អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ចូល​កាន់​កាប់​ស្ថានកុងស៊ុល​អាមេរិក​នៅក្រុង​Chengdu ក្រោយ​ពេល​បិទទ្វារ

សំឡេង ០៦:១០
ចិន​ចូលកាន់កាប់​​ស្ថានកុងស៊ុល​អាមេរិក នៅ​ឆេងឌូ
ចិន​ចូលកាន់កាប់​​ស្ថានកុងស៊ុល​អាមេរិក នៅ​ឆេងឌូ AFP
ដោយ៖ អៀង សុខម៉ិញ
២៨ នាទី

បី​ថ្ងៃ​ក្រោយ​ការ​ប្រកាស​បិទ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ ក្រុង​ឆេងឌូ Chengdu ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បិទស្ថានកុងស៊ុល​ចិន​នៅ​Houston​សហរដ្ឋ​អាមេរិក​មក នៅ​ថ្ងៃ ចន្ទទី ២៧ កក្កដា ២០២០ វេលា​ម៉ោង ១០​ព្រឹក​ ម៉ោង​នៅ​ក្នុង​ស្រុក​ (ត្រូវ​ជា​ម៉ោង​ ២ព្រឹក​ម៉ោង​សកល) អាជ្ញាធរ​ចិន​បាន​ចូល​ទៅ​កាន់​កាប់​ស្ថានកុង​ស៊ុល​និង​ទម្លាក់​ទង់ជាតិ​អាមេរិក​ចុះ តែ​ម្តង។

ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​សុក្រ​ នៅ​ពេលចិន​​ប្រកាសចេញ​​បញ្ជា​ឱ្យ​បិទស្ថានកុងស៊ុល​អាមេរិក​នៅ​ឆេងឌូ Chengdu ប៉េកាំង​មិន​បាន​បញ្ជាក់​ទេ ថា​តើ​អាមេរិក​មាន​ពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ការ​បិទបញ្ចប់​បេសកកម្ម​របស់​ស្ថានកុង​ស៊ុល​នេះ។ ប៉ុន្តែ​​ អាមេរិក​បាន​ទុក​ពេល​បីថ្ងៃ​ឱ្យចិន​ដើរ​ចេញ​ពី​ស្ថានកុងស៊ុល​​របស់​ខ្លួន​នៅ​ក្រុងHouston ដូច្នេះ​ចិន​​ក៏ត្រូវ​តែ​ឱ្យ​​ពេល​បី​ថ្ងៃទៅ​​​អាមេរិកវិញ​ដែរ​ សម្រាប់​​​រើ​​​ចេញពី​ឆេងឌូ។

អ្នក​កាសែត​សង្កេត​ឃើញតាំង​ពី​ថ្ងៃ​សុក្រ​មក ​អ្នក​បំរើការងារ​នៅ​ក្នុង​ស្ថានកុងស៊ុល​ចាប់ផ្តើម​ប្រមូល​សំរាម​ចេញ​ ទាំង​ស្បោងៗ។ ឡានវែងៗ​ ដែល​សុទ្ធ​តែ​បាំង​វាំង​ននជិត បាន​​ដឹក​មនុស្ស​ចេញ ពី​ស្ថានកុងស៊ុល​ឆ្ពោះ​ទៅ​កាន់​ទិសដៅផ្សេង​ដែល​គ្មាន​នរណា​ដឹង​ថា​ទៅ​ទី​ណាទេ​។

គម្រប់​បី​ថ្ងៃ​មក​ដល់ គ្រាន់​តែ​បុគ្គលិកចុងក្រោយ​ បាន​ចាក​ចេញ​អស់​ពី​ស្ថានកុងស៊ុល​ ​ខ្លះដោយ ​ថ្មើរជើង​ស្ពាយ​សាក់កាដូ ខ្លះដឹក​កង់​ចេញ​ភ្លាម ​ មន្ត្រី​ចិន​៦​នាក់ អម​ដោយ​ភ្នាក់ងារ​​ជា​ច្រើន​នាក់ ដែល​ប្រហែល​ជា​អ្នក​​ទទួល​បន្ទុក​អនាម័យ ព្រោះ​មាន​ពាក់​ម៉ាស់​ការពារ​និ​ងឯកសណ្ឋាន​ឃ្លុំ​ជិត បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ស្ថានកុង​ស៊ុល តាំង​ពី​ព្រឹកព្រលឹម​អុល។ ទង់ជាតិ​អាមេរិក​ដែល​ដោត​នៅ​ពី​មុខ​ស្ថានកុងស៊ុល ត្រូវ​បានគេ​បង្ហូត​​ទម្លាក់ចុះ ផ្លាក​ស្ថានកុងស៊ុល​ត្រូវ​បាន​គេ​យក​ក្រណាត់​មក​គ្រប​បាំងជិត សឱ្យ​ឃើញ​ថា​ស្ថានកុងស៊ុល​ត្រូវ​បិទ​ជា​ស្ថាពរ។​​​ ​រូប​ភាពនេះ​ត្រូវ​បាន​​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ជាតិទៀត។ ​​ហើយ​ខុស​ពី​ថ្ងៃ​មុនៗ អ្នក​កាសែត​​បរទេស​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជិត​​ស្ថានកុងស៊ុល​ទេ។

ការ​ចូល​ទៅ​កាន់កាប់​ស្ថានកុងស៊ុល

បន្ទាប់​មក​ ក្រសួង​ការបរទេស​ចិន​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​ដ៏​ខ្លី​មួយថា​ស្ថានកុង​ស៊ុល​អាមេរិក​នៅ​ឆេងឌូ បាន​បិទ​ជា​ស្ថាពរ​ ហើយ​ចិនក៏​បាន​ចូល​កាន់កាប់​ក្នុង​អគារ​នោះ​ នៅ​វេលា​ម៉ោង ១០ព្រឹក។

បិទ​ហើយ ​ចិន​ត្រូវ​ទៅ​កាន់កាប់​ស្ថានកុងស៊ុល​អាមេរិក​ទៀត  ព្រោះ​កាលពី​ថ្ងៃ​សុក្រ​ នៅ​ពេល​ដែល​ចិន​ប្រកាស​បិទ​ស្ថានកុងស៊ុល​អាមេរិក នៅ​ឆេនឌូ នៅ​ក្រុងHoustonឯណោះ ភ្នាក់ងារ​អាមេរិក បាន​នាំ​គ្នា​គាស់​ទ្វារ​ចូល​ក្នុង​ស្ថានកុង​ចិន​​ដែល​បិទ​ទ្វារ និង​ ​រើ​ចេញ​អស់​ទៅហើយ។ ចិន​ខឹង​សម្បារ​ខ្លាំង​ណាស់នឹង​ទង្វើ​របស់​អាមេរិក និង​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ភ្លាម។ ក្រសួងការបរទេស​ចិន​បាន​​ចេញ​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​សៅរ៍ ​ ថាបើ​តាម​ច្បាប់​អន្តរជាតិ​​ ស្ថានកុងស៊ុល​ជា​កម្មសិទ្ធិ​របស់​ជាតិ​ចិន​។ ប្រឈម​នឹង​ទង្វើ​បែប​ចោរ​ប្លន់​ ចិន​នឹង​ផ្តល់​ចម្លើយ​តប​ឱ្យ​សក្តិសម និង​ចាំបាច់​ វិញ។ ហើយ​ថ្ងៃ​នេះ ពាក្យ​​ព្រមាន​ចិន​ក៏​បានក្លាយ​ជា​​ ​សកម្មភាព​​ជាក់​ស្តែង។

ចិន​បាន​ចូល​​កាន់​កាប់​ស្ថានកុងស៊ុល​អាមេរិក។ វត្តមាន​របស់​ឆ្មាំ​សន្តិសុខ​ចិន ជា​ការ​ខ័ណ្ឌ​បញ្ចប់​វត្តមាន​៣៥​ឆ្នាំរបស់​អាមេរិក​ក្នុង​រដ្ឋធានីឆេងឌូ​​របស់ខេត្ត​​ស៊ីឈន់​​។ បើ​កទ្វារ​នៅ​ឆ្នាំ​១៩៨៥ ស្ថានកុងស៊ុល​អាមេរិក​នៅ​ឆេងឌូ​នេះ មាន​បុគ្គលិក​ធ្វើការ​សរុប​២០០នាក់ ១៥០នាក់​ជា​ចិន។ អាមេរិក​នៅ​មាន​ស្ថានកុងស៊ុល​បួន​ទៀត​នៅ​ប្រទេស​ចិន។ តែ​ក្រុមអ្នក​ជាតិ​និយម​ចិន​ ខ្លះបាន​ថែម​ទាំង​ទាមទារ​ឱ្យ​បិទ​ស្ថានកុងស៊ុល​អាមេរិក​​នៅហុងកុង​ ​ទៀត។​

ពីបុគ្គលដ៏​ពេញ​និយម ទៅ​ជា​សត្រូវ​

មួយ​ថ្ងៃ​មុន​បិទទ្វារ​ ស្ថានកុងស៊ុល​អាមេរិក​នៅក្រុង​ឆេងឌូ បានក្លាយ​ជា​កន្លែង​ដ៏​ទាក់ទាញ​ ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់។ ទោះ​បី​ជា​អាកាសធាតុ​ក្តៅ​ខ្លាំង ស្ទើរ​ឆេះ​ក៏​ដោយ ក៏​ហ្វូង​មនុស្ស​ទាំង​ក្រុមៗ នាំ​គ្នា​មក​មើល​ និង​ថត​រូប​នៅ​ពី​មុខ​ ខ្លះ​ដោយ​មានកាន់​ទង់​ជាតិ​ចិនគ្រវី​ថែម​ទៀត​ផង។

ប៉ុន្តែ​ក្នុង​ស្ថានភាព​ដ៏​តាន​តឹង​ តាម​ផ្លូវការ​ទូតក្នុង​បរិបទ​នៃ​ទំនាក់ទំនង​ដែល​ ​ដុនដាប​ស្រាប់ផង ភ្នាក់ងារ​សន្តិសុខចិន​​មិន​អនុគ្រោះ​ឱ្យ​មាន​ការ​បញ្ចេញ​កាយ​វិការ​ ឬ​សញ្ញា​ អបអរ​រីករាយ​ខ្លាំង​ ចំពោះ​ដំណើរចាក​ចេញ​របស់​អាមេរិក​នេះ​ទេ។ យុវជន​ដែ​លចង់​មក​ស្រែក​បង្ហាញ​ឆន្ទៈ​ជាតិ​និយម​ស្អប់​អាមេរិក ត្រូវ​បាន​ភ្នាក់ងារ​សន្តិសុខ​ជម្លៀស​ចេញ បដា​រិះគន់​​ជេរ​អាមេរិក ត្រូវ​បាន​រឹបអូស។ ក្រុម​អ្នក​សោកស្តាយ​អាមេរិក​ក៏​មិន​អាច​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន​បាន​ដែរ។

ភាព​ប្រឈម​រវាង​អាមេរិក​និង​ចិន​មិនមែន​កំរិត​ត្រឹម​ថ្នាក់​រដ្ឋាភិបាល​ទេ។ លោក កុងស៊ុល​ អាមេរិក​ប្រចាំ​ក្រុង​ឆេងឌូ ដែល​ចេះ​និយាយ​ភាសា​ចិន​យ៉ាង​ត្រឹម​ត្រូវ ចេះ​ច្រៀង​បទ​ភ្លេង​ជាតិ​ចិន​ និង​មាន​​ភរិយា​ដែល​មាន​ដើម​កំណើត​តៃវ៉ាន់ ធ្លាប់​ជា​ទី​ពេញ​និយម​​ និង​ជា​ទីរាប់​អាន​របស់​ពលរដ្ឋ​ចិន​ក្នុង​តំបន់ ស្រាប់​តែ​ក្លាយ​ជា​សត្រូវ​ទីមួយ​របស់​ឆេងឌូ​ទៅ​វិញ។ សារ​សរសើរ​ក្លាយ​ទៅពាក្យ​ផ្តាសារ​ប្រឆាំង​នឹង​បុគ្គល​កុងស៊ុល និង​ភរិយា​ ដែល​មាន​បង្ហោះ​ព្រោងព្រាតតាម​​ទំព័រ​សង្គម​​ក្នុង​គណនី​របស់លោកស្រី​ជា​​ភរិយាកុងស៊ុល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ