អានតួអត្ថបទ
ខ្យល់ពុលបរិយាកាស

ខ្យល់ពុលបរិយាកាស​ធ្វើ​ឲ្យ​មនុស្ស​លើផែនដី ខាតអាយុ ជិត​២ឆ្នាំ

ខ្យល់ពុលបរិយាកាស​នៅប្រទេស​ឥណ្ឌានៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៨
ខ្យល់ពុលបរិយាកាស​នៅប្រទេស​ឥណ្ឌានៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ AP - Altaf Qadri
ដោយ៖ ឈាង បុប្ផា
១៥ នាទី

នៅពេល ប្រទេស​ជាច្រើន​កំពុង ប្រជែង​គ្នា ស្រាវជ្រាវ​រកវ៉ាក់សាំង ដើម្បី បង្រ្កាប​ជំងឺកូវីដ​១៩ ដែល​សម្លាប់​មនុស្ស​ជាង ៦សែននាក់ គេ​ភ្លេច មិនបាន​ចាប់អារម្មណ៍ ឃាតករ​មួយទៀត ដែល​គ្រោះថ្នាក់ សម្រាប់​សុខភាព​មនុស្សលោក មិនចាញ់កូវីដ នោះ គឺ​ខ្យល់ពុល​បរិយាកាស។ តាម​សន្ទស្សន៍​ស្តីពី​គុណភាព​ខ្យល់​សម្រាប់​ជីវិត ដែលផលិត​ឡើង​ដោយ​វិទ្យាស្ថាន​គោលនយោបាយ​ថាមពល​នៃ​សកលវិទ្យាល័យ Chicago ខ្យល់ពុល​បរិយាកាស​កាត់បន្ថយ​អាយុ​របស់​មនុស្ស ជិត ២ឆ្នាំ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្ទស្សន៍ ស្តីពីគុណភាពខ្យល់ ដែល​ផ្តោត​ទៅ​លើ​ផលប៉ះពាល់​នៃ​ធាតុល្អិតឆ្មារ នៅក្នុង​ខ្យល់ពុល​បរិយាកាស គេ​ឃើញថា ខ្យល់ពុល​បរិយាកាស ដែល​ភាគច្រើន​មានប្រភពចេញមក​ពី​រោងចក្រ​ដុតធ្យូងថ្ម នៅ​តែ​មាន​កម្រិតច្រើន នឹង ថេរ នៅ​២​ទសវត្សរ៍​ចុងក្រោយនេះ។

បរិមាណ​ខ្យល់ពុលបរិយាកាសបាន​ថយចុះ គួរ​ឲ្យ​កត់សំគាល់​នៅប្រទេស​ចិន បើទោះបី​ជា​ប្រទេស​នេះ​ពឹងផ្អែក​ច្រើន​លើ​ថាមពល​បាន​មកពី​ធ្យូងថ្ម។ ប៉ុន្តែ នៅ​ឥណ្ឌា និង​បង់ក្លាដែស ខ្យល់ពុល​បរិយាកាស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ រហូត​ទៅ​កាត់បន្ថយ​ជីវិត​មនុស្ស នៅតាម​តំបន់​ខ្លះ ដល់​ទៅជិត ១០ឆ្នាំ។

គេ​វាយតម្លៃថា ១ភាគ៤​នៃ​មនុស្ស​នៅលើ​ផែនដី រស់នៅ​ក្នុង​ប្រទេស​អាស៊ីខាងត្បូង​ចំនួន ៤ ដែល​មាន​ខ្យល់ពុលបរិយាកាស​ធ្ងន់ធ្ងរ ដូចជា បង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន និង​នេប៉ាល់។ សន្សសន៍ គុណភាព​ខ្យល់​រកឃើញថា ប្រជាជន​នៅ​ប្រទេស​ខាងលើ​ត្រូវ​ខាតអាយុរស់នៅ​ជាមធ្យម ៥ឆ្នាំ បន្ទាប់​ពី​ប្រឈម​នឹង​ការដកស្រូប​យក​ធាតុល្អិតឆ្មារ ក្នុង​ខ្យល់បរិយាកាស ដែល​មាន​ចំនួនកើនឡើង ដល់​ទៅ​៤៤% នៅក្នុង​រយៈពេល ២០ឆ្នាំ​ចុងក្រោយនេះ។ បង់ក្លាដែស​ជា​ប្រទេស​ដែល​មាន​ខ្យល់ពុលបរិយាកាស​អាក្រក់ជាងគេ​ក្នុង​លោក ចំណែក ប្រជាជន​ឥណ្ឌា ជាង ២៥០​លាននាក់ ដែលរស់នៅភាគខាងជើង ប្រទេស​កំពុង​ប្រឈម​នឹង​ការខាតបង់ អាយុ ៨ឆ្នាំ បើសិន ជា​គុណភាពខ្យល់​សម្រាប់​ដកដង្ហើម នៅ​តែ អាក្រក់ ដូចសព្វថ្ងៃនេះ។

ខ្យល់ពុល​បរិយាកាស​ក៏កំពុង​ជា​ក្តីកង្វល់​ខ្លាំង​ណាស់ នៅតំបន់​អាស៊ីអាគ្នេយ៍ ជាទី ដែល ផ្សែង ចេញមកពី ភ្លើងឆេះព្រៃ ការដុតរានដី​ធ្វើចំការ កំពុង​រួមផ្សំ​ជាមួយ​ផ្សែងរថយន្ត ដើម្បី បំពុលបរិយាកាស។ មនុស្ស​៨៨ភាគរយ នៃ​ប្រជាជន ៦៥០​លាននាក់ នៃ​តំបន់​អាស៊ីអាគ្នេយ៍ កំពុងរស់នៅក្នុង​តំបន់​ដែល​ខ្យល់ពុល​បរិយកាស​បានកើនហួសកម្រិត ដែល​កំណត់​ដោយ​អង្គការ​សុខភាពពិភពលោក។

អឺរ៉ុប អាមេរិក និងជប៉ុន​ជា​ដើម បាន​កែលម្អ​គុណភាព​ខ្យល់​បរិយាកាស​ក្នុង​ប្រទេស​របស់ពួកគេ តាមរយៈ ការកាត់បន្ថយ ចរាចរណ៍​រថយន្ត​ដែល​បញ្ចេញ​ផ្សែងពុល​ខ្លាំង ឬ​ងាក​ទៅប្រើ​ថាមពល​ដែលមិន​បញ្ចេញ​ផ្សែងពុល ដូចជា​ធ្យូងថ្ម​ជាដើម។ ប៉ុន្តែ យ៉ាងណាក៏ដោយ តាមសន្ទស្សន៍​គុណភាពខ្យល់ ប្រជាជន​ប្រុសស្រី ក្មេងចាស់ នៅបណ្តា​ប្រទេស​ខាងលើ នៅ​តែអាច​ខាត​អាយុ ២ឆ្នាំ ដោយសារ​ខ្យល់ពុលបរិយាកាស។

ខ្យល់ពុល​បរិយាកាស ជាគ្រោះថ្នាក់​គំរាមកំហែង​សុខភាព​មនុស្ស​នៅលើ​ផែនដី។ លោក Michael Greenstone ​អ្នកបង្កើត​សន្ទស្សន៍​គុណភាពខ្យល់​អំពាវនាវ​ឲ្យ​ពិភពលោក ចូលរួមគ្នា សស្រាក់សស្រាំ ដើម្បី​កាត់បន្ថយ ខ្យល់ពុល​បរិយាកាស ឲ្យ​ដូចគេ​ប្រណាំងប្រជែងគ្នា ដើម្បី ស្រាវជ្រាវ​រកវ៉ាក់សាំង បង្រ្កាបជំងឺកូវីដ ព្រោះថា ខ្យល់ពុល​បរិយាកាស គ្រោះថ្នាក់​មិនចាញ់ កូវីដ និង​សាហាវ​សម្លាប់​មនុស្ស​ដោយ​ស្ងប់ស្ងាត់បំផុត។ ការសិក្សា​មួយចំនួន​វាយតម្លៃថា ខ្យល់ពុលបរិយាកាសជា​កត្តា​មួយ ជំរុញ​ឲ្យ​ស្ថានភាព​អ្នកជំងឺ​ដោយសារ​កូវីដ កាន់តែ​ធ្លាក់ធ្ងន់ធ្ងរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ