អានតួអត្ថបទ
ចិន-ហុងកុង-ច្បាប់

បក្ស​ប្រជាធិបតេយ្យ​ហុងកុង​រៀបចំ​ការ​បោះឆ្នោត​បឋម​មួយ​ទោះមាន​ការ​ព្រមាន​ពី​រដ្ឋាភិបាល

អ្នកបោះឆ្នោតឈរតម្រង់ជួរក្នុងអំឡុងពេលនៃការបោះឆ្នោតបឋមដែលមានគោលបំណងជ្រើសរើសបេក្ខជនប្រជាធិបតេយ្យនៅ​ហុងកុង​នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២០។
អ្នកបោះឆ្នោតឈរតម្រង់ជួរក្នុងអំឡុងពេលនៃការបោះឆ្នោតបឋមដែលមានគោលបំណងជ្រើសរើសបេក្ខជនប្រជាធិបតេយ្យនៅ​ហុងកុង​នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២០។ © 路透社图片
ដោយ៖ អ៊ុង គឹមអ៊ាន់
1 នាទី

បណ្តា​គណបក្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​ កាលពី​ថ្ងៃ​សៅរ៍​ទី១១ កក្កដា​ម្សិលមិញ ​បាន​រៀបចំ​ការ​បោះឆ្នោត​ជា​បឋម​មួយ​ ដើម្បី​ជ្រើសរើស​តំណាង​របស់​ខ្លួន​សម្រាប់​ចូលរួម​ក្នុង​ការ​បោះឆ្នោត​សភា​នាខែ​កញ្ញា​ខាងមុខ​។ ការ​បោះឆ្នោត​នេះ​ធ្វើ​ឡើង​ បើទោះបីជា​មានការ​ព្រមាន​ពី​រដ្ឋ​អំណាច​ហុងកុង​ថា​វា​អាច​នឹង​រំលោភ​លើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​កណត់​ដោយ​ចិន​យ៉ាងណា​ក៏ដោយ​។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​ជ្រើសរើស​តំណាង​របស់​ខ្លួន​ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​នាពេល​ខាងមុខ​ ក្រុមអ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ជាច្រើន​ពាន់នាក់​ បាន​ខំ​ឈរ​តម្រង់​ជួរ​ទាំង​ក្រោម​កម្តៅ​ថ្ងៃ​ក្តៅហែងនៅតាម​មុខ​មណ្ឌល​បោះឆ្នោត​នានា​នៅទូទាំង​ក្រុង​ហុងកុង​ទាំងមូល​។

បើតាម​ការឲ្យដឹង​ពី​ក្រុមអ្នករៀបចំ​ការបោះឆ្នោត​ មាន​មនុស្ស​ជិត​ ៦ ម៉ឺន​នាក់​ បាន​បោះឆ្នោត​រួចរាល់​ក្នុង​រយៈពេល​តែ​បី​ម៉ោង​ប៉ុណ្ណោះ​ នៅតាម​មណ្ឌល​បោះឆ្នោត​ក្រៅ​ផ្លូវការ​សរុប​ទាំងអស់​ប្រមាណ​ ២៥០​ មណ្ឌល​។

សកម្មជន​លទ្ធិប្រជាធិបតេយ្យ​លោក​ប៊ែនី​ តៃ​ (Benny Tai) ជា​អ្នកជំនាញ​ខាង​ច្បាប់​ និង​ជា​អ្នក​សហការ​រៀបចំ​ការបោះឆ្នោត​បឋម​ខាងលើ​ បាន​និយាយថា​ ទទួលរង​នូវការ​បង្ក្រាប​កាន់តែ​ច្រើន​ ប្រជាជន​ហុងកុង​កាន់​តែរឹងមាំ​ឡើង​។

គួរ​កត់សម្គាល់ថា​ សកម្មជន​លទ្ធិប្រជាធិបតេយ្យ​ បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសតំណាង​របស់ខ្លួន​ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​សភា​ហុងកុង​ បើទោះបីជា​មានការ​ព្រមាន​ពីមន្ត្រី​រដ្ឋាភិបាល​ហុងកុង​យ៉ាងណាក្តី​។

ជាក់ស្តែង​ កាលពី​ថ្ងៃទី៩​ កក្កដា​ មន្ត្រី​រដ្ឋាភិបាល​ហុងកុង​លោក​អ៊ែរីក ឆាង​ (Erick Tsang) បាននិយាយ​ប្រាប់​បណ្តា​កាសែត​ដែល​មាន​និន្នាការ​គាំទ្រ​ក្រុង​ប៉េកាំងថា​ ការ​រៀបចំ​និង​ចូលរួម​ការបោះឆ្នោត​បឋម​របស់​បក្ស​ប្រជាធិបតេយ្យ​ អាច​ចាត់ចូល​ជាទង្វើ​បះបោរ ការធ្វើ​វិទ្ធង្សនា​និង​ការ​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស​។

យ៉ាងណាក៏ដោយ​ លោកអ៊ូ​ ណុកហ៊ីន​ ជា​អតីត​សមាជិក​សភា​ហុងកុង​ម្នាក់​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ជាអ្នក​សហការ​រៀបចំ​ការបោះឆ្នោត​ជាមួយ​សកម្មជន​ប្រជាធិបតេយ្យ​ បាន​អះអាង​ថា​ ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ហុងកុង​គ្មានមូលដ្ឋានគ្រឹះ​ច្បាស់លាស់​និង​គ្មានហេតុផល​ត្រឹមត្រូវ​តាមច្បាប់​ឡើយ​។

លោកអ៊ូ​ បាន​មានប្រសាសន៍​ដែរថា​ ប្រសិនណាបើ​សូម្បីតែ​ការបោះឆ្នោត​ជ្រើសរើស​តំណាង​របស់​អ្នក​ប្រជាធិបតេយ្យ​ក៏​ត្រូវ​គេ​បង្ក្រាប​ដែរហើយ​នោះ​ វា​មាន​ន័យថា​ រដ្ឋាភិបាល​ហុងកុង​គ្មាន​ការអត់អោន​ឡើយ​ចំពោះ​ក្រុម​អ្នកប្រឆាំង​ ហើយ​រដ្ឋាភិបាល​ហុងកុង​ក៏គ្មានភាព​អត់ធ្មត់ដែរ​ក្នុងការ​ទទួលយក​របប​សង្គម​មួយ​ដែល​មាន​ភាពចម្រុះ​និង​សិទ្ធិ​បោះ​ឆ្នោត​របស់​ពលរដ្ឋ​ហុងកុង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ