ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​មហាសេដ្ឋី​ប្រេង ដូចជា​អេមីរ៉ាតអារ៉ាប់រួម ត្រូវការ​ថាមពល​នុយក្លេអ៊ែរ?

សំឡេង ០៤:៣៩
មជ្ឈមណ្ឌលនុយក្លេអ៊ែរ​របស់​អេម៉ាតអារ៉ាប់រួម នៅ​បារ៉ាកាស បាន​ដាក់ដំណើរការ​ម៉ាស៊ីនប្រតិករ​ទី​១ ចាប់តាំង​ពីថ្ងៃទី ១សីហា ២០២០
មជ្ឈមណ្ឌលនុយក្លេអ៊ែរ​របស់​អេម៉ាតអារ៉ាប់រួម នៅ​បារ៉ាកាស បាន​ដាក់ដំណើរការ​ម៉ាស៊ីនប្រតិករ​ទី​១ ចាប់តាំង​ពីថ្ងៃទី ១សីហា ២០២០ AP - Arun Girija

នៅថ្ងៃ​សៅរ៍​ទី​១​សីហា​កន្លងទៅ អេមីរ៉ាតអារ៉ាប់រួម​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីនប្រតិករ​ទី១ របស់​មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ ដែល​អេមីរ៉ាតអារ៉ាប់រួម បាន​សម្ពោធ​កាត់ខ្សែបូ តាំង ពី​ឆ្នាំ ២០១១។ អេមីរ៉ាតអារ៉ាប់រួម​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ ​នៅ​បន្ទាប់​ពី​បាន​បាញ់បង្ហោះ​ដោយ​ជោគជ័យ យានអវកាស​ទៅ​ស្រាវជ្រាវ​ភព​ព្រះអង្គារ កាលពី​ថ្ងៃ​ទី​២០​កក្កដា​កន្លងទៅ។ ជាច្រើន​ឆ្នាំ​មកនេះ ប្រទេស​មហាសេដ្ឋីប្រេង​បាន​វិនិយោគ ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ​ទៅលើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា ដើម្បី​អាច​ចូលចុះ​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច អវកាស និង​នុយក្លេអ៊ែរ។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​រយៈពេល​មិន​ដល់​២សប្តាហ៍ អេមីរ៉ាត អារ៉ាប់រួម ប្រទេស​មហាសេដ្ឋី​ប្រទេស ដ៏តូច នៅ​ឈូងសមុទ្រ​ពែរ្ស បាន​បង្កើត​ព្រឹត្តិការណ៍​ពីរ ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សហគមន៍​អន្តរជាតិ។ នៅថ្ងៃទី​២០ កក្កដា អេមីរ៉ាតអារ៉ាប់រួម បាន​ក្លាយ​ជា​ប្រទេស​អារ៉ាប់​ដំបូងគេ ដែល បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ យានអវកាស​ឲ្យ​ទៅ​សិក្សា​ស្រាវជ្រាវ ភពព្រះអង្គារ ​មិន​ចាញ់​មហាអំណាច​ចិន និង​អាមេរិក។ នៅថ្ងៃ​សៅរ៍​ទី​១​សីហា​កន្លងទៅ អេមីរ៉ាតអារ៉ាប់រួម​បាន​ប្រកាស​ដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ ដំបូងគេ នៅ​ពិភពអារ៉ាប់។

ទៅតាម​គម្រោង មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល​របស់​អេមីរ៉ាតអារ៉ាប់រួម ដែល​សាងសង់​ឡើង​ដោយ​សហគ្រាសថាមពល​នុយក្លេអ៊ែរ​អេមីរ៉ាតអារ៉ាប់រួម ជាមួយ ក្រុមហ៊ុន​កូរ៉េខាងត្បូង នឹង​មាន​បំពាក់​ម៉ាស៊ីន​ប្រតិករ​ចំនួន ៤ ទៅថ្ងៃ​អនាគត ដែល​នឹង​អាច​មានសមត្ថភាព​ផលិត​អគ្គិសនី ចំនួន ៥ ៦០០ ម៉េហ្គាវ៉ាត់ សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​២៥ភាគរយ​របស់​ប្រជាជន។

អេមីរ៉ាតអារ៉ាប់រួម ដែល​មាន​ប្រជាជន​សរុប ជិត ១០លាននាក់ ត្រូវការ​ថាមពល​ផ្សេង ក្រៅ​ពី​ប្រេង និង​ឧស្ម័ន​ដែល​ខ្លួន​មាន សម្រាប់​ផលិតអគ្គិសនី ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ដែល​ចេះ​តែ​កើនឡើង ដោយសារ​តែ​ការប្រើ​ម៉ាស៊ីន​ត្រជាក់ រាប់លានគ្រឿង សម្រាប់​ទប់ទល់​នឹង​អាកាសធាតុ​ក្តៅខ្លាំង​នៅប្រទេស​អារ៉ាប់​មួយ​នេះ។

ជា​មហាសេដ្ឋីប្រេង អេមីរ៉ាតអារ៉ាប់រួម មានធនធាន​គ្រប់គ្រាន់​ដើម្បី​ផលិត​អគ្គិសនី​តាមតម្រូវការ​ប្រើប្រាស់​ក្នុង​ប្រទេស។ ប៉ុន្តែ ចាប់តាំង​ពី​ការកកើត​រដ្ឋ អេមីរ៉ាតអារ៉ាប់រួម ដែល​ជា​បណ្តុំ​បញ្ចូលគ្នា នៃ​រាជបុរី​អេមីរ៉ាត​ចំនួន ៩ចូលគ្នា កាលពី​ឆ្នាំ ១៩៧១ មកម្ល៉េះ អេមីរ៉ាតអារ៉ាប់រួម​បានសន្សំគំនិត​បណ្តុះបណ្តាល​បច្ចេកវិទ្យា សម្រាប់​មហិច្ឆតា​នុយក្លេអ៊ែរ។ រាជបុត្រ​ស្នងរាជ្យ​របស់​អាប៊ូដាប៊ី ទទួល​បន្ទុក​ផ្នែក​អវកាស និង​សន្តិសុខ អះអាងថា រោងចក្រ​នុយក្លេអ៊ែរ​នៅ បារ៉ាកាស ដែល​ស្ថិតនៅ​ប៉ែកពាយ័ព្យ របស់​ប្រទេស គឺ​ការបោះជំហាន​ថ្មី​របស់​អេមីរ៉ាតអារ៉ាប់រួម ក្នុងការអភិវឌ្ឍ​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល។

កាតា ប្រទេស​ជិតខាង ដែល​អេមីរ៉ាតអារ៉ាប់រួម លែង​រាប់រក តាំង​ពី​ឆ្នាំ ២០១៧ ​ចាត់ទុក​មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ នៅ​បារ៉ាកាស ថា អាច​បំពុល​បរិស្ថាន និង​ការគំរាមកំហែង​សន្តិភាព​ក្នុង​តំបន់។

នៅក្នុង​បរិបទ​ដែល​កំពុង​កើតមាន​ភាពតានតឹង នៅក្នុង​តំបន់ អ្នកតំណាង​របស់​អេមីរ៉ាតអារ៉ាប់រួម នៅ​ទីភ្នាក់ងារ​ថាមពល​បរិមាណូ អន្តរជាតិ​ក៏បាន​និយាយ​ធានា​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់អេមីរ៉ាតអារ៉ាប់រួម ​មាន​គោលដៅ​ស៊ីវិល គ្មាន​បង្កប់​ដោយ​មហិច្ឆតា​យោធា​នោះទេ។ អេមីរ៉ាតអារ៉ាប់រួម នៅបានអះអាងថា ខ្លួន​បាន​គោរព បទដ្ឋាន និងសហការ​ជាប់ជាប្រចាំ ជាមួយ​ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរ​អន្តរជាតិ ដែល​អេមីរ៉ាតអារ៉ាប់រួម​បានបើកទ្វារ​ទទួល​យក​ក្រុមអ្នកអធិការកិច្ច ឲ្យ​ទៅតាមដាន សកម្មភាព​នៅក្នុង​មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ​នៅ​បារ៉ាកាស។

មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ របស់អេមីរ៉ាតអារ៉ាប់រួម ធ្វើឡើង​សម្រាប់​គោលដៅ​ស៊ីវិល ប៉ុន្តែ មិនមែន​ក្នុង​គោលដៅ​យោធានោះទេ។ ពាក្យ​នេះ គេធ្លាប់​លឺ​ប្រទេស​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និយាយ​ជាច្រើន​មកហើយ ដូចជា​អ៊ីរ៉ង់​ជា​ដើម ដែល​ត្រូវ​ប្រទេស​មហាអំណាច​មិនជឿទុកចិត្ត និង​ចាប់ឲ្យ​ចុះ​កិច្ចព្រមព្រៀង មិន​ប្រព្រឹត្ត​កម្មវិធី​នុយក្លេអ៊ែរ​យោធា ជាថ្នូរ​នឹង​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។

មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ​របស់​អេមីរ៉ាតអារ៉ាប់រួម ស្ថិតនៅជាប់ឆ្នេរ ត្រើយម្ខាង​របស់​អ៊ីរ៉ង់ ដែល​ជា​គូប្រជែង​ភូមិសាស្រ្ត​នយោបាយ​របស់​អេមីរ៉ាតអារ៉ាប់រួម និង​បណ្តា​ប្រទេស​អារ៉ាប់​ផ្សេងទៀត។ អ៊ីរ៉ង់ និង​អេមីរ៉ាត់អារ៉ាប់​រួម ដែលចូលរួម​ជាមួយ អារ៉ាប៊ី សាអូឌីត កំពុង​ប្រជែង​ដណ្តើម​ឥទ្ធិពល​គ្នា ក្នុង​តំបន់ តាមរយៈ ការគាំទ្រ ភាគី​ជម្លោះ​ប្រដាប់​អាវុធ នៅក្នុង​សង្រ្គាម​យេម៉ែន ឬ​នៅ​ស៊ីរី​ជាដើម។ បើសិន​អ៊ីរ៉ង់​កំពុង​មាន​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​យោធា នៅក្រោយ អាមេរិកដកខ្លួន​ពីកិច្ចព្រមព្រៀង តើ​គេអាច​ជឿបាន​យ៉ាងម៉េចថា អេមីរ៉ាតអារ៉ាប់រួម ដែលជា​គូប្រជែង​របស់​អ៊ីរ៉ង់ អាច​អត់ធ្មត់ មានតែ​កម្មវិធីនុយក្លេអ៊ែរ​ស៊ីវិល​បានយ៉ាងម៉េច?

សម្រាប់អ្នកជំនាញ អេមីរ៉ាតអារ៉ាប់រួម ដែល​មាន​ធនធាន​ហិរញ្ញវត្ថុ​កប់ពពក បាន​មក​ពី​ការលក់ប្រេង និង​ឧស្ម័ន ប្រាកដជា​មិន​ចង់​អន់ថយ បាក់មុខនោះទេ។ នៅពេល​ដែល អេមីរ៉ាតអារ៉ាប់រួម​ប្រទេស​អភិរក្ស​និយម នៅតែ​ចង់​ពង្រីក​កិត្យានុភាព និង​កាន់តែ​ដើរតួនាទី​សំខាន់​នៅ​តំបន់ ដូចជា​ប្រលូកខ្លួន​ក្នុង​សង្រ្គាម​នៅ​លីប៊ី ស៊ីរី និង​យេម៉ែន អេមីរ៉ាតអារ៉ាប់រួម​ច្បាស់ជា​ត្រូវគិតគូរ​ផ្តោតសំខាន់​ទៅលើ​បច្ចេកវិទ្យា ទាំងឡាយណា​ដែល​អាច​ជួយ​ខ្លួន​ឲ្យ​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ​យោធា​មួយនឹង​គេដែរ ទៅ​ថ្ងៃ​អនាគត នោះបើទោះជា​អេមីរ៉ាតអារ៉ាប់រួម ដែល​មាន​ផ្ទៃដី តែ ៨៣០០០​គីឡូម៉ែត្រការ៉េ និង​មាន​ប្រជាជន​មិន​ដល់​១០លាននាក់​ផងនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI