អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុង​ អនុវត្ត​វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ

សំឡេង ០៦:៣៤
មនុស្សម្នាពាក់ម៉ាស់ការពារ ដើរនៅតាមទីប្រជុំជនមួយក្នុងក្រុងហុងកុង កាលពីថ្ងៃចន្ទ ទី ២៧ កក្កដា ឆ្នាំ២០២០។
មនុស្សម្នាពាក់ម៉ាស់ការពារ ដើរនៅតាមទីប្រជុំជនមួយក្នុងក្រុងហុងកុង កាលពីថ្ងៃចន្ទ ទី ២៧ កក្កដា ឆ្នាំ២០២០។ AP - Vincent Yu
ដោយ៖ អ៊ុង គឹមអ៊ាន់
៣៣ នាទី

ហុងកុង​ នៅថ្ងៃ​ពុធ​ ទី២៩​ កក្កដា​នេះ​ បាន​ផ្តើម​អនុត្ត​វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ដែល​កំពុង​ហក់ឡើងខ្លាំង​មកវិញ​នៅក្នុង​តំបន់​។ រដ្ឋាភិបាល​ហុងកុង​ បាន​លើក​ឡើងថា​ ទីក្រុង​នេះ​អាចនឹង​ជួប​ការ​កើនឡើង​ករណី​ឆ្លង​កូវីដ​ទ្រង់ទ្រាយ​ធំ​មួយ​ និង​បាន​ជំរុញឲ្យ​ប្រជាជន​ស្នាក់នៅតែ​ក្នុងផ្ទះ​ កុំដើរ​ហើរ​ចេញក្រៅ​បើគ្មាន​កិច្ចការ​ចាំ​បាច់​នោះ​ទេ​។ តើ​អាជ្ញាធរ​ហុងកុង​ បាន​ដាក់ចេញ​វិធានការ​អ្វីខ្លះ​ដើម្បី​ទប់ស្កាត់​ជំងឺកូវីដ​? តើ​ហេតុអ្វី​បាន​ជា​ហុងកុងដែល​កន្លង​ធ្លាប់​ទទួល​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​កូវីដ បែរ​ជា​ត្រូវ​ប្រឈម​នឹង​ការ​រីករាលដាល​កូវីដ​ខ្លាំង​នៅពេលនេះ​ទៅវិញ​?

ផ្សាយពាណិជ្ជកម្ម

វិធានការតឹងរ៉ឹង​របស់​ហុងកុង​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ

ដោយសារតែ​ករណីឆ្លង​ជំងឺកូវីដ​ហក់ឡើងមកវិញ​ខ្លាំង​គួរឲ្យបារម្ភ​ ចាប់ពី​ថ្ងៃពុធ​ ទី២៩​ កក្កដា​នេះ​តទៅ​ រដ្ឋ​អំណាច​ហុងកុង​បាន​តម្រូវ​ឲ្យ​ប្រជាជន​រស់នៅ​ក្នុង​ក្រុង​ហុងកុង​ដែល​មាន​ចំនួន​ប្រមាណ​ ៧ លាន​ ៥ សែន​នាក់​ ត្រូវ​ពាក់ម៉ាស់​ជា​ដាច់ខាត​នៅពេល​ពួកគេ​ចេញ​ទៅ​ក្រៅ​តាមគ្រប់​ទីសាធារណៈ​ទាំងអស់​។

ទន្ទឹមគ្នានេះ​ ការ​បរិភោគអាហារ​នៅតាម​ភោជនីយដ្ឋាន​ក៏ត្រូវបានហាមឃាត់ដែរ។ ក៏ប៉ុន្តែ​ អាជ្ញាធរ​ហុងកុង​ អនុញ្ញាតឲ្យភោជនីយដ្ឋាន​នានា​អាច​លក់​ម្ហូបអាហារ​បាន​តាមរយៈ​សេវា​ដឹកជញ្ជូន​អាហារ​ទៅឲ្យ​អតិថិជន​។

កាលពី​ដើមខែ​កក្កដា​នេះ​ ការជួបជុំ​ជាសាធារណៈ​ត្រូវបាន​អនុញ្ញាតឲ្យ​មាន​មនុស្ស​រហូតដល់​ ៥០នាក់​។ ដោយឡែក​នៅពេលនេះ​វិញ​ ការ​ប្រមូលផ្តុំគ្នាជា​សាធារណៈ​ត្រូវបាន​កាត់បន្ថយ​មក​ត្រឹមតែ​ចំនួន​ ២ ប៉ុណ្ណោះ​ ហើយ​ប្រសិនណាបើ​អ្នករស់នៅ​ក្នុង​ក្រុងហុងកុង​ណាម្នាក់​ ហ៊ានបំពាន​លើ​បម្រាម​គ្រាអាសន្ន​ថ្មីនេះ​ គេ​នឹងរង​ការពិន័យ​ជាប្រាក់​រហូតដល់​ចំនួន​ ៥ ០០០ ដុល្លារ​ហុងកុង​ ឬស្មើនឹង​ ៦២៥ ដុល្លារ​សហរដ្ឋអាមេរិក​។ ក្រៅពីនេះ​ រដ្ឋអំណាច​ហុងកុង​ក៏បាន​ប្រកាសបិទ​ផងដែរ​ រង្គសាល​ កន្លែងហាត់ប្រាណ​ និង​ហាង​ថែរក្សាសម្ផស្ស​។

រដ្ឋាភិបាល​ហុងកុង​បានដាក់​ចេញនូវ​វិធានការ​តឹងរ៉ឹង​ទាំងនេះ​ គឺ​ដើម្បី​បញ្ចៀស​ការ​កើនឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ​ដ៏កាច​សាហាវ​សាជាថ្មី​នៅក្នុង​តំបន់​។ នៅត្រង់​ចំណុចនេះ​ គួរជម្រាប​ជូនថា​ គិតមកទល់​នឹង​ពេលនេះ​ ករណី​ឆ្លង​កូវីដ​សរុប​នៅ​ហុងកុង​មាន​ចំនួន​ជិត​ ២ ៩០០ ករណី​ និង​មាន​ស្លាប់​ ២៣ នាក់​។

គួរ​គូសបញ្ជាក់ជូន​ទៀតថា​ គិតត្រឹមពី​ដើមខែកក្កដា​នេះ​ ករណី​ឆ្លង​កូវីដ​នៅហុងកុង​មាន​ចំនួន​ច្រើនជាង​ ១ ០០០ ករណី​ ពោលគឺ​មាន​ចំនួន​ជាង​ ៤០ %​ នៃ​ករណី​ឆ្លង​សរុប​ទាំងអស់​ ចាប់តាំង​ពី​មេរោគ​កូរ៉ូណា​វីរុស​បាន​វាយប្រហារ​ទីក្រុង​នេះ​ជាលើក​ដំបូង​នៅចុង​ខែមករា​មក​។ ហុងកុង​ ដែល​កន្លងមក​ធ្លាប់​ទទួល​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​កូវីដក៏​ត្រូវមក​ប្រឈម​នឹង​ការរីករាលដាល​កូវីដ​ខ្លាំងនៅពេលនេះវិញ។

ហេតុអ្វី​​បានជា​ហុងកុងដែលធ្លាប់​​ទទួល​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ជំងឺកូវីដបែរជា​ត្រូវ​ប្រឈមទៅ​នឹង​ការរីករាលដាល​កូវីដ​ខ្លាំង​ទៅវិញ?

ហុងកុង​ គឺជា​កន្លែង​មួយ​ក្នុង​ចំណោមក​ទីតាំង​ដំបូងៗ​ដែល​រង​ការវាយប្រហារ​ពីជំងឺកូវីដ​បន្ទាប់​ពី​ប្រទេសចិន​។ នៅពេល​ករណីឆ្លង​ជំងឺកូវីដ​ចាប់ផ្តើម​ផ្ទុះឡើង​ដំបូង​នៅហុងកុង​នាដើម​ឆ្នាំ​២០២០​ នេះ​ រដ្ឋាភិបាល​ហុងកុង​បាន​ប្រញាប់ប្រញាល់​ចាត់​វិធានការ​ឆ្លើយតប​ដោយមិន​បង្អែបង្អង់​យូរឡើយ​។

កាលណោះ​ ការធ្វើ​ដំណើរ​នានា​ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេសចិន​ត្រូវបាន​កាត់បន្ថយ​យ៉ាងខ្លាំង​។ វិធានការ​តាមដាន​និង​ស្វែងរក​អ្នក​ជំងឺកូវីដ​ ត្រូវ​បាន​អនុវត្ត​យ៉ាងយកចិត្ត​ទុកដាក់​ជា​ទីបំផុត​ ហើយ​បម្រាមផ្សេងៗ​ជាច្រើន​ទៀត​ក៏ត្រូវបាន​រដ្ឋអំណាច​ហុងកុង​ប្រកាស​ដាក់ចេញ​ឲ្យអនុវត្ត​ភ្លាមៗ​ផងដែរ​។

ដោយសារតែ​វិធានការ​ខាងលើ​ទាំងអស់នេះហើយទើបទីក្រុង​ហុងកុង​ គ្មាន​ករណី​ឆ្លង​កូវីដ​ក្នុង​ស្រុក​ជាច្រើន​សប្តាហ៍​ រហូតធ្វើឲ្យ​គេ​ទទួលស្គាល់​ថា​ហុងកុង​ទទួល​បាន​ជោគជ័យ​គួរឲ្យ​កត់សម្គាល់​ក្នុងការ​គ្រប់គ្រង​ការរាតត្បាត​ជំងឺកូវីដ​។

ក៏ប៉ុន្តែ​ នៅពេល​ដែល​ជីវិតប្រចាំថ្ងៃ អ្វីៗ​ចាប់ផ្តើម​វិលត្រឡប់​ទៅរក​ភាពធម្មតាវិញ​ ការ​កើនឡើង​នៃ​ករណីឆ្លង​ក្នុង​ស្រុក​ក៏ចាប់ផ្ទុះ​មកវិញ​ដែរ។ ពេលនេះ​ ករណី​ឆ្លងកូវីដ​ថ្មីប្រចាំថ្ងៃ​នៅហុងកុង​ត្រូវបាន​គេ​រាយការណ៍ថា​មាន​ចំនួនច្រើន​ជាង​ ១០០ ករណី​នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។  នៅមុន​ខែកក្កដា​ ចំនួនមធ្យម​នៃ​ករណី​ឆ្លង​កូវីដ​ប្រចាំថ្ងៃ​របស់​ហុងកុង​គឺតិច​ជាង​ ១០ ករណី​ប៉ុណ្ណោះ​។

មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​ការកើនឡើង​ជាថ្មី​នៃ​ករណីឆ្លង​កូវីដ​នៅហុងកុង

រហូត​មកទល់នឹង​ពេលនេះ​ មន្រ្តីសុខាភិបាល​ហុងកុង​នៅ​មិនទាន់​បញ្ជាក់​ប្រាប់នោះទេ​ ថាតើអ្វី​ជាមូលហេតុ​ដែល​បណ្តាលឲ្យ​ការឆ្លង​រាតត្បាត​នៃ​ជំងឺកូវីដ​ចាប់​កម្រើក​ជាថ្មី​ម្តងទៀត​នៅក្នុង​ដែនដី​ហុងកុង​។

បើតាម​ការចុះផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP នា​ខណៈពេលនេះ​ អាជ្ញាធរ​សុខាភិបាល​ហុងកុង​ បាននិងកំពុង​ស្វែង​រក​ប្រភព​ដែល​បណ្តាលឲ្យ​មាន​ការផ្ទុះឡើង​ករណីឆ្លងកូវីដ​ថ្មីចុងក្រោយ​នេះ​។

ប្រជាជន​ហុងកុង​ខ្លះ​ បានស្តី​បន្ទោស​រដ្ឋាភិបាល​ដែលធ្វេស​ប្រហែស ​បណ្ដោយឲ្យមាន​ការ​លើកលែង​ក្នុងការ​ធ្វើចត្តាឡីស័ក​ឬការដាក់ឲ្យនៅដាច់ដោយឡែក​រយៈពេល​ ១៤ ថ្ងៃ​។ វា ជាការ​លើកលែង​ដែល​រដ្ឋាភិបាល​ហុងកុង​ផ្តល់ទៅឲ្យ​បុគ្គល​មួយចំនួន​ដែល​ក្នុង​នោះ​រួមមានទាំង​ អ្នកបើកបរ​រថយន្ត​ធុនធំ​ឆ្លងកាត់តាម​ព្រំដែន​ ក្រុមនាវិកអាកាស​និងសមុទ្រ​ ព្រមទាំង​បុគ្គលិក​ក្រុមហ៊ុនធំៗ​ជាដើម​។ល។

ជុំវិញរឿងនេះ​ លោកជីន​ ដុងយ៉ាន​ (Jin Dongyan) សាស្រ្តាចារ្យ​ម្នាក់​នៅសាកល​វិទ្យាល័យ​ហុងកុង​បាន​មានប្រសាសន៍​ថា​ ករណី​ឆ្លងកូវីដថ្មី​នៅហុងកុង​នាពេលចុងក្រោយ​នេះ​ទំនង​ជាកើតឡើង​ដោយសារតែ​គុណវិបត្តិ​នៃ​នីតិវិធី​អនុវត្ត​នៅតាម​ព្រំដែន​របស់​ហុងកុង​។

លោកជីន​ ដុងយ៉ាន​ បាននិយាយ​ប្រាប់កាសែត​ The Global Times ថា​អ្នក​ជំងឺកូវីដ​មកពី​ខាងក្រៅប្រទេស​អាចជាអ្នក​ដែល​បាននាំយក​មេរោគកូរ៉ូណា​ទៅដល់​សហគមន៍​ហុងកុង និងដែល​ជាលទ្ធផល​នៃការ​ឆ្លងរាលដាល​ក្នុងស្រុក​នាពេលបច្ចុប្បន្ន​នេះ។

ចាប់តាំងពី​ទទួលរង​ពាក្យស្តី​បន្ទោសពី​ប្រជាជន​រួចមក​ រដ្ឋាភិបាល​ហុងកុង​ក៏បាន​ផ្តើមរឹត​បន្តឹង​វិធានការ​ទប់ទល់នឹងកូវីដ​ទៅលើ​ក្រុម​មនុស្ស​ដែល​ស្ថិតករណី​លើកលែង​ឡើងវិញ​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ