អានតួអត្ថបទ
ម៉ាឡេស៊ី-សេរីភាពសារព័ត៌មាន

Al-Jazeera ថា​ម៉ាឡេស៊ី​បដិសេធ​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​បុគ្គលិក​ខ្លួន​ជា​ជន​ជាតិ​អូស្រ្តាលី​២​នាក់

ផលិតករកម្មវិធីរបស់ Al Jazeera លោក Drew Ambrose ពេលចាកចេញពីទីស្នាក់ការប៉ូលិសបន្ទាប់ពីត្រូវបានសាកសួរអំពីវីដេអូឯកសារ “ការចាប់ខ្លួន នៅពេលម៉ាឡេស៊ីបិទខ្ទប់ប្រទេស” កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ ២០២០។
ផលិតករកម្មវិធីរបស់ Al Jazeera លោក Drew Ambrose ពេលចាកចេញពីទីស្នាក់ការប៉ូលិសបន្ទាប់ពីត្រូវបានសាកសួរអំពីវីដេអូឯកសារ “ការចាប់ខ្លួន នៅពេលម៉ាឡេស៊ីបិទខ្ទប់ប្រទេស” កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ ២០២០។ REUTERS - Lim Huey Teng
ដោយ៖ អ៊ុង គឹមអ៊ាន់
១៦ នាទី

បណ្តាញ​ទូរទស្សន៍​ Al-Jazeera បាន​ឲ្យដឹង​នៅថ្ងៃ​ព្រហស្បតិ៍​ ៦ សីហា​ ពី​ការណ៍​ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​ បដិសេធ​មិន​ព្រម​បន្ត​ទិដ្ឋាការ​ការងារ​ឲ្យ​អ្នកកាសែត​អូស្ត្រាលី​ពីរនាក់​របស់​ខ្លួន​។ Al-Jazeera​ ថា​ចំណាត់ការ​របស់​រដ្ឋអំណាច​ម៉ាឡេស៊ី​នេះ​ ធ្លាក់មក​នៅប៉ុន្មានថ្ងៃ​បន្ទាប់ពី​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទីក្រុង​គូឡាឡាំពួ​ ត្រូវបាន​មន្ត្រី​ប៉ូលិស​លប​ឆ្មក់​ចូល​រួចមក​។

ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍​ Al-Jazeera កំពុង​ត្រូវបាន​ស៊ើបអង្កេត​ដោយ​ក្រុម​អាជ្ញាធរ​ម៉ាឡេស៊ី​ ជុំវិញ​ការផ្សព្វផ្សាយ​វីដេអូឯកសារ​មួយដែល​មាន​ឈ្មោះថា​ “ការចាប់ខ្លួន​ នៅពេល​ម៉ាឡេស៊ី​បិទខ្ទប់ប្រទេស​” (Locked up in Malaysia's Lockdown)។

ចាក់ផ្សាយ​ កាលពីថ្ងៃទី​ ៣ កក្កដា​ “ការចាប់ខ្លួន​ នៅពេល​ម៉ាឡេស៊ី​បិទ​ប្រទេស​” គឺជា​វីដេអូឯកសារ​ ស្តី​អំពី​សកម្មភាព​របស់​អាជ្ញាធរ​ម៉ាឡេស៊ី ​ចាប់​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​រាប់​រយ​នាក់​រួមមានទាំង​កុមារ​ និង​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាង​ផង​ បន្ទាប់ពី​ប្រទេស​អាស៊ី​នេះ​បានសម្រេច​បិទប្រទេស​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​មេរោគកូរ៉ូណាថ្មី​។

ក្រោយ​របាយការណ៍​ខាងលើ​ផ្សាយចប់​ អាជ្ញាធរ​ម៉ាឡេស៊ី​ បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមភ្លែត​ថា​ វីដេអូឯកសារ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​ទូរទស្សន៍ ​Al-Jazeeraមិនត្រឹមត្រូវ​ បំភាន់​ និង​មិនមែនជា​ការពិតឡើយ​។ ដោយខឹងនឹង​រឿងនេះ​ អាជ្ញាធរ​ម៉ាឡេស៊ី​ កាលពី​ខែកក្កដាកន្លងទៅ​ បានចាប់ហៅ​សួរចម្លើយ​បុគ្គលិក​ AL-Jazeera និង​បន្ទាប់មកទៀត​ លបឆ្មក់ចូល​ការិយាល័យ​របស់ AL-Jazeera នៅ​ទីក្រុង​គូឡាឡាំពួ​ និង​បានរឹបអូស​យក​កុំព្យួទ័រ​ចំនួនពីរ​គ្រឿង​កាលពី​ថ្ងៃអង្គារ​ ទី៤​ សីហា​កន្លងទៅ​។

នាយក​គ្រប់គ្រង​ទូរទស្សន៍​ Al-Jazeera ជា​ភាសាអង់គ្លេស​ លោក​ Giles Trendle បានបញ្ជាក់នៅក្នុង​សេចក្តីថ្លែងការណ៍​មួយថា​ ប្រទេស​ម៉ាឡេស៊ី​ បាន​បដិសេធ​មិន​បន្ត​ទិដ្ឋាការការងារ​ដល់​បុគ្គលិក​ខ្លួន​ជាជនជាតិអូស្ត្រាលី​ចំនួន​ពីរនាក់​ដែល​ម្នាក់​គឺ​លោក Drew Ambrose និងអ្នកស្រី​ Jenni Henderson។

Al-Jazeera មិនបាន​ផ្តល់ព័ត៌មាន​អ្វីលម្អិត​លើនេះទេ​នាពេលនេះ​ ហើយ​មន្ត្រី​អន្តោប្រវេសន៍​ម៉ាឡេស៊ី​វិញ​ ក៏​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បំភ្លឺ​បានឡើយ​។ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន​ AFP កាលពី​ថ្ងៃពុធ​ អគ្គស្នងការ​ប៉ូលិស​ម៉ាឡេស៊ី​លោក Abdul Hamid Bador បាន​និយាយថា​ ការស៊ើប​អង្កេតលើ​ទូរទស្សន៍​ Al-Jazeera កំពុង​ត្រូវបាន​អនុវត្ត​ប្រកប​ដោយវិជ្ជាជីវៈ​។

ទន្ទឹមគ្នានេះ​ មន្រ្តីម៉ាឡេស៊ី ក៏​កំពុង​ស្វះស្វែងផងដែរ​ រក​ផ្លូវ​និរទេស​ជនជាតិ​បង់ក្លាដែស​ម្នាក់​ សម្រាប់​ការផ្តល់​បទសម្ភាសន៍​នៅក្នុ​ងវីដេអូឯកសារ​របស់​ Al-Jazeera ។ អាជ្ញាធរម៉ាឡេស៊ី បាន​និយាយថា​វីដេអូ​ខាងលើ​បាន​ធ្វើឲ្យ​ខូចមុខមាត់​របស់​ប្រទេស​ខ្លួន​។

ជុំវិញបញ្ហានេះ ក្រុម​អ្នក​សង្កេតការណ៍​ បានលើកឡើងពី​ការព្រួយបារម្ភ​ជុំវិញ​សេរីភាពសារព័ត៌មាន​ដែលមាន​សភាពកាន់តែ​អាក្រក់ទៅៗ​ចាប់តាំងពី​លោក​មូយីដឌីន យ៉ាស៊ីន ឡើង​ក្តោបក្តាប់តំណែង​ជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជំនួស​លោក​មហាធៀរ​ មហាម៉ាត់​ ចាប់តាំងពី​ខែ​កុម្ភៈ​ ឆ្នាំ២០២០មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ