អានតួអត្ថបទ
អូស្ត្រាលី-កូវីដ១៩

អូស្ត្រាលី​ ដាក់​ចេញ​បំរាម​គោចរ​នៅក្រុង​ម៊ែលបន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​កូវីដ

មន្រ្តីប៉ូលិសអូស្ត្រាលី ដើរល្បាតខណៈពេលដែលទីក្រុងម៊ែលបនស្ថិតនៅក្រោមវិធានការរឹតបន្តឹងដោយសារតែការរីករាលដាលកូវីដកាលពីថ្ងៃទី ២៦ កក្កដាឆ្នាំ ២០២០។
មន្រ្តីប៉ូលិសអូស្ត្រាលី ដើរល្បាតខណៈពេលដែលទីក្រុងម៊ែលបនស្ថិតនៅក្រោមវិធានការរឹតបន្តឹងដោយសារតែការរីករាលដាលកូវីដកាលពីថ្ងៃទី ២៦ កក្កដាឆ្នាំ ២០២០។ REUTERS - STRINGER
ដោយ៖ អ៊ុង គឹមអ៊ាន់
១៥ នាទី

ប្រឈម​នឹង​ការ​រីករាលដាល​កាន់តែ​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩​ ប្រទេស​អូស្ត្រាលី​នៅថ្ងៃ​អាទិត្យ​ ទី២ សីហា​នេះ​ បាន​ប្រកាស​ដាក់ចេញ​នូវវិធានការ​ជាច្រើន​នៅ​ទីក្រុង​មែលប៊ន។ ក្នុងចំណោម​វិធានការ​ទាំងនោះ​រួមមាន​ជាអាទិ៍ ​ការ​ដាក់បម្រាម​គោចរ​ពេលយប់​ និង​ការ​ហាមឃាត់​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជាលើក​ដំបូង​ក្នុងអំឡុង​ពេល​មាន​វិបត្តិកូវីដ​។

ផ្សាយពាណិជ្ជកម្ម

ទោះបីជា​បាន​ចាត់វិធានការ​បិទក្រុង​ម៊ែលបន​តាំងពី​ដើមខែកក្កដា​យ៉ាងណាក៏ដោយ​ ក៏​ម៊ែលបន​ ដែលជា​ទីក្រុងធំ​ទី២​ របស់​អូស្ត្រាលី​ នៅតែ​មានករណីឆ្លង​កូវីដថ្មី​ច្រើន​គួរឲ្យបារម្ភដដែល​។​ ដោយ​ហេតុនេះ​ហើយ​ទើប​អាជ្ញាធរ​អូស្ត្រាលី​ បានសម្រេច​ដាក់​បម្រាម​គោចរ​ពេលយប់​ក្នុង​ទីក្រុង​​ម៊ែលបន​ចាប់ពីម៉ោង​ ៨ យប់​ដល់​ម៉ោង​ ៥ ព្រឹក​ រយៈពេល​ ៦ សប្តាហ៍​។

ក្នុង​ពេលប្រកាស​ពី​ “ស្ថានភាព​គ្រោះថ្នាក់​” នៅ​ម៊ែលបន​ដែលជា​ទីក្រុង​ស្ថិតក្នុងរដ្ឋ​ Victoria អភិបាល​រដ្ឋនេះ​គឺ​លោក​ដានីញ៉ែល​ អេនឌ្រូ​ (Daniel Andrews) បាន​មានប្រសាសន៍ថា​ វិធានការ​រឹតត្បិត​នៅក្នុង​ទីក្រុង​ម៊ែលបន​នឹង​ឈានទៅដល់​ដំណាក់កាល​ទី​ ៤ រហូតដល់​ថ្ងៃទី​ ១៣​ ខែ​កញ្ញាខាងមុខ​ ដោយសារ​តែ​អត្រា​ចម្លង​មេរោគ​កូវីដ​១៩​ នៅក្នុង​សហគមន៍​​មាន​ចំនួន​ខ្ពស់ខ្លាំង​ពេក​។

ស្ថិតនៅក្រោម​វិធានការ​ដំណាក់កាល​ទី៤​ ចាប់ពី​យប់ថ្ងៃ​អាទិត្យ​នេះទៅ​ អ្នករស់នៅ​ក្នុងទី​ក្រុង​ម៊ែលបន​នឹងត្រូវគេ​កំណត់ឲ្យធ្វើ​លំហាត់ប្រាណ​បានតែមួយម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​ និង​មិនឲ្យ​លើស​ចម្ងាយ​ប្រាំគីឡូម៉ែត្រ​ពីផ្ទះ​របស់​ពួកគេឡើយ​។ ក្នុងគ្រួសារ​មួយ​ មានតែ​មនុស្សម្នាក់​ប៉ុណ្ណោះ​ដែលអាច​ចេញទៅទិញ​ទំនិញ​ចាំខាច់​ក្នុងមួយថ្ងៃៗ។

សិស្សនិស្សិត​ភាគច្រើន​នៅទីក្រុង​ម៊ែលបន​ នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​អនុវត្ត​ការ​រៀន​សូត្រ​ពី​ចម្ងាយ​តាម​អនឡាញ​សាជាថ្មី​ចាប់ពី​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃពុធ​សប្តាហ៍​ខាងមុខ​។ ចំណែកឯ​ សាលាមត្តេយ្យ​និង​មណ្ឌលថែទាំ​វិញ​ នឹង​ត្រូវ​បិទទ្វារ​ចាប់ពីថ្ងៃ​ព្រហស្បតិ៍​ ទន្ទឹមពេល​ដែល​ពិធីមង្គលការ​ក៏នឹង​ត្រូវ​បាន​ហាមឃាត់​ផងដែរ​។

បន្ថែមលើនេះ​ លោក​អភិបាល​រដ្ឋ Victoria ​ដានីញ៉ែល​ អេនឌ្រូដា​ មានឲ្យដឹង​ដែរថា​ ចំណាត់ការ​រឹតបន្តឹង​ផ្សេងទៀត​ ដែល​ទាក់ទងនឹង​កន្លែង​ធ្វើការ​ នឹង​ត្រូវ​ប្រកាស​នៅថ្ងៃចន្ទ​ស្អែក​ និង​បានបង្ហើបទៀត​ថា​ អាជីវកម្ម​ដែល​មិនចាំបាច់​នឹង​ប្រឈមទៅនឹង​ការ​បិទទ្វារ​។

គូរគូសបញ្ជាក់ជូនថា​ គិតត្រឹម​ថ្ងៃអាទិត្យ​ ទី២​ សីហានេះ​ ករណីឆ្លង​កូវីដសរុប​នៅក្នុង​ប្រទេស​អូស្ត្រាលី​មាន​ចំនួនជិត​ ១៨ ០០០ នាក់​ និង​មាន​អ្នក​ស្លាប់​ ២០៨ នាក់​ក្នុង​ចំណោម​ប្រជាជន​សរុប​ទាំងអស់​ ២៥​ លាន​នាក់​។ នៅទីក្រុង​ម៊ែលបន​ ករណីឆ្លងកូវីដថ្មី​ត្រូវ​គេ​រាយការណ៍​ថា​មាន​ចំនួនរាប់រយករណី​ជារៀងរាល់ថ្ងៃ​ ហើយ​រហូតមកទល់​នឹងពេលនេះ​ ករណី​ឆ្លង​កូវីដ​នៅទីក្រុង​ម៊ែលបន​មាន​ ៦៧១​ ករណី​ និង​មាន​ស្លាប់ ៧ នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ