អានតួអត្ថបទ
ចិន-ហុងកុង-ច្បាប់

ប៉ូលិស​ហុងកុង​ឆ្មក់​ចូល​ការិយាល័យ​របស់​អ្នក​ជំនាញ​ស្ទង់​មតិ​ម្នាក់​មុន​ការ​បោះឆ្នោត​មួយ​របស់​បក្ស​ប្រជាធិបតេយ្យ

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលនៃការបោះឆ្នោតបឋមមួយក្នុងទីក្រុងហុងកុង នៅថ្ងៃទី១១ ខែកក្កដាឆ្នាំ ២០២០។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលនៃការបោះឆ្នោតបឋមមួយក្នុងទីក្រុងហុងកុង នៅថ្ងៃទី១១ ខែកក្កដាឆ្នាំ ២០២០។ AFP - MAY JAMES
ដោយ៖ អ៊ុង គឹមអ៊ាន់
3 នាទី

ប៉ូលិស​ហុងកុង​ កាលពី​យប់​ថ្ងៃសុក្រ​ ទី​១០​ កក្កដា​ម្សិលមិញ​បាន​ចុះ​ឆែកឆេរនិង​រឹប​អូស​យក​ឯកសារ​ជាច្រើន​ពី​ការិយាល័យ​របស់​អ្នក​ជំនាញ​ខាងស្ទង់មតិ​ម្នាក់​ឈ្មោះ​ រឺប៊ឺត ជុង​ (Robert Chung)។ អ្នក​ជំនាញ​ដ៏​លេចធ្លោ​រូប​នេះ​ ត្រូវ​បានគេស្គាល់​ថា​ជា​បុគ្គល​ដែល​កំពុង​ជួយ​បក្ស​ប្រជាធិបតេយ្យ​ហុងកុងដើម្បី​រៀប​ចំការ​បោះឆ្នោត​បឋម​មួយ​ដែល​គ្រោង​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ​។

ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​ទាំងយប់​របស់​ប៉ូលិស​ហុងកុង​នេះ​ធ្វើឡើង​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ចិន​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខជាតិ​ថ្មីនៅក្នុង​ដែនដី​ដែល​ជា​អតីត​អាណានិគម​អង់គ្លេស​នេះ។ សកម្មភាព​ឆ្មក់​ឆែកឆេរ​ខាងលើ​ បាន​កើតឡើងផងដែរ​តែ​បន្តិច​ប៉ុណ្ណោះ​មុនការ​បោះឆ្នោត​បឋម​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ហុងកុង​ដែលមាន​វិទ្យាស្ថាន​ស្រាវជ្រាវ​មតិ​សាធារណៈ​ហុងកុង​ជា​ភ្នាក់ងារ​ស្ទង់មតិ​ឯករាជ្យ​របស់​លោក រឺប៊ឺត ជុង ជួយ​ចាត់ចែងរៀបចំ​។

លោក​រ៉ូប៊ឺត ជុង​ បាន​និយាយថា​ ប៉ូលិស​ហុងកុង​បាន​កូពី​ចម្លង​យក​ព័ត៌មាន​ជាច្រើន​ពី​កុំព្យូទ័រ​របស់​លោក​។ យ៉ាងណាក៏ដោយ​ លោកថា​មន្ត្រី​ប៉ូលិស​មិនបាន​ដក​ហូត​ម៉ាស៊ីន​កុំព្យូទ័រ​នោះទេ​។

ពាក់ព័ន្ធ​រឿងនេះ​ អាជ្ញាធរ​ហុងកុង​បាន​ទទួលស្គាល់ថា​ ពួកគេ​ពិតជា​បាន​ចូល​ឆែកឆេរ​ការិយាល័យ​របស់​លោក​រ៉ូប៊ឺត ជុង​ ពិតមែន​កាលពី​យប់ថ្ងៃ​សុក្រ​ម្សិលមិញ​។ ប៉ូលិស​ហុងកុង​បាន​អះអាង​ថា​ការណ៍នេះ​ធ្វើឡើង​ឆ្លើយតប​ទៅនឹង​របាយការណ៍​ដែល​ពួកគេ​ទទួល​បាន​។ របាយការណ៍​នោះ​ បង្ហាញថា​ប្រព័ន្ធ​កុំព្យូទ័រ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវស្ថិតិ​ខាងលើ​អាច​ត្រូវ​គេ​លួច​(hack) ចូល​ ដែល​បណ្តាល​ឲ្យ​លេចធ្លាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​មនុស្ស​មួយ​ចំនួន​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ថ្ងៃសៅរ៍​ ទី១១​ កក្កដា​នេះ​ លោក​រ៉ូប៊ឺត ជុង​ បានបង្ហាញ​ពីក្តីបារម្ភថា​ ព័ត៌មាន​ដែល​ប៉ូលិស​យក​បាន​អាចត្រូវ​បាន​ប្រើ​នៅ​ក្នុងការ​ស៊ើបអង្កេត​ផ្សេង​ទៀត​។ យ៉ាងណាក៏ដោយ​ អ្នក​ជំនាញ​ខាង​ស្ទង់មតិ​រូបនេះ​បានលើកឡើង​ថា​លោក​នឹង​ប្រឹងប្រែង​ឲ្យអស់ពី​សមត្ថភាព​ដើម្បី​ការពារ​ប្រភព​របស់​លោក​។

បន្ថែមលើនេះ​ លោក​រ៉ូប៊ឺត​ ជុង​ បាន​ឲ្យដឹង​ដែរ​ថា​លោក​ទទួល​បាន​ការសន្យា​ផ្ទាល់មាត់​ពី​អាជ្ញាធរ​ហុងកុង​ ដែល​ថា​ពួកគេ​នឹង​មិន​ប្រើ​ប្រាស់​ទិន្នន័យ​ទាំងនោះ​ដើម្បី​ស៊ើបអង្កេត​រឿង​ផ្សេង​ៗទៀត​នោះទេ​។

គួរ​ជម្រាប​ជូន​ថា​ នៅ​ថ្ងៃ​សៅរ៍​នេះ​ក្រុម​អ្នកប្រជាធិបតេយ្យ​គ្រោង​នឹង​បោះឆ្នោត​ជ្រើសរើស​តំណាង​បេក្ខជន​របស់​ខ្លួន​សម្រាប់​ចូលរួម​ការបោះឆ្នោត​សភា​របស់​ហុងកុង​ក្នុងខែ​កញ្ញាខាងមុខ​។

អតីត​សមាជិក​សភា​ម្នាក់​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​ គឺ​លោកអ៊ូ​ ណុកហ៊ីន​ បាន​និយាយ​ដោយ​ភាពជឿជាក់​ថា​ ប្រតិបត្តិការ​របស់​បូលិសហុងកុង​ចូលការិល័យ​របស់​លោក​រឺប៊ឺត ជុង​ មាន​ជាប់ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​របស់​ក្រុម​ប្រឆាំង​ ហើយនិង​មាន​បំណង​បង្ក​ការភ័យខ្លាច​នៅ​ក្នុង​សហគមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ