អានតួអត្ថបទ
កូវីដ១៩-នូវែលសេឡង់

នូវែលសេឡង់ចាត់វិធានការរឹតត្បឹតប្រជាជនសាជាថ្មី ក្រោយពីករណីឆ្លងកូវីដ១៩កើនឡើងវិញ

លោកស្រី ហ្សាស៊ីនដា អារឌែន (Jacinda Ardern) នាយករដ្ឋមន្រ្តីនូវែលសេឡង់
លោកស្រី ហ្សាស៊ីនដា អារឌែន (Jacinda Ardern) នាយករដ្ឋមន្រ្តីនូវែលសេឡង់ AP
ដោយ៖ សេង ឌីណា
១៣ នាទី

កាលពីថ្ងៃ​អង្គារ នាយករដ្ឋមន្រ្តីនូវែលសេឡង់​បានប្រកាស​បិទទីក្រុង​​អូកឡែនដ៍ ដែល​ជាក្រុងដ៏ធំមួយ​របស់​នូវែលសេឡង់ ក្រោយ​ពី​គេ​បានរកឃើញ​ករណីឆ្លង​កូវីដ១៩​​ថ្មី ដែល​ជាករណី​ឆ្លង​ក្នុងប្រទេស​ជាលើកទីមួយ ចាប់តាំង​ពី​ថ្ងៃទី១ឧសភា​មក។ បទបញ្ជា​ឲ្យ​ប្រជាជន​ក្នុង​ក្រុង​អូកឡែនដ៍​នៅតែ​ក្នុងផ្ទះ​នេះ ​ត្រូវ​មាន​រយៈពេល​យ៉ាងតិច ៣ថ្ងៃ ដោយ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ពុធ​នេះ​ទៅ។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​គ្មាន​ករណីឆ្លង​ក្នុងប្រទេស​សោះ​ អស់រយៈពេល ១០២ថ្ងៃ​កន្លងទៅនេះ នូវែលសេឡង់​​ទើប​នឹង​រកឃើញ​ករណី​ឆ្លង​កូវីដ១៩​ថ្មី​ចំនួន ៤ ដែល​ជា​ករណីវិជ្ជមានកូវីដ១៩ រកឃើញ​នៅក្រៅ​មណ្ឌលចត្តាឡីស័ក។ នេះ​បើ​យោងតាម​ការ​លើកឡើង​របស់​លោកស្រី ហ្សាស៊ីនដា អារឌែន (Jacinda Ardern) នាយករដ្ឋមន្រ្តី​នូវែល​សេឡង់ ដោយ​បាន​បញ្ជាក់ថា ករណី​ឆ្លង​កូវីដ១៩​ទាំង​៤នេះ គឺ​ស្ថិត​នៅ​ក្នុង​គ្រួសារតែមួយ ក្នុង​ទីក្រុង​អូកឡែនដ៍ ក៏ប៉ុន្តែ រហូតមកទល់​នឹង​ពេលនេះ គេ​នៅមិនទាន់​អាច​រកឃើញ​នៅឡើយ ប្រភពដើម​នៃ​ការ​ឆ្លង។

ប្រឈម​នឹង​ការ​ឆ្លង​ក្នុងស្រុក ដោយ​រក​ប្រភព​ដើម​មិន​ឃើញ​នេះហើយ ទើប​ប្រមុខ​រដ្ឋាភិបាល​នូវែលសេឡង់​បាន​សម្រេច​ចេញ​បទបញ្ជា​ឲ្យ​ប្រជាជននៅ​អូកឡែនដ៍​ស្ថិត​នៅតែ​ក្នុងផ្ទះ ចំណែកនៅ​តាម​តំបន់​ផ្សេងទៀត វិធានការ​រឹតត្បឹត​ការ​ជួបជុំ និង​​ការ​តម្រូវ​ឲ្យ​រក្សា​គម្លាត​គ្នា​នឹង​ត្រូវ​ចាប់ផ្តើម​ដាក់​ឲ្យ​អនុវត្ត​ឡើងវិញ នៅ​ទូទាំង​ប្រទេស។

គួររំឭកឡើងវិញ​ថា នូវែល​សេឡង់​តែងតែ​ត្រូវ​បាន​គេ​នាំ​គ្នា​កោតសរសើរ​នៅ​ទូទាំង​ពិភពលោក​ ដោយ​យក​ជា​គំរូ​ប្រទេស​ដែល​បាន​ទប់ស្កាត់​ការ​រីករាល​ដាល​កូវីដ១៩​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជាងគេ រហូត​អាច​ឈាន​ទៅ​ទប់ស្កាត់​បាន​ទាំងស្រុង​នូវ​ការ​ឆ្លងរាលដាល​ក្នុង​សហគមន៍ តាំង​ពីថ្ងៃទី១​ឧសភា។

ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា បន្តិចម្តងៗ ប្រជាជន​ចាប់ផ្តើម​ត្រឡប់​ទៅ​រក​ទម្លាប់​ចាស់​ដូចពីមុនវិញ ដោយ​លែង​សូវ​យកចិត្ត​ទុកដាក់​លើ​ការ​រក្សា​គម្លាត និង​អនុវត្ត​វិធានការ​សុខភាព​ចាំបាច់​ផ្សេងទៀត បើទោះបីជា​អាជ្ញាធរ​បាន​ព្រមាន​ជារឿយៗ ឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន​ ចំពោះ​ករណី​ឆ្លង​រាតត្បាត​​លើកទីពីរ ដែល​នឹង​កើតមាន​ដោយ​ចៀស​មិន​រួច។

ការ​ប្រកាស​បិទក្រុង​អូកឡែនដ៍ កាលពីថ្ងៃ​អង្គារ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​នាំគ្នា​សម្រុក​ទៅ​ទិញ​ឥវ៉ាន់ស្តុកទុក ក៏ប៉ុន្តែ លោកស្រី​ប្រមុខរដ្ឋាភិបាល​នូវែលសេឡង់​បានប្រកាស​ធានា​ដល់​ប្រជាជនអូកឡែនដ៍​ថា ផ្សារលក់ទំនិញ​ គឺ​សុទ្ធសឹងតែ​ជា​សេវាកម្ម​ចាំបាច់ដែល​​នឹង​នៅតែ​បន្ត​បើក ហើយ​ទំនិញ​ចាំបាច់​ទាំងប៉ុន្មាន​នឹង​មាន​គ្រប់គ្រាន់​ដោយ​មិន​ឲ្យ​ខ្វះនោះទេ។

ម្យ៉ាងទៀត លោកស្រី​ក៏​បាន​លើកឡើង​ផងដែរ​ថា ​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​កូវីដ១៩​នៅពេលនេះ​​ក៏​នឹង​មិន​ប៉ះពាល់​​ដែរ​ ដល់​ការ​បោះឆ្នោត​ជាតិ ដែល​នឹង​គ្រោង​ធ្វើ​នៅថ្ងៃ​ទី១៩​កញ្ញា​ខាងមុខ ក៏ប៉ុន្តែ លោកស្រី​បាន​ប្រកាស​ផ្អាក​រាល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ក្នុង​ទីក្រុង​អូកឡែនដ៍ សម្រាប់​​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ