អានតួអត្ថបទ
សិង្ហបុរី-បោះឆ្នោត

បក្ស​កាន់​អំណាច​សិង្ហបុរី​ ទទួល​បាន​អាសនៈ​ច្រើន​បំផុតជា​ថ្មី​​ក្នុងការ​បោះឆ្នោត​សភា​

លោកនាយករដ្ឋមន្រ្តីសិង្ហបុរី លីសៀន ឡុង និងភរិយា បានទៅដល់មណ្ឌលបោះឆ្នោតមួយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្រ្តីសិង្ហបុរី លីសៀន ឡុង និងភរិយា បានទៅដល់មណ្ឌលបោះឆ្នោតមួយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ REUTERS - EDGAR SU
ដោយ៖ អ៊ុង គឹមអ៊ាន់
1 នាទី

គណបក្ស​សកម្មភាព​ប្រជាជន​ដែលជា​បក្ស​កាន់​អំណាច​សិង្ហបុរី​ ទទួល​បាន​សំឡេង​ភាគច្រើន​ជាថ្មី​ម្តងទៀត​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃ​សុក្រ ទី ១០ កក្កដា​ម្សិលមិញ​។ ទោះបីជា​លទ្ធផល​បង្ហាញ​ថា​ បក្ស​សកម្មភាព​ប្រជាជន​នៅ​អាច​រក្សាអំណាច​យ៉ាងណា​ក៏ដោយ​ ក៏​គេ​មើលឃើញ​ថា​ សំឡេង​គាំទ្រ​ភាគច្រើន​របស់​បក្ស​ចាស់​វស្សា​មួយនេះ​បាន​ធ្លាក់​ចុះ​ ខណៈពេល​ដែល​បក្សប្រឆាំង​ អាច​ដណ្តើម​យកបាន​សំឡេង​គាំទ្រ​ខ្លះ​មកវិញ​។

ផ្សាយពាណិជ្ជកម្ម

គណបក្ស​សកម្មភាព​ប្រជាជន​ (PAP) ដែល​ដឹកនាំ​ប្រទេស​សិង្ហបុរី​តាំងពីឆ្នាំ​ ១៩៦៥ មក​ ទទួល​បាន​អាសនៈ​ច្រើន​បំផុត​ក្នុង​សភា​ ពោលគឺ​ទទួលបានចំនួន​ ៨៣​ ក្នុង​ចំណោម​អាសនៈ​សរុប​ទាំងអស់​ ៩៣​ អាសនៈ​ ឬក៏ស្មើ​នឹង​ ៦១,២%​ នៃសំឡេងឆ្នោតសរុប។ យ៉ាងណាក៏ដោយ​ លទ្ធផលនេះ​មាន​ចំនួន​តិច​ជាង​ជ័យជម្នះ​នៃ​បោះឆ្នោត​កាលពី​ឆ្នាំ​ ២០១៥​ ដែល​កាលណោះ​បក្ស​កាន់អំ​ណាច​ចាស់វស្សា​នេះ​ ទទួលបាន​សំឡេង​គាំទ្រ​សឹងតែ​ជិត​ ៧០%​ឯណោះ​។

ទោះបីជា​មិន​ទទួល​បាន​ជោគជ័យ​យ៉ាងណាក្តី​ គណបក្ស​ពលករ​ដែលជា​បក្សប្រឆាំង​សិង្ហបុរីទទួល​បាន​លទ្ធផល​ល្អជាង​ពេលមុនៗ​ក្នុងការ​បោះឆ្នោត​សភា​នា​ឆ្នាំ​ ២០២០​នេះ​ ដោយ​កើន​សំឡេង​គាំទ្រ​ និង​ទទួល​បាន​អាសនៈ​ចំនួន​ ១០​។ ក្រោយពី​បានដឹង​អំពី​លទ្ធផល​នៃការ​បោះឆ្នោត​ ក្រុមអ្នកគាំទ្រ​គណបក្ស​ប្រឆាំង​បាន​នាំគ្នាចេញដើរ​តាមផ្លូវ​គ្រវី​ទង់​របស់​បក្ស​ដើម្បីអបអរ​សាទរ​។

ដោយឡែក​ ទោះបីជា​នៅតែ​ទទួល​បានសំឡេង​ភាគច្រើន​ក្នុងសភា​ក្តី​ លោក​នាយករដ្ឋមន្ត្រី​ លី សៀនឡុង បាន​សម្តែង​នូវ​ការខកចិត្ត​ដែល​សំឡេង​គាំទ្រ​មិនច្រើន​ដូចជា​ការ​រំពឹង​ទុក​របស់​លោក​។ "លទ្ធផលឆ្នោត​ឆ្លុះបញ្ចាំង​ពីការ​ឈឺចាប់​និង​ភាព​មិន​ប្រាកដប្រជា​ដែល​ប្រជាពលរដ្ឋ​សិង្ហបុរី​មាន​អារម្មណ៍​ក្នុង​អំឡុង​វិបត្តិ​កូវីដ​មានជា​អាទិ៍៖ ការបាត់បង់ប្រាក់​ចំណូលនិង​ក្តីព្រួយ​បារម្ភ​អំពី​ការងារ​"។ នេះគឺជា​សម្តី​របស់​លោក លី សៀនឡុង និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​។

បើតាម​ក្រុម​អ្នកវិភាគ​ សំឡេង​គាំទ្រ​ចំពោះ​បក្សកាន់អំណាច​របស់​លោកលី សៀនឡុង បានធ្លាក់ចុះ​ ទំនង​មកពី​ពលរដ្ឋ​សិង្ហបុរី​ មិន​សប្បាយចិត្ត​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​លើការ​គ្រប់គ្រង​ជំងឺរាតត្បាត​កូវីដ​១៩​ និងការធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

ជាមួយគ្នានេះ​ អ្នក​វិភាគមួយ​ចំនួន​ បាន​និយាយ​ដែរថា​ ការគាំទ្រ​ចំពោះ​គណបក្សកាន់​អំណាច​ក៏ទំនងជា​ស្រុតចុះ​ជាងមុន​ផងដែរ​ ដោយសារ​បំណង​ប្រាថ្នា​ចង់ផ្លាស់ប្តូរ​ក្នុង​ចំណោម​យុវជន​។ លោក​ អ្យូហ្គេន តាន (Eugene Tan) អ្នក​វិភាគនយោបាយ​មកពី​សាកល​វិទ្យាល័យ​គ្រប់គ្រង​សិង្ហបុរី​ បាន​ប្រាប់​សារព័ត៌មាន CNA ថា យុវជន​សិង្ហបុរី​ចង់ឲ្យ​អ្នក​នយោបាយ​យល់ពី​សារៈសំខាន់នៃ​សំឡេង​របស់​ពួកគេ​។ លោក​បន្ត​ថា​ អភិបាលកិច្ច​បែប​ឯកបក្ស​ ទំនងជា​នឹង​លែង​មាន​ដំណើរការ​ល្អទៀតហើយ​ក្នុង​យុគសម័យ​និង​កាលៈទេសដូចបច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ