អានតួអត្ថបទ
វ៉ាក់សាំង

ក្រុមប្រទេស​អ្នកមាន​ប្រជែងគ្នា កុម្ម៉ង់ទិញ​វ៉ាក់សាំង ប្រឆាំង​កូវីដ

រូបគំរូ​វ៉ាក់សាំង​ប្រឆាំង​កូវីដ
រូបគំរូ​វ៉ាក់សាំង​ប្រឆាំង​កូវីដ REUTERS - Dado Ruvic
ដោយ៖ ឈាង បុប្ផា
1 នាទី

នៅពេល​ក្រុមហ៊ុន​ផលិតឱសថ កំពុង​ស្រាវជ្រាវ ធ្វើតេស្ត សាកល្បង​វ៉ាក់សាំង ប្រឆាំង​កូវីដ ដែលនៅមិនទាន់​ផ្តល់​លទ្ធផល​អ្វី​ផងនោះ ក្រុមប្រទេស​អ្នកមាន​ដែល​នាំមុខ​ដោយ​អាមេរិក​បាន​នាំគ្នា​កុម្ម៉ង់ទុកជាមុន រួចស្រេច ទៅហើយ វ៉ាក់សាំង​រាប់រយ​លានដូស សម្រាប់​ប្រជាជន​របស់ខ្លួន។ កិច្ចសន្យា​កុម្ម៉ង់ទិញ​វ៉ាក់សាំង ចុងក្រោយ​ធ្វើឡើង​ដោយ​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក ជាមួយ​នឹង​ក្រុមហ៊ុន ផលិតឱសថ​អាមេរិក អាល្លឺម៉ង់ Biontech Pfizer និង​ក្រុមហ៊ុន​ផលិតឱសថ បារាំង អង់គ្លេស​Sanofi GSK កាលពី​ថ្ងៃ​សុក្រ​ទី​៣១​កក្កដា ២០២០។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ថ្ងៃ​សុក្រ​តែមួយ ក្រុមហ៊ុន​ផលិត​ឱសថ ពីរ ប្រកាស​ពី​កិច្ចសន្យា​កុម្ម៉ង់ទិញ វ៉ាក់សាំង ប្រឆាំង​ជំងឺកូវីដ ដែលកំពុង​ស្ថិតក្នុង​ដំណាក់កាល​ធ្វើតេស្ត​សាកល្បង​នៅឡើយ។ ទី​មួយ គឺក្រុមហ៊ុន​បារាំង Sanofi ជាមួយ ដៃគូ​អង់គ្លេស GSK (GlaxoSmithKline) ដែល​បាន​ចុះ​កិច្ចសន្យា ជាមួយ ក្រសួងសុខាភិបាល និង​ក្រសួងការពារ​ជាតិ​អាមេរិក ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង ប្រឆាំង​ជំងឺកូវីដ ចំនួន​១០០​លាន​ដូស សម្រាប់​ប្រជាជន​អាមេរិក ក្នុងតម្លៃ​ប្រាក់ ២ពាន់ ១រយ​លាន​ដុល្លារ។

នៅថ្ងៃ​សុក្រ ក្រុមហ៊ុន​ផលិតឱសថ អាល្លឺម៉ង់ Biontech រួម ជាមួយ​អាមេរិកPfizer ដែល​កំពុង​ស្រាវជ្រាវ​រកវ៉ាក់សាំង​ប្រឆាំង​នឹងកូវីដដែរ​នោះ បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការកុម្ម៉ង់​ទិញ វ៉ាក់សាំង ១២០​លាន​ដូស។ នៅក្នុង​សេចក្តីប្រកាស​របស់ក្រុមហ៊ុន​ផលិតឱសថ គេ​មិនបញ្ជាក់​ទំហំទឹកប្រាក់​ដែល​រដ្ឋាភិបាល​ជប៉ុន​ត្រូវ​ចំណាយ​សម្រាប់​បញ្ជាទិញ​ទុកជាមុន វ៉ាក់សាំង​នោះទេ។ ប៉ុន្តែ គេ​ដឹងថា នៅ​សប្តាហ៍កន្លងទៅ អាមេរិក​បាន​ចុះកិច្ចសន្យា​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផលិតឱសថ​អាល្លឺម៉ង់ អាមេរិក​នេះ ក្នុង​តម្លៃ ១ពាន់ ៩រយលាន​ដុល្លារ សម្រាប់​វ៉ាក់សាំង ១០០​លាន​ដូស ដែល​ធ្វើ​ឲ្យវ៉ាក់សាំង​មួយដូស មានតម្លៃ ៤២​ដុល្លារ។

តាម​ក្រុមហ៊ុន​ផលិត​ឱសថ អាល្លឺម៉ង់ និងអាមេរិក នៅក្រោយទទួល​លទ្ធផល​គួរឲ្យ​លើកទឹកចិត្ត​ក្នុង​ដំណាក់កាល​សាកល្បង ទី១​និង​ទី​២ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​សាកល្បង​ដំណាក់កាល​ទី​៣ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍នេះ ដោយ​ចាក់សាកល្បង​វ៉ាក់សាំង លើ​មនុស្ស​ជាង ៣ម៉ឺននាក់ មុន​នឹង​អាច​ផលិត​បាន​វ៉ាក់សាំង ជាផ្លូវការ នៅ​ចុងឆ្នាំនេះ។

ក្រៅតែ​ពីអាមេរិក និង​ជប៉ុន អង់គ្លេស​ក៏បាន​កុម្ម៉ង់​ទុក រួចដែរហើយ វ៉ាក់សាំង ចំនួន ៣០​លាន​ដូស ពី​ក្រុមហ៊ុន​ផលិត​ឱសថ អាល្លឺម៉ង់ និង​អាមេរិក។

រហូតមកទល់​ពេលនេះ អាមេរិក​ដែល​មានអ្នកឆ្លងជំងឺកូវីដ ជាង​៤លានកន្លះ និង​មនុស្ស​ស្លាប់ដោយសារ​កូវីដ ជាង ១សែន ៥ម៉ឺននាក់ បាន​ចំណាយ​ប្រាក់​ជាង ៨ពាន់​លាន​ដុល្លារ សម្រាប់​កុម្ម៉ង់​ទិញ​វ៉ាក់សាំង​រាប់រយ​លាន​ដូស នោះបើទោះបី​ជា​គេ​នៅមិនទាន់​រកឃើញ​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធិភាព​នៅឡើយ។

ជាក់ស្តែង ក្រុមហ៊ុន​ផលិត​ឱសថ​របស់​បារាំង Sanofi ជា​អ្នកទទួល​លុយច្រើនជាងគេ​ពីអាមេរិក សម្រាប់​ការកុម្ម៉ង់​ទិញ វ៉ាក់សាំង ទោះបី​ជា ​Sanofi នៅ​មិនទាន់​ចាប់ផ្តើម​ដំណាក់កាល​សាកល្បង​លើ​មនុស្ស និង​​អាច​ផលិត​បាន​វ៉ាក់សាំង នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ ក៏ដោយ។ ក្រៅពីអាមេរិក Sanofi GSK បានចុះកិច្ចសន្យា​ជាមួយ​អង់គ្លេស ដែល​កុម្ម៉ង់ទិញ វ៉ាក់សាំង ៦០លានដូស។

ការប្រណាំងប្រជែង​ចុះកិច្ចសន្យា​កុម្ម៉ង់ វ៉ាក់សាំង ​ទុកជាមុន នឹង​អាច​ធ្វើ​វ៉ាក់សាំង មាន​តម្លៃ​ខ្ពស់ ដែលធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ កំពុង​អភិវឌ្ឍ​គ្មាន​លទ្ធភាព សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទិញ សម្រាប់​ប្រជាជន​របស់ខ្លួន។ ដោយ​បារម្ភ​ថា មានតែ​ប្រទេស​អ្នកមាន​ដែល​ទទួល​បាន​វ៉ាក់សាំង​មុនគេ ចំណែក​ប្រទេស​អ្នកក្រ ស្ថិតនៅ​ចុង​ប៉ូចគេ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ នៅ​ពាក់កណ្តាល​ខែ​កក្កដានេះ បាន​ចេញ​សេចក្តីសម្រេច​មួយ ដែល​ចែង​ថា វ៉ាក់សាំង​ប្រឆាំង​កូវីដ​ជា​ទ្រព្យសម្បត្តិ​រួម​របស់មនុស្ស​លោក ពោល​គឺ​ត្រូវ​មាន​តម្លៃ​ថោក​សមរម្យ និង​មាន​ប្រសិទ្ធិភាព ដែល​អាច​ឲ្យ​ប្រទេស​ក្រីក្រទទួលប្រើបាន សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ