អានតួអត្ថបទ
ចិន អង់គ្លេស

ចិនគំរាមអំពី​ផល​វិបាក ក្រោយ​​អង់គ្លេស​សម្រេច​​ព្យួរ​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​ជាមួយ​ហុងកុង

សកម្មជនគាំទ្រចិនប៉េកាំង លើកបដាបរិហារការលូកដៃរបស់អង់គ្លេស ចូលក្នុងកិច្ច​ការ​​ផ្ទៃក្នុងចិន នៅខាងមុខស្ថានកុងស៊ុលអង់គ្លេស ប្រចាំក្រុងហុងកុង។ ថ្ងៃទី ២០ កក្កដា ២០២០
សកម្មជនគាំទ្រចិនប៉េកាំង លើកបដាបរិហារការលូកដៃរបស់អង់គ្លេស ចូលក្នុងកិច្ច​ការ​​ផ្ទៃក្នុងចិន នៅខាងមុខស្ថានកុងស៊ុលអង់គ្លេស ប្រចាំក្រុងហុងកុង។ ថ្ងៃទី ២០ កក្កដា ២០២០ REUTERS - YIK LAM
ដោយ៖ ម៉ម ពិសី
១៥ នាទី

អង់គ្លេស និង ចិន បានបន្ថែមរឿងរ៉ាវរកាំរកូសនឹងគ្នា មួយទៀតហើយ។ កាលពីថ្ងៃចន្ទទី​២០កក្កដា រដ្ឋាភិបាលអង់គ្លេស​ បានសម្រេចព្យួរ​ ជាឯកត្តោភាគី នូវសន្ធិសញ្ញាធ្វើបត្យាប័នជាមួយនឹងហុងកុង។ ការសម្រេចដូចនេះ ត្រូវបាន​ស្ថានទូតចិន​ប្រចាំទីក្រុងឡុងដ៍ ថ្កោលទោស និងបានគំរាម ថាអង់គ្លេស នឹងរងផលលំបាក ព្រោះចិននឹងចាត់វិធានការតបវិញ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃអង្គារទី២១កក្កដា​ ស្ថានទូតចិន​ប្រចាំទីក្រុង​ឡុងដ៍ បានចេញលិខិតប្រកាសមួយ ដោយបានថ្កោលទោស ចំពោះការសម្រេចរបស់រដ្ឋាភិបាល​អង់គ្លេស ដែល​ព្យួរសន្ធិសញ្ញា​ធ្វើបត្យាប័ន ជាមួយ​ហុងកុង។ ស្ថានទូតចិនលើកឡើងថា ភាគីអង់គ្លេស កំពុងតែធ្វើខុស ជ្រុលទៅៗហើយ ទាក់ទិននឹងបញ្ហាហុងកុងនេះ។ ចិនសូមអំពាវនាវ ឲ្យ​រដ្ឋាភិបាលអង់គ្លេស ឈប់រករឿង លូកដៃចូល​​ក្នុងកិច្ច​ការផ្ទៃក្នុងរបស់ចិន។ បើអំពើខុសឆ្គងមកលើចិននេះនៅតែបន្ត នោះអង់គ្លេស ប្រាកដ​ជា​រង​នូវផលលំបាក​ ជាក់ជាមិនខាន។

គួរបញ្ជាក់ថា ប្រតិកម្មរបស់ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍នេះ គឺធ្វើឡើងប​ន្ទាប់ ពី​រដ្ឋាភិបាលអង់គ្លេស បានសម្រេចព្យួរសន្ធិសញ្ញាបត្យាប័នជាមួយ​ហុងកុង។ នៅចំពោះមុខអង្គសភាអង់គ្លេស លោក​ Dominique Raab រដ្ឋមន្ត្រី​ការបរទេសអង់គ្លេស បានថ្លែងថា ការព្យួរនេះនឹងចូល​ជា​ធរមាន​ភ្លាមៗ​ ហើយ​មិនមានពេលកំណត់ទេ។ លោកបានថ្លែងការពារការសម្រេចនេះ ​ ច្បាប់សន្តិសុខជាតិចិន នឹងបើកសិទ្ធិឲ្យ​ចិនប្រើអំណាច​នគរបាល និងតុលាការនៅដែន​ដីហុងកុង ហើយ​ចិន​នឹង​អាច​ផ្ទេរមនុស្ស​ពីហុងកុង ទៅកាត់ទោសនៅចិនដីគោក ដែលនេះគឺវាប៉ះពាល់ ដល់គោលការណ៍នៃសន្ធិសញ្ញាបត្យាប័ន​ រវាងអង់គ្លេស និងហុងកុង។

លោក រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានថ្លែងប្រាប់សភាផងដែរ ថារដ្ឋាភិបាលអង់គ្លេស ក៏បានសម្រេចពង្រីកការ​ហាមឃាត់ ​មិនលក់អាវុធទៅឲ្យ​​ដែនដីហុងកុង។ ការហាមឃាត់ ដែលកន្លង​មក អនុវត្ត​តែ​ទៅលើចិនដីគោក តាំងតែពីឆ្នាំ១៩៨៩មក។

គួរកត់សំគាល់ថា ក្រោយការចូលជាធរមាន នូវច្បាប់សន្តិសុខជាតិចិននេះ​ មិនមែនមានតែអង់គ្លេស​ទេ ដែលបានព្យួរសន្ធិសញ្ញា​ធ្វើបត្យាប័នជាមួយហុងកុង។ ប្រទេសមួយចំនួន ដូចជាកាណាដា សហរដ្ឋអាមេរិក និងអូស្ត្រាលី ក៏បាន​សម្រេចធ្វើដូចនេះដែរ។

គួរកត់សំគាល់ដែរថា ភាពរកាំរកូសសង្រ្គាមពាក្យសំដី​ រវាងចិននិងអង់គ្លេស បានកើនកំដៅកាន់តែខ្លាំង ជាមួយនឹងសំណុំរឿងកាន់តែច្រើន។ ក្រៅពីបញ្ហាហុងកុងនេះ អង់គ្លេស ទើបតែបាន​សម្រេច​ ហាមឃាត់ ក្រុមហ៊ុន Huawei មិនឲ្យ​ចូលរួម ក្នុងទីផ្សារលក់សម្ភារៈតម្លើងបណ្តាញបច្ចេកវិទ្យា 5G ទេ។ ហើយ​កាលពីថ្ងៃអាទិត្យ​កន្លងទៅ រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយរិះគន់ដោយចំៗ ថាចិន កំពុងរំលោភបំពានសិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរបំផុត ទៅលើ​ប្រជាជនឥស្លាមអ៊ុយហ្គួ ក្នុងខេត្តស៊ីនជាំង។ ការរិះគន់នេះ ត្រូវបាន​ក្រសួងការបរទេសចិន ច្រានចោល ហើយ​ចោទថាអង់គ្លេសកំពុងប្រើនយោបាយ​ការទូត ដើរសំអុយកិត្តិយសរបស់ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ