អានតួអត្ថបទ
ម៉ាឡេស៊ី

អតីត​នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី ជាប់ពិរុទ្ធ​ក្នុង​បទប្រព្រឹត្តអំពើពុករលួយ

អតីតនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ត្រូវ​តុលាការ​សម្រេច​ឲ្យជាប់ពិរិទ្ធ​ពីបទចោទប្រកាន់​ក្នុង​សំណុំរឿង​ពុករលួយ​លួចបន្លំលុយ​ពីមូលនិធិរដ្ឋ កាលពី​ថ្ងៃអង្គារ​ទី ២៨ កក្កដា ២០២០
អតីតនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ត្រូវ​តុលាការ​សម្រេច​ឲ្យជាប់ពិរិទ្ធ​ពីបទចោទប្រកាន់​ក្នុង​សំណុំរឿង​ពុករលួយ​លួចបន្លំលុយ​ពីមូលនិធិរដ្ឋ កាលពី​ថ្ងៃអង្គារ​ទី ២៨ កក្កដា ២០២០ AP - Vincent Thian
ដោយ៖ ឈាង បុប្ផា
៣៥ នាទី

លោក​ណាជីប រ៉ហ្សាក់ អតីតនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ត្រូវ​បាន​តុលាការ​សហព័ន្ធ​ម៉ាឡេស៊ី សម្រេច​ឲ្យជាប់ពិរុទ្ធ ចំពោះបទចោទប្រកាន់​ទាំង ៧ ដែល​ទាក់ទង​នឹង​អំពើពុករលួយ​នៅក្នុង​សំណុំរឿង​លួចបន្លំ កេងលុយរដ្ឋ​ចេញពី​មូលនិធិ​អភិវឌ្ឍ Malaysia Development Berhad (1MDB)។ នៅមុន​ការបើកសវនាការ អតីតនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ដែលនៅតែ​អះអាង​ភាពស្អាតស្អំរបស់ខ្លួន បាន​និយាយ​​រួចហើយថា លោក​នឹង​ប្តឹង​ឧទ្ធរណ៍ ប្រសិន​បើលោក​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស លោក​មែននោះ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សំណុំរឿង ពុករលួយ​ទាក់ទង​នឹង​ការកេងបន្លំលុយរដ្ឋ ឬ​ដែល​គេ​ហៅថា សំណុំរឿង 1 Malaysia Development Berhad (1MDB) អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​ណាជីប រ៉ាហ្សាក់ រង​បទចោទប្រកាន់​ចំនួន ៧ ដែលនៅក្នុង​នោះ មាន​១ ជា​បទចោទប្រកាន់​រំលោភអំណាច។ បទចោទប្រកាន់​៣ ផ្តោតទៅលើ​បទឧក្រិដ្ឋ រំលោភសេចក្តីទុកចិត្ត និង​បទចោទប្រកាន់​ចំនួន​៣​ចុងក្រោយ គឺ​ការលាងកខ្វក់។

នៅក្រោយ បើក​សវនាការ​ជំនុំជម្រះ​អតីត​នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី  អស់​ជិត​១ឆ្នាំ​កន្លះ ចៅក្រម របស់​តុលាការ​សហព័ន្ធ​ម៉ាឡេស៊ី នៅថ្ងៃអង្គារ​នេះ​បាន​ប្រកាស ថា បន្ទាប់​ពី​ពិនិត្យ ល្អិតល្អន់​គ្រប់​ភស្តុតាង នៅក្នុង​សវនាការ តុលាការ​យល់​ថា រាជអាជ្ញា​មាន ​ភស្តុតាង​គ្រប់គ្រាន់ ដែល​បញ្ជាក់ថា លោកណាជីបរ៉ាហ្សាក់​បាន​ប្រព្រឹត្ត​អំពើពុករលួយ ដូចការចោទប្រកាន់។

នៅក្នុង​សំណុំរឿង​ពុករលួយ​ទាក់ទង​នឹង​ការកេងបន្លំ លួច​លុយ​ចេញពី​មូលនិធិរដ្ឋ 1 Malaysia Development Berhad (1MDB) លោកណាជីបរ៉ាហ្សាក់​កំពុង​ប្រឈម​នឹង​ការកាត់ទោស នៅ​តុលាការ នៅក្នុង​សំណុំរឿង​ពីរ។ សំណុំរឿង​ទី១​ដែលចាប់ផ្តើមបើក តាំង​ពី​ខែ​មេសា​ឆ្នាំ​មុន ផ្តោត​ទៅលើ​លុយ​ជិត​១០លានដុល្លារ ដែល​គេ​ឃើញ​មាន​នៅក្នុង​គណនី​ធនាគារ​របស់​លោក​ណាជីបរ៉ាហ្សាក់។ ចំណែក​សំណុំរឿងទី​២ ដែល​ចាប់ផ្តើម​បើក​នៅ​ខែ​សីហា​ឆ្នាំ​មុនដែរ និង​ដែល​មានលោក​រ៉ាហ្សាក់ និង​ភរិយា​ជា​ជនជាប់ចោទ ផ្តោតសំខាន់​ទៅលើ​ទឹកប្រាក់ ដ៏មហាសាល ជាង ៥០០លាន​ដុល្លារ ដែល​គេ​ជឿថា លោក​ណាជីបរ៉ាហ្សាក់ បាន​លួចបង្វែរ​ចេញពី មូលនិធិ​អភិវឌ្ឍ​​ម៉ាឡេស៊ី ទៅក្នុង​គណនី​ធនាគារផ្ទាល់ខ្លួន​របស់​លោក នៅក្នុង​ពេល​លោកនៅធ្វើ​ជា​នាយករដ្ឋមន្រ្តី ចាប់ពី​ឆ្នាំ ២០០៩ រហូត​ដល់​ឆ្នាំ ២០១៤។

សវនាការ​នៅថ្ងៃ​អង្គារ ជា​សវនាការ​នៃ​សំណុំរឿង​ទី១ ដែល​ផ្តោតសំខាន់​លើ​លុយ​ជិត ១០​លាន​ដុល្លារ ក្នុង​គណនី​ធនាគារ​ផ្ទាល់ខ្លួន របស់​លោក​អតីតនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី។

ចៅក្រម ម៉ាឡេស៊ី បាន​ប្រកាស​ឲ្យ​អតីត​នាយករដ្ឋមន្រ្តី​ជាប់ពិរុទ្ធ ប៉ុន្តែ នៅមិនទាន់​បាន​ប្រកាស ផ្តន្ទាទោស នៅឡើយទេ។ ចៅក្រមអាច​ប្រកាស​នៅយប់​ថ្ងៃអង្គារនេះ ឬ​លើកទៅ​ប្រកាស​នៅ​ពេល​ក្រោយ​ក៏អាច​ថាបាន។

ក្នុង​វ័យ ៦៧ឆ្នាំ លោកណាជីបរ៉ាហ្សាក់​អាច​ប្រឈម​នឹង​ទោសជាប់ពន្ធនាគារ ២០ឆ្នាំ សម្រាប់​បទល្មើស រំលោភអំណាច និង​បទឧក្រិដ្ឋ រំលោភទំនុកចិត្ត ចំណែក ១៥ឆ្នាំទៀត សម្រាប់​បទល្មើស​លាងលុយកខ្វក់។

ប៉ុន្តែ លោក ណាជីបរ៉ាហ្សាក់ នៅតែ​បញ្ជាក់ថា លោក​ជា​មនុស្ស​ស្អាតស្អំ

នៅក្នុង​សវនាការ​នៅ​ព្រឹកថ្ងៃ​អង្គារនេះ គេ​ឃើញ​លោក​ណាជីបរ៉ាហ្សាក់ មានទឹកមុខ​ស្ងប់ស្ងៀម និងងាកមុខ​ចេញ នៅក្រោយ លឺ​ចៅក្រម​ប្រកាសឲ្យលោក​មាន​ពិរុទ្ធ សម្រាប់​គ្រប់​បទចោទប្រកាន់​ទាំង ៧។

លោកណាជីព​ធ្លាប់​បញ្ជាក់​ម្តងហើយ ម្តងទៀត ថា លោក​ស្អាតស្អំ គ្មានប្រព្រឹត្ត​អំពើ​ពុករលួយ​នោះទេ។ លោកបាននិយាយការពារ​ខ្លួនថា លោក​មិន​បាន​ដឹង​រឿង ដែល មូលនិធិរដ្ឋ 1 Malaysia Development Berhad បង្វែរលុយ ជិត ១០​លាន​ដុល្លារ នៅក្នុង​គណនីធនាគារ​ផ្ទាល់ខ្លួន​របស់​លោកនោះទេ។ អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី នៅបានអះអាង​ទៀតថា លោក​ធ្លាប់គិត​ស្មាន​ថា លុយ​ជិត ១០លាន​ដុល្លារ ជា​លុយ អំណោយ ពី​ស្តេចអារ៉ាប៊ី សាអូឌីត។

សម្រាប់​មេធាវី​របស់​លោកណាជីព​រ៉ាហ្សាក់ អតីតនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ជា​ជនរងគ្រោះ នៃ ផែនការ​លួចបន្លំលុយ ដែល​រៀបចំ​ឡើង​ដោយ​លម្អិត​បំផុត​របស់​ពាណិជ្ជករ​ម៉ាឡេស៊ី លោក Low Taek Jho។ មេធាវី របស់លោកណាជីបរ៉ាហ្សាក់​បាន​ទម្លាក់កំហុស​ទាំងស្រុង ទៅលើ​ពាណិជ្ជករ​Low Taek Jho ដែលជា​កូនអុកសំខាន់ នៅក្នុង​សំណុំរឿង​ពុករលួយ 1 Malaysia Development Berhad និង​ដែល​កំពុង​រត់គេចខ្លួន នៅក្រោយ ការចោទប្រកាន់​របស់​តុលាការ​អាមេរិក និង​តុលាការ​ម៉ាឡេស៊ី។

សម្រាប់​ចៅក្រម ការលើកឡើង​របស់​ភាគី​ជាប់ចោទ ជា​រឿងមិនសមហេតុ សមផល គួរ​ឲ្យគេជឿនោះទេ។

លោក​ណាជីបរ៉ាហ្សាក់ ដែល ទាត់ចោល ការចោទប្រកាន់​ទាំងអម្បាលម៉ាន​របស់​តុលាការ បាន​អះអាង នៅមុន​បើក​សវនាការ​ថា លោក​នឹង​ប្តឹងបន្ត​ទៅ​ឧទ្ធរណ៍។ ដោយសារ​តែ​បណ្តឹង​ឧទ្ធរណ៍ គេ​មិនអាច​បញ្ជូន អតីត​នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ឲ្យទៅ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ភ្លាមនោះទេ។

សេចក្តីសម្រេច​របស់​តុលាការ​ នឹង​ លើកមុខមាត់ ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី

ការសម្រេចឲ្យ​អតីត​នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ជាប់ពិរុទ្ធ​ក្នុង​បទចោទប្រកាន់​ប្រព្រឹត្តពុករលួយ នឹង​ជួយ​លើកមុខមាត់​របស់​រដ្ឋាភិបាល និងធ្វើ​ឲ្យ​ប្រជាជន​មានជំនឿទុកចិត្ត​លើ​ប្រព័ន្ធ​តុលាការ​ម៉ាឡេស៊ី។

ការសម្រេច​របស់​តុលាការ​ម៉ាឡេស៊ី ដែល​សម្រេច​ឲ្យ​លោកណាជីបរ៉ាហ្សាក់​មាន​ពិរុទ្ធភាព​យ៉ាងដូច្នេះ គឺជារឿង​ដែល​ប្រជាជន​ម៉ាឡេស៊ី​មិន​ធ្លាប់​រំពឹងគិត​ទុក​ថា នឹង​មាន​នោះទេ។

ក្តីសង្ឃឹមថា តុលាការម៉ាឡេស៊ី នឹង​អាចជំនុំជម្រះ សំណុំរឿង​ពុករលួយ​របស់​អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ធ្លាប់​បាន​ធ្លាក់ចុះខ្សោយ កាលពី ខែ កុម្ភៈ​កន្លងទៅ គណបក្ស​របស់​លោកណាជីបរ៉ាហ្សាក់ បាន​ត្រលប់ទៅចូលរួម​បង្កើតរដ្ឋាភិបាល ចម្រុះ ដឹកនាំ​ម៉ាឡេស៊ី នៅក្រោយ បរាជ័យ​របស់​ក្រុមកំណែទម្រង់ របស់​លោក មហាធៀរ មហាម៉ាត់។ កាលណោះគេជឿថា នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី បច្ចុប្បន្ន ដែល​ធ្លាប់​ជា​រដ្ឋមន្រ្តី របស់​រដ្ឋាភិបាល​របស់​លោក​ណាជីបរ៉ាហ្សាក់ ប្រហែល​ជា​នឹង​បិទខ្ទប់ មិន​ឲ្យ​តុលាការ​អាច​បន្ត​ជំនុំជម្រះ​លោក​រ៉ាហ្សាក់​នោះទេ។ គេ​ព្រួយបារម្ភដែរថា លោក​ណាជីព​រ៉ាហ្សាក់ នឹង​អាច​រួចផុត​ពី​សំណាញ់​ចោទប្រកាន់​របស់​តុលាការ នៅបន្ទាប់ពី តុលាការ​ទម្លាក់​បទចោទប្រកាន់​ទៅលើ​ក្រុមបក្សពួក​របស់​លោក​ណាជីបរ៉ាហ្សាក់ ដូចជា​លោក Riza កូនប្រសារ​របស់​រ៉ាហ្សាក់​ជាដើម ជាថ្នូរ​នឹង​ការ បង្វិលលុយ​សងរដ្ឋ​ម៉ាឡេស៊ី កាលពី​ខែ​ឧសភា​កន្លងទៅនេះ។ លោក​Riza ធ្លាប់​បាន​រង​ការចោទប្រកាន់​ថា បាន​លួចយក​លុយរដ្ឋ សម្រាប់​ក្រុមហ៊ុនផលិតភាពយន្ត​ហូលីវូដ ឈ្មោះ The Wolf of the Wall Street។

ប៉ុន្តែ នៅទីបំផុត តុលាការ​ម៉ាឡេស៊ី នៅថ្ងៃអង្គារ បាន​សម្រេច ឲ្យ​លោក​ណាជីបរ៉ាហ្សាក់ ជាប់ពិរុទ្ធ​ក្នុង​សំណុំរឿងពុករលួយ​ដ៏មហាសាល ដែល​មិនធ្លាប់​មាន​នៅម៉ាឡេស៊ី។

បើសិន​តុលាការ​សម្រេច​ចោទប្រកាន់​ផ្តន្ទាទោសជាផ្លូវការ​មែន នោះ លោកណាជីបរ៉ាហ្សាក់ ជា​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លើកដំបូងគេ ដែល​ត្រូវ​ផ្តន្ទាទោស ជាប់ពន្ធនាគារ ក្នុង​បទប្រព្រឹត្ត​អំពើពុករលួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ