អានតួអត្ថបទ

Huawei ដណ្តើមតំណែង​ពី​Samsung ក្នុងនាមជាក្រុមហ៊ុន​លក់ទូរស័ព្ទ​ដៃច្រើនជាងគេ​ក្នុងលោក

បុរសម្នាក់នៅមុខ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ទូរស័ព្ទដៃ​Huawei នៅទីក្រុង​ប៉េកាំង នៅ​ឆ្នាំ ២០១៨
បុរសម្នាក់នៅមុខ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ទូរស័ព្ទដៃ​Huawei នៅទីក្រុង​ប៉េកាំង នៅ​ឆ្នាំ ២០១៨ AP - Andy Wong
ដោយ៖ ឈាង បុប្ផា
1 នាទី

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei បានយក​ឈ្នះ ក្រុមហ៊ុន​ Samsung របស់​កូរ៉េខាងត្បូង ក្នុង​នាមជា​ក្រុមហ៊ុន​ដែល​បាន​លក់​ទូរស័ព្ទដៃ​ច្រើនជាងគេ​ក្នុង​ពិភពលោក។ តាម​ក្រុមហ៊ុន​ស្រាវជ្រាវ និង​វិភាគ​ផ្នែកបច្ចេកវិទ្យា និង​ទូរស័ព្ទ Canalys បើទោះជា​កំពុង​ជួបឧបសគ្គ នៅទីផ្សារ​បរទេស ដោយសារ​ការដាក់ទណ្ឌកម្ម របស់​អាមេរិក ប៉ុន្តែ ក្រុមហ៊ុន​Huawei អាច​លក់​ទូរស័ព្ទ​បាន​ដល់​ទៅជាង ៥៥​លាន​គ្រឿង នៅ​ត្រីមាស​ទី​២ ពោល គឺ​វ៉ា​ដាច់ ក្រុមហ៊ុន​Samsung ដែល​ធ្លាប់​ជា​ក្រុមហ៊ុន លក់ទូរស័ព្ទ​បានច្រើនជាងគេ​ក្នុង​លោក។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​រយៈពេល ៩ឆ្នាំ​ចុងក្រោយនេះ វា​ជា​លើកទី១ ដែលក្រុមហ៊ុន​ផ្សេង ក្រៅពី Samsung និង​ក្រុមហ៊ុន​Apple អាច​ឈានមុខគេ ក្នុង​ទីផ្សារ​លក់​ទូរស័ព្ទ​ដៃ។ តាម​ក្រុមហ៊ុន​វិភាគតាមដាន​បច្ចេកវទ្យា និង​ទូរស័ព្ទដៃ Canalys ក្រុមហ៊ុន​Huawei បាន​វ៉ាដាច់ ជាលើកទី១ ក្រុមហ៊ុន​Samsung ដែល​ធ្លាប់​ជា​ក្រុមហ៊ុន លក់​ទូរស័ព្ទ​ដៃ​បាន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក។ នៅ​ត្រីមាស​ទី២នេះ ក្រុមហ៊ុន​Samsung​លក់ទូរស័ព្ទដៃ​បាន​តែ ៥៣.៧លាន​គ្រឿង​ប៉ុណ្ណោះ ចំណែក Huawei វិញ​លក់​បាន​ទូរស័ព្ទ ដៃ ជាង ៥៥.៨​លានគ្រឿង។

តាម​Canalys ៧០ភាគរយ​នៃ​ទូរស័ព្ទ​របស់​ Huawei ត្រូវគេ​ទិញ នៅក្នុង​ទីផ្សារ​ក្នុង​ស្រុក ជាទី​ដែល​ក្រុមហ៊ុន​កូរ៉េខាងត្បូង Samsung មាន​ចំណែក​លក់​តិច​បំផុត។

ផ្ទុយទៅវិញ ការលក់​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Huawei នៅទីផ្សារ​បរទេស​បាន​ធ្លាក់ថយចុះ អស់​១ភាគ​៣ នៅ​ត្រីមាស​ទី២។ ទណ្ឌកម្ម​របស់​អាមេរិក បាន​ធ្វើ​ឲ្យ​ Huaweiពិបាក​នឹង​លក់​ទូរស័ព្ទ របស់​ខ្លួន នៅទីផ្សារ​បរទេស។

សម្រាប់​អ្នកវិភាគ​របស់​Canalys បុកគ្រឹះខ្លាំង​ក្នុង​ទីផ្សារ​ក្នុង​ស្រុកចិនតែមួយ មិនគ្រប់គ្រាន់​នោះទេ ជាពិសេស នៅពេល​សេដ្ឋកិច្ច​សកល​ចាប់ងើបដើរឡើងវិញ។ ដៃគូ​សំខាន់​របស់ក្រុមហ៊ុន​ចិន Huawei គឺ​អឺរ៉ុប ប៉ុន្តែ អរិភាព និង​ការដាក់​សម្ពាធ​ពី​អាមេរិក បានធ្វើ​ឲ្យ​រដ្ឋាភិបាល​អឺរ៉ុប​ជាច្រើន ផ្លាស់ប្តូរ លែង​ប្រើ​ផលិតផល​របស់​ក្រុមហ៊ុន Huawei និង​ត្រូវ​បង្ខំចិត្ត ជ្រើសរើស​ផលិតផល​របស់​ក្រុមហ៊ុន​ផ្សេង​មក​ជំនួសវិញ។

Huawei​ជា​ក្រុមហ៊ុនផលិត​ឧបករណ៍ បណ្តាញ​ទូរគមនាគមន៍ធំជាងគេ​ក្នុង​ពិភពលោក។ ប៉ុន្តែ Huawei​បាន​ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក ដែល ចោទក្រុមហ៊ុនឯកជន​របស់​ចិន​មួយនេះ​ថា ធ្វើការ​លួច​យកការណ៍ សម្ងាត់​ឲ្យ​កងទ័ព​ចិន។ អាមេរិក​បាន​ហាម​មិន​ឲ្យ​ Huaweiចូល​ក្នុង​ទីផ្សារ​របស់ខ្លួន និង​បាន​គំរាម​ប្រទេស​ដទៃ មិន​ឲ្យ​ស្វាគម ប្រើផលិតផល​របស់​ Huawei។

នៅដើមខែ​នេះ អង់គ្លេស សុខចិត្ត​ធ្វើតាម​អាមេរិក ដោយ​យល់ព្រម​ដក​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន​ Huawei​ពី​អង់គ្លេស យ៉ាងយូរ បំផុត នៅ​ឆ្នាំ ២០២៧។ នៅ​ថ្ងៃ​ពុធ កន្លងទៅ​អាមេរិក​នៅបាន​គំរាម​រដ្ឋាភិបាល​ប្រេស៊ីល ពីផលវិបាក នានា ប្រសិន​បើ​ប្រេស៊ីល ជ្រើសរើស​ Huaweiសម្រាប់​គម្រោង​អភិវិឌ្ឍ​បច្ចេកវិទ្យា​ទូរទគមនាគមន​ជំនាន់ថ្មី នៅក្នុង​ទឹកដី​របស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ