អានតួអត្ថបទ

អង្គការសុខភាពពិភពលោក​បើកកិច្ចប្រជុំ នៅទន្ទឹមពេល​ដែលវៀតណាម​មាន​មនុស្ស​ស្លាប់ដំបូងគេ ដោយសារ​កូវីដ ១៩

Vietnam has recorded its first coronavirus death
Vietnam has recorded its first coronavirus death AFP
ដោយ៖ ឈាង បុប្ផា
2 នាទី

៦ខែ​ក្រោយ​ផ្ទុះ​ជំងឺរាតត្បាត​កូវីដ ដែលកើតចេញ​ដំបូង​ពី​ប្រទេស​ចិន គណៈកម្មាធិការ​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក ត្រូវ​បើក​ការប្រជុំ នៅ​ថ្ងៃសុក្រទី ៣១​កក្កដា នៅទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស។ នៅក្នុង​កិច្ចប្រជុំ​ជាលើក​ទី៤ របស់​ខ្លួន គណៈកម្មាធិការ​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​នឹង​ធ្វើការ​វាយតម្លៃ​លើ​ជំងឺកូវីដ ដែល​កំពុង​រាតត្បាត កាន់តែ​ខ្លាំងក្នុង​ពិភពលោក ក្នុង​ល្បឿន​មួយ​គួរ​ឲ្យបារម្ភ

ផ្សាយពាណិជ្ជកម្ម

គិត​មកត្រឹម​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ជំងឺ​កូវីដ បាន​ឆ្លង​ទៅមនុស្ស​ជាង ១៧លាននាក់ និង​សម្លាប់​មនុស្ស​ជាង ៦សែននាក់​ក្នុង​ពិភពលោក។ គេ​កំពុង​ព្រួយបារម្ភ ផងដែរ​ពីករណីឆ្លង នៅបណ្តាប្រទេស​ដែល​ មាន​ករណី​កូវីដ ដោយ​តិចតួចបំផុត ដូចជា នៅ​វៀតណាម ជាដើម ជាទី ជំងឺ​កូវីដ បាន​ចាប់រីករាលដាល យ៉ាងលឿន នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ។ តាម​កាសែត​ក្នុង​ស្រុក​វៀតណាម នៅថ្ងៃសុក្រនេះ វៀតណាម​ទើប​មាន​ករណី មនុស្ស​ស្លាប់ ដោយសារ​កូវីដ ជាលើកទី១ នៅក្នុង​ប្រទេស។

ករណី​ឆ្លង​នៅ​វៀតណាម ស​បញ្ជាក់​ឲ្យ​ឃើញ​ថា គ្មានអ្វី​ដែល​ប្រាកដប្រជា នោះទេ នៅចំពោះមុខ ជំងឺឆ្លងរាតត្បាត​កូវីដ១៩។ វៀតណាម​ដែលមាន​ព្រំដែន​ជាប់ប្រទេស​ចិន ដែល​ជា​ប្រភពកើតចេញដំបូង ជំងឺ កូវីដ១៩ បាន​ក្លាយ​ជា​ប្រទេស​គំរូគេ នៅក្នុង​ពិភពលោក ខាង​ចាត់​វិធានការ​ដ៏​ប្រសិទ្ធិភាព ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ ដូចជា ការសម្រុកធ្វើតេស្ត រកអ្នកមានមេរោគ បិទភូមិ ដែល​មាន​អ្នកឆ្លង ឬ​ដាក់​ដាច់ដោយឡែក រាល់អ្នកចំណូលថ្មី​ជាដើម។ វិធានការ​នេះ ធ្វើ​ឲ្យ​វៀតណាម មាន​ករណី​ឆ្លង​តិចជាង ៣០០​នាក់ គិត​ចាប់តាំង​ពី​ពេល​ដែល​មេរោគ​កូរ៉ូណា ឆ្លងរាលដាល​ពេញពិភពលោក ពីខែ មករា​រហូត​ដល់​ខែ មេសា។ នៅក្នុង​រយៈពេល ៩៩​ថ្ងៃ ចាប់តាំង​ពីខែ មេសា រហូត​ដល់​ពាក់កណ្តាល​ខែ​កក្កដា វៀតណាម គ្មាន​ករណី​ឆ្លង​ម្នាក់​សោះ។

ប៉ុន្តែ ចាប់តាំង​ពី​ចុងសប្តាហ៍មុន វៀតណាម​លែង​អាច​មាន​មោទនភាព​ទៀតហើយ។ ករណី​ឆ្លងមេរោគ​កូវីដ​បាន​ចាប់ផ្ទុះលឿន​ដូចលាជ នៅ​វៀតណាម​ដោយ​ករណី​ឆ្លងដំបូងគេ កើតមាន​ នៅ​ទីក្រុង​ទេសចរណ៍ ជាប់​មាត់​សមុទ្រ Da Nang។ អាជ្ញាធរ​វៀតណាម កំពុង​បារម្ភ​ពីការឆ្លងរាលដាល​ខ្លាំង​នៅទីក្រុង​ហាណូយ ព្រោះ​ប្រជាជន​ជាង ២ម៉ឺន​នាក់​របស់​ហាណូយ​បាន​ទៅ​សម្រាកកំសាន្ត​នៅ​Da Nang។ គិត​មក​ដល់ពេលនេះ វៀតណាម​រកឃើញមាន​អ្នកឆ្លងថ្មី សរុប ៥០៩នាក់។ នៅ​ថ្ងៃ​សុក្រនេះ អ្នកឆ្លងមេរោគកូរ៉ូណា​ថ្មី ចំនួន ៤៥នាក់ ក្នុង​តែ​មួយ​ថ្ងៃ​សុក្រនេះ និង​មាន​មនុស្ស​ស្លាប់​ម្នាក់ ដំបូងគេ ដោយសារ​កូវីដ នៅវៀតណាម។

គណៈកម្មាធិការ​បន្ទាន់ របស់​អង្គការ​សុខភាព​ពិភពលោក ត្រូវ​បើកកិច្ចប្រជុំ នៅ​ថ្ងៃ​សុក្រនេះ​នៅទីក្រុង​ហ្សឺណែវ ដើម្បី​វាយតម្លៃ​ស្ថានភាព​ជំងឺកូវីដ

ចាប់តាំង​ពី​ផ្ទុះកើតមាន ជំងឺរាតត្បាត​កូវីដ ១៩ គណៈកម្មាធិការ​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បើកការប្រជុំ​៣​លើក​មក​ហើយ។ នៅក្នុង​កិច្ចប្រជុំ​លើកទី៤ គណៈកម្មាធិការ​បន្ទាន់​ដែល​មាន​សមាជិក និងទីប្រឹក្សា ២០រូប អាច​ស្នើ​ឲ្យ​មាន​សេចក្តីណែនាំ​ថ្មី ឬ​ក៏កែប្រែ​អនុសាសន៍​មួយចំនួន ដែល​អង្គការ​សុខភាព​ពិភពលោក​បានដាក់​ចេញ​កន្លងមក។

យ៉ាងណាក៏ដោយ នៅពេល​ជំងឺ​កូវីដ បាន​ឆ្លងរាលដាលខ្លាំង ក្នុង​ល្បឿន ដ៏លឿនគួរ​ឲ្យ​បារម្ភ គណៈកម្មាធិការ​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក ទំនង​ជា​នឹងមិន​ផ្លាស់ប្តូរ ការប្រកាស​របស់ខ្លួន ស្តីពី​ការប្រកាស​អាសន្ន​ជាសកល​ពីជំងឺរាតត្បាត​កូវីដ​នោះទេ។

គេ​នៅ​ចាំ​បាន​ថា នៅ​ថ្ងៃ​ទី ៣០ មករា ពោល​គឺ​នៅពេល​គេ​រកឃើញ​ករណី​ឆ្លងថ្មី ពី មនុស្ស​ទៅ​មនុស្ស នៅក្រៅទឹកដី​ចិន អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាសអាសន្ន ជាសាកល ពី​មេរោគ​ផ្លូវដង្ហើម​កូរ៉ូណាវីរុសថ្មី ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ លំដាប់​ពិភព​លោក។

អង្គការ​សុខភាពពិភពលោក​រងការរិះគន់ថា ចេញសេចក្តីប្រកាសណែនាំ​យឺតយ៉ាវ នៅចំពោះមុខ​​ជំងឺ​កូវីដ ដែលរីករាលដាល ក្នុង​សន្ទុះលឿន គួរ​ឲ្យ​ព្រួយបារម្ភ

នៅពេល​ជំងឺរាតត្បាត​កូវីដ កាន់តែ​រីករាលដាលខ្លាំងចូល​ដល់​ទឹកដី​អឺរ៉ុប និង​អាមេរិក នៅ​ខែ​មីនា អង្គការ​សុខភាព​ពិភពលោក​ក៏ចាប់រងការរិះគន់ថា បាន​ទាញសញ្ញាអាសន្ន​យឺតពេល ដោយសារ​ខ្លាច​ឥទ្ធិពលរបស់​ចិន ឬ​មួយ​ក៏​ចេញ​សេចក្តីណែនាំ​ដែល​យឺតយ៉ាវ និងមិនត្រឹមត្រូវ ដូចជាថា ការពាក់ម៉ាស មិនមែន​ជា​ដំណោះស្រាយ​ទិព្វសម្រាប់​ប្រឆាំង​នឹង​ជំងឺកូវីដ​ជាដើម។

អ្នកជំនាញ​សុខភាព នៅប្រទេស​បារាំង សោកស្តាយ​នៅត្រង់ថា អង្គការ​សុខភាព​ពិភពលោក ដែល​ជា​ស្ថាប័ន​សំខាន់​មួយ របស់​អង្គការ​សហប្រជាជាតិ បានត្រឹមតែ​ចេញ​សេចក្តីណែនាំ​ដែល​យឺតយ៉ាវ ដើម្បី​ឆ្លើយតប​នឹងហេតុការណ៍ បន្ទាន់ ជាក់ស្តែង ពោល គឺ​បាន​មួយថ្ងៃ គិត​មួយថ្ងៃ  ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក គ្មាន​សមត្ថភាព វាយតម្លៃ ឬ​គិតរៀបចំ​ផែនការ ទុក​ជាមុន សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដនោះទេ។ ដោយសារ​តែ​កូវីដ អង្គការ​សុខភាព​ពិភពលោក ដែល​គ្មាន​អំណាច​ផ្លូវច្បាប់​ដើម្បី​ចាប់បង្ខំ រដ្ឋ​សមាជិក​ឲ្យ​អនុវត្ត​តាមខ្លួន បាន​ធ្លាក់ខ្លួន​ចុះខ្សោយ ជាពិសេស នៅបន្ទាប់​ពី​អាមេរិក​​ប្រកាស​ដកខ្លួន​ចេញ​ពី​ស្ថាប័ន សុខភាព​មួយ​នៅ​ខែ​កក្កដានេះ។ នៅចំពោះមុខ ជំងឺកូវីដ ដែល​ឆ្លងរាលដាល​ក្នុង​សន្ទុះដ៏លឿននៅអាមេរិក លោកដូណាល់ ត្រាំ បាន​ស្តីបន្ទោស អង្គការ​សុខភាព​ពិភពលោក​ថា ជាអាយ៉ង​របស់​ចិន ដែល​បាន​លាក់​តាំង​ពីដំបូងទី ពីគ្រោះថ្នាក់ នៃ​ជំងឺ​រាតត្បាត​កូវីដ ដែល​ផ្ទុះដំបូង​នៅ​ទីក្រុង​វូហាន​ប្រទេស​ចិន។

នៅចំពោះមុខ​ជំងឺកូវីដ​ដែលរាតត្បាត​ពាសពេញសកលលោក ប្រទេសជាច្រើន ជាពិសេស ក្រុមបណ្តាប្រទេស​អ្នកមាន ប្រទេស​អភិវឌ្ឍ​ បាន​ចាត់វិធានការ ផ្ទាល់ខ្លួន ផ្សេងៗគ្នា ដើម្បី​ដោះស្រាយ​វិបត្តិ​កូវីដ ដោយមិនចាំ​រង់ចាំ​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក។ សម្រាប់​ប្រទេស​ ដែល​មានអ្នកជំនាញ​សុខភាព​សាធារណៈ និង​មាន​ប្រព័ន្ធ​សុខាភិបាល​រឹងមាំ គេ​មិនសូវ​ជា​ត្រូវការ​អង្គការ​សុខភាព​ពិភពលោក​ប៉ុន្មានទេ។ ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក ដើរតួសំខាន់ ណាស់ សម្រាប់​ប្រទេស​ក្រីក្រ ខ្សត់ខ្សោយ ដែល​ត្រូវការ ជំនួយ របស់​អង្គការសុខភាពពិភពលោក ទាំង​ខាង​ខាងអ្នកជំនាញ​សុខភាព និង​សម្ភារៈ។

មួយវិញទៀត បើទោះបី​ជា​សេចក្តីប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក​អាច​ចេញយឺតយ៉ាវ ព្រោះគេត្រូវ​ធ្វើឡើង​ដោយប្រុងប្រយ័ត្ន ដោយ​យោងទៅលើ​តួលេខ និងការសិក្សា​ច្បាស់លាស់ ប៉ុន្តែ យ៉ាងហោចណាស់ ក៏​គេ​មាន​សេចក្តីប្រកាស​រួមមួយ សម្រាប់​ជា​អំណះអំណាង​យោង​ជា​ផ្លូវការ សម្រាប់​គ្រប់ប្រទេស​នៅក្នុង​ពិភពលោក។

ឧទាហរណ៍ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ពី​ការកើនឡើង​នៃ​ករណីឆ្លង ក្នុង​ចំណោម​យុវជន ជាពិសេស​នៅ​អឺរ៉ុប ដែល​កំពុង​សប្បាយភ្លើតភ្លើន នឹងការជួបជុំ ជប់លៀង នៅក្នុង​ពេល​វ៉ាកង នៅរដូវក្តៅនេះ។ សម្រាប់​អង្គការ​សុខភាព​ពិភពលោក យុវជន​មិនអាច​យកឈ្នះ​លើជំងឺ​កូវីដ​បានទេ។ ទោះជាពួកគេ​កម្រ​នឹង​ធ្លាក់ខ្លួន​ឈឺធ្ងន់ក្តី ប៉ុន្តែ ពួកគេ អាច​ចម្លងមេរោគ ដ៏គ្រោះថ្នាក់ នេះ ទៅ​មនុស្ស​ចាស់ ឬ​មនុស្ស​ដែល​មាន​សុខភាព​ទន់ខ្សោយ។

ចង់ មិនចង់ ការព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក អាច​ជា​សារ ទាញ​ពញ្ញាក់អារម្មណ៍​របស់​យុវជន មួយចំនួន ដែល​ធ្លាប់តែ​អរិភាព មិនចង់​ជឿ​ធ្វើតាម​ការរំលឹក​ដាស់តឿនរបស់​រដ្ឋាភិបាល​ក្នុងស្រុក​ពួកគេ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ