អានតួអត្ថបទ
តៃវ៉ាន់

បិតាប្រជាធិបតេយ្យ​តៃវ៉ាន់ ដែលជាបន្លា​ក្នុង​ភ្នែក​ប៉េកាំង ទទួលមរណភាព

លោក Lee Teng-hui អតីត​ប្រធានាធិបតី​តៃវ៉ាន់ ១៩៨៨-២០០
លោក Lee Teng-hui អតីត​ប្រធានាធិបតី​តៃវ៉ាន់ ១៩៨៨-២០០ AFP/Archivos
ដោយ៖ អៀង សុខម៉ិញ
1 នាទី

លោកលី ទឹងហ៊ុយ Lee Teng-huiអតីតប្រធានាធិបតី​តៃវ៉ាន់ ពី​ឆ្នាំ​១៩៨៨-២០០០ បាន​ទទួល​មរណភាព នៅ​ថ្ងៃព្រហស្បតិ៍​ទី ៣០​កក្កដា ២០២០ ​ក្នុង​ជន្មាយុ ៩៧ឆ្នាំ។ ឈ្មោះ​លោក លី ទឹងហ៊ុយ បាន​ចារ​ក្នុង​ទំព័រប្រវត្តិសាស្ត្រ​​តៃវ៉ាន់ ដោយ​បានស្តារ​លទ្ធិប្រជាធិបតេយ្យ នាំកោះ​ឱ្យ​បាន​ស្គាល់​​សេរីភាពនិង​ភាព​ជឿនលឿន​ ទាំង​ត្រូវ​តស៊ូ​​ទល់​នឹង​​គំនាប​របស់​ចិន​ប៉េកាំង។

ផ្សាយពាណិជ្ជកម្ម

តៃវ៉ាន់មានទុក្ខ​ជា​ទម្ងន់ ចំពោះមរណភាព​របស់​​អតីត​ប្រធានាធិបតី​ លី ទឹងហ៊ុយ ដែលពិភពលោក (លើកលែង​តែ​ចិន) ប្រសិទ្ធនាម​ថា “លោកប្រជាធិបតេយ្យ”។ ប៉ុន្តែ​ប៉េកាំងបាន​ហៅ​លោក​ថា ជា​ជន​បង្ក​បញ្ហា ជា​ជន​នាំគ្រោះថ្នាក់ ជា​ជន​បះបោរ​ចង់​ផ្តាច់​ខ្លួន​។

កើត​នៅឆ្នាំ​១៩២៣ ទទួលការសិក្សា​នៅ​ជប៉ុន ជំនាញ​ខាងកសិកម្ម លោក លី ទឹងហ៊ុយ ធ្លាប់​ជា​​ចៅហ្វាយក្រុង​តៃប៉ិ មុន​នឹង​បាន​ឡើង​កាន់​តំណែង​ជាអនុប្រធានាធិបតី​តៃវ៉ាន់នៅ​ឆ្នាំ​១៩៨៤។ ​​ក្លាយ​ជា​​ប្រធានាធិបតី​តៃវ៉ាន់ នៅ​ឆ្នាំ​១៩៨៨ លោក លី ទឹងហ៊ុយ បាន​ដឹកនាំធ្វើ​កំណែទម្រង់នយោបាយ​ទ្រង់ទ្រាយ​បិទបញ្ចប់​របបដឹកនាំ​បែប​ផ្តាច់ការ និង​រៀប​ចំ​ឱ្យ​មានការបោះឆ្នោត​សភានិង​ប្រធានាធិបតី តាមគន្លង​ប្រជាធិបតេយ្យ​ ដែល​លោក​បានទទួលជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់នៅ​ឆ្នាំ​១៩៩៦ តែ​ក្រោម​ក្រសែភ្នែកក្តៅ​ក្រហាយ​យ៉ាងខ្លាំងរបស់​ប៉េកាំង​។

ជាប្រធានាធិបតីតៃវ៉ាន់ដំបូង​គេ​បង្អស់​​ដែលមាន​កំណើត​កើត​ជា​នៅ​តៃវ៉ាន់និង​ប្រសូត​ចេញពីការ​បោះឆ្នោត លោក លី ទឹងហ៊ុយ មិនទទួល​ស្គាល់​គោលការណ៍ចិនតែមួយទេ លោក​ជា​តំណាង​ចលនា​ដឹកនាំទាមទារ​បូរណភាព​ដែន​កោះ ដើម្បី​ឱ្យ​ក្លាយជា​​រដ្ឋមួយ​ស្មើ​ភាពគ្នានឹង​ចិន និង​ទទួល​ស្គាល់ដោយ​អន្តរជាតិ។ តៃវ៉ាន់​ក្រោមការ​ដឹកនាំរបស់​លោក​លី ទឹងហ៊ុយ សម្គាល់​ដោយ​ភាពតាន​តឹងយ៉ាង​ជាមួយ​ប៉េកាំង រហូត​ដល់ថ្នាក់​ចិន​បាន​បាញ់មីស៊ីល​សំដៅ​ច្រកសមុទ្ទ​តៃវ៉ាន់​ផង។ ភាព​តាន​តឹងឡើង​កាន់​តែខ្លាំង​នៅពេល​លោក​លី បាន​ទៅ​ជាន់ទឹកដី​សហរដ្ឋអាមេរិក ហើយ​អាមេរិកបានបញ្ជូន​នាវាផ្ទុយយន្តហោះ​មកការពារ​តៃវ៉ាន់។

លោក មៃប៉ុមបេអូ បានលំអោនកាយ​គោរពអបអរ​ស្នាដៃ​របស់​​លោក លី ទឹងហ៊ុយ ដែលបាន​ចូល​រួមចំណែកបិទបញ្ចប់​របប​ផ្តាច់ការ​ ស្ថាបនា​ប្រទេសឱ្យ​បានស្គាល់​ភាពរុងរឿង។ ចំណែកលោកស្រី ប្រធានាធិបតី​កំពុង​កាន់អំណាច សៃត៍​ អ៊ីងវ៉េន យល់ថា​តៃវ៉ាន់​បាន​បាត់បង់​ឥស្សរជន​ដែល​គ្មាននរណាអាចមកជំនួសបាន។ លោក​ស្លាប់​លឿន​ជ្រុល​ទាំង​មិន​បាន​ឃើញ​តៃវ៉ាន់​បាន​ទទួលសេរីភាព​ពីចិន។ នេះ​បើ​តាម​ប្រតិកម្ម​ខ្លះរបស់​ពលរដ្ឋ​។ ប៉ុន្តែមរណភាព​របស់​មេដឹកនាំផ្តាច់​ខ្លួន មិនមែន​ជា​ដំណឹង​អាក្រក់​សម្រាប់​មនុស្ស​មួយ​ចំនួន​នៅ​ចិន​ដីគោក​ឡើយ នេះ​បើ​តាម​សារព័ត៌មាន​ផ្លូវការ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ