អានតួអត្ថបទ

ឥណ្ឌា​ដាក់​បម្រាមគោចរ នៅតំបន់កាស្មៀរ នៅ​មួយថ្ងៃ​មុន​ខួប​១ឆ្នាំ​នៃ​ការដកស្វ័យ័តភាពកាស្មៀរ

ប៉ូលិសឥណ្ឌា​ឆែកលិខិតស្នាម​របស់​ប្រជាជន​នៅ​ច្រកត្រួតពិនិត្យ នៅ​ថ្ងៃ​អនុវត្ត​បម្រាមគោចរ​នៅ​តំបន់​កាស្មៀរ នៅថ្ងៃ​ទី​៤​សីហា និង​ថ្ងៃទី​៥​សីហា​ ដែល​ជា​ថ្ងៃ​ខួប​១ឆ្នាំ​នៃ​ការចូលគ្រប់គ្រង​របស់​រដ្ឋាភិបាល​ឥណ្ឌា​នៅតំបន់​កាស្មៀរ
ប៉ូលិសឥណ្ឌា​ឆែកលិខិតស្នាម​របស់​ប្រជាជន​នៅ​ច្រកត្រួតពិនិត្យ នៅ​ថ្ងៃ​អនុវត្ត​បម្រាមគោចរ​នៅ​តំបន់​កាស្មៀរ នៅថ្ងៃ​ទី​៤​សីហា និង​ថ្ងៃទី​៥​សីហា​ ដែល​ជា​ថ្ងៃ​ខួប​១ឆ្នាំ​នៃ​ការចូលគ្រប់គ្រង​របស់​រដ្ឋាភិបាល​ឥណ្ឌា​នៅតំបន់​កាស្មៀរ REUTERS - DANISH ISMAIL
ដោយ៖ ឈាង បុប្ផា
៣៧ នាទី

រដ្ឋាភិបាល​ឥណ្ឌា​បាន​ចាប់អនុវត្ត​បម្រាមគោចរ រយៈពេល ២ថ្ងៃ នៅ​តំបន់​កាស្មៀរឥណ្ឌា ដោយគិត​ចាប់ពី​ថ្ងៃ​អង្គារ​នេះ ពោល​គឺ​នៅ​មួយថ្ងៃ​មុន​ខួប​១ឆ្នាំ​នៃ​ការលុបចោល​ស្វ័យ័តភាពពិសេស​របស់​តំបន់​កាស្មៀរ តាមរយៈ​ក្រិត្យ​ប្រធានាធិបតី​ឥណ្ឌា។ ដោយ​លុបចោល​ស្វ័យ័តភាពពិសេស របស់​កាស្មៀរ និង​រឹបអូស​យក​តំបន់​កាស្មៀរ​មក​គ្រប់គ្រង​ដោយ​ផ្ទាល់ កាលពី​១ឆ្នាំមុន រដ្ឋាភិបាល​ឥណ្ឌា​របស់​លោកនាយករដ្ឋមន្រ្តី​ហិណ្ឌូនិយម បាន​សន្យា​ប្រែក្លាយ​កាស្មៀរ​ជា​ឋានសួគ៌ លែង​មាន​បញ្ហា​អសន្តិសុខ ដែល​បង្កឡើង​ដោយ​ក្រុមទាមទារ​បំបែកទឹកដី​អ៊ីស្លាម​និយម។

ផ្សាយពាណិជ្ជកម្ម

បម្រាមគោចរ​នៅ​ថ្ងៃ​អង្គារនេះ និង​នៅ​ថ្ងៃ​ពុធ​ស្អែក​ដែល​ជាថ្ងៃ​ខួប ១ឆ្នាំ​នៃ​ការលុបចោល​លក្ខន្តិកៈ​ពិសេស​របស់​តំបន់ស្វ័យ័ត​កាស្មៀរ នឹង​ទៅ​រឹតបន្តឹង​វិធានការ​រក្សា​សន្តិសុខ ដែល​រដ្ឋាភិបាល​ឥណ្ឌា​បាន​ចាប់អនុវត្ត នៅ​តំបន់​កាស្មៀរ ចាប់តាំង​ពី​រដ្ឋាភិបាល​បាន​ចូល​គ្រប់គ្រងដោយ​ផ្ទាល់ តំបន់​កាស្មៀរ នៅ​មួយឆ្នាំមកនេះ។ ទៅតាម​បម្រាមគោចរ គឺ​មាន​តែ​ឡានប៉ូលិស និង​ឡានពេទ្យ ដែល​មាន​សិទ្ធិ​បើកចេញចូល ចំណែក​ប្រជាជន​ត្រូវ​ស្ថិតនៅ​ក្នុង​ផ្ទះ និង​មាន​សិទ្ធិ​ដើរចេញក្រៅ ករណី​មាន​សំបុត្រអនុញ្ញាត​ពី​ប៉ូលិស។ តាម​ប៉ូលិស​ឥណ្ឌា រដ្ឋាភិបាល​បាន​សម្រេច​ដាក់​បម្រាមគោរព នៅ​ពេលនេះ បន្ទាប់​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍ សម្ងាត់ បាន​លើកឡើង​ពី​គម្រោង​ផែនការ​ធ្វើ​បាតុកម្ម​ហិង្សា ប្រឆាំង រដ្ឋាភិបាល​ឥណ្ឌា  នៅ ថ្ងៃទី ៥​សីហា ដែល​ជា​ថ្ងៃ​ខួប​១ឆ្នាំ នៃ​ការដកស្វ័យ័តភាព​កាស្មៀរ។ សម្រាប់​ប្រជាជន​កាស្មៀរ ថ្ងៃ​ទី​៥​សីហា ជា​ថ្ងៃ​ខ្មៅងងឹត ថ្ងៃបើកឆាកដំបូង ដែល​រដ្ឋាភិបាល​ឥណ្ឌា​បាន​ចូលរំលោភ ឈ្លានពាន លេប​យក​កាស្មៀរ​ដែល​ធ្លាប់​រស់នៅ​ដោយសុខសប្បាយ ក្នុង​នាម​ជា​តំបន់ស្វ័យ័ត មិន​ស្ថិតក្រោម​អំណាច​រដ្ឋាភិបាល​ឥណ្ឌា អស់​៧​ទសវត្សរ៍​មកហើយ។

តាំង​ពី​យប់​ថ្ងៃ​ចន្ទ ទាហាន​ឥណ្ឌា ចាប់​ដាក់​ពង្រាយ ខ្សែលួសបន្លា បិទច្រកផ្លូវ​សំខាន់ៗ នៅ​Srinagar ទីក្រុង​ធំជាងគេ​របស់​តំបន់កាស្មៀរ។ បម្រាមគោចរ រយៈពេល ២​ថ្ងៃ​នេះ នឹងទៅ​ដាក់​បន្ទុកបន្ថែម លើ​ប្រជាជន​កាស្មៀរ ដែល​កំពុង​រស់នៅ​ក្នុង​ស្ថានភាព រឹតត្បិត រួចទៅហើយ ដោយសារ​វិធានការ​ទប់ស្កាត់​ជំងឺរាតត្បាតកូវីដ។

នៅមុន​បម្រាមគោចរ កាស្មៀរ មាន​សំបូរ​រួចទៅហើយ រនាំង​បិទ​សឹងគ្រប់​ច្រកផ្លូវ ដែល​អម​ដោយ​ប៉ុស្ត​ត្រួតពិនិត្យ របស់​ទាហាន​ឥណ្ឌា។ ក្រុមហ៊ុន ហាងទំនិញ​ជាច្រើន​ត្រូវ​បិទទ្វារ ចំណែក​ប្រជាជន​ត្រូវ​ហាម​មិន​ឲ្យ​ដើរចេញ​ទៅក្រៅ បើសិន​មិន​ចាំបាច់ ចាប់តាំង​ពី​កើតមាន​វិបត្តិកូវីដ។

មួយឆ្នាំ​ក្រោម​ការគ្រប់គ្រង​របស់រដ្ឋាភិបាល​ឥណ្ឌា ប្រជាជន​កាស្មៀរ​ធ្លាក់ខ្លួន កាន់តែ​ក្រីក្រ

សម្រាប់​ប្រជាជន​កាស្មៀរ នៅក្នុង​រយៈពេល​១ឆ្នាំ​នៃ​ការចូលគ្រប់គ្រង​ដោយ​ផ្ទាល់ របស់​រដ្ឋាភិបាល​ឥណ្ឌា តំបន់​កាស្មៀរ​បាន​ធ្លាក់​ចូល​ទាំងស្រុង ក្នុង​យុគអន្ធកាល។

នៅក្រោម​គ្រប់គ្រង​ដោយ​ផ្ទាល់ របស់​រដ្ឋាភិបាល​ឥណ្ឌា ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំជាងគេ ក្នុង​លោក ប្រជាជន​កាស្មៀរ ត្រូវរស់នៅ​ក្នុង​ភាពភ័យខ្លាច ជាប់រហូត។ អ្នកនយោបាយ​មូលដ្ឋាន និង​សកម្មជន​សិទ្ធិមនុស្ស រាប់រយនាក់ នៅ​កាស្មៀរ​ ត្រូវទាហាន​ឥណ្ឌា​ចាប់ឃាត់ខ្លួន។ ចំណែក​មនុស្ស​រាប់ពាន់​នាក់ កំពុង​ជាប់ក្នុង​ពន្ធនាគារ ដោយ​គ្មាន​ការជំនុំជម្រះ  ដោយសារ​តែ​ពួកគេធ្វើ​បាតុកម្ម ឬ​ហ៊ាន​និយាយ​រិះគន់​នយោបាយ​របស់​រដ្ឋាភិបាល​ឥណ្ឌា។

នៅក្នុង​រយៈពេល​៥ខែ​ដំបូង​នៃ ការចូល​កាន់កាប់​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឥណ្ឌា ពលរដ្ឋ​កាស្មៀរ ត្រូវ​រស់នៅ កាត់ផ្តាច់​ពីពិភពលោក​ទាំងស្រុង ដោយសារ​តែ រដ្ឋាភិបាល​ឥណ្ឌា បាន​កាត់ផ្តាច់​អ៊ីនធ័រនែត បិទខ្ទប់​រាល់​បណ្តាញ ទូរស័ព្ទ។ ចាប់តាំង​ពី​ចុងខែ​ធ្នូ រដ្ឋាភិបាល​ឥណ្ឌា​ទើប​បន្ធូរបន្ថយ អនុញ្ញាត​ឲ្យ​មាន​បណ្តាញ​អ៊ីនធ័រនែត និង​ប្រព័ន្ធ​ទូរស័ព្ទ​ឡើង​វិញ។ ប៉ុន្តែ សម្រាប់ មន្រ្តីសភាពាណិជ្ជកម្ម​កាស្មៀរ ចំណាត់ការ បិទខ្ទប់​អ៊ីនធ័រនែត ក្នុង​រយៈពេល​ដ៏វែង ដែល​កាស្មៀរ មិនដែល​ជួបប្រទះ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កាស្មៀរ​ខាតបង់ ជាង ២ពាន់​លាន​ដុល្លារ និងមនុស្ស​ជាង ៥សែននាក់​បាន​បាត់​ការងារ​ធ្វើ។

មួយឆ្នាំមកនេះ ទោះជា​កាស្មៀរ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់​រដ្ឋាភិបាល ឥណ្ឌា និង​មាន​វត្តមាន​ទាហាន​ឥណ្ឌា​រាប់ម៉ឺននាក់ កាស្មៀរ​នៅតែ​ជួប​បញ្ហា​អសន្តិសុខ ជាមួយ​នឹង​ការកើនឡើង​កាន់តែ​ខ្លាំង នៃ​ការវាយប្រហារ​ភេរវកម្ម​របស់​ក្រុមអ៊ីស្លាម ទាមទារ​បំបែក​ទឹកដី ដែល​រដ្ឋាភិបាល​ឥណ្ឌា ចោទថា គាំទ្រ​ដោយ​រដ្ឋាភិបាល​ប៉ាគីស្ថាន។ សម្រាប់​អ្នកវិភាគ មហិច្ឆតា​របស់​លោក​នាយករដ្ឋមន្រ្តី​ជាតិ​និយម​ឥណ្ឌា ណារិនដ្រា ម៉ូឌី ដែល​ចូល​ក្រសោប​គ្រប់គ្រង​កាស្មៀរ​បានជំរុញ​ឲ្យ​មាន​គំនិត ស្អប់​ឥណ្ឌា​កាន់តែ​ខ្លាំង ក្នុង​ចំណោម​ប្រជាជន​កាស្មៀរ ដែល​ភាគច្រើន ជា​អ្នកកាន់​សាសនា​អ៊ីស្លាម។ យុវជនកាស្មៀរ​ជាច្រើនបាន​រត់ចូល​ក្នុង​ក្រុមឧទ្ទាមបំបែកទឹកដី​កាស្មៀ នៅបន្ទាប់​ពី​ឪពុក ឬ​បងប្រុស ត្រូវ​ទាហាន​ឥណ្ឌា​បាញ់សម្លាប់ ឬ​ចាប់ឃុំខ្លួន ដោយ​គ្មាន​មូលហេតុច្បាស់លាស់។

លោកណារិនដ្រា ម៉ូឌី សន្យា ប្រែក្លាយតំបន់​កាស្មៀរ​ ឲ្យទៅ​ជា​ឋានសួគ៌ លែង​មាន​ក្រុមភេរវនិយម ក្រុម​បំបែក​ទឹកដី ដែលបង្កប់ខ្លួន នៅ​កាស្មៀរ

នៅថ្ងៃទី​៨​ខែ​សីហា​ឆ្នាំ ២០១៩ ពោល​គឺ​នៅប៉ុន្មាន​ថ្ងៃ​ក្រោយ ​អនុវត្ត​ក្រិត្យប្រធានាធិបតី ដើម្បី​រឹបអូស ស្វ័យ័តភាព​ពីតំបន់​កាស្មៀរ ប្រមុខ​រដ្ឋាភិបាល​ហិណ្ឌូ ជាតិ​និយម លោក ណារិនដ្រា ម៉ូឌី ធ្លាប់​បាន​ប្រកាស​សន្យា​ប្រែក្លាយ​តំបន់​កាស្មៀរ ឲ្យទៅជា​ឋានសួគ៍ មាន​សេដ្ឋកិច្ច​រីកចម្រើន និង​សង្ឃឹម​លុបបំបាត់​ក្រុមភេរវនិយម ក្រុមទាមទារ​បំបែក​ទឹកដី ដែល​បាន​យាយី បង្ក​អសន្តិសុខ នៅ​កាស្មៀរ អស់​៣០ឆ្នាំមកហើយ។

ប៉ុន្តែ នៅក្នុង​ស្ថានភាព​ជាក់ស្តែង អសន្តិសុខ ការវាយប្រហារ​ភេរវកម្ម របស់​ក្រុម​បំបែកទឹកដី​កាស្មៀរ មាន​តែ​កើនឡើង ដោយសារតែ នយោបាយ​រឹតបន្តឹង បិទខ្ទប់​សេរីភាព ការចាប់ឃុំខ្លួន និង​ការបាញ់សម្លាប់​មនុស្ស​ក្រៅផ្លូវច្បាប់ ពីសំណាក់​ទាហាន​ឥណ្ឌា។

ប្រជាជន​កាស្មៀរ កាន់តែ​ច្រើន​មាន​អារម្មណ៍​ថា រដ្ឋាភិបាល​ឥណ្ឌា អយុត្តិធម៌ មិន​យកចិត្តទុកដាក់​កែលម្អ ជីវភាព​រស់នៅ​របស់​ពួកគេ នោះទេ។ ផ្ទុយទៅវិញ គឺ​មាន​បំផ្លាញ​ប្រយោជន៍ លេបយក​បុព្វសិទ្ធិ​របស់​ប្រជាជន​កាស្មៀរ។ ជាក់ស្តែង ជាមួយ នឹង​ច្បាប់​ចូលគ្រប់គ្រង​តំបន់​កាស្មៀរ រដ្ឋាភិបាល​ឥណ្ឌា​បាន​អនុញ្ញាត​បើកផ្លូវ​ឲ្យ​មនុស្ស​ពីខាងក្រៅ ចូល​ទៅ​ទិញដី វិនិយោគ លើ​អាជីវកម្ម​រ៉ែ នៅ​ក្នុង​តំបន់​កាស្មៀរ​ដែល​ធ្លាប់​ជា​សិទ្ធិផ្តាច់មុខ​របស់​ប្រជាជន​រស់នៅ​កាស្មៀរ។ ដោយ​លុបចោល​ស្វ័យ័តភាពកាស្មៀរ រដ្ឋាភិបាល​របស់​ណារិនដ្រា ម៉ូឌី មានគោលដៅ បញ្ជូន​ប្រជាជន​ឥណ្ឌា ជាពិសេស ប្រជាជន​កាន់សាសនា​ហិណ្ឌូ ឲ្យ​ទៅ​រស់នៅ​កាន់តែ​ច្រើន នៅ​តំបន់​កាស្មៀរ ដែល​សំបូររស់នៅ​ដោយ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម និង​ដែល​មានជំហរ​ទៅខាង​ប្រទេស​ប៉ាគីស្ថាន​ដែលជា​បងប្អូន​សត្រូវ​របស់ឥណ្ឌា។ ប៉ុន្តែ សម្រាប់​ក្រុមសង្គមស៊ីវិល រដ្ឋាភិបាល​ឥណ្ឌា​មិនត្រឹម​តែ​បរាជ័យ មិនអាច​ធ្វើ​ឲ្យ​កាស្មៀរ​ខិតចូលជិត​ឥណ្ឌា​តែប៉ុណ្ណោះទេ ប៉ុន្តែ​រដ្ឋាភិបាល កំពុង​តែ​លេងល្បែង​គ្រោះថ្នាក់ នៅពេល​ដែល​ប្រជាជន​កាស្មៀរ​កាន់តែច្រើន លែង​មានជំនឿ​ លើ​អ្នកនយោបាយ​ឥណ្ឌា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ