អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈ​វិស័យ​វិជ្ជមាននៃ​​វិស័យ​កសិកម្ម​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មុខ​ ទោះ​បី​កូវីដ

សំឡេង ០៤:១២
បើតាម OCDE វត្ថុធាតុដើមជា​គ្រាប់ធញ្ញជាតិ ស្រូវ​ពោតសណ្តែក ផលិតផលធ្វើ​ទឹកដោះគោ សាច់សត្វ នឹង​ចុះថ្លៃ​នៅ​រវាង១០​ឆ្នាំខាងមុខ
បើតាម OCDE វត្ថុធាតុដើមជា​គ្រាប់ធញ្ញជាតិ ស្រូវ​ពោតសណ្តែក ផលិតផលធ្វើ​ទឹកដោះគោ សាច់សត្វ នឹង​ចុះថ្លៃ​នៅ​រវាង១០​ឆ្នាំខាងមុខ ©REUTERS/Dondi Tawatao
ដោយ៖ អៀង សុខម៉ិញ
២៥ នាទី

វិស័យ​កសិកម្មនិង​ចំណី​អាហារ​ ​សម្រាប់​១០​ឆ្នាំ​ខាង​មុខ ទំនង​ជាមាន​​ដំណើរ​​​វិជ្ជមានទេ។ នេះ​បើតាម​ទស្សនៈ​វិស័យ​របស់​អង្គការ​​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច អូសេដេអឺ OCDE និង​អង្គការ​ស្បៀង​អាហារ​ពិភពលោក FAO ។ ប៉ុន្តែ​​ក្នុង​ពេល​ដ៏​ខ្លី និង​ភ្លាមៗ​នេះ​ វិបត្តិ​កូវីដ១៩ បាន​បង្ក​ផលវិបាក​​ច្រើន​ដល់​បណ្តាញ​ផ្គត់​ផ្គង់ចំណីអាហារ។

ផ្សាយពាណិជ្ជកម្ម

 

ដោយ​ហេតុ​តែ​​ជំងឺ​រាតត្បាត​​កូវីដ​១៩  ប្រព័ន្ធ​ស្បៀងអាហារ​ពិភពលោក​បាន​ប្រឈម​នឹង​ស្ថានការណ៍​ដ៏​លំបាក​ប្លែក​ខុ​សប្រក្រតី។ ប៉ុន្តែ​កូវីដ១៩ មិន​បាន​ប្រែទម្រង់ និង​នាំ​ឱ្យ​​ទៅ​ជា​វិបត្តិ​ចំណី​អាហារ​ទេ ! នេះ​ជា​ប្រសាសន៍អបអរ​​របស់​អគ្គនាយក​អង្គការ​ OCDE នៅ​ក្នុង​ពេល​បង្ហាញ​គម្រោង​ទស្សនៈ​វិស័យ​​កសិកម្ម ប្រចាំ​ទសវត្សរ៍​ ២០២០-២០២៩ ជាមួយ​នឹង​អង្គការ​ស្បៀង​អាហារ​ពិភពលោក FAO។ លោក​អគ្គនាយក​បាន​រំលឹក​ទៀត​ថា នៅ​ក្នុង​ពេល​​ផ្ទុះ​កូវីដ​១៩ខ្លាំងភ្លាម ប្រជាជន​ភ័យ​ស្លន់​ស្លោ​ ប្រមូល​ទិញ​ស្បៀង​ស្តុក​ទុក នៅ​ក្នុង​ផ្សារ​នីមួយៗរាន​ទំនិញ​ស្បៀងអាហារ​ឡើង​ក្រហតអស់​មួយ​ចំនួន​ធំ​ ឡាន​កាមីញ៉ុង​ដឹក​ទំនិញ​និង​ស្បៀង​ត្រូវ​ជាប់​គាំង​នៅ​តាម​ព្រំប្រទល់ព្រោះ​ប្រទេស​នីមួយៗ​បាន​ចាត់​វិធានការ​​បិទ​ព្រំដែន​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​របស់​កូរ៉ូណាវីរុស​... តែ​បណ្តាញ​ផ្គត់ផ្គង់​ស្បៀងអាហារ​​ ​នៅ​អាចឆ្លើយ​តបនិង​ ​​បំពេញ​តម្រូវ​ការ​របស់​ពិភពលោក​បាន​យ៉ាង​ឆាប់​រហ័ស។

ប៉ុន្តែ ការ​ធ្លាក់​ចុះ​នៃ​​សេដ្ឋកិច្ច​ពិភពលោក​ជាទូទៅ ដោយ​ហេតុ​កូវីដ១៩ អាច​នឹង​ធ្វើ​ឱ្យ​ពិភពលោក​​​ជួប​និន្ននាការ​ជាមូលដ្ឋាន​មួយ ដោយ​ចៀស​មិន​រួច​ នោះ​គឺ តម្លៃ​ចំណី​អាហារ​ នឹង​ធ្លាក់​ថ្លៃ​ ក្នុង​រយៈពេល ១០​ឆ្នាំ​ ខាង​មុខ។ តើ​ធ្លាក់​ថ្លៃ​យ៉ាង​ដូចម្តេច​បើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ តម្លៃ​ទំនិញ​ម្ហូប​អាហារ​នៅ​លើ​ទីផ្សារ​ឃើញ​ឡើង​ថ្លៃ​ស្ទើរ​គ្រប់​មុខ​សោះ​នោះ !? ការ​ធ្លាក់​ចំណូល​ ក្រោយ​វិបត្តិ​កូវីដ១៩ នឹង​ជំរុញ​ឱ្យ​ការ​ចាយវាយ​ផ្នែក​ហូបចុក របស់​មនុស្ស​លោក​ទាំងឡាយ​ត្រូវ​​ចុះ​ថយ​ នៅ​​ដំណាក់កាល​ដំបូង​ (ឬ​នៅ​ពេល​ក្រោយ​វិបត្តិ​កូវីដ១៩​ភ្លាម)។ ការចាយវាយ​​ថយចុះ​​ បូក​ផ្សំ​នឹង​​​ការប្រឹង​​​ស្តុកស្បៀង​​ច្រើន​ទៀតផង​ មាន​​​ឥទ្ធិពល​ខ្លាំងឬ​ខ្សោយ​​ទៅ​លើ​​តម្លៃ​ផលិតផល​កសិកម្ម​។ បន្ទាប់​មក​ទៀត នៅពេល​ផុត​វិបត្តិ ប្រសិន​បើ​ចំណាយ​ហូបចុក​ចាប់​ស្ទុះ​ឡើង​វិញ​ ក៏​កំណើន​មិនអាច​ហក់​ឡើង​បាន​ខ្ពស់ ដូច​កាលពី​ទសវត្សរ៍​មុន​ដែរ។

ជាពិសេស​ទៅ​ទៀត តម្លៃ​កសិកម្ម​កាន់តែអាច​​ធ្លាក់​ចុះ​ខ្លាំង​ ដោយសារ​តែ​ទិន្នផល​និង​ផលិតកម្ម​នឹង​កើន​ឡើង​លឿន​ខ្លាំង។ ជា​លទ្ធផល​ ​ជា​តម្លៃពិត​ តម្លៃ​ដើម​របស់​គ្រាប់​ធញ្ញជាតិ  វត្ថុ​ធាតុដើម​សម្រាប់​ផលិត​ប្រេងឆា ផលិត​ផល​ធ្វើ​ទឹកដោះគោ និង​សូម្បី​តែផលិតផល​សាច់សត្វ  នឹង​ត្រូវ​ចុះ​ថ្លៃ​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ។ នេះ​បើ​តាម​ការ​ព្យាករ​​របស់​អង្គការ​ OCDE និង FAO ​ ដែល​មើល​ឃើញ​ទៀត​ថា​ទីផ្សារ​កសិកម្ម​ពិភពលោក កាន់តែ​ធំ​ទូលាយ​និង​សម្បូរ​បែប ក៏​ព្រោះ​តែ​៩៥%​ ដោយ​សារ​ទិន្នផល​កសិកម្ម​កើន​ឡើង​ និង​ដោយ​សារ​មាន​ភាព​​ច្នៃ​ប្រឌិតខ្ពស់​ ៖ មាន​ប្រភេទពូជ​ដំណាំ​​ថ្មីផង មាន​បច្ចេកវិទ្យា​ថ្មី​ មាន​ការ​បញ្ចូល​ធាតុ​ថ្មី​ដើម្បីបង្កើន​​ផល​កសិកម្ម​ ជា​ដើម​។ល។ ទិន្នផល​ខ្ពស់​ខ្លាំង​ហើយ​ គ្មានប្រឆាំង និង​ ​បង្ក​ផលប៉ះពាល់​​ដល់ប្រយោជន៍​​បរិស្ថាន​ទៀត។ នេះ​បើ​តាម​ការ​លម្អិត​របស់​អគ្គនាយក​អង្គការ​ FAO លោក Qu Dongyu។

ប៉ុន្តែ ថ្វី​បើ​វិស័យ​កសិកម្ម​អាច​ជំនះ និង​ឆ្លង​កាត់​វិបត្តិ​កូវីដ១៩​ដោយ​ជោគជ័យ​មែន ប៉ុន្តែ​វិស័យ​កសិកម្ម​​​ត្រូវ​ជំនះ​វិបត្តិ​ជា​ច្រើន​ផ្សេង​ទៀត។ ទីមួយ​គឺ​ជំងឺ​សត្វ។ ជំងឺដែល​អាច​កើត​ឡើង​លើ​សត្វ​ជ្រូក ដូច​យ៉ាង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ធ្វើ​ឱ្យ​ផលិតផល​សាច់​របស់​ចិន​ធ្លាក់​ចុះ។ ​សត្វ​កណ្តូប​ចង្រៃកំពុង​បន្តការ​រាត​ត្បាត​និង​គំរាម​កំហែង​​​តំបន់ដើមបូព៌ា និង​ អាហ្វ្រិក​។ ​ហ្វូងសត្វ​ល្អិត​កណ្តូបដែលកើន​ឡើង​យ៉ាង​ខ្លាំង​និង​លឿន​រហ័ស ជា​តំណាង​ហានិភ័យ​នាំ​ឱ្យ​តំបន់​ជួប​​វិបត្តិ​ចំណី​អាហារ​ ព្រោះ​​កណ្តូប​មួយហ្វូងធំ​ស្មើ​នឹង​ផ្ទៃ​ក្រឡា​មួយ​គីឡូម៉ែត្រ​ អាច​បំផ្លាញ​ចំណី​អាហារ​របស់​មនុស្ស​ចំនួន​ ៣៥០០០​នាក់។

​អាកាសធាតុជា​បញ្ហា​ទីពីរ។ ការ​ប្រែប្រួលអាកាសធាតុ​​ជា​ភាព​បន្ទាន់​ដែល​ពិភពលោក​ត្រូវ​ប្រឹង​ប្រែង​ការពារ​ ប្រយុទ្ធ​ប្រឆាំង​ ដោយ​ត្រូវ​ប្រឹង​​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក ជា​ពិសេស​ក្នុង​ឧស្សាហកម្ម​ចិញ្ចឹម​សត្វ និង​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ បើ​តាម​អង្គការ​ដើម្បីកិច្ចសហប្រតិបត្តិការ​ និង​​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​វិស័យ​កសិកម្ម ​ទីផ្សារ​កសិកម្ម​​ពិភពលោក​គួរ​តែ​​គ្មាន​ការ​ជ្រៀត​ជ្រែករំខាន​​ពី​នយោបាយ។ ជាង​នេះ​ទៅទៀត គ្រប់​ប្រទេស​ត្រូវ​តែ​មាន​វិធានការ​​សម្រាប់​ជួយនិងធានា​ការ​ពារ​សន្តិសុខ​ចំណី​អាហារ​ ឱ្យ​ដល់​​ ​អ្នក​ដែល​ងាយ​រង​គ្រោះ​ខ្សត់ខ្សោយ​ជាង​គេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ