អានតួអត្ថបទ

ប៉ូលិស​ហុងកុង ចាប់ខ្លួន​ចាងហ្វាយកាសែត​ដែលមាននិន្នាការ​គាំទ្រ​ប្រជាធិបតេយ្យហុងកុង

ឧកញ៉ា ដែលជាថៅកែ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដ៏ធំ​មួយនៅ​ហុងកុង លោកJimmy Lai ត្រូវ​ប៉ូលិសហុងកុង​ចាប់ខ្លួន នៅគេហដ្ឋាន​របស់​លោក នៅថ្ងៃ​ចន្ទ ទី ១០​សីហា ក្រោម​អំណាច​ច្បាប់​សន្តិសុខជាតិ​ហុងកុង
ឧកញ៉ា ដែលជាថៅកែ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដ៏ធំ​មួយនៅ​ហុងកុង លោកJimmy Lai ត្រូវ​ប៉ូលិសហុងកុង​ចាប់ខ្លួន នៅគេហដ្ឋាន​របស់​លោក នៅថ្ងៃ​ចន្ទ ទី ១០​សីហា ក្រោម​អំណាច​ច្បាប់​សន្តិសុខជាតិ​ហុងកុង AP
ដោយ៖ ឈាង បុប្ផា
២៦ នាទី

ឧកញ៉ា Jimmy Lai ចាងហ្វាងកាសែត និង​ជា​សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ​ហុងកុង ត្រូវ​បាន​ប៉ូលិស​ចូលចាប់ខ្លួន នៅ​គេហដ្ឋាន នៅថ្ងៃ​ចន្ទ នេះ នៅក្រោម​អំណាច​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង។ តាម​សារTwitter របស់​លោក​Mark Simon ដែល​ជា​សហការី​ជិតស្និទ្ធ​របស់​លោក​Jimmy Lai ប៉ូលិសហុងកុង​បាន​ចាប់ខ្លួន លោក​ Jimmy Lai​ ក្នុង​បទសង្ស័យ​ឃុបឃិត​ជាមួយ​មហាអំណាច​បរទេស និង​បាន​ចុះឆែកឆេ នៅទីស្នាក់ការ​កាសែត Apple Daily របស់​លោក​Jimmy Lai នៅព្រឹកថ្ងៃ​ចន្ទនេះ។

ផ្សាយពាណិជ្ជកម្ម

តាម​ការចុះផ្សាយ​របស់​កាសែត Apple Daily លោក​Jimmy Lai និង​កូនប្រុស​ម្នាក់​របស់​លោក ត្រូវ​ប៉ូលិស​ហុងកុង​ចូលចាប់ខ្លួន នៅ​គេហដ្ឋាន នៅព្រឹកថ្ងៃ​ចន្ទនេះ។ Mark Simon សហការី​ជិតដិត​របស់​លោក​Jimmy Lai បានអះអាង​ថា ក្រៅតែ​ពី​លោក​ Jimmy Lai  ប៉ូលិស​បាន​ចុះឆែកឆេ និង​ចាប់ខ្លួន សមាជិក​មួយចំនួន​ផ្សេងទៀត របស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ Next Digital របស់​ Jimmy Lai។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅថ្ងៃ​ចន្ទនេះ ដោយ​មិន​បាន​បញ្ជាក់​ឈ្មោះ របស់​លោក Jimmy Lai  ប៉ូលិស​ហុងកុង បញ្ជាក់ថា គេ​បាន​ចាប់ខ្លួន​មនុស្ស​៧នាក់ មានអាយុ​ពី ៣៩ ទៅ​៧២ឆ្នាំ ក្នុងបទ​សង្ស័យ​បោកបន្លំ និង​ឃុបឃិត​ជាមួយ មហាអំណាច​បរទេស ដែល​ជា​បទល្មើស មានចែង​ក្នុង​ច្បាប់​សន្តិសុខជាតិ​ហុងកុង។ កាសែត​ហុងកុង ជា​ភាសា​អង់គ្លេស​South China Morning Post វិញ បាន​ចុះផ្សាយ​ថា នឹង​មាន​ការចាប់ខ្លួន​មនុស្ស ជាង​១០នាក់​បន្ថែមទៀត នៅ​ថ្ងៃ​ចន្ទនេះ។

លោក​ Jimmy Lai​ជាចាងហ្វាង​កាសែត ប្រចាំថ្ងៃ​Apple Daily និង​ទស្សនាវដ្តី Next ដែល​មាននិន្នាការ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​រិះគន់​ទីក្រុង​ប៉េកាំង។ ធ្លាប់​ចូលរួម​ក្នុង​មហាបាតុកម្ម នៅ​ឆ្នាំ ២០១៩ លោក​ Jimmy Lai ត្រូវ​បាន​ក្រុម ​អ្នកប្រជាធិបតេយ្យ ហុងកុង​ចាត់ទុក​ជា​វីរជន ព្រោះលោក​ជា​ចាងហ្វាង​កាសែត​ហុងកុង​តែមួយគត់ ដែល​ហ៊ាន​ចេញមុខ និយាយ​រិះគន់​ចិន។ នៅ​ថ្ងៃ​ទី​១​កក្កដា ថ្ងៃ​ដែល​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ចូលជាធរមាន កាសែត Apple Daily របស់​លោក​ Jimmy Lai​បាន​ដាក់​ចំណងជើងថា “ច្បាប់កណ្តាប់ដៃដែក​ចូលជាធរមាន ប្រទេសមួយ ប្រព័ន្ធពីរ​ស្លាប់”។

សម្រាប់​ទីក្រុង​ប៉េកាំង លោក​ Jimmy Lai ស្ថិតក្នុង​បញ្ជីខ្មៅ។ កាសែត​ក្នុង​ស្រុកចិន​បាន​ចោទលោក​ថា ជាជនក្បត់ជាតិ និង​ជាអ្នកញុះញង់​ឲ្យមាន​បាតុកម្ម​ប្រឆាំង​រដ្ឋអំណាច​ចិន នៅ​ឆ្នាំ ២០១៩។ នៅ​ឆ្នាំនេះ លោក​Lai ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​ម្តងហើយ ពីបទ ប្រមូលផ្តុំមនុស្ស​ខុសច្បាប់ កាលពី​បាតុកម្ម ឆ្នាំមុន។

បទចោទប្រកាន់​លោក Jimmy Lai ស្តីពី​ការឃុបឃិត​ជាមួយ​ជនបរទេស អាច​និយាយ​យោងទៅដល់​ជំនួប​របស់​លោក​ Jimmy Lai ជាមួយ រដ្ឋមន្រ្តីការបរទេស​អាមេរិក និង​លោកអនុប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំមុន។

លោក​ Jimmy Lai ផ្ទាល់ ធ្លាប់​បាន​បដិសេធ ពីរឿងចោទប្រកាន់ ស្តីពី​បទឃុបឃិត​ជាមួយ​មហាអំណាច​បរទេស ក្នុង​ហេតុផលថា ប្រជាជន​ហុងកុង មាន​សិទ្ធិ​ជួប​ជាមួយ​អ្នកនយោបាយ​បរទេស។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​២សប្តាហ៍មុន​នៃ​ការអនុវត្ត​ច្បាប់សន្តិសុខជាតិ​ហុងកុង លោក Jimmy Lai​និយាយ​ថា លោក​ត្រៀមខ្លួន​ចូល​ពន្ធនាគារ។ “គឺជាពេលវេលា​ដែល​លោកនឹង​មានឱកាស​អាន​សៀវភៅ ដែល​លោក​មិនបានអាន។ កិច្ចការ​សំខាន់ ដែល​លោកអាចធ្វើ​បាន គឺ​មាន​តាំង​ចិត្ត​ឲ្យស្ងប់ និង​វិជ្ជមាន​ជានិច្ច”។

សម្រាប់ លោក​ Jimmy Lai ដរាប​ណា លោកនៅមានជីវិត ជំហរ​ចុះផ្សាយ​របស់​កាសែត​របស់ លោក​នឹង​មិន​ផ្លាស់ប្តូរទេ។ លុយមិនធ្វើ​ឲ្យ​លោករស់នៅ​សុខសប្បាយនោះទេ។ ប៉ុន្តែ អ្វីដែល​លោក​ Jimmy Lai​បារម្ភ​ខ្លាច​បំផុត គឺ​ទីក្រុង​ប៉េកាំង​អាច​ប្រើ​លេស​ច្បាប់សន្តិសុខ​ជាតិ​ហុងកុងនេះ ដើម្បី​ចាប់អ្នកកាសែត​ផ្សេងទៀត​របស់​លោក។ រហូតមកដល់​ពេលនេះ មាន​មនុស្ស​១៥នាក់ ដែលនៅក្នុង​នោះមាន​សិស្សសាលា អាយុ ១៣​ឆ្នាំផង ត្រូវ​បាន​ចាប់ខ្លួន ក្រុម​អំណាច​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ