អានតួអត្ថបទ
ចិន សិទ្ធិសេរីភាព

ចិន៖ លោកសាស្ត្រាចារ្យច្បាប់​ ដែលហ៊ានរិះគន់លោកស៊ី ជីពីន ត្រូវបានគេដោះលែងមកវិញ

បាតុករហុងកុងដាក់តាំង​ រូបលោកសាស្ត្រាចារ្យ ស៊ូ ចាងយុន (ពាក់វែនតា) រួមនឹងរូបមនុស្សដ៏ទៃ ដែលបាត់ខ្លួន ឬត្រូវនគរបាលសំងាត់ចិនចាប់ដាក់ឃុំ។ ហុងកុង ថ្ងៃទី​១៩មិថុនា ២០២០
បាតុករហុងកុងដាក់តាំង​ រូបលោកសាស្ត្រាចារ្យ ស៊ូ ចាងយុន (ពាក់វែនតា) រួមនឹងរូបមនុស្សដ៏ទៃ ដែលបាត់ខ្លួន ឬត្រូវនគរបាលសំងាត់ចិនចាប់ដាក់ឃុំ។ ហុងកុង ថ្ងៃទី​១៩មិថុនា ២០២០ © AFP
ដោយ៖ ម៉ម ពិសី
1 នាទី

លោក ស៊ូ ចាងយុន សាស្ត្រាចារ្យច្បាប់នៅសកលវិទ្យាល័យ​ឈីងហ័រ ក្រុងប៉េកាំង ត្រូវបានគេដោះ​លែងមកវិញហើយ ក្រោយ​ការឃុំខ្លួន​ដោយសំងាត់ អស់រយៈពេល​១សប្តាហ៍។ នេះបើផ្អែកតាមការអះអាង​របស់មិត្តភ័ក្ត និងក្រុមគ្រួសារលោក នៅថ្ងៃចន្ទ ទី​១៣កក្កដានេះ។ លោកសាស្ត្រាចារ្យ ស៊ូ ចាងយុន ត្រូវបានគេស្គាល់ថា​គឺជា បញ្ញវន្តចិនដ៏កម្រម្នាក់ ដែលបាន​ហ៊ានសរសេរសៀវភៅ និងអត្ថបទ​រិះគន់​ទៅលើ​ការដឹក​នាំ​ផ្តាច់ការ ​របស់​លោកប្រធានាធិបតីចិន ស៊ី ជីនពីង

ផ្សាយពាណិជ្ជកម្ម

លោក ស៊ូ ចាងយុន (Xu Zhangrun) សាស្ត្រាចារ្យច្បាប់ នៅសកលវិទ្យាល័យឈីងហ័រ (Tsinghua University) ដ៏ល្បីបំផុតនៅទីក្រុងប៉េកាំង ត្រូវបានមនុស្ស​ប្រមាណ​២០នាក់ ចុះមកចាប់ឃាត់ខ្លួន​ដល់ផ្ទះ ជាយក្រុងប៉េកាំង កាលពីថ្ងៃទី​៦កក្កដា។ បើផ្អែកតាមការអះអាង របស់ភរិយាលោកសាស្ត្រាចារ្យ ស៊ូ ចាងយុន មានមនុស្ស​ម្នាក់​ ដែលអះអាងខ្លួន​​ថា​ជា​សមត្ថកិច្ច​​នគរបាល បាន​ទូរស័ព្ទ​មកប្រាប់ ថា​ស្វាមី​លោកស្រី​ត្រូវចាប់​ខ្លួន​ពីបទ ប្រើប្រាស់​សេវាពេស្យាចារ។

ស្រាប់តែ​នៅថ្ងៃ​ទី១៣​កក្កដា​នេះ លោក​សាស្ត្រាចារ្យ ស៊ូ ចាងយុន ត្រូវបាន​​គេ​ដោះលែង​មកវិញ ​​ហើយ​មាន​សុខភាព​​មាំទាំធម្មតាទេ។ នេះបើផ្អែកតាម​ការអះអាង​ ពីសំណាក់មិត្តភក្តិរបស់​លោក បានប្រាប់​អ្នកយកព័ត៌មានបារាំង AFP។

គួរកត់​សំគាល់ថា ក្នុងសម័យនេះ បញ្ញវន្តចិនដូចជាលោក ស៊ូ ចាងយុន ដែលហ៊ាន​រិះគន់ទៅលើរដ្ឋាភិបាលកុម្មុយនីស្ត ដឹកនាំដោយលោកស៊ី ជីនពីង គឺមានតិចណាស់។ លោកសាស្ត្រាចារ្យ ស៊ូ ចាងយុន បានចេញផ្សាយអត្ថបទមួយ​នៅ​ហុងកុង កាលពីដើមឆ្នាំ២០២០នេះ ដែលអត្ថបទនោះ លោកបាន​សរសេរវិភាគ​អំពី​ វប្បធម៌នៃការលើក​ដំកើងឲ្យ​សម្បើមអស្ចារ្យ នៃបុគ្គលលោក ស៊ី ជីនពីង ព្រមទាំងការសង្កត់សង្កិន​ ធ្វើឲ្យ​មនុស្សខ្លបខ្លាច បិទមាត់ខ្លួនឯង លែងហ៊ានបញ្ចេញយោបល់។ លោកសាស្ត្រាចារ្យលើកឡើងថា គឺ​វិធានការបំបិទមាត់មនុស្សនេះហើយ ដែលបានចូលរួម ធ្វើឲ្យ​ការឆ្លងរាលដាលនូវជម្ងឺកូវីដ១៩ មានទំហំធំធ្ងន់ធ្ងរខ្លាំង។

កាលពីឆ្នាំ២០១៨ លោកសាស្ត្រាចារ្យ ស៊ូ ចាងយុន ក៏បានសរសេរអត្ថបទមួយដែរ ផ្សាយតាមបណ្តាញ​អ៊ីនធ័រណិត ដោយលោក​បាន​សរសេរវិភាគរិះគន់ ដោយចំៗ ទៅលើការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញចិន ហើយដែល​បាន​បើកផ្លូវឲ្យ​លោក​ស៊ី ជីនពីង អាចកាន់អំណាចអស់មួយជីវិត។ លោក​សាស្ត្រាចារ្យ​បាន​សេរសេរ​ជាអាទិ៍ថា ៖ ប្រទេស​​ចិនទាំងមូល ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់មនុស្ស​​​​តែ​​ម្នាក់​គត់ ហើយ​​ដែល​​មនុស្ស​​ម្នាក់​​នោះ​ ដឹកនាំ​​ប្រទេស​​ប្រកប​ដោយ​​ភាព​​ឃោរឃៅ សង្កត់សង្កិន​ធ្វើបាប​ប្រជាពលរដ្ឋ។ ក្រោយការ​ចេញ​ផ្សាយអត្ថបទ​រិះគន់​នេះ លោកសាស្ត្រាចារ្យ ស៊ូ ចាង​យុន ត្រូវ​បាន​​សកលវិទ្យាល័យ Tsinghua លុប​​ឈ្មោះ​លែង​ឲ្យ​បង្រៀន និង​ត្រូវ​គេ​ហាម​មិនឲ្យ​ចេញពី​ផ្ទះ។

មិត្ត​ភក្តិស្និទ​ស្នាល​ម្នាក់​របស់​​លោក ឈ្មោះ Geng Xiaonan ធ្លាប់​​បាន​អះអាង​ប្រាប់​កាសែត New York Times ថាលោក ស៊ូ ចាងយុន បាន​ត្រៀមចិត្ត​រួចហើយ ដោយបានបានរៀបចំ​កញ្ចប់បង្វិចត្រៀម​រួចជាស្រេច រងចាំថ្ងៃដែលគេចុះមកចាប់ខ្លួនលោក។

ទោះ​យ៉ាងណាក៏ដោយ វាជាដំណឹងល្អមួយ ដែល​លោកសាស្ត្រារ្យ ស៊ូ ចាងយុន ត្រូវ​បាន​គេដោះលែង​មកវិញ។ ភ្នាក់ងារ AFP បានព្យាយាម​ទាក់ទងទៅ​នរគបាលក្រុងប៉េកាំង ដើម្បីសួរលំអិតអំពីការដោះលែងនេះ តែគ្មានចម្លើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ