៉ាំង​ទៅ ម៉ាំង​មក។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​ហ្សាវ លីជាំង​បាន​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​សន្និសីទកាសែត​ក្នុង​ថ្ងៃ​សុក្រ ទី១០ កក្កដា​ថា ថ្នាក់ដឹកនាំ​អាមេរិក​ដែល​ត្រូវ​ទណ្ឌកម្ម​ចិន​សុទ្ធសឹង​ជា​អ្នក​មាន​អាកប្បកិរិយា​មិន​ល្អ​ទាក់ទង​នឹង​បញ្ហា​នៅ​ខេត្ត​ស៊ីនជាំង។ តាម​លោក​លីជាំង ការ​ឈឺឆ្អាល​របស់​អាមេរិក​នៅ​ស៊ីនជាំង​ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ចិន អាមេរិក។

គេ​មិន​អាច ឬ​មិន​ទាន់​ស្គាល់​ឈ្មោះ​ថ្នាក់ដឹកនាំ​អាមេរិក​ដែល​រង​ទណ្ឌកម្ម​ចិន​ទេ តែ​អាមេរិក​បាន​ប្រាប់​ឈ្មោះ​ថ្នាក់ដឹកនាំ​ចិន​ចំនួន ៤ នាក់​ដែល​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម។ អ្នក​ទាំង ៤ ជា​អ្នក​ទទួល​ខុស​ត្រូវ និង​ជា​អតីត​អ្នក​ទទួល​ខុសត្រូវ​នៅ​ក្នុង​ខេត្ត​ស៊ីនជាំង​ទាំង​អស់ គឺ​លោក​ចេន គ័ងហ្គ៊ូ លោក​វ៉ាង មីនឆាន លោក​ហ៊ូ លីវជុន និង​លោក​ហ៊្សូ ហៃលុន។ លោក​វ៉ាង មីនឆាន​ជា​អ្នក​ទទួល​ខុសត្រូវ​សន្តិសុខ​សាធារណៈ លោក​ហ៊្សូ ហៃលុន​ជា​អតីត​អ្នក​ទទួល​ខុស​ត្រូវ និង​លោក​ហ៊ូ លីវជុន​ជា​អតីត​អ្នក​ទទួល​ខុសត្រូវ​សន្តិសុខ​សាធារណៈ។ ចំណែក​លោក​ចេន គ័ងហ្គ៊ូ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​ក្នុង​ខេត្ត​ស៊ីនជាំង និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​រៀបចំ​នយោបាយ​សន្តិសុខ​សម្រាប់​ខេត្ត​ស៊ីនជាំង។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្លាប់​បាន​សរសើរ​ថា តាំង​ពី​ការ​គ្រប់គ្រង​របស់​លោក​ចេន គ័ងហ៊្គូ​តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​ឃ្លាំមើល និង​ការ​ត្រួតពិនិត្យ​ជា​ច្រើន ដូច​យ៉ាង​ដាក់​ទ្វារសន្តិសុខ​ចាប់​គ្រឿងផ្ទុះ​នៅ​តាម​ច្រក​ចេញ ចូល​អាគារ​សាធារណៈ កាំមេរ៉ា​ទទួល​ស្គាល់​ផ្ទៃមុខ ឬ​ព្រងឹង​ការ​ត្រួតពិនិត្យ​អត្តសញ្ញាណ​មក ខេត្ត​ស៊ីនជាំង​មិន​ដែល​កើត​មាន​អំពើ​ភេរវកម្ម​ទេ។ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​អ្នក​ទទួល​ខុស​ត្រូវ និង​ជា​អតីត​អ្នក​ទទួល​ខុសត្រូវ​ខេត្ត​ស៊ីនជាំង​ទាំង ៤នាក់​ពី​បទបង្រ្កាប និង​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ អ្នក​កាន់សាសនា​អ៊ីស្លាម។ ក្រុម​អ្នកជំនាញ និង​អង្គការ​សិទ្ធិមនុស្ស​បាន​ចោទ​ចិន​ពី​បទ​ឃុំ​ពួក​អ៊ុយហ្គួរ​រហូត​ដល់ ១លាននាក់​នៅ​ក្នុង​ជំរំ​ក្រោម​ផ្លាក​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម។

តែ​ចិន​តែង​ចេញ​មុខ​ជំទាស់​នឹង​តួលេខ​នេះ និង​ថា ជំរំ​នោះ​ជា​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ ហើយ​ពួក​អ៊ុយហ្គួរ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​រៀនសូត្រ​នៅ​ទីនោះ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ស្រួល​រក​ការងារ​ធ្វើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ