អានតួអត្ថបទ

ហុងកុង​ចាប់អនុវត្ត​ច្បាប់​សន្តិសុខជាតិ ដើម្បី បង្ក្រាប​អ្នកនយោបាយ​ប្រឆាំង

ឡានប៉ូលិស​បើកចូល​កន្លែង​ដែល​គេជឿថា សកម្មជនដើម្បី​ឯករាជ្យហុងកុង​ត្រូវ​ប៉ូលិស​នៃ​អង្គភាពពិសេស​សម្រាប់​សន្តិសុខជាតិ​ហុងកុង ចាប់ខ្លួន កាលពីថ្ងៃទី ២៩​កក្កដា ២០២០
ឡានប៉ូលិស​បើកចូល​កន្លែង​ដែល​គេជឿថា សកម្មជនដើម្បី​ឯករាជ្យហុងកុង​ត្រូវ​ប៉ូលិស​នៃ​អង្គភាពពិសេស​សម្រាប់​សន្តិសុខជាតិ​ហុងកុង ចាប់ខ្លួន កាលពីថ្ងៃទី ២៩​កក្កដា ២០២០ REUTERS - TYRONE SIU
ដោយ៖ ឈាង បុប្ផា
1 នាទី

នៅក្រោម​អំណាច​ច្បាប់​សន្តិសុខ​ជាតិ ដែល​បាន​ចូល​ជាធរមាន តាំង​ពី​ដើម​ខែ​កក្កដា ប៉ូលិស​ហុងកុង នៅយប់​ថ្ងៃ​ពុធ​ទី​២៩​កក្កដា បាន​ចាប់ខ្លួន​និស្សិត​៤ រូប ក្នុង​បទចោទប្រកាន់​សរសេរផ្សព្វផ្សាយ​អត្ថបទ​ដែល​គំរាមកំហែង សន្តិសុខ​ជាតិ​ចិន។ សហភាពនិស្សិត​នៃ​វិទ្យាស្ថានជាន់ខ្ពស់ ដែល​ក្តោបក្តាប់​សហជីព​និស្សិត​ចំនួន ១៣​នៅ ហុងកុង បាន​បរិហារ​ការចាប់ខ្លួន​និស្សិត និង​ថា ហុងកុង​កំពុង​ឈាន​ចូល​ក្នុង​សករាជ នៃ​ការបង្ក្រាប​បំផិតបំភ័យ​អ្នកនយោបាយ។

ផ្សាយពាណិជ្ជកម្ម

និស្សិត​ហុងកុង​ទាំង​៤រូប​ដែលត្រូវ​ប៉ូលិស​ចាប់ខ្លួន នៅយប់​ថ្ងៃ​ពុធ​ម្សិលមិញ មាន​អាយុ ពី​១៦ ទៅ ២១ឆ្នាំ។ ពួកគេ​ជា​អតីត​សមាជិក​របស់​អង្គការ​Student Localism ដែល ធ្វើការ​ទៅលើ​ការទាមទារ​ឯករាជ្យ​ឲ្យ​ហុងកុង។ អង្គការ​មួយនេះ បាន​ប្រកាស​រំលាយខ្លួន នៅតែ​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​ច្បាប់សន្តិសុខ​ជាតិ​ហុងកុង បាន​ចូលជាធរមាន នៅ​ដើមខែ​កក្កដានេះ។

រូបភាព​វីដេអូ​នៅលើ​បណ្តាញ​អ៊ីនធ័រនែត​បាន​បង្ហាញ ប៉ូលិស​ស៊ីវិល ចាប់​ដាក់ខ្នោះ បណ្តើ យុវជន Tony Chung ប្រធាន​របស់​អង្គការ​ Student Localism អាយុ ១៩ឆ្នាំ។ ប្រតិបត្តិការ​ចាប់ខ្លួន​និស្សិត​ហុងកុង ធ្វើឡើង ដោយ​អង្គភាពប៉ូលិស​ហុងកុង ដែល​បង្កើតឡើង​ជា​ពិសេស សម្រាប់​តាមដាន​ការអនុវត្តច្បាប់​សន្តិសុខជាតិ​ហុងកុង។

តាម​ប៉ូលិស​ហុងកុង មនុស្ស​ទាំង​៤រូប ដែល​មាន ម្នាក់ ជាស្រ្តី ត្រូវ​ប៉ូលិស​សង្ស័យ​ថា បាន​រៀបចំ និង​ញុះញង់​ឲ្យ​មាន​ការទាមទារ​បំបែក​ទឹកដី តាមរយៈ សារសរសេរ​នៅលើ​បណ្តាញ​សង្គម នៅក្រោយ​ការចូលជាធរមាន​ច្បាប់សន្តិសុខជាតិ ហុងកុង។

“យុវជន​ទាំង​៤រូប ចង់​ប្រមូលផ្តុំ ក្រុមទាមទារ​ឯករាជ្យ ក្នុង​គោលដៅ ទាមទារ​ឯករាជ្យ​ឲ្យ​ហុងកុង” នេះជាការអះអាង​របស់លោក LI Kwai-wah​ប្រធាន​អង្គភាព​ សន្តិសុខជាតិ​ហុងកុង។

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​យប់​ថ្ងៃ​ពុធ ប៉ូលិស​បាន​អំពាវនាវ​ប្រាប់​ប្រជាជន​ហុងកុង​ឲ្យ​ដឹងថា រាល់​អ្នកដែល​ប្រព្រឹត្ត​សកម្មភាពខុសច្បាប់ មិនថា នៅក្នុង​អ៊ីនធ័រនែត ឬ​នៅក្នុង​ការរស់នៅ​ជាក់ស្តែង គឺ​ត្រូវ​ប្រឈម​នឹង​ការដាក់ទោស​តាមច្បាប់។

សហភាពនិស្សិត​ហុងកុង ​នៃ​វិទ្យាស្ថានជាន់ខ្ពស់ ដែល​គ្រប់គ្រង​សហជីព​និស្សិតចំនួន​១៣​នៅ​ហុងកុង បាន​បរិហារ​រិះគន់ ការចាប់ខ្លួន​និស្សិត កាលពី​យប់​ថ្ងៃ​ពុធ។ សម្រាប់ អង្គការ​អ្នកតំណាងនិស្សិត ហុងកុង​កំពុង​ធ្លាក់ខ្លួន​ទៅក្នុង​សករាជ​នៃ ការបង្ក្រាបនយោបាយ។

គិតចាប់តាំង​ពី​ហុងកុង អនុវត្ត​ច្បាប់​សន្តិសុខ នៅដើមខែ​កក្កដា មាន​មនុស្ស​១៥នាក់ ដែល​ត្រូវចាប់ខ្លួន ចំណែក​សកម្មជន​នាំមុខ ​មួយចំនួន បានរត់គេចខ្លួន ជាបន្តបន្ទាប់​ទៅបរទេស ដើម្បីគេចចេញពីការចាប់ខ្លួន។

នេះជា​លើកទី១ ដែល​សកម្មជន​ហុងកុង ត្រូវ​បាន​ចាប់ខ្លួន នៅក្រៅ​បរិបទ​ធ្វើបាតុកម្ម ពោល គឺ​នៅក្រោម​អំណាច​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​ទីក្រុង​ប៉េកាំង បង្កើតឡើង នៅខែ​មិថុនា ដើម្បី ឆ្លើយតប​នឹង​វិបត្តិ​នយោបាយ ដ៏រ៉ាំរ៉ៃ នៅ​ហុងកុង ដែលបណ្តាលមកពី​បាតុកម្ម​របស់​ប្រជាជន​ហុងកុង ដើម្បី ប្រឆាំង​នឹង​ការលូកដៃ​របស់​ចិន ក្នុង​នយោបាយ​ទីក្រុង​ហុងកុង។ ហុងកុង ដែល​ត្រូវ ត្រេកត្រអាល​នឹង​សិទ្ធិសេរីភាព និង​ឯករាជ្យ​តុលាការ ទៅតាម​គោលនយោបាយ ប្រទេស​មួយ ប្រព័ន្ធពីរ ទៅតាម​កិច្ចសន្យាផ្ទេរហុងកុង ពីអង់គ្លេស ទៅ​ចិន នៅ​ឆ្នាំ ១៩៩៧។

ក្រៅតែ​ពី​ចាប់ខ្លួន និស្សិត​ហុងកុង អាជ្ញាធរ​ហុងកុង នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​ចេញ​សេចក្តីសម្រេច ដកសិទ្ធិ​ឈរឈ្មោះ របស់​បេក្ខជន​នយោបាយ​១២រូប មក​ពី​គណបក្ស​ដើម្បី ​ប្រជាធិបតេយ្យ​ហុងកុង សម្រាប់​ការបោះឆ្នោត ឃុំសង្កាត់ ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ នា​ខែ​កញ្ញា​ខាងមុខ។ តាមការប្រកាស​របស់​អាជ្ញាធ​ហុងកុង គេ​មិនអាច​ឈរឈ្មោះជា​អ្នកតំណាងរាស្រ្ត បានទេ បើសិន គេ​ជំរុញ ទាមទារ​ឯករាជ្យ​ឲ្យហុងកុង ឬ ញុះញង់​ឲ្យមាន​អន្តរាគមន៍លូកដៃ​របស់​បរទេស​ក្នុង​កិច្ចការផ្ទៃក្នុង​របស់ហុងកុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ