អានតួអត្ថបទ
ហុងកុង

ក្រោយ​ការ​ចាប់ខ្លួន​លោកJimmy Lai ​កាសែត​Apple Dailyប្តេជ្ញា​បន្ត​ប្រយុទ្ធ​ដើម្បី​សិទ្ធិសេរីភាព​ហុងកុង

យុវជនហុងកុងម្នាក់ អានកាសែត Apple Daily ចេញផ្សាយថ្ងៃទី​១១ សីហា ២០២០ មួយថ្ងៃក្រោយ​ការចាប់ខ្លួន​លោក Jimmy Lai
យុវជនហុងកុងម្នាក់ អានកាសែត Apple Daily ចេញផ្សាយថ្ងៃទី​១១ សីហា ២០២០ មួយថ្ងៃក្រោយ​ការចាប់ខ្លួន​លោក Jimmy Lai REUTERS - TYRONE SIU
ដោយ៖ ម៉ម ពិសី
១៦ នាទី

លោក Jimmy Lai អ្នកជំនួញហុងកុង និងជាម្ចាស់កាសែតប្រឆាំង Apple Daily ត្រូវបាន​អាជ្ញាធរហុងកុង ចាប់ខ្លួនកាលពីថ្ងៃចន្ទ ទី​១០សីហា។ នៅថ្ងៃអង្គារនេះ កាសែត Apple Daily បានចេញផ្សាយបទវិចារណកថា ដោយបានសរសេរថា ខ្លួននឹង​ប្តេជ្ញាបន្តប្រយុទ្ធ ដើម្បីសិទ្ធិសេរីភាពនៅហុងកុង ដោយមិនខ្លាចនឹងការគម្រាមកំញើញ របស់ចិនប៉េកាំងឡើយ។ ប្រជាជនហុងកុង បាននាំគ្នាសំរុក ទៅទិញកាសែត Apple Daily  ដែលចេញផ្សាយ​នៅថ្ងៃអង្គារទី ១១ សីហានេះ ដើម្បីបង្ហាញពីការគាំទ្រ ចំពោះចលនាប្រឆាំងនឹងការកៀបសង្កត់ ​ពីសំណាក់ចិនប៉េកាំង។

ផ្សាយពាណិជ្ជកម្ម

កាសែតApple Daily បានចេញផ្សាយ​នៅថ្ងៃអង្គារទី១១សីហា ដោយដាក់រូបថតនៅក្របមុខ គឺរូបលោក Jimmy Lai ដែលត្រូវបាននគរបាលហុងកុង ចាប់វាយខ្នោះបញ្ជូនចេញពីទីស្នាក់ការកាសែត កាលពីថ្ងៃទី​១០សីហា​។ ការចាប់ខ្លួន អ្នកជំនួញ និងជាម្ចាស់កាសែតប្រឆាំងដ៏ល្បីមួយនេះ បានអង្រួនមតិសាធារណៈរបស់ប្រជាជនហុងកុង។ ច្បាប់សន្តិសុខជាតិចិន ដែលអនុវត្តមកលើដែនដីស្វយ័ត្នហុងកុង កំពុងតែ​បង្ហាញឥទ្ធិពល និងកណ្តាប់ដៃដែកដ៏គ្រោះថ្នាក់បំផុត មកលើសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅហុងកុង។

នៅក្នុងបទវិចារណកថា ចេះផ្សាយនៅថ្ងៃទី​១១សីហា កាសែតApple Daily បានលើកឡើងថា « ថ្ងៃម្សិលមិញ មិនមែនថ្ងៃដ៏ខ្មៅងងិតបំផុត សម្រាប់កាសែតApple Daily នោះទេ ព្រោះថា សកម្មភាពរំខាន ការកៀបសង្កត់ និងការចាប់ខ្លួន ទៅថ្ងៃខាងមុខ នឹងធ្វើឲ្យ​យើងកាន់តែមានការភ័យខ្លាច »។ កាសែតបន្តថា « តែទោះជាយ៉ាងនេះក្តី ដរាបណា នៅតែមានអ្នកអាន នោះនឹង​នៅ​តែមាន​អ្នកនិពន្ធអត្ថបទ ហើយ​កាសែតApple Daily នឹងនៅតែមានជីវិត ប្តេជ្ញាប្រយុទ្ធដើម្បី​ការពារ​សិទ្ធិសេរីភាព​របស់ហុងកុង »។

គួរកត់សំគាល់ថា នៅព្រឹកថ្ងៃទី​១១សីហានេះ គេឃើញប្រជាជនហុងកុង នាំគ្នាទៅតម្រង់ជួរទិញកាសែត Apple Daily នៅតាមបញ្ជរលក់កាសែត  យ៉ាងកកកុញ។ ភោជនីយដ្ឋានខ្លះ បានទិញជាច្រើនច្បាប់ ដើម្បីទុកចែកជូន​ភ្ញៀវ ដោយឥតគិតថ្លៃ។ ដោយហាក់ដូចជាដឹងមុន ពីសន្ទុះនៃការគាំទ្រនេះ ថ្នាក់ដឹកនាំកាសែតApple Daily បានសម្រេចបោះពុម្ពដល់ទៅ​ ៥៥ម៉ឺនច្បាប់ ខណៈដែលតាមធម្មតា ពីមុនមក គឺបោះផ្សាយ​តែប្រមាណ​៧ម៉ឺនច្បាប់ប៉ុណ្ណោះ ក្នុងមួយលេខៗ។

ដោយឡែក សន្ទុះនៃការគាំទ្រកាសែតApple Daily  ក្រោយការចាប់ខ្លួនលោក Jimmy Lai ក៏បានធ្វើឲ្យ​ ភាគហ៊ុន​របស់​ក្រុមហ៊ុន Next Digital ដែលជាកម្មសិទ្ធិរបស់​លោក Jimmy Lai បានឡើងតម្លៃដល់ទៅ៨០០%។ ប្រជាជនសាមញ្ញ និងអ្នកវិនិយោគហុងកុង បាននាំគ្នាសម្រុកទិញភាគហ៊ុនរបស់​ក្រុមហ៊ុននេះ ដើម្បីបង្ហាញ​អំពីសមាណចិត្តគាំទ្រ។

បុរសហុងកុងម្នាក់ បានថ្លែងប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា « បើរដ្ឋាភិបាលហុងកុង ចង់សម្លាប់​កាសែត Apple Daily គឺមានតែប្រជាជនហុងកុងទេ ទើបអាចសង្រ្គោះជីវិតកាសែតនេះបាន។ ស្ត្រីម្នាក់នៅសង្កាត់ Mongkok បានលើកឡើងថា ឥឡូវនេះ នគរបាលចេញប្រតិបត្តិការ ចាប់ខ្លួនមនុស្ស និងបំបិទសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមិត ដោយចំហរតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ