ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​អឺរ៉ុប​ជជែក​គ្នា​យ៉ាង​តឹងតែង​ចំពោះ​គម្រោង​ស្តារ​សន្ទុះ​សេដ្ឋកិច្ច​ឡើងវិញ​ចេញពីវិបត្តិកូវីដ

សំឡេង ០៩:០៥
មេដឹកនាំទាំង​២៧ប្រទេសរបស់​សហភាពអឺរ៉ុប ផ្តើម​បើកការ​ជជែកពិភាក្សា​គ្នាចំនួន​ពីរថ្ងៃ។
មេដឹកនាំទាំង​២៧ប្រទេសរបស់​សហភាពអឺរ៉ុប ផ្តើម​បើកការ​ជជែកពិភាក្សា​គ្នាចំនួន​ពីរថ្ងៃ។ REUTERS/Yves Herman/Pool
ដោយ៖ ហេង ឧត្តម
៤៣ នាទី

ថ្ងៃ​សុក្រទី​១៧កក្កដា នៅក្រុង​ព្រុចសែល​ ប្រទេស​ប៊ែលស៊ិក,​​ មេដឹកនាំទាំង​២៧ប្រទេសរបស់​សហភាពអឺរ៉ុប ផ្តើម​បើកការ​ជជែកពិភាក្សា​គ្នាចំនួន​ពីរថ្ងៃ។ ជាការ​ជជែក​ពិភាក្សា​ជួប​មុខ​គ្នា​លើកទី១ បន្ទាប់ពី​ខកខាន​​ជួប​មុខ​គ្នាផ្ទាល់ ​អស់ជិត​​៥ខែមក​​។ តាមអ្នក​ជំនាញ​ គេយល់ថា​ នេះ​ជាការចរចា​យ៉ាងតឹងតែង មិន​ធ្លាប់​មាន និងលំបាកខ្លាំង ពិសេស​ចំពោះគម្រោងស្តារសេដ្ឋកិច្ចឡើងវិញចេញពីវិបត្តិកូវីដ១៩។ 

ផ្សាយពាណិជ្ជកម្ម

គម្រោងស្តារសន្ទុះ​សេដ្ឋកិច្ចឡើងវិញនេះ​ ថ្នាក់​ដឹកនាំ​អឺរ៉ុប ចរចាគ្នា​ច្រើន​ខែ​ដែរមកហើយ​ ប៉ុន្តែ​​រក​ចំណុច​រួម​យល់​ព្រមគ្នា​មិន​ឃើញសោះ​។​ តើ​រយៈពេល​ចរចា​ពីរថ្ងៃ​នេះទៀត អាច​រក​ចំណុច​រួម​ព្រម​គ្នា​ដែរទេ? តើ​នៅមាន​អ្វី​ដែល​មេដឹកនាំ​អឺរ៉ុបនៅខ្វែង​គំនិត​គ្នាទៀត?

​របៀបវរៈ​ដ៏តានតឹង​នៅក្នុងការ​ពិភាក្សា​ពីរថ្ងៃនេះ គឺ​មាន​ពីរធំដែរ។

ទី១ គឺរឿង​លុយ​ ជា​ចម្បង។​ មេដឹកនាំប្រទេសសមាជិកត្រូវជជែកចរចាគ្នាអនុម័តកញ្ចប់ថវិកាអឺរ៉ុប ផែនការសកម្មភាពរយៈពេលវែង សម្រាប់៧ឆ្នាំទៅមុខទៀត គឺឆ្នាំ២០២១ -២០២៧ ដែលអាចមានទឹកប្រាក់ អាចដល់ ១ពាន់១០០ពាន់លាន ឬក៏ ១ពាន់០៧៤ ពាន់លានអឺរ៉ូ ​នេះ​បើតាមសំណើ​របស់​នាយករដ្ឋមន្ត្រី ប៊ែលស៊ិក​ និងសំណើរបស់​​ប្រធានគណៈកម្មាការ​សហភាព​អឺរ៉ុប។​

ចំណុចទី២ ដ៏​ចម្រូងសម្រាស់​ច្រើន​ខែមកហើយ គឺ​គេត្រូវ​សម្រេច​ពី​គម្រោង​ថវិកា​ ៧៥០ពាន់​លាន​អឺរ៉ូ ​សម្រាប់​ស្រោចស្រង់​សេដ្ឋកិច្ច​ ចេញពីវិបត្តិ​កូវីដ១៩​​។ ៧៥០ពាន់លានអឺរ៉ូ នេះ គឺចែកជាពីរ​ផ្នែក ​២៥០ពាន់​លាន​ សម្រាប់​ជា​ប្រាក់​ឱ្យ​រដ្ឋ​សមាជិក​រងគ្រោះ​ដោយ​សារ​កូវីដ១៩ ខ្ចីយក​ប្រើប្រាស់​ ហើយ​៥០០ពាន់​លានអឺរ៉ូទៀត គឺ​សម្រាប់​ឧបត្ថម្ភ​ធន​ ជួយ​ដល់​រដ្ឋ​សមាជិក​ដែល​រងគ្រោះខ្លាំងជាង​គេ​។​ ​ទម្រង់​បែបបទ​និង​លក្ខខណ្ឌ​ផ្តល់​ឱ្យ​រដ្ឋ​នីមួយៗ​ ថាខ្ចី ឬក៏​សុំ​នេះ​ ត្រូវ​មាន​ចំណុច​ប្លែកៗ​ច្រើន ​ដែល​ត្រូវជជែកគ្នា​ឱ្យ​លម្អិត​មែនទែ​ន​។

ជំហរ​អាល្លឺម៉ង់ ដែល​ត្រូវ​ធ្វើ​ប្រធាន​ផ្លាស់វេន​នៃ​កិច្ចប្រជុំ​ គឺដើម្បីបាន​ប្រាក់ដ៏​សម្បើម​ទាំង​​​នោះ ក្រៅពី​វិភាគទាន​របស់​រដ្ឋ​សមាជិក គឺត្រូវ​ប្រើឈ្មោះ​ សហភាព​អឺរ៉ុប​ ដើម្បី​ដើរ​ខ្ចី​លុយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ហើយបំណុលគឺ​ត្រូវជា​​បំណុល​រួម​។ នេះក៏​ជា​លក្ខខណ្ឌ​មួយ​ដែល បារាំង​ អ៊ីតាលី និង​អេស្ប៉ាញ ជាដើម​ ធ្លាប់​បាន​លើកឡើង​រួចម​ក​ហើយ​។​

គម្រោងស្តារសន្ទុះ​សេដ្ឋកិច្ចឡើងវិញនេះ​ ថ្នាក់​ដឹកនាំ​អឺរ៉ុប ចរចាគ្នា​ច្រើន​ខែ​ដែរមកហើយ​ តែ​រក​ចំណុច​រួម​យល់​ព្រមគ្នា​មិន​ឃើញសោះ។ ពេល​ខ្លះ ក៏​លើកអង្គប្រជុំ​ចោល​ទទេ គ្មាន​បានការ​​អ្វី។​ នៅពេល​នេះវិញ​ តើ​រយៈពេល​ចរចា​ពីរថ្ងៃ​នេះទៀត អាច​រក​ចំណុច​រួម​ព្រម​គ្នា​ដែរទេ? ហើយ​តើ​នៅមាន​អ្វី​ដែល​មេដឹកនាំ​អឺរ៉ុបនៅខ្វែង​គំនិត​គ្នាទៀត?

ការ​ខ្វែង​គំនិត​គ្នា​គឺនៅតែមាន រហូត​មកដល់​ថ្ងៃសុក្រ​នេះទៀត​។ ចំពោះ​ អធិការបតីអាល្លឺម៉ង់, លោកស្រី ម៉ាក់កែល យល់ថា ការ​ចរចា​កំពូល​លើកនេះ គឺតឹងតែង​លំបាក​ខ្លាំង​​ ព្រោះលោកស្រី​ឃើញថា ​នៅមាន​ចំណុច​ខ្វែងគ្នា​ខុសគ្នា​ច្រើន​នៅឡើយ។

ទន្ទឹម​នេះ នាយករដ្ឋមន្ត្រី​អៀរឡង់វិញ ថា​សង្ឃឹម​តិចណាស់ សង្ឃឹម​មិន​ដល់​៥០ភាគរយ​ផង​ដែរ ដែល​អាច​សម្រេច​ជោគជ័យ​នោះ។​ សូម​ជ្រាបថា អៀរឡង់ ជាក្រុម​ប្រទេសមួយ ​នៅក្នុង​ចំណោម ហូឡង់ ស៊ុយអែត ដាណឺម៉ាក់ ដែល​ហាក់​មិន​សូវ​ឯកភាពតាំង​ពីច្រើន​ខែមកហើយ ទៅ​​នឹង​គម្រោង​កញ្ចប់​ថវិកា​ស្តារ​សេដ្ឋកិច្ច ព្រោះតែ​លក្ខខណ្ឌ​មួយ​ចំនួន ឧទាហរណ៍​​ករណី​ផ្តល់លុយ ជា​ជំនួយ​ឥតសំណង ​ជាដើម។ ក្រុម​ប្រទេស​ខ្លះទាំងនេះថា​​ចង់ឱ្យ​ខ្ចី មិនចង់​ឱ្យ​ដាច់​ ជាជំនួយ​ដុល ឥតសំណងទេ។​

ផ្ទុយ​ទៅវិញ សម្រាប់​លោក Charles Michel នាយករដ្ឋមន្ត្រីប៊ែល​ស៊ិក និង​ជាអធិបតី​​នៃ​អង្គប្រជុំ​ បាន​ស្តែង​សុទិដ្ឋិនិយមថា លោក​ជឿលើ​សេចក្តីក្លាហាន​របស់​អ្នក​​នយោបាយ គឺ​ច្បាស់​ជា​​អាច​រកឃើញ​កិច្ចព្រម​ព្រៀង​រួម​មួយបាន​ នៅទីបំផុត​។

​នាយករដ្ឋមន្ត្រី លុចសំបួរ Xavier Bettel ​សម្តែង​មតិ​ក្នុង​ន័យ​ចិត្តធម៌។ លោកថ្លែងក្នុងន័យ​ថា គេគួរ​តែ​ផ្តល់ជំនួយ​ ផ្តល់​លុយ​ ដល់​ប្រទេស​ផ្សេងទៀត​ដែល​រងគ្រោះ​ ​នៅថ្ងៃនេះ ព្រោះយើង​មិនដឹងថា ថ្ងៃស្អែក ឬ​អនាគត យើង​ទៅវិញទេ ដែល​នឹង​ត្រូវ​ទទួល​ជំនួយ យើងទៅវិញទេ ដែល​អាច​នឹង​ជា​ជន​រងគ្រោះម្តង។ ដូច្នេះ គេត្រូវ​ជួយ​គ្នា និងបង្ហាញ​សាមគ្គីភក្តីភាព​ចំពោះគ្នា។​

ស្របគ្នាដែរ នាយករដ្ឋមន្ត្រី​អ៊ីតាលី Giuseppe Conte ទទូច​ជាថ្មី ឬក៏​និយាយ​ដាក់​សម្ពាធបន្តិចផង ថា គួរ​គិត​ដល់​ប្រយោជន៍​នៃ​ប្រជាជន​អ៊ីតាលី​និងពលរដ្ឋអឺរ៉ុប​ ដែល​កំពុង​រងគ្រោះ​ផង។​

រី​ឯ ប្រធានាធិបតីបារាំង ថ្លែងពី​ក្រុង​ព្រុចសែល តាំងពីដើមទី ប្រាប់កាសែត​បារាំង​ ថា​នេះជាពេលវេលា​ដែល​ត្រូវ​បង្ហាញ​ការពិត និង​បង្ហាញ​មហិច្ចតា​របស់អឺរ៉ុប។ ពេល​នេះ​ យើងកំពុងតែ​ជួប​វិបត្តិ​សុខភាព​សាធារណៈ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ ដូច្នេះ យើងត្រូវការ​ចាំបាច់​ នូវ​សេចក្តីសាមគ្គីរួមគ្នា​របស់​អឺរ៉ុប។​ លោកម៉ាក្រុងបន្ត​ថាលោក​មាន​ទំនុកចិត្ត​ចំពោះ​លទ្ធភាព​នៃការរកឃើញ​កិច្ច​ព្រមព្រៀង​ចុះសម្រុង​គ្នា​សម្រាប់​គម្រោង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញក្រោយ​វិបត្តិមេរោគរាតត្បាត​កូវីដ១៩។​

ក្រៅពី​លក្ខខណ្ឌ​រឿងឱ្យ​​ខ្ចី និង​រឿងឱ្យ​​ដាច់​ជាជំនួយ​ឥត​សំណង​នេះ គឺ​​លក្ខខណ្ឌចែង​ពីប្រទេស​ត្រូវ​បាន​លុយ​ជំនួយនេះ ទាល់តែ​គោរព​នីតិរដ្ឋ។ នេះ​ក៏​ជា​ចំណុច​ខ្ទាស់​គ្នា​និង​ខ្វែង​គំនិតគ្នា​ដែរ។

តាម​​ធម្មតា សហភាពអឺរ៉ុប​ ឈរ​លើ​គោលការណ៍​គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ ហើយ​នីតិរដ្ឋ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​គោលការណ៍​ទាំងនេះ និងដែល​មាន​ចែងស្រេច​ស្រាបក្នុង​ធម្មនុញ្ញ​របស់ខ្លួន​។ ក៏ប៉ុន្តែ នយោបាយ​នៃប្រទេស​សមាជិក​នីមួយៗ​ អាច​មាន​ការ​ប្រែប្រួលខ្លះ តាម​ការផ្លាស់ប្តូរ​នៃ​ថ្នាក់​ដឹកនាំ​ថ្មី​របស់ខ្លួន។ ចំពោះ​ប្រទេស​ ហុងគ្រី​ និងប៉ូឡូញ សព្វថ្ងៃនេះ​ គឺ​ហាក់ត្រូវ​​គេចង្អុរមុខថា កំពុងតែមានជំនោរផ្តាច់ការ រើអើងនិយម ​ដូច្នេះហើយទើប​​សមាជិក​រដ្ឋ​ដទៃទៀត ទាមទារ​ឲ្យ​សមាជិក​ផ្សេងទៀត​ដាក់​គោល​ការណ៍គោរពសិទ្ធិមនុស្សនិងនីតិរដ្ឋ ជាចំណុច​សំខាន់​មួយ​ដែរ​​។

ជាក់ស្តែង ហុងគ្រី​ និង ប៉ូឡូញ ហាក់កំពុងតែ​ចង់​ដើរឃ្លាត​ពី​ជំហរ​នៃការ​គោរព​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ ដែល​ជា​មូលដ្ឋាន​គ្រឹះ​មួយ​របស់​គោល​ការណ៍​សហភាព​អឺរ៉ុប ពិសេស​គឺក្រោម​ការដឹកនាំប្រទេស​របស់​​លោក Viktor Orban នាយករដ្ឋមន្ត្រី​ហុងគ្រី ដែល​ហាក់​បាននិង​កំពុងបាន​​បំពានខ្លះៗមកហើយ​​។

ទោះយ៉ាងណាក្តី នាយករដ្ឋមន្ត្រី លុចសំបួរ Xavier Bettel ក៏​បាន​បង្ហាញ​ការ​យល់ឃើញថា គេ​មិន​គួរ​យក ​អ៊ីតាលី និង​អេស្ប៉ាញ​ ជា​ចំណាប់​ខ្មាំង​នោះទេ។ ពេល​នេះ ប្រទេស​ទាំងពីរ​កំពុង​រងគ្រោះខ្លាំងជាងគេ ប្រសិន​បើ​ ហុងគ្រី ធ្វើ​វេតូ ជំទាស់​តែមួយ​សំឡេង គឺ​ច្បាស់​ជា​មិនអាច​សម្រេច​អ្វីចេញទេ នេះប្រសិន​បើ​ភាគី​មេដឹកនាំ​ផ្សេងទៀត នៅតែ​ចង់​បញ្ចូល​លក្ខខណ្ឌ​គោរពសិទ្ធិមនុស្សនិងនីតិរដ្ឋ នៅក្នុង​លក្ខខណ្ឌ​នៃគម្រោង​ស្តារ​សេដ្ឋកិច្ច​ ទៀត​នោះ​។​

ក្នុងកិច្ចប្រជុំ​លើកនេះ អ្នក​ខ្លះ គេ​សង្ឃឹមច្រើន​លើ​ ភាពជាអ្នក​ដឹកនាំ​របស់​លោកស្រី​អធិការ​បតីអាល្លឺម៉ង់ ថាទំនងជាអាច​និយាយ​ទៅ​មាន​ទឹក​មាត់​ប្រៃ​? តើមកពីអ្វី​?​

លើក​នេះ អាច​ពិសេស​ជាង​ជំនួប​ចរចា​សព្វ​ដង ព្រោះថាជាថ្ងៃ​​ខួប​កំណើត​ ៥៩ឆ្នាំ របស់​នាយករដ្ឋមន្ត្រី​ ព័រទុយហ្គាល់  Antonio Costa  ហើយ​ក៏ជាឱកាសខួបរម្លឹកកំណើត៦៦ឆ្នាំ នៃអធិការបតីអាល្លឺម៉ង់ផង​ គឺ​លោកស្រី Merkel ដែល​ជាអ្នក​នយោបាយស្រី ប្រលូកក្នុងពិភពសហភាពអឺរ៉ុបតាំងពី២០០៧ គឺចាស់វស្សាជាងគេ ក្នុងចំណោមមេដឹកនាំទាំង២៦ប្រទេសផ្សេងទៀត!  ​ថ្នាក់​ដឹកនាំ​ផ្សេងៗ អាច​នឹងមាន​ការ​យោគយល់​ចំពោះ​ចំណុច​ពីរនេះ។​

ម្យ៉ាងទៀត អាល្លឺម៉ង់ ដែល​ក្លាយ​ជាប្រធាន​ផ្លាស់វេន​ដឹកនាំអង្គប្រជុំ​ ហើយដែល​រក​ឃើញ​ទំនុកចិត្ត​ និង​ការ​ឯកភាព​គ្នាជាមួយ​បារាំង​ រួច​ហើយ។​ ដូច្នេះ ការរួម​ដៃគ្នា​រវាង​បារាំង​និង​អាល្លឺម៉ង់ ដែល​ជាក្បាល​ម៉ាស៊ីន​ធំពីរនៅអឺរ៉ុប​ ប្រហែល​ទំនង​ជាអាច​បញ្ចុះ​បញ្ចូល​សមាជិក​ដទៃ​ទៀតបាន​។

ប៉ុន្តែអ្វីៗ​ អាច​នឹង​ប្រួល​ប្រែ ក៏មិនដឹង​។ ​ថ្ងៃនេះ ​ជា​ថ្ងៃ​ដំបូង ដូច្នេះ​លទ្ធផល​អាច​នឹងដឹង ខ្លះៗនៅ​យប់​នេះ ម៉ោង​នៅ​អឺរ៉ុប ឬ​ក៏​សេចក្តីសម្រេច​ទាំងស្រុង​ អាច​ដឹង​នៅ​ថ្ងៃស្អែក ថ្ងៃ​បញ្ចប់​កិច្ចប្រជុំ​កំពូល៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI