កូវីដ១៩-កូរ៉េខាង​ជើង

កូរ៉េខាង​ជើង​ប្រកាស​រកឃើញ​ករណី​សង្ស័យ​កូវីដ១៩ ម្នាក់ដំបូង នាំមកពីកូរ៉េខាងត្បូង

លោក គីម ជុងអ៊ុន ក្នុង​ជំនួប​ប្រជុំ​បន្ទាន់​ ថ្ងៃទី ២៥​កក្កដា ២០២០ ក្រោយ​ការរកឃើញ​មានករណីសង្ស័យ​កូវីដ​១៩​ដំបូង​
លោក គីម ជុងអ៊ុន ក្នុង​ជំនួប​ប្រជុំ​បន្ទាន់​ ថ្ងៃទី ២៥​កក្កដា ២០២០ ក្រោយ​ការរកឃើញ​មានករណីសង្ស័យ​កូវីដ​១៩​ដំបូង​ © REUTERS - KCNA摄影

នៅ​ថ្ងៃ​អាទិត្យ​ទី ២៦​ កក្កដា ២០២០​នេះ លោក គីម ជុងអ៊ុន ប្រមុខ​ដឹកនាំ​ប្រទេស​កូរ៉េខាងជើង​បាន​ប្រកាស​ដាក់​ក្រុង​ កែសុង​ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ភាពអាសន្ន ខ្ពស់បំផុត និង​បានបញ្ជា​ឱ្យ​បិទ​ខ្ទប់​ក្រុង​នេះ ក្រោយ​ពី​រកឃើញ​មានករណី​សង្ស័យ​ឆ្លងកូវីដ​១៩ម្នាក់។ ជនសង្ស័យកូវីដ១៩​នោះ​ទំនង​ជា​បាន​លួច​ឆ្លង​ចូល​ក្នុង​ទឹកដី​កូរ៉េខាង​ជើង​ដោយ​ខុស​ច្បាប់​កាលពី​ថ្ងៃទី ១៩​ កក្កដា ២០២០។ នេះ​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង KCNA។​

ផ្សាយពាណិជ្ជកម្ម

ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង មិន​បាន​បញ្ជាក់​អំពីការ​ធ្វើតេស្ត​កូវីដ១៩​ លើ​រូប​ជនសង្ស័យ​នោះ​ទេ តែ​បានធ្វើ​ការ​វិភាគ​រោគវិនិច្ឆ័យ ទើប​សម្រេច​បញ្ជូន​ជនសង្ស័យ​នោះ​ទៅ​ដាក់​ឱ្យ​នៅ​ដាច់ដោយ​ឡែកពីគេ និង​សួរ​ចម្លើយ​ ដើម្បី​ដឹងថា​មានជួប​ទាក់​ទង​មនុស្ស​ណា​ខ្លះ។ អ្នក​ដែល​បានជួប​ជនសង្ស័យ​ក្នុង​​អំឡុង​ពេល​៥​ថ្ងៃ​មកនេះ នឹង​ត្រូវស្ថិត​នៅ​ក្រោម​ការតាមដាន​អង្កេតយ៉ាង​ស៊ីជម្រៅ​។

កូរ៉េខាងជើង​​​មិន​បានបញ្ជាក់ ថាតើ​ជន​សង្ស័យកូវីដ១៩​នោះ អាចលួច​ឆ្លងព្រំដែន​ពី​កូរ៉េខាង​ត្បូង​មកកូរ៉េខាង​ជើង បានយ៉ាង​ដូចម្តេច​ឡើយ។ តែ​បើ​តាម​ភ្នាក់ងារ​ ជនសង្ស័យ​ផ្ទុកកូវីដ១៩ ទំនង​ជា​ជន​ល្មើស​ដែល​បាន​រត់​គេច​ទៅ​ចុះចូល​នឹងកូរ៉េខាង​ត្បូង កាលពី​បី​ឆ្នាំមុន​ ដែល​អាជ្ញាធរ​រកឃើញ​នៅ​ក្រុង​កែសុង។ ​ក្រុង​កែសុង​ ដែលពេលនេះ​ត្រូវ​​បិទខ្ទប់ និង​ដាក់ក្នុង​ភាពអាសន្នខ្ពស់​បំផុត ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត ក្រោយ​ជំនួប​ប្រជុំបន្ទាន់ ដឹកនាំ​ដោយ​ប្រមុ​ខលោក គីមជុងអុន នៅ​ល្ងាច​ថ្ងៃសៅរ៍​ទី ២៥​កក្កដា២០២០។

ប៉ុន្តែប្រភពមកពី​កូរ៉េខាង​ត្បូងបាន​បដិសេធ​ថា​គ្មាន​ទទួល​ដំណឹង​អ្វី​ទាក់ទង​នឹងការ​ប៉ុនប៉ងលួច​ឆ្លងព្រំដែន​​ដោយ​ខុស​ច្បាប់​ ក្នុង​តំបន់​នេះ​ទេ។ ​តំបន់ព្រំដែន​ ឬ​តំបន់​​គ្មាន​កងទ័ព​ដែលមាន​ការការពារយ៉ាង​តឹង​តែង​​និង​បំពាក់​អាវុធ រាយមីន​​យ៉ាងសន្ធឹកសន្ធាប់​បំផុត​ជាង​គេ​​នៅលើ​លោក។

ប្រសិន​បើ​​ជន​សង្ស័យ​នេះ​​ពិត​ជា​មាន​កូវីដ១៩មែន នេះ​ជាករណី​ដំបូង​បំផុត​សម្រាប់កូរ៉េខាងជើង​ហើយ​។ បើទោះ​បី​ជាមាន​ព្រំដែន​ប្រវែង​១៤០០គីឡូម៉ែត្រ​ជាមួយ​ចិន ដែល​រងគ្រោះ​កូវីដ១៩​ច្រើន​ក៏ដោយ ក៏​ព្យុងយ៉ាង​តែង​អះអាងរហូត​មក​ថា​ពុំ​មានករណី​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ។ ប៉ុន្តែអ្នកវិភាគ​យល់​ថា កូរ៉េខាង​ជើង​ទំនង​ជាមានករណី​នាំចូល​កូវីដ១៩​មកពី​ចិនតាម​រយៈប្រជាពលរដ្ឋ​ដែលតែង​លួច​ឆ្លង​ទៅ​រក​ទំនិញ​ជា​រៀង​រាល់​ថ្ងៃ មុន​ការ​បិទព្រំដែន​ទៅទៀត។

តាំង​ពី​កូវីដ១៩​ផ្ទុះ​ឡើង ព្យុងយ៉ាង​បាន​ទទួល​ជំនួយ​ជាកញ្ចប់​ធ្វើ​តេស្ត​រាប់​ពាន់​គ្រឿង​ពី​រុស្ស៊ី និង​ប្រទេស​មួយ​ចំនួនទៀត។ មនុស្សរាប់​ម៉ឺន​នាក់​ត្រូវ​ជាប់​បង្ឃាំង​ជាកិច្ចការពារ ហើយ​កូរ៉េខាង​ជើង​ក៏​ទើប​ចាប់​ផ្តើម​លើក​បម្រាមវិញនាពេល​ថ្មីៗនេះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI