អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សិង្ហបុរី បោះឆ្នោត​សភាជា​ប្រវត្តិសាស្ត្រ ក្នុង​បរិបទ​កូវីដ​​

សំឡេង ០៧:៥៣
លោក​នាយករដ្ឋមន្ត្រីផុត​អាណត្តិ​ Lee Hsien Loong មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រមុខ​រដ្ឋាភិបាលថ្មី​ទេ​
លោក​នាយករដ្ឋមន្ត្រីផុត​អាណត្តិ​ Lee Hsien Loong មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រមុខ​រដ្ឋាភិបាលថ្មី​ទេ​ REUTERS - EDGAR SU
ដោយ៖ អៀង សុខម៉ិញ

នៅ​ថ្ងៃសុក្រ​​ទី ១០ កក្កដា សិង្ហបុរី​រៀប​ចំ​ការ​បោះឆ្នោត​សភា ដែល​អាច​ចាត់​ទុក​បាន​ថា​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ។ តាម​រយៈ​​ការ​​បោះឆ្នោតនេះ សិង្ហបុរី​នឹង​មាន​​នាយករដ្ឋមន្ត្រីថ្មី​។ ប៉ុន្តែ​ជា​លើក​ទីមួយ​ គិត​ចាប់​តាំង​សិង្ហបុរី​បាន​ទទួល​ឯករាជ្យ​មក គ្រួសារ​ត្រកូល ​លី មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រីទៀត​ទេ​។ ម្យ៉ាង​ទៀត មាន​កូន​ប្រុស​ត្រកូល លី​ ម្នាក់​ផ្សេង​ទៀត បាន​ទៅ​ងាក​ទៅ​គាំទ្រ​គណបក្ស​ប្រឆាំង។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ទី ១០ កក្កដា​នេះ ជា​ថ្ងៃ​ឈប់​សម្រាក​ ព្រោះនៅសិង្ហបុរី ការ​បោះឆ្នោត​ជា​កាតព្វកិច្ច ចាំ​បាច់​​ របស់​គ្រប់​ពលរដ្ឋ​ពេញ​វ័យ​បោះឆ្នោត​​ ​ចាប់​ពី​អាយុ​២១​ឆ្នាំ​ឡើង​ទៅ។ នៅ​ឆ្នាំ​នេះ​ដោយ​ហេតុ​តែ​ជំងឺ​រាតត្បាត​កូវីដ ​សិង្ហបុរី​បាន​រៀប​ចំ​ឱ្យ​មាន​ការិយាល័យ​បោះឆ្នោត​ច្រើន​ជាង​មុន ដើម្បី​កុំឱ្យមានការ​ផ្តុំ​​គ្នា​ច្រើន​។ មនុស្ស​ចាស់​ ដែល​គេ​ចាត់​ទុក​ថា​ជន​ងា​យ​រងគ្រោះ​កូវីដ ត្រូវ​មក​បោះឆ្នោត​នៅ​ពេល​ព្រឹក។ ចំណែក​អ្នក​មាន​បញ្ហា​សុខភាព​ ​ខ្យោយ​ផ្លូវ​ដង្ហើម ឬ​អ្នក​មាន​អាការៈ​ក្តៅ​ខ្លួន​ មាន​សីតុណ្ហភាព​លើស​ពី​៣៧អង្សា​កន្លះ ឬអ្នក​ដែល​ជាប់​បម្រាម​ឱ្យ​នៅតែ​ផ្ទះ​ មាន​សិទ្ធិ​តែ​ចេញ​បោះឆ្នោ​តមួយ​ភ្លែត​នោះ ត្រូវ​មក​កាន់​ការិយាល័យ​បោះឆ្នោត​នៅ​ពេល​ល្ងាច​ ​ម៉ោងជិត​បិទ។

សម្រាប់​ការ​បោះឆ្នោត​លើក​នេះ គ្មាន​ទេ​ការ​ជួបជុំ​ធ្វើ​មិទ្ទិញ ដោយ​មាន​សកម្មជន​នយោបាយនិ​ងមនុស្ស​ម្នា​ចូល​រួម។​ រយៈ​ពេល​នៃ​ការ​ឃោសនាមាន​តែ​៩​ថ្ងៃ​គត់។ គឺ​ជា​ពេលវេលា​ដ៏​​ខ្លី​បំផុត​មិន​ធ្លាប់​មាន​ទេ ព្រោះ​អាជ្ញាធរ​ទើប​សម្រេច​រក្សា​ការ​បោះឆ្នោត​សភា​នេះ កាលពី​ចុង​ខែ​មិថុនា​តែ​ប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​មិន​ឈរ​ឈ្មោះ​ជា​ថ្មី

ប៉ុន្តែ​អ្វី​ដែល​គួរ​កាន់​តែ​ចាប់អារម្មណ៍ និង​ជា​លក្ខណៈ​ពិសេស​នៃ​ការ​បោះឆ្នោត​លើក​នេះ  រហូត​ដល់​ថា្នក់​គេ​ចាត់​ទុក​ថា​ជា​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នោះ គឺ​ លោក លី សៀនឡុង មិន​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ទៀតទេ។

គ្រួសារ​ ត្រកូល​ លី ដែល ជា​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ បន្តគ្នា​​តាំង​​ពី​សិង្ហបុរី​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៦៥​មក បែរ​ជា​អវត្តមាន នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ឆ្នាំ​នេះ។

នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ ​លោក​ លី សៀងឡុង ដែល​បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំរដ្ឋាភិបាល​សិង្ហបុរី តាំង​ពី​ឆ្នាំ​២០០៤​មក និង​​ជា​បុរស​ខ្លាំង​ទីពីរ​ក្នុង​​រដ្ឋាភិបាល​តាំងពី​ឆ្នាំ​១៩៩០ ធ្លាប់​បាន​ប្រកាស​​មិន​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ទៀត​ទេនៅ​ពេល​លោក​មាន​អាយុ​៧០​ឆ្នាំ។ ថ្ងៃ​នេះ​ពាក្យសន្យា​​បាន​ក្លាយ​ជា​ពាក្យ​ពិត​។

លោក លី សៀន​ឡុង ជា​កូន​ប្រុស​របស់​លោក លី ក្វាងយូវ ដែលជា​​បិតា​ស្ថាបនា​​​សិង្ហបុរី​ដ៏​តូច​ក្រីក្រ​បំផុត​មួយ​ ឱ្យ​ទៅ​ប្រទេស​អ្នក​មាន​លំដាប់ជួរ​មុខ​នៅ​លើ​​ពិភពលោក​ ក្នុង​រយៈ​ពេល​តែ​ពីរ​បី​ទសវត្សរ៍។ លោក​ លី​​ ក្វាង​យូវ ជា​នាយករដ្ឋមន្ត្រី​សិង្ហបុរី រយៈ​ពេល​៣១​ឆ្នាំ។ លោក​បាន​លាលែង​ចេញ​ពី​តំណែង បន្ទាប់​មក​លោក​លី សៀនឡុង ជាកូន​ប្រុស​បានក្លាយ​ជា​នាយករដ្ឋមន្ត្រី​​ដែរ។ នាយករដ្ឋមន្ត្រី​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​មែន តែមើល​មួយ​ភ្លែតប្រៀប​ដូច​ជា​ការ​បន្ត​មរតក​ បន្ត​ត្រកូល​​បែប​រាជវង្ស​។ ​ថ្ងៃនេះ​ គណបក្ស​កាន់​អំណាចដែល​ធ្លាប់​តែ​ដឹកនាំ​ប្រទេស​ជាប់​រហូតតាំង​ពី​៥៥​ឆ្នាំ​មក ​ត្រៀម​នឹងឈ្នះ​ឆ្នោត​ទៀត ព្រោះ​​ប្រព័ន្ធ​បោះឆ្នោត​សភា​ដែល​មិនផ្តល់​​ឱកាស​ឱ្យ​ការ​ផ្លាស់ប្តូរ​គណបក្ស​ក្នុង​ការ​ដឹកនាំ​ប្រទេស។ តែ​​​ត្រកូល​លី ​គ្មាន​តំណាងឈរ​ឈ្មោះ​ទៀត​ទេ។ ជា​អវត្តមាន​ប្រកប​ដោយ​និម្មត្តិរូប​ខ្ពស់​បំផុត។ អវត្តមាន​ហើយ មាន​ស្នាម​ប្រេះ​ឆា​ក្នុង​ត្រកូល​ទៀត។

ប្រេះឆាក្នុង​គ្រួសារ

តាមការ​ពិត​ ត្រកូល​លី​ មាន​កូន​ប្រុស​ម្នាក់​ទៀត មាន​ឈ្មោះ​​នៅ​ក្នុង​ការ​បោះឆ្នោត​ដែរ ប៉ុន្តែ​កូន​​ពៅ​របស់​លោក លី ក្វាងយូវ បែរ​ជា​ងាក​ទៅ​គាំទ្រ​​គណបក្ស​ប្រឆាំង​។

តាមរយៈ​ទំព័រ​ហ្វេសប៊ុក និង​វីដេអូ​ជា​ច្រើន ព្រម​ទាំង​បទ​សម្ភាសន៍​ដ៏​កម្រ​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​​ កូន​ប្រុស​ត្រកូល​លី លោក​ លី សៀនយ៉ង់ បាន​ចេញ​មុខ​រិះគន់​ជា​បឋម​ការ​រៀប​ចំ​បោះឆ្នោត​សភា​ថ្ងៃ​នេះ ដោយ​អះអាង​ថា​ពលរដ្ឋ​សិង្ហបុរី​ត្រូវ​បង្ខំ​បិត្ត​ចេញ​ទៅ​បោះឆ្នោត​ បើ​ទោះ​បី​ពួកគេ​ចង់​នៅក្នុង​ផ្ទះ​ដើម្បី​សុវត្ថិភាព​ក៏​ដោយ។ សម្រាប់​លោក លី សៀនយ៉ង់ ដែលងាក​ទៅ​គាំទ្រ​គណបក្សទើប​បង្កើត​ថ្មី​ដោយ​វេជ្ជបណ្ឌិត​ផង គណបក្សកាន់​អំណាច​ ​ People Action’s Party លែង​ជា​គណបក្ស​របស់​ឪពុក​លោក​ទៀត​ហើយ។ គណបក្ស​លែង​មាន​ផ្លូវ លែង​ជា​សំឡេង​របស់ប្រជាពលរដ្ឋ​ គិត​គូរ​តែ​អ្នក​មាន​ មាន​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ មាន​តែ​អ្នក​ចាំ​បំពេញ​ចិត្ត​អធិរាជ​តែ​ប៉ុណ្ណោះ។ លោក​ លី សៀនយ៉ង់​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់។

ការ​បំបែក​ផ្លូវ​នយោបាយ​នេះ មិនមែន​កើត​ឡើង​ដោយ​ស្ងៀមៗ​គ្មាន​ហេតុទេ។ តាម​ពិត​ប្អូន​ប្រុស​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ ធ្លាប់​ចេញ​មុខ​ជា​សាធារណៈ​លាត​ត្រដាង​អំពីជម្លោះ​ជាមួយ​បង​ប្រុស​ ដែល​ចង់​យក​ផ្ទះ​កំណើត​របស់​បិតា​ ទៅ​ធ្វើ​ជា​សារមន្ទីរ ​ផ្ទុយ​ពី​បណ្តាំ​ឪពុក​ដែល​ចង់​ឱ្យ​វាយ​ផ្ទះ​នោះ​ចោល ដើម្បីកុំឱ្យ​មាន​កា​រលើក​ទឹក​ចិត្ត​យក​ឈ្មោះ​លោក​ទៅ​បម្រើ​ជា​ប្រយោជន៍​នយោបាយ។

ថ្វី​បើ​គេ​ដឹង​ច្បាស់​ជាមុន​ឈ្មោះ​គណបក្សដែល​​ឈ្នះមែន​ ប៉ុន្តែ​ការរិះគន់និង​ការ​ងាក​ទៅ​គាំទ្រ​បក្ស​ប្រឆាំង​​របស់​កូន​ប្រុស​ពៅ​ត្រកូល​លី អាច​នឹង​ធ្វើ​គណបក្ស​ទទួល​ជោគជ័យ​មិន​ត្រចះ​ត្រចង់ (​គណបក្ស​ធ្លាប់​ទទួល​បាន​គាំទ្រ​ទាប​បំផុត​ត្រឹម​តែ​៦០%​នៅ​ ​សម័យ​បោះឆ្នោត​ឆ្នាំ ២០១១) និង​​ពិត​ជា​ឆ្អឹង​ទទឹង​ក​បក្ស​កាន់​អំណាច​ ដែលបន្ថែម​ពី​លើ​ការ​រិះគន់​នេះ ​ត្រូវ​បំភ្លឺ​អំពី​ចំណាត់​ការ​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។

​វិបត្តិ​កូវីដ​ បាន​បើក​ទម្លាយ​បញ្ហា​ជា​ច្រើន​ដែល​សិង្ហបុរី​លាក់​កប់​ ដោយ​ភាព​មាន​បាន​របស់​ខ្លួន។ សិង្ហបុរី​នាំ​ចូល​ស្បៀង​អាហារ​ដល់​ទៅ​ជាង​៩៥% ភាព​មាន​បាន​របស់​សិង្ហបុរីរំពឹង​លើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស ពលករ​បរទេស​ដែល​ជា​កម្លាំង​រុញ​ច្រាន​ភាព​មាន​បាន​ ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​សុខភាព ...​បេក្ខជន​របស់​គណបក្ស​កាន់​អំណាច​ក៏​បាន​ទទួល​ស្គាល់​រួច​ហើយ​ថា សិង្ហបុរី​នឹង​​ចុះ​ខ្យោយនៅ​ឆ្នាំខាង​មុខ​ ថា​សិង្ហបុរី​នឹង​ផ្តើម​ទំព័រ​ថ្មី​ ប្រវត្តិ​សាស្ត្រ​ថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ