ប៉ូលិសម៉ាឡេស៊ីហៅអ្នកកាសែតរបស់ទូរទស្សន៍Al Jareeraទៅសួរចម្លើយ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃសុក្រទី ១០ កក្កដា ២០២០នេះ ប៉ូលិសម៉ាឡេស៊ី បានកោះហៅអ្នកកាសែតរបស់ទូរទស្សន៍ អាល់ហ្សាហ្សេរ៉ាAl Jareera ៦នាក់ ក្នុងនោះ៥នាក់ជាជនជាតិអូស្ត្រាលី ទៅសួរចម្លើយ ជុំវិញការផ្សាយឯកសារមួយទាក់ទងនឹងជនអន្តោប្រវេសន៍។ បទយកការណ៍របស់ទូរទស្សន៍ បានធ្វើឱ្យអាជ្ញាធរម៉ាឡេស៊ី ខឹងសម្បារយ៉ាងខ្លាំង។ មានទីស្នាក់ការគ្រប់គ្រងការផ្សាយប្រចាំតំបន់អាស៊ីនៅកូឡាឡាំពួ ទូរទស្សន៍កាតា បានសម្តែងការហួសចិត្តខ្លាំងនឹងឥរិយាបថរបស់អាជ្ញាធរម៉ាឡេស៊ី។
កាលពីសប្តាហ៍មុន ទូរទស្សន៍ Al Jareera បានចាក់ផ្សាយបទយកការណ៍មួយ មានចំណងជើងថា “ចាប់ខ្លួន ពេលម៉ាឡេស៊ីបិទខ្ទប់ប្រទេស”។ ជាឯកសារ រៀបរាប់អំពីសកម្មភាពចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ជាច្រើនរយនាក់ នៅតាមតំបន់បិទខ្ទប់ រួចបញ្ជូនទៅ ឃុំឃាំង។ ផ្សាយចប់ ប្រតិកម្មមានផ្ទុះឡើងជាហូរហែក្នុងអ៊ីនធ័រនែត។ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីបានថែមទាំងស្នើសុំឱ្យទូរទស្សន៍ធ្វើការសុំទោសផង។
រដ្ឋាភិបាលម៉ាឡេស៊ីយល់ថា ព័ត៌មានទាំងនោះមានទំនោរ និងមិនពិត ទើបឱ្យប៉ូលិសបើកអង្កេតថាតើ ទូរទស្សន៍ពិតជាបានរំលោភច្បាប់ប្រឆាំងនឹងការបះបោរ បរិហារកេរ្ត៍ និងផ្សព្វផ្សាយព័ត៌មានប្រមាថផង និងដើម្បីផ្តល់ឱកាសឱ្យអ្នកកាសែតបានពន្យល់បំភ្លឺផង។
នៅក្នុងចំណោមអ្នកកាសែតAl Jareeraទាំង៦នាក់ មាន៥នាក់ជាជនជាតិអូស្ត្រាលី និងម្នាក់ជាប្រធានការិយាល័យ ដែលត្រូវបានប៉ូលិសក្រុងកូឡាឡាំពួរ ហៅយកទៅសួរចម្លើយ នៅថ្ងៃសុក្រទី១០កក្កដា រយៈពេល៥ម៉ោង។ ជាការសួរចម្លើយក្នុងនាមជាសាក្សី មិនមែនក្នុងនាមជាជនសង្ស័យទេ នេះជាការគូសបញ្ជាក់របស់ប៉ូលិសកំពុងតាមស្វែងរកចាប់ជនជាតិបង់ក្លាដែស ដែលបង្ហាញមុខនៅក្នុងបទយកការណ៍។
សម្រាប់រដ្ឋាភិបាលម៉ាឡេស៊ី ការចាប់ខ្លួនក្នុងចំណោមជនអន្តោប្រវេសន៍ខុសច្បាប់កាលពីខែឧសភាកន្លងមកនេះ ជាវិធានការការពារសុខភាពសាធារណៈទល់នឹងការរាតត្បាតរបស់កូវីដ១៩តែប៉ុណ្ណោះ។ ប៉ុន្តែបើតាមសមាគមការពារសិទ្ធិមនុស្ស ការឃុំឃាំងបង្កើនគ្រោះឆ្លងកូរ៉ូណាវីរុសទៅវិញទេ។ ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះភាគច្រើនជាជនជាតិឥណ្ឌូណេស៊ី បង់ក្លាដែស និងភូមា។
អង្គការការពារសិទ្ធិមនុស្សក៏បានបរិហារដែរ ថាសេរីភាពនៃការបញ្ចេញមតិកំពុងរួមតូចទៅៗ។ ការចាប់ខ្លួនអ្នកកាសែត និងសកម្មជនសិទ្ធិមនុស្សមានកាន់តែច្រើនឡើងៗនារយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលគឺតាំងពីរដ្ឋាភិបាលកំណែទម្រង់និយមរបស់លោក មហាធៀរ មហាម៉ាត់ បានធ្លាក់រដ្ឋាភិបាលរបស់ក្រុមអង្គការបង្រួមបង្រួមជាតិម៉ាឡេស៊ី ឡើងកាន់អំណាចនៅខែកុម្ភៈមក។ អ្នកទទួលខុសត្រូវវេបសាយព័ត៌មានដ៏ល្បីមួយ ត្រូវប្រឈមនឹងតុលាការនៅសប្តាហ៍ក្រោយ ពីបទបានផ្សព្វផ្សាយពាក្យរិះគន់ប្រព័ន្ធតុលាការជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ