អានតួអត្ថបទ
ហ្វីលីពីន-កូវីដ១៩

ហ្វីលីពីន​ចេញ​បទ​បញ្ជាឲ្យ​ប្រជាជន​រាប់លាន​នាក់​នៅ​ក្នុងផ្ទះ​ព្រោះតែ​ករណី​ឆ្លង​កូវីដ​ហក់​ឡើង​ខ្លាំង

មនុស្សម្នាជាច្រើនជាប់គាំងនៅលើដងផ្លូវត្រង់ចំណុចត្រួតពិនិត្យមួយក្នុងទីក្រុងម៉ានីលចំថ្ងៃដំបូងនៃការអនុវត្តន៍វិធានការបិទក្រុងម៉ានីលនិងតំបន់ជុំវិញសាជាថ្មីដើម្បីទប់ស្កាត់ជំងឺកូវីដ ថាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។
មនុស្សម្នាជាច្រើនជាប់គាំងនៅលើដងផ្លូវត្រង់ចំណុចត្រួតពិនិត្យមួយក្នុងទីក្រុងម៉ានីលចំថ្ងៃដំបូងនៃការអនុវត្តន៍វិធានការបិទក្រុងម៉ានីលនិងតំបន់ជុំវិញសាជាថ្មីដើម្បីទប់ស្កាត់ជំងឺកូវីដ ថាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ REUTERS - ELOISA LOPEZ
ដោយ៖ អ៊ុង គឹមអ៊ាន់
១៥ នាទី

ប្រជាជន​ហ្វីលីពីន​ជាង​ ២៧ លាន​នាក់​ ស្មើនឹង​មួយ​ភាគបួន​នៃ​ចំនួន​ប្រជាជន​សរុប​ទាំងអស់​ ត្រូវបាន​រដ្ឋាភិបាល​ ចាត់​តម្រូវ​ឲ្យនៅតែ​ក្នុង​ផ្ទះ​សាជាថ្មីវិញ​ចាប់ពី​ថ្ងៃអង្គារ​នេះ​។ អាជ្ញាធរ​ហ្វីលីពីន​ បាន​សម្រេច​ចេញ​បម្រាម​នេះ​ភ្លាមៗ​ បន្ទាប់ពី​ភ្នាក់ងារ​សុខាភិបាល​ជាតិ​ ព្រមាន​ថា​នឹង​អាច​គ្រប់គ្រង​ការ​រីករាលដាល​កូវីដ​លែង​ឈ្នះ​ ដោយសារតែ​ករណី​ឆ្លង​ជំងឺកូវីដ ហក់​ឡើងខ្លាំង​នៅ​មួយរយៈពេល​ចុងក្រោយនេះ​។

ផ្សាយពាណិជ្ជកម្ម

ប្រឈមទៅនឹង​ការ​រីករាលដាលជំងឺ​កូវីដ១៩​ ដែលកំពុង​បន្ត​កើនឡើងខ្លាំង​នៅក្នុងប្រទេស​ រដ្ឋាភិបាល​ហ្វីលីពីន​ បាន​សម្រេច​ដាក់​បម្រាមឲ្យ​ប្រជាជន​រាប់លាននាក់​ស្នាក់នៅតែក្នុងផ្ទះ​សាជាថ្មីវិញ​។ វិធានការ​រឹតត្បិត​ចុងក្រោយនេះ​ ត្រូវបាន​ប្រកាសដោយ​លោក​ប្រធានាធិបតី​ រ៉ូឌ្រីហ្គោ ឌុយទែរតេ កាលពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅ​ ដោយ​ចាប់ដាក់​ឲ្យអនុវត្ត​នៅក្នុង​ រដ្ឋធានីម៉ានីល​ និង​ខេត្តជុំវិញ​ចំនួនបួន​នៅលើកោះ​លូហ្សុន (Luzon)។

ក្នុងរយៈពេល ២ សប្តាហ៍​ខាងមុខនេះ​ ការ​ដឹកជញ្ជូន​សាធារណៈ​ រួមមាន​ទាំង​រថយន្ត​ដឹក​ទំនិញ​ធុនតូច​ ហើយនិង​ជើងហោះហើរ​ក្នុងស្រុក​ ត្រូវ​ផ្អាក​ដំណើរការ​ ដើម្បី​កាត់បន្ថយ​ការ​ឆ្លងរាលដាលកូវីដ​ ដែល​បាន​សម្លាប់​មនុស្សជាច្រើន​ពាន់​នាក់​នៅហ្វីលីពីន​។

ប្រជាជន​ហ្វីលីពីន​ ត្រូវបាន​គេ​តម្រូវឲ្យ​ស្នាក់នៅតែ​ក្នុងផ្ទះ​ លើកលែង​តែ​ពួកគេ​ត្រូវចេញ​ទៅទិញ​របស់របរ​ចាំបាច់​ ឬ​ត្រូវ​ធ្វើ​លំហាត់ហប្រាណ​ ឬក៏​ត្រូវចេញទៅ​ធ្វើការ​ប៉ុណ្ណោះ​។ ចំណែកឯ​ ភោជនីយដ្ឋាន​វិញ​ ត្រូវបាន​អនុញ្ញាតឲ្យ​បម្រើសេវា​ដោយការ​ដឹកជញ្ជូន​ម្ហូបអាហារ​ភេសជ្ជៈ​ទៅឲ្យ​អតិថិជន​ ខណៈពេលដែល​មានតែ​អាជីវកម្ម​មួយចំនួន​ប៉ុណ្ណោះ​ ត្រូវបាន​អនុញ្ញាត​ឲ្យបើកទ្វារ​ធ្វើប្រតិបត្តិការ​បាន​។

គួរ​ជម្រាបជូនថា​ រដ្ឋាភិបាល​ហ្វីលីពីន​ បាន​ប្រញាប់​ប្រកាស​បិទទីក្រុង​ម៉ានីល​ និង​តំបន់​ជុំវិញ​សាជាថ្មី​ ជាមួយនឹង​ការ​ជូនដំណឹង​រយៈពេល​ ២៤ ម៉ោង​។ ចំណាត់ការនេះ​ធ្វើឡើង​ភ្លាមៗ​ បន្ទាប់ពី​សមាគម​វេជ្ជសាស្ត្រ​ចំនួន​ ៨០​ ដែល​តំណាងឲ្យ​ក្រុមគ្រូពេទ្យ​រាប់ពាន់នាក់​ បាន​អំពាវនាវឲ្យ​លោក​ប្រធានាធិបតី​ឌុយទែរតេ​ រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​ជំងឺកូវីដ​ដោយសារ​ខាងមន្ទីរពេទ្យ​មិនអាច​ទប់ទល់នឹង​ចំនួន​អ្នកជំងឺ​ដែលកាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នោះទេ​។

ជាមួយនឹងការ​ជូនដំណឹង​រយៈពេល​ ២៤ ម៉ោង​ មនុស្ស​ជាច្រើន​បាន​ជាប់គាំង​នៅក្នុង​ទីក្រុង​ម៉ានីល​ ហើយ​មិន​អាច​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​វិញ​បាននោះទេ​ ពីព្រោះថា​សេវា​ដឹក​ជញ្ជូន​សាធារណៈ​និង​ជើងហោះហើរ​ក្នុងស្រុក​ត្រូវ​បាន​ផ្អាក​។

គួរជម្រាបជូនថា​ គិតត្រឹម​ថ្ងៃអង្គារ​ ទី៤ សីហា​នេះ​ ចំនួន​អ្នក​ឆ្លងកូវីដ​សរុប​នៅ​ហ្វីលីពីន​ មាន​ចំនួន​ប្រមាណ​ ១០​ម៉ឺន​ ៦ពាន់​នាក់​ និង​មាន​ស្លាប់​ជាង​ ២ពាន់នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ