កូរ៉េខាងត្បូង

សេដ្ឋកិច្ចកូរ៉េ​ខាងត្បូង ដើរថយ​ក្រោយ ដោយសារ​តែ​កូវីដ​១៩

កំពង់ផែ Pyeongtaek កូរ៉េខាងត្បូង ថ្ងៃទី​៩ កក្កដា ២០២០
កំពង់ផែ Pyeongtaek កូរ៉េខាងត្បូង ថ្ងៃទី​៩ កក្កដា ២០២០ REUTERS - KIM HONG-JI

នៅត្រីមាសទី២​ ក្នុងឆ្នាំ២០២០នេះ សេដ្ឋកិច្ចកូរ៉េខាងត្បូង បានដើរថយក្រោយ ដល់ទៅ​២,៩% បើប្រៀបធៀបទៅរយៈពេលដដែល នៅឆ្នាំមុន។ នេះគឺជាកម្រិតធ្លាក់ចុះខ្លាំងបំផុត សម្រាប់ប្រទេសមហាអំណាចសេដ្ឋកិច្ច​អាស៊ីមួយនេះ បើគិតចាប់ពីឆ្នាំ១៩៩៨មក។ ការឆ្លងរាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យ​វិស័យផលិតកម្ម និង​ ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះជាខ្លាំង នៅក្នុង​២ត្រីមាសឆ្នាំ២០២០នេះ។

ផ្សាយពាណិជ្ជកម្ម

ធនាគារជាតិកូរ៉េខាងត្បូង បានបង្ហាញតួលេខ បញ្ជាក់ថា សេដ្ឋកិច្ចកូរ៉េខាងត្បូង បានដើរ​ថយក្រោយ​ ចំនួន​​២,៩% នៅក្នុងត្រីមាសទី​២ឆ្នាំ២០២០ បើប្រៀបធៀបទៅឆ្នាំមុន។ ហើយនៅរវាង ត្រីមាសទី១ និងត្រីមាសទី២ឆ្នាំនេះ សេដ្ឋកិច្ចកូរ៉េខាងត្បូង បានដើរថយក្រោយ​ ដល់ទៅ​៣,៣% ដែលនេះគឺជាកម្រិតធ្លាក់ចុះ ខ្លាំងបំផុត បើគិតចាប់ពីវិបត្តិសេដ្ឋកិច្ច នៅឆ្នាំ១៩៩៨។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាប្រទេសដំបូងគេបន្ទាប់ពីចិន ដែលបានទទួលរងនូវការឆ្លងរាលដាលជំងឺកូវីដ១៩។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចាត់វិធានការ យ៉ាងស្វាហាប់ មានប្រសិទ្ធិភាព ដោយបានគ្រប់គ្រងការឆ្លងរាលដាលបាន។ ទោះជាយ៉ាងនេះក្តី កូរ៉េខាងត្បូង នៅតែមិនអាចគេចផុត ពីវិបត្តិសេដ្ឋកិច្ច​បានទេ ដោយសារតែ​ការរាំងស្ទះជាទូទៅ ក្នុងសេដ្ឋកិច្ចសកលលោក។

កូរ៉េខាងត្បូង ប្រទេស​សេដ្ឋកិច្ចនាំមុខ លំដាប់ទី​៤នៅអាស៊ី និងលំដាប់​ទី​១២ទូទាំងពិភពលោក។ សេដ្ឋកិច្ចកូរ៉េខាងត្បូងរំពឹងយ៉ាងខ្លាំង ទៅលើវិស័យនាំចេញ ដែលមានតម្លៃប្រមាណ​៤០% នៃចំណូលដុលរបស់ប្រទេសនេះ។ ដោយសារវិបត្តិ​កូវីដ១៩ វិស័យនាំចេញរបស់កូរ៉េខាងត្បូង បានដើរថយក្រោយ ដល់ទៅ១៣​,៦% នៅត្រីមាសទី​២។ ធនាគារជាតិកូរ៉េខាងត្បូង បានលើកឡើងថា បញ្ហានេះ គឺបណ្តាលមក​ពី​ការធ្លាក់ចុះ នៃការនាំចេញទំនិញសំខាន់ៗ មួយចំនួន មានដូចជា រថយន្ត ផលិតផលធ្យូងថ្ម និង​ប្រេងឥន្ទនៈ។

គួររំលឹកថា ធនាគារជាតិកូរ៉េខាងត្បូង ធ្លាប់បានព្យាករថា ចំណូលដុលក្នុងស្រុក​ របស់​កូរ៉េ​ខាងត្បូង អាចនឹងដើរថយក្រោយ​ ប្រមាណ​ជា​​០,២% ក្នុងឆ្នាំ២០២០នេះ។ តែកាលពីសប្តាហ៍មុន លោក​ Lee Ju-Yeol ទេសាភិបាលធនាគារជាតិកូរ៉េខាងត្បូង បាន​លើកឡើងថា ដោយយោងលើភាព​ធ្ងន់ធ្ងរនៃវិប​ត្តិ ការធ្លាក់ចុះនៃចំណូលដុល អាចនឹងមានខ្លាំងជាងនេះ។

សូមបញ្ជាក់ថា យោងតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ សេដ្ឋកិច្ចកូរ៉េខាងត្បូង អាចនឹងដើរថយក្រោយ ប្រមាណ​​២,១% ។ តែយ៉ាងណា លោក Hong Nam-Ki រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា អ្នកជំនាញសង្ឃឹមថា សេដ្ឋកិច្ច​កូរ៉េខាងត្បូង អាចនឹងស្ទុះឡើងវិញ នៅរវាងត្រីមាសទី​៣ឆ្នាំនេះ ខណៈដែលការឆ្លងរាលកូវីដ១៩នឹងថយចុះ ឯសកម្មភាពសេដ្ឋកិច្ចពិភពលោក នឹងចាប់ផ្តើមដំណើរការឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI