អានតួអត្ថបទ
កូវីដ១៩-ឥណ្ឌា

កូវីដ១៩​​រាតត្បាត​កាន់​តែ​ខ្លាំង ​អំពើ​ពុករលួយ​ក្នុង​ចំណាយ​ទិញ​បរិក្ខារ​ពេទ្យ​កាន់​តែ​ច្រើន

គំរូ ម៉ាស៊ីន​ជំនួយ​ដង្ហើម​មួយ
គំរូ ម៉ាស៊ីន​ជំនួយ​ដង្ហើម​មួយ Ronny Hartmann / AFP
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

នៅប្រទេសឥណ្ឌា ក្នុង​ខណៈ​ដែល​​ចំនួន​អ្នក​ឆ្លង​កូវីដ​១៩ កំពុង​កើន​ឡើង​ជា​លំដាប់​ ការ​សង្ស័យ​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ចំណាយ​ទិញ​សម្ភារៈ​បរិក្ខា​ពេទ្យ​ មាន​កាន់​តែ​ច្រើន​ឡើងដែរ​។ ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​កូវីដ​១៩ រដ្ឋ​​ការណាតាកា ជាប់​ចោទ​បាន​បំប៉ោង​វិក្កយបត្រ​ទិញ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​មួយ​ជា​បួន​។ ចំណែក​មូលនិធិ​ជាតិ​ប្រឆាំង​កូវីដ​របស់​រដ្ឋាភិបាល​លោក ណារិដ្រា ម៉ូឌី រង​ការ​រិះគន់​ថា​គ្មាន​តម្លាភាព។

ផ្សាយពាណិជ្ជកម្ម

ជាមួយ​សហរដ្ឋ​អាមេរិក​ ប្រេស៊ីល និង​អាហ្វ្រិក​ខាង​ត្បូង ឥណ្ឌា​បានក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​​បួនប្រទេស​ ដែល​អត្រា​​កំណើន​អ្នក​ឆ្លង​ថ្មី​ស្ទុះ​ឡើង​ខ្លាំង​ជាង​គេ​បំផុតក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុងក្រោយ​នេះ។ ហើយ​ក្រៅ​ពី​ត្រូវ​ប្រឈម​នឹង​ជំងឺ ឥណ្ឌា ត្រុវ​ប្រឈម​នឹង​រឿង​អាស្រូវ​ពុករលួយ​កូវីដ​ទៀត។ រដ្ឋ​ការណាតាកា ​​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​បំផុត​នៃ​ប្រទេស​ កំពុង​ក្លាយ​ជា​​ចំណុច​ផ្ទុះ​កូវីដ១៩​ដ៏​ធំ​របស់​ឥណ្ឌា​។ ឯ​អាជ្ញាធរ​​រដ្ឋ​នេះ​វិញ កំពុង​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​​ ស្ទើរ​ក្លាយ​ជា​រឿង​អាស្រូវ​ជាតិ។

ប្រធាន​គណបក្ស​សមាជ (បក្ស​ប្រឆាំង)​ ប្រចាំ​រដ្ឋ​នេះ​បាន​ចោទ​ប្រកាន់​បក្ស​ប្រជាជន​ឥណ្ឌា​ដែល​ជា​បក្ស​កាន់​អំណាច​ថា​បាន​លួច​កិប​កេង​លុយ​ នៅពេល​ទិញ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​រាប់​សិប​រយ​គ្រឿង​មក​សង្គ្រោះ​អ្នក​ជំងឺ​កូវីដ១៩។ ម៉ាស៊ីន​ជំនួយ​ដង្ហើម​មួយ​គ្រឿង​ថ្លៃ​តែ​៥ពាន់​អឺរ៉ូ​សោះ តែ​រដ្ឋការណាតាកា បាន​បំប៉ោងវិក្កយប​ត្រ​​​ទិញ​ដំឡើង​ថ្លៃ​ដល់​ទៅ​​ ២ម៉ឺន​អឺរ៉ូ។

ក្រៅ​អំពី​សំណុំ​រឿង​សង្ស័យ​មួយ​នេះ គេ​សម្គាល់​ឃើញ​មាន​ករណី​សង្ស័យ​បំប៉ោង​វិក្កយបត្រ​ទិញ​សម្ភារៈ​បរិក្ខា​រពេទ្យ​ជា​ច្រើន​ទៀត ដែ​ល​មាន​ទំហំ​ដល់​២៦០លាន​អឺរ៉ូ។ នេះ​បើ​តាម​ការ​អះអាង​របស់​បក្ស​ប្រឆាំង​ដដែល។ តែ​សម្រាប់​រដ្ឋាភិបាលដែល​សន្យា​ចាត់ចែង​ចំណាយ​កូវីដ១៩​ប្រកប​ដោយ​តម្លាភាព​បំផុត​នោះ​ ពាក្យ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​ជា​ការ​ញុះញង់​បំបែក​បំបាក់​ប្រជាពលរដ្ឋ​ ក្នុង​បរិបទ​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​តែ​ប៉ុណ្ណោះ។

ប៉ុន្តែមាន​ភ្លើង​ទើប​មាន​ផ្សែង ឯការសង្ស័យក៏​មិន​មែន​ចេះ​តែដុះ​ចេញ​ដោយ​ឯកឯងឡើយ។ រឿង​អាស្រូវពុករលួយ​នេះ ​កើត​ឡើង​ក្នុង​ផ្ទៃ​នៃ​ភាព​មិន​ទុក​ចិត្តលើ​រដ្ឋាភិបាល ក្នុង​ការ​គ្រប់​គ្រង​ហិប​មូលនិធិ​ជាតិ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩។  ​​​រដ្ឋាភិបាលរបស់​លោក​នាយករដ្ឋមន្ត្រី​ ណារិនដ្រា ម៉ូឌី បាន​​ផ្តូច​ផ្តើម​គំនិត​ប្រមូល​វិភាគ​ទាន​ពី​ប្រជាជន បង្កើតជា​​ហិប​​​មូលនិធិ​ជាតិ​កូវីដ​១៩ បាន​យ៉ាង​ហោច​១ពាន់​លាន​អឺរ៉ូ។ ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌា​ដដែល​នេះ ក៏ជាប់​ចោទ​​ថា​​ពុក​រលួយ ដោយ​បាន​ទិញ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ក្នុង​តម្លៃ​ខ្ពស់​ហួសហេតុ​លើ​សទីផ្សារ​ដែរ។

ដើម្បី​តម្លាភាព មាន​ស្នើ​​សុំ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន និង ​ធ្វើ​សវនកម្ម​ ជា​ច្រើន​ដង​ ប៉ុន្តែ​បក្ស​កាន់​អំណាច​របស់​លោក​ម៉ូឌី បដិសេធ​មិន​ព្រម​បញ្ចេញ​​ឯកសារ​ពាក់ព័ន្ធទេ ដោយសំអាង​​​ថា​ជា​មូលនិធិ​ឯកជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ