អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅពេល​ចិន​លេបយក​ដែនដីកោះ​របស់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ស្ងប់ស្ងាត់បំផុត

សំឡេង ០៥:២៩
ផែនទី​ដែល​ចិន​បង្ហាញ​ពី​តំបន់​ដែនសមុទ្រ​របស់ខ្លួន​តាមរយៈ​ខ្សែកោង ៩ ត្រេ នៅសមុទ្រ​ចិន​ខាងត្បូង
ផែនទី​ដែល​ចិន​បង្ហាញ​ពី​តំបន់​ដែនសមុទ្រ​របស់ខ្លួន​តាមរយៈ​ខ្សែកោង ៩ ត្រេ នៅសមុទ្រ​ចិន​ខាងត្បូង AFP
ដោយ៖ ឈាង បុប្ផា
៤០ នាទី

ហ្វីលីពីន​បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា កំពុង​ឆ្លៀតឱកាស​ដែល​កំពុង​កើតមាន​វិបត្តិកូវីដ ពេញ​សកលលោក ដើម្បី​ពង្រីកអំណាចវាតទី​និយម នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​ហ្វីលីពីន និង​ប្រទេស​អាស៊ី​អាគ្នេយ៍​៥ផ្សេងទៀត កំពុង​ជាប់​ជម្លោះ​ដណ្តើម​ទឹកដី​ជាមួយ ចិន។ ចិន​ទាមទារ​ជា​ម្ចាស់​គ្រប់គ្រង​៩០ភាគរយ​នៃ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ ហ្វីលីពីន លើកដៃ​ជំទាស់ ព្រោះថា នៅក្នុង​ដែនសមុទ្រ​ដែល​ចិន​ទាមទារ មាន​ផងដែរ ប្រជុំកោះSpratley និង​Scarborough ដែល​ហ្វីលីពីន​អះអាងថា ជា​ម្ចាស់កម្មសិទ្ធិ ព្រោះ​វា​ស្ថិតនៅក្នុង​តំបន់សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ហ្វីលីពីន។ ជាជួរថ្មប៉ប្រះទឹក​ដែល​ហ្វីលីពីន និង​ចិន​ប៉ង ទាមទារ​ចង់​បាន​តែ​រៀងៗខ្លួន Scraborough ជា​ទីតាំង​យុទ្ធសាស្រ្ត គន្លឹះសំខាន់​នៅសមុទ្រ​ចិន​ខាងត្បូង។ តើScraborough មាន​អ្វី​សំខាន់ បាន​ជា​ចិន និង​ហ្វីលីពីន​ឈ្លោះដណ្តើម​ចង់បាន​តែ​រៀងៗ​ខ្លួនបែបនេះ?

ផ្សាយពាណិជ្ជកម្ម

មាន​រាង​ត្រីកោណ ថ្មប៉ប្រះទឹក Scarborough នៅ​ប៉ែកខាងកើត សមុទ្រ​ចិន​ខាងត្បូង ស្ថិតនៅ​ចម្ងាយ​២២០​គីឡូម៉ែត្រ​ពី​កោះLuçon របស់​ប្រទេស​ហ្វីលីពីន ដែល​ក្បែរ​ទៅរក​កោះតៃវ៉ាន់។ តើ​ថ្មប៉ប្រះទឹក Scarborough​ជា​របស់​អ្នកណា ? របស់​ហ្វីលីពីន របស់​ចិន ឬ​ក៏​របស់​តៃវ៉ាន់?

ចិន ហ្វីលីពីន និង​តៃវ៉ាន់ កំពុង​ទាមទារ​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ Scarborough​ទាំងអស់​គ្នា ប៉ុន្តែ ចាប់តាំង​ពី​ឆ្នាំ ២០១២ ចិន បាន​ចូល​ទៅ​កាន់កាប់ Scarborough​ផ្តាច់មុខ ដោយ​លែង​ឲ្យ​អ្នកនេសាទ​ហ្វីលីពីន​ចូល​ទៅក្បែរ​ដូចមុន។ ប្រទេស​ចិន​ដែល​ទាមទារ​ជា​ម្ចាស់សិទ្ធិ​លើ​៩០%​នៃ​សមុទ្រ​ចិន​ខាងត្បូង បាន​អះអាង​ថា ថ្មប៉ប្រះទឹក​ Scarborough ធ្លាប់​ស្ថិត​ក្រោមដែន​ឥទ្ធិពល​របស់​ចិន និង​ជា​កន្លែង​នេសាទ​របស់​ជនជាតិ​ចិន រាប់​សតវត្សរ៍​មកហើយ។

ហ្វីលីពីន​វិញ​បាន​ផ្អែក​លើ​ផែនទី​ដែនសមុទ្រ ដែល​មាន​ចំណាស់​តាំង​ពី​សតវត្សរ៍ ទី​១៦ នៅពេល​ហ្វីលីពីន​ស្ថិតនៅក្រោម អាណានិគមអេស្ប៉ាញ។ តាម​ផែនទី​គោចរ​របស់​អេស្ប៉ាញ​ Scarborough ​ជាផ្នែកមួយ​នៃ​ដែនដី​របស់​ហ្វីលីពីន។ នៅសម័យនោះ ប្រជាជន​ហ្វីលីពីន​តែងតែ​ចេញ​ទៅនេសាទ​នៅ​ថ្មប៉ប្រះទឹក Scarborough​ដែល​ល្បីល្បាញ​ខាង​សំបូរ​ត្រីមច្ឆា។ សព្វថ្ងៃនេះ Scarborough​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ហ្វីលីពីន ទៅតាម​សន្ធិសញ្ញា​Montego Bay ឆ្នាំ​១៩៨២ ស្តីពី​សិទ្ធិដែនសមុទ្រ ដែល​មាន​ប្រទេស​ចិន ជា​ហត្ថលេខី​ដែរនោះ។ មានន័យថា តាមច្បាប់អន្តរជាតិ ថ្មប៉ប្រះទឹក​ Scarborough​ជា​ដែនដី​របស់ហ្វីលីពីន។

ប៉ុន្តែ ចិន​វិញ មិនត្រូវការ​ចង់ដឹង ខ្វល់​ពី​ច្បាប់​អន្តរជាតិ អ្វីទេ។ នៅ​ឆ្នាំ ២០១២ នៅពេល​នាវាល្បាត​របស់​ហ្វីលីពីន បើកចេញ​ទៅ​ដេញ​ឆ្មាំសមុទ្រ​ចិន​ចេញពី​ដែនទឹក Scarborough ចិន ក៏​បាន​បញ្ជូន​​កប៉ាល់ល្បាត​ជាច្រើនគ្រឿង ទៅ​ Scarborough។ នៅក្រោយ​ប្រឈមមុខ​ដ៏តានតឹង កប៉ាល់ល្បាត​ហ្វីលីពីន​បាន​ដកថយចេញ មកវិញ។ គឺ​តាំង​ពីពេលនោះហើយ ដែល​ Scarborough ធ្លាក់​ទៅក្នុង​ដៃ​គ្រប់គ្រង​របស់​ចិនរហូតមក។ នៅឆ្នាំ ២០១៣ ហ្វីលីពីន​របស់​លោក​ប្រធានាធិបតី​អាគីណូ​បានប្តឹង​ចិន ទៅ​តុលាការ​អចិន្ត្រៃយ៍ នៃអាជ្ញាកណ្តាល នៅទីក្រុង ឡាអេ។ នៅឆ្នាំ ២០១៦ តុលាការ​អន្តរជាតិ របស់​អង្គការ​សហប្រជាជាតិ បានសម្រេច​ទទួល​ស្គាល់​អធិបតេយ្យភាព​របស់​ហ្វីលីពីន​លើ​តំបន់​សេដ្ឋកិច្ចផ្តាច់មុខ ប៉ុន្តែ​មិន​បាន​និយាយ​ពី​ថ្មប៉ប្រះទឹក Scarboroughនោះទេ។ យ៉ាងណាក្តី តុលាការ​អន្តរជាតិ​នៅទីក្រុង​ឡាអេ​បាន​បញ្ជាក់ថា ចិន​បាន​រំលោភ​សិទ្ធិនេសាទ​ជាប្រពៃណី​របស់​ប្រជាជន​ហ្វីលីពីន នៅថ្មប៉ប្រះទឹក Scarborough។ ប៉ុន្តែ ចិន​វិញ ជំទាស់ មិន​ទទួលស្គាល់​ការសម្រេច​របស់​តុលាការ​អន្តរជាតិ។

ចាប់តាំង​ពី​ឆ្នាំ ២០១២ ចិន​បាន​រក្សា​វត្តមាន​របស់​កប៉ាល់​ល្បាត​ជាប់ជានិច្ច នៅ​ជុំវិញ ថ្មប៉ប្រះទឹក Scarborough។ ជាថ្មប៉ប្រះទឹក គ្មាន​ដីទួល វាលខ្សាច់ ឬ​ដើមឈើដុះពីលើ​នោះទេ ប៉ុន្តែ Scarborough​ជាគោលដៅ​ចង់បាន​របស់​ទីក្រុង​ប៉េកាំង និង​ម៉ានីល។

តើ​ Scarboroughមាន​អ្វី​សំខាន់ ហេតុអ្វី បាន​ជា​ចិន​ទាមទារ​ចង់បាន​ខ្លាំងម្ល៉េះ?

ចិន និង​ប្រទេស​អាស៊ាន​ទាំង​៥​ឈ្លោះដណ្តើមគ្នា ចង់គ្រប់គ្រង ប្រជុំកោះ​Paracel ​ប្រជុំកោះ​Spratley នៅសមុទ្រចិន​ខាងត្បូង ក៏ដោយមកពី​តំបន់​ដែនទឹក​ទាំងនោះ សំបូរធនធាន​ធម្មជាតិ មិនថា ត្រី​ឬ​ប្រេង ឧស្ម័ន។ ក្រៅតែ​ពីធនធាន​ធម្មជាតិ ថ្មប៉ប្រះទឹក Scarborough​ក្នុង​តំបន់​ប្រជុំកោះ Spratley មានចំណុច​ពិសេស​មួយទៀត ដែលធ្វើ​ឲ្យ​ចិន​ចង់បាន​ឲ្យ​ខាងតែបាន។

នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ចិន​ដែល​ទាមទារ​ជា​ម្ចាស់កម្មសិទ្ធិ​ផ្តាច់មុខ​លើ​សមុទ្រ​ចិន​ខាងត្បូង​បាន​ចាប់​សាងសង់​កោះសិប្បនិម្មិត​នៅ​លើ​ថ្មប៉ប្រះទឹក ចំនួន​៧ នៅ​សមុទ្រ​ចិន​ខាងត្បូង។ តាម​លោក​Antonio Carpio ដែល​ជា​អតីតចៅក្រម និងជាអ្នកជំនាញ​ខាងការពារ​ដែនអធិបតេយ្យភាព​របស់​ហ្វីលីពីន ចិន​នឹង​បិទបញ្ចប់​ការសាងសង់​មូលដ្ឋាន​ទ័ពអាកាស និង​ទ័ពជើងទឹក នៅតាម​កោះសិប្បនិម្មិត​ទាំងនោះ នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ ដំណាក់កាល​បន្ទាប់​របស់​ចិន គឺ​បង្កើត​តំបន់ ការពារដែន​អាកាស​ ​របស់​ចិន នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង។

ប៉ុន្តែ តាម​អ្នកជំនាញច្បាប់​ហ្វីលីពីន តំបន់​កំណត់ដែន​ការពារ​អាកាស​របស់​ចិន នឹង​មិនអាច​ចេញរូបរាង​បាន​ទេ បើសិន ជា​គ្មាន​ថ្មប៉ប្រះទឹក Scarborough។ ចិន​ត្រូវការ​ Scarborough ជា​កូនអុក​ចុងក្រោយនេះ សម្រាប់​ដាក់តាំង មូលដ្ឋាន​កងទ័ព រ៉ាដា មីស៊ីល​ដើម្បី​គំរាម​បណ្តេញ​យន្តហោះ​ចម្បាំង​បរទេស ដែលល្មើស ​ហោះ​ចូល​អនាគត​តំបន់​ការពារដែនអាកាស​របស់​ចិន នៅសមុទ្រ​ចិន​ខាងត្បូង។

ទីក្រុង​ប៉េកាំង បាន​ចូលគ្រប់គ្រង ថ្មប៉ប្រះទឹក Scarborough​របស់ហ្វីលីពីន ​ដោយស្រួល ដោយ​គ្មាន​ការបង្ហូរឈាម និង​មិន​ចាំបាច់​ខាតកម្លាំង​ច្រើន ជាពិសេស នៅពេល​ហ្វីលីពីន​មាន​ប្រធានាធិបតី ដូចជា​លោក ឌុយទែរតេ។ ខុសពី​ប្រធានាធិបតី​មុន លោកឌុយទែរតេ​លែងឈ្លោះ ចង់​ទាមទារ​ថ្មប៉ប្រះទឹក Scarborough ពី​ចិនមកវិញ។ លោក​បាន​លើកឡើង​ពី​សារៈសំខាន់​ដែល​ហ្វីលីពីន ត្រូវ​ជៀសវាង​ធ្វើ​សង្រ្គាម​ជាមួយ​ចិន។ នៅក្រោម​អំណាច​របស់​លោកឌុយទែរតេ ហ្វីលីពីន​បាត់បង់​ថ្មប៉ប្រះទឹក Scarboroughមែន ប៉ុន្តែ​យ៉ាងហោច លោកឌុយទែរតេ បាន​ចរចា សុំ​ឲ្យ​អ្នកនេសាទ​ហ្វីលីពីន​អាច​មាន​សិទ្ធិ​ទៅ​នេសាទ ត្រី​នៅ​ក្បែរ​ Scarboroughបាន​ដូចមុន។ នេះជា​មោទនភាព​មួយ​របស់​ប្រមុខរដ្ឋាភិបាល​ហ្វីលីពីន ដែល​ផ្តោតច្រើនលើ​ការវិនិយោគ​របស់​ចិន គឺ​ច្រើន​ជាង​ការដែល​ចិន​កំពុង​ច្រិប​យក​ដែនសមុទ្រ​របស់​ ​ហ្វីលីពីន។

ដោយ​មិនទាមទារ អនុវត្ត​ការសម្រេច​របស់​តុលាការ​អន្តរជាតិ​ដើម្បី រករឿងចិន ក្នុង​រឿង​ថ្មប៉ប្រះទឹក​ Scarborough ហ្វីលីពីន មានបំណង​ចង់ទប់​មហាអំណាច​ចិន​កុំ​ឲ្យ​ខឹង​ក្រេវក្រោធ ដែល​នឹងអាច​ធ្វើឲ្យ​ហ្វីលីពីន​ ខាតប្រយោជន៍​សេដ្ឋកិច្ច។ ហ្វីលីពីន​រំពឹង​ចង់​បាន​ការយោគយល់​ពីចិន ប៉ុន្តែ ការពិតជាក់ស្តែង មិនដូច​អ្វី​ដែល​ហ្វីលីពីន​ចង់​បាន​នោះទេ។ ឆ្មាំសមុទ្រ​របស់​ចិន នៅតែ​បន្ត បើក​ទៅឆ្វែល គំរាមកំហែង​ទូកនេសាទ កប៉ាល់ល្បាត​របស់​ហ្វីលីពីន នៅ​កន្លែង​មាន​ថ្មប៉ប្រះទឹក​ផ្សេងទៀត របស់​ហ្វីលីពីន។ គោលដៅ​របស់​ចិន គឺ ដាក់សម្ពាធ​ឲ្យ​ហ្វីលីពីន​ទទួលស្គាល់​ខ្សែបន្ទាត់ព្រំដែន​ទឹក រាងកោង​ដូចក្រចកសេះ ៩ traits នៅ​សមុទ្រ​ចិន​ខាងត្បូង។

ថ្មីៗនេះ រដ្ឋមន្រ្តីការបរទេស​ហ្វីលីពីន​បាន​និយាយ​ការពារ​ជំហរ​របស់​រដ្ឋាភិបាល​ថា នៅពេល​ត្រូវការពារ​ដែនអធិបតេយ្យភាព​របស់ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង រដ្ឋាភិបាល ហ្វីលីពីន​មិនដែល​ធ្វើ​នយោបាយ​បន្ធូរភាពតានតឹង​ជាមួយចិន​នោះទេ។ តើ​ហ្វីលីពីន​ចាត់វិធានការ​អ្វី​នៅពេល​កប៉ាល់ល្បាត​ចិន​បើក​ចូល​ដែនសមុទ្រ​ហ្វីលីពីន។ តាម​ប្រមុខការបរទេស​ហ្វីលីពីន នៅរាល់​ពេល​ចិន​បំពារបំពាន រំលោភ​ចូល​ដែន​សមុទ្រ​ហ្វីលីពីន ឬ​មួយ​ត្រឹមតែ​ជា​ការសង្ស័យ មន្រ្តីថ្នាក់ក្រោម​តែងជូនដំណឹង​ដល់ក្រសួង។ ភ្លាមៗ​ក្រសួងការបរទេស​តែងបញ្ជូន​សារទូត​ទៅ​ភាគី​ចិន មិនដែលខាន។ ហើយ​នៅរាល់​លិខិត​ទូត​សំដែង​ការប្រឆាំង​របស់​ហ្វីលីពីន ហ្វីលីពីន​តែង​ភ្ជាប់ទៅជាមួយ ពាក្យ​ថា ហ្វីលីពីន​បាន​ឈ្នះ​ក្តី ក្នុង​រឿង ថ្មប៉ប្រះទឹក Scarborough នេះ​នៅ​តុលាការ​អន្តរជាតិ។ ប្រតិកម្ម​របស់​ចិន​វិញអាចថា បើអីចឹង តើ​វាយ៉ាងម៉េច? ចិននៅតែ​សកម្ម សម្រុក​សាងសង់​កោះសិប្បនិម្មិត​ដើម្បី​ដាក់មូលដ្ឋានទ័ព​របស់ខ្លួន នៅសមុទ្រ​ចិន​ខាងត្បូង នៅពេល​ដែល​គ្រប់ប្រទេសក្នុង​ពិភពលោក ដូចជា​ហ្វីលីពីន​ជាដើម កំពុង​ជាប់ដៃ រវល់​នឹង​វិបត្តិ​ជំងឺ​ឆ្លងកូវីដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ