អានតួអត្ថបទ

កូវីដ​១៩៖ ​រដ្ឋមួយ​នៅឥណ្ឌា បិទទ្វារជាថ្មី បិទ​បង្ខាំងប្រជាជន​ឱ្យ​សម្ងំនៅផ្ទះ

ប្រជាជននៃរដ្ឋ Bihar
ប្រជាជននៃរដ្ឋ Bihar AFP
ដោយ៖ ហេង ឧត្តម
4 នាទី

នៅឥណ្ឌាថ្ងៃទី​១៦កក្កដា រដ្ឋ​ប៊ីហារ (Bihar) បាន​ប្រកាសបិទទ្វារ​ជាថ្មី ដោយសារតែ​ក្តីបារម្ភ​នៃការឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ​១៩។ ឥណ្ឌា ជាប្រទេស​មាន​ប្រជាជន ច្រើន​លំដាប់​ទី២​លើពិភពលោក ពេល​នេះ​​មាន​ករណីឆ្លង​កូវីដ​១៩ ចំនួន​ប្រមាណ​១លាន​នាក់ ហើយ​មនុស្ស​ប្រមាណ​២ម៉ឺន​៥នាក់ បាន​ស្លាប់​បាត់បង់ជីវិត។

ផ្សាយពាណិជ្ជកម្ម

ប៊ីហារ ជា​រដ្ឋ​ដ៏​ក្រីក្រមួយ​ នៅ​ភាគខាងជើង​ប្រទេសឥណ្ឌា តែ​មាន​ប្រជាជន​ ​ជាង​១២៥លាន​នាក់ ​ពេលនេះ មនុស្ស​រាប់ពាន់​នាក់​ កំពុង​​ផ្ទុក​មេរោគ​រលាក​ផ្លូវ​ដង្ហើមថ្មី កូវីដ​១៩។ អភិបាល​រដ្ឋ​ប៊ីហារ ដាក់​​​បម្រាបថ្មី ហាម​ឃាត់​ប្រជាជន​ឱ្យ​សម្ងំ​ឃុំ​ខ្លួន​តែក្នុងផ្ទះ ​និង​ចេញ​​វិធានការ​រក្សាសុវត្ថិភាព​ផ្សេងទៀត យ៉ាងតឹងតែង។​ បម្រាម​ថ្មីនេះ​​នឹង​មាន​សុពលភាព​ រហូត​ដល់​១៥ថ្ងៃ គិត​ចាប់ពីម៉ោង​១២អធ្រាត្រ​ថ្ងៃព្រហស្បតិ៍តទៅ​។

ឥណ្ឌា ​មាន​ប្រជាជន​១,៣ពាន់​លាន​នាក់​ មាន​ករណីឆ្លង​រោគ​កូវីដ​ កើនឡើង​ខ្ពស់​និងខ្លាំង​នាប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ធ្វើ​ឱ្យ​បណ្តា​ថ្នាក់​តំបន់​មួយ​ចំនួន​ ភ័យ​ខ្លាច ហើយ​ផ្តើម​បិទ​រដ្ឋ​ក្នុង​ដែន​​សមត្ថកិច្ច​របស់ខ្លួន ដូច​ករណី​រដ្ឋ​ប៊ីហារ ដែល​បិទ​ជាង​២សប្តាហ៍។ បណ្តារដ្ឋ​តូចៗ​ និងក្រុង​ធំៗ​មួយ​ចំនួន​ទៀត ក៏​បាន​ចាប់ផ្តើមបិទ​​ដែរ​។ ក្រុង​បង់ហ្គាលូរ Bangalore នៅភាគខាងត្បូង មាន​ពលរដ្ឋ​១៣លាន​នាក់ ក៏​ប្រកាស​បិទ​ទ្វារ​១សប្តាហ៍​។

រដ្ឋ​តូច​ឈ្មោះថា Goa ​ជាទី​កន្លែងនិយម​សម្រាប់​ទេសចរ​រដូវរងា ប្រកាសបិទទ្វារ​បីថ្ងៃ ទៅមុខ។​ ថ្នាក់​ដឹកនាំរដ្ឋ​នេះ ​ថ្លែង​ក្តីបារម្ភ​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មានបារាំង​​ថា ករណី​ឆ្លង​លឿន​នៅឥណ្ឌា និងក្នុង​ដែន​​ដីរបស់ខ្លួន​ គឺដោយសារតែ​ពលរដ្ឋ​ចេញ​ធ្វើពិធី​សាសនា និង​ជប់​លៀង​ច្រើន​ពេក​ ហើយ​មិន​បាន​ប្រយ័ត្ន​ប្រយែង​រក្សា​វិធានការ​សុវត្តិភាព​ការពារ​ឱ្យ​បាន​គត់មុត ។ ថ្នាក់ដឹកនាំ​រដ្ឋ​ដដែល​នេះ ក៏​ទម្លាយ​ឲ្យ​ដឹងដែរថា បើទោះ​បីជាមាន​ការ​ផាកពិន័យ​​៤ម៉ឺន​ករណី ហើយ​ចាប់​ឃុំ​ខ្លួន​ដាក់​គុក​ខ្លះក្តី ក៏​ពលរដ្ឋ​ខ្លះ​ហាក់​នៅមិនញញើត​​ និង​នៅតែ​ដើរហើរ​ដោយ​គ្មានពាក់​ម៉ាស់ ធ្វើ​ព្រងើយ។​

អង្គការ​អន្តរជាតិ​ដែល​ធ្វើការ​ផ្នែក​សុខភាព និង​អង្គការ​កាកបាទក្រហម​ផង បាន​ថ្លែងក្តីព្រួយ​បារម្ភ​ដែរ ថា​ឥណ្ឌានិង​តំបន់​អាស៊ី​ខាងត្បូង អាច​នឹងក្លាយ​ជា​ជង្រុង​ធំថ្មី​​នៃ​មេរោគ​កូវីដ​១៩។ នៅពេលឥ​ឡូវ គេគ្រប់គ្នាហាក់​កំពុងតែចោលភ្នែកទៅមើលជង្រុកមេរោគនៅសហរដ្ឋអាមេរិក ប្រេស៊ីល និងអាមេរិកខាងត្បូង តែពេលនេះ គឺអាស៊ីខាងត្បូង បន្ថែមមួយទៀត ដែលត្រូវយកចិត្តទុកដាក់។  

គួរ​រម្លឹកដែរថា គឺ​មិនមែនតែ​រដ្ឋ​និង​តំបន់​ខ្លះ​នៅឥណ្ឌានោះ​ទេ ដែល​ប្រកាស​បិទទ្វារ​ជាថ្មី​ គឺ​មាន​ក្រុង​ម៊ែល​ប៊ន​របស់អូស្រាលី ក៏បាន​បិទទ្វារ​ជាថ្មី​ដែរ យ៉ាងតិច​៦សប្តាហ៍​។ តំបន់​និងក្រុង​តូចៗខ្លះ ​នៅដី​​អឺរ៉ុប ដូចជា​សង្កាត់​មួយ​នៅNaples ប្រទេស​​អ៊ីតាលី Leicester ក្រុងមួយ​នៅ​អង់គ្លេស និងមួយ​ផ្នែក​នៃរដ្ឋ កាតាឡូញ៉ា (Catalogne)របស់​ អេស្ប៉ាញ ក៏បាន​បិទបង្ខាំង​ប្រជាជនជាថ្មីដែរ ក្នុងបរិបទ​នៃការ​បារម្ភខ្លាច​ផ្ទុះ​រលក​ទី​ពីរ​នៃ​មេរោគ​កូវី​១៩​​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ