អានតួអត្ថបទ
វៀតណាម-កូវីដ១៩

វៀតណាម​៖ នាយក​រដ្ឋមន្ត្រីថាហានិភ័យនៃការឆ្លងរាលដាលកូវីដមានខ្ពស់ខ្លាំង

ស្ត្រីផ្សព្វផ្សាយស្រាបៀរវៀតណាមពាក់ម៉ាស់នៅពេលពួកគេកំពុងរង់ចាំអតិថិជននៅមុខបារមួយនៅឯផ្លូវតាហៀនក្នុងទីក្រុងហាណូយប្រទេសវៀតណាម កាលពីថ្ងៃទី ៣០ កក្កដា ឆ្នាំ២០២០។
ស្ត្រីផ្សព្វផ្សាយស្រាបៀរវៀតណាមពាក់ម៉ាស់នៅពេលពួកគេកំពុងរង់ចាំអតិថិជននៅមុខបារមួយនៅឯផ្លូវតាហៀនក្នុងទីក្រុងហាណូយប្រទេសវៀតណាម កាលពីថ្ងៃទី ៣០ កក្កដា ឆ្នាំ២០២០។ REUTERS - KHAM
ដោយ៖ អ៊ុង គឹមអ៊ាន់
១៤ នាទី

នាយករដ្ឋ​មន្ត្រី​វៀតណាម​ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ ទី៧ សីហា​ ថា​ ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ខ្លាំង​ជំងឺ​កូវីដ​នៅ​ក្នុង​ប្រទេស​វៀតណាម​ គឺ​ “ខ្ពស់​ណាស់​”។ ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ី​មួយ​នេះ​ បាន​លើកឡើង​ដូច្នោះ​ ក្រោយ​មាន​ការផ្ទុះឡើង​សាជាថ្មី​នៃ​ករណី​ឆ្លង​កូវីដ​១៩​ ក្នុង​ទីក្រុង​ដាណាង​កាលពី​ចុងខែ​កក្កដា​កន្លងទៅថ្មីៗ​នេះ​។

ផ្សាយពាណិជ្ជកម្ម

ការរួសរាន់​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​ ភាព​សកម្ម​ក្នុងការ​តាមស្វែង​រក​អ្នក​ដែល​បាន​ប្រាស័យ​ទាក់ទង​ជាមួយ​អ្នក​ជំងឺកូវីដ​ និង​ការដាក់ឲ្យ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​គោលការណ៍​គំលាត​សុវត្ថិភាព​បាន​ជួយ​វៀតណាម​ឲ្យ​បញ្ឈប់​ការ​ឆ្លង​រាលដាល​កូវីដ​ក្នុងស្រុករយៈពេល​បីខែ​។

ក៏ប៉ុន្តែ​ វៀតណាម​ដែល​ធ្លាប់​ត្រូវ​បាន​គេ​កោតសរសើរ​ថា​ទទួល​ជោគជ័យក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​កូវីដ​ ឥឡូវនេះ​កំពុងប្រឈម​ទៅនឹង​ការឆ្លងរាលដាល​កូវីដ​ខ្លាំង​វិញ​ បន្ទាប់ពី​រក​ឃើញ​​ករណីឆ្លង​កូវីដថ្មី​នៅក្រុងដាណាង​កាលពី​ចុង​ខែកក្កដា​កន្លងទៅនេះ​។

នាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀន ស័នភុក (Nguyen Xuan Phuc) បាន​មាន​ប្រសាសន៍ថា​ “ហានិភ័យ​នៃការ​ឆ្លង​នៅក្នុង​សហគមន៍​ គឺខ្ពស់ណាស់​ដែល​ទាមទារឲ្យ​មាន​ការប្តេជ្ញាចិត្ត​ ការសាមគ្គី​ និង​ទំនួលខុសត្រូវ​បន្ថែមទៀត​ពី​ប្រព័ន្ធ​នយោបាយ​ដើម្បី​ចាត់វិធានការ​កាន់តែ​តឹងរឹង​និង​មោះមុតខ្លាំង​ក្នុង​រយៈពេល​ ២ សប្តាហ៍​ខាងមុខនេះ​។

បន្ថែមលើនេះ​ លោក​នាយករដ្ឋមន្រ្តី​វៀតណាម​បាន​និយាយ​ថា​ ការ​ធ្វើតេស្ត​រកកូវីដ​ឲ្យ​បាន​លឿន​ឆាប់រហ័ស​និងឲ្យ​បានត្រឹមត្រូវ​ គឺជា​គន្លឹះ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃជំងឺ​ឆ្លង​សកល​។ នៅអំឡុងពេលនេះ​ លោក​ថា​ អាជ្ញាធរ​ក្រុងហាណូយ​បាន​ចាប់​ផ្តើម​ធ្វើ​តេស្ត​សា​ជា​ថ្មី​ទៅលើ​មនុស្ស​ចំនួន​រាប់ពាន់នាក់​ដែល​ទើប​បាន​វិលត្រឡប់​មកពី​ទីក្រុង​ដណាង​។

នៅក្នុងតំបន់ខៀវដែល​ជាតំបន់​មាន​អ្នកឆ្លង​ជំងឺ​កូវីដ១៩​ កម្មវិធី​ទូរស័ព្ទដៃ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​តាមដាន​អ្នក​ឆ្លងជំងឺ​ ត្រូវ​បាន​ទាញ​យក​ចំនួន​ ៨,៥ ​លាន​ដង​។ នេះ​ បើតាម​រដ្ឋមន្រ្តី​សុខាភិបាល​វៀតណាម​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយ​។

តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​ខាងលើ​ ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ​ ២៩៨​ នាក់​ដែលត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​ ២ សប្តាហ៍​ចុងក្រោយ​នេះ​ មាន​ ២១ នាក់​ត្រូវបាន​រកឃើញ​តាមរយៈ​កម្មវិធី​ទូរសព្ទដៃ​របស់​រដ្ឋាភិបាល​។

គួរគូសបញ្ជាក់ជូនថា ប្រទេសវៀតណាមបាន​រាយការណ៍​ពី​អត្រា​ឆ្លង​កូវីដ​ចំនួន​ ៣៧ ករណី​ នៅ​ថ្ងៃសុក្រ​ ទី៧ សីហា​ ដោយ​រុញ​ច្រាន​ឲ្យ​ករណី​ឆ្លង​សរុប​នៅទូទាំង​ប្រទេស​ឡើងដល់​ ៧៨៤ នាក់​និងមានស្លាប់ចំនួន ១០ នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ