ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីពលរដ្ឋហុងកុងកាន់តែច្រើនកំពុងពិចារណាធ្វើចំណាកស្រុកទៅបរទេស?

សំឡេង ០៤:៣០
បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ នៅហុងកុង កាល​ពីខែ​មិថុនា២០២០
បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ នៅហុងកុង កាល​ពីខែ​មិថុនា២០២០ Anthony WALLACE / AFP

ដោយសារវិបត្តិ និងភាពមិនប្រាកដប្រជា ទាំងលើទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ពលរដ្ឋហុងកុងកាន់តែច្រើន កំពុងពិចារណាចាកចេញពីប្រទេសរបស់ខ្លួន ដើម្បីទៅរស់នៅជាអចិន្ត្រៃយ៍នៅបរទេស។ ផ្អែកតាមការសិក្សាស្រាវជ្រាវថ្មីៗ បង្ហាញថា ប្រទេសអាទិភាព ដែល​ជាទិសដៅសម្រាប់ពលរដ្ឋហុងកុងទាំងនោះ រួមមានកាណាដា អូស្រា្ដលី កោះតៃវ៉ាន់ និង​ចក្រភពអង់គ្លេស ជាដើម។

ផ្សាយពាណិជ្ជកម្ម

ប្រឈមដំណាលគ្នា ទាំងវិបត្តិនយោបាយ និងបញ្ហាសេដ្ឋកិច្ច សំនួរដ៏ចម្បងមួយ ត្រូវគេលើកឡើងនៅហុងកុង នាពេលបច្ចុប្បន្ន គឺថា៖ តើត្រូវធ្វើបដិវត្តន៍ ឬ ធ្វើចំណាកស្រុក? សម្រាប់ពលរដ្ឋហុងកុងកាន់តែច្រើន ពួកគេបាន​ឆ្លើយនឹងសំនួរនេះរួចរាល់ហើយ ដោយពលរដ្ឋខ្លះ កំពុងពិចារណាចាកចេញពីប្រទេសរបស់ខ្លួន ដើម្បីទៅរស់នៅជាអចិន្ត្រៃយ៍នៅបរទេស។

ជាក់ស្ដែង ពលរដ្ឋហុងកុងត្រូវប្រឈមនឹងវិបត្តិនយោបាយជាបន្តបន្ទាប់។ នៅឆ្នាំ២០១៤ បាតុកម្មឆ័ត្រដើម្បីប្រជាធិបតេយ្យ ត្រូវ​បង្អាក់ដោយរដ្ឋាភិបាល។ ក្នុងពេលដំណាលគ្នា សេរីភាពរបស់ពួកគេ ត្រូវគំរាមកំហែងកាន់តែខ្លាំង ដោយរដ្ឋាភិបាលចិនដីគោក។ អំឡុងម៉ោង១១យប់ ថ្ងៃទី៣០ ខែមិថុនា ពោលគឺមួយម៉ោងមុន ខួបទី២៣ឆ្នាំ នៃកិច្ចព្រមព្រៀងប្រគល់​ត្រលប់ហុងកុង ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ចិន គណបក្សកុម្មុយនីស្តចិន បានដាក់ចេញឱ្យអនុវត្ត ច្បាប់សន្តិសុខជាតិ។ ច្បាប់នេះ មានគោលបំណង គ្រប់គ្រងហុងកុង ឱ្យកាន់តែតឹងតែងជាងមុន។ អ្នកជំនាញខ្លះ បានលើកឡើងថា ដោយសារច្បាប់នេះ​ កេរ្តិ៍ឈ្មោះរបស់ហុងកុងក្នុងនាមជា ឋានសួគ៌នៃសេរីភាពបញ្ចេញមតិ ត្រូវបាត់បង់ទៅវិញត្រឹមមួយយប់ ក្រោមបរិបទប្រព័ន្ធនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ”។ ប្រព័ន្ធនយោបាយនេះ ត្រូវបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ហើយនឹងត្រូវបញ្ចប់នៅ ៥០ឆ្នាំក្រោយ។ ក៏ប៉ុន្តែ ត្រឹមនៅឆ្នាំ២០២០ រដ្ឋាភិបាលចិនដីគោក បាន​បង្កើនអំណាចចង់បានហុងកុងមកវិញរួចទៅហើយ។ ជាក់ស្ដែង ពលរដ្ឋហុងកុងយ៉ាងច្រើនត្រូវចាប់ខ្លួនពីបទរំលោភច្បាប់ថ្មី ក្រោយការចេញច្បាប់នេះ។

ក្រៅពីវិបត្តិនយោបាយ បញ្ហាសេដ្ឋកិច្ច ក៏បាននិងកំពុងជំរុញឱ្យពលរដ្ឋហុងកុងយ៉ាងច្រើន ធ្វើការសម្រេចចិត្តចាកចេញពីមាតុភូមិរបស់ខ្លួនផងដែរ។ នាពេលបច្ចុប្បន្ន ហុងកុង ជាទីក្រុងមួយក្នុងចំណោមទីក្រុងដ៏ថ្លៃបំផុត ដើម្បីរស់នៅ នៅលើពិភពលោក។ ចំណាត់ថ្នាក់ទីក្រុងហុងកុង ស្ថិតនៅពីលើ ទាំងទីក្រុងញូវយ៉ក តូក្យូ និងឡុងដ៍។ នេះបើផ្អែកលើការស្ទង់មតិអំពីថ្លៃចំណាយនៃការរស់នៅ ដែលធ្វើឡើងដោយស្ថាប័ន The Economist Intelligence Unit។ លើសពីនេះ ហុងកុងក៏កំពុងប្រឈមទល់នឹងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែល​វាបានរុញច្រានឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ក្នុងអត្រា ៩% នៅត្រីមាសទី២ ឆ្នាំ២០២០។

ផ្អែកលើការស្ទង់មតិមួយ ដែលបានធ្វើឡើងដោយ សាកលវិទ្យាល័យចិនហុងកុង បង្ហាញថា ពាក់កណ្តាលនៃយុវជនហុងកុង នៅចន្លោះពីអាយុ ១៥ឆ្នាំ ទៅ ២៤ឆ្នាំ កំពុងពិចារណាចាកចេញពីហុងកុង។ យុវជនខ្លះ បានបង្ហាញគំនិតខ្លួនថា៖ ប្រជាជនហុងកុងរៀនរស់ មិនមែនរស់នៅទេ។ សូម្បីតែសម្រាប់ពលរដ្ឋវណ្ណៈកណ្តាល ក៏មិនអាច​មានលទ្ធភាពទិញផ្ទះសំបែងផ្ទាល់ខ្លួនបានដែរ។

តើពលរដ្ឋហុងកុងអាចចាកចេញទៅទិសដៅប្រទេសណាខ្លះ? កាណាដា ជាដែនដីមួយដែលប្រជាជនហុងកុង មានចំនួនច្រើនជាងគេ ធៀបនឹងបណ្ដាប្រទេស OECD ផ្សេងទៀត។ នៅកាណាដា ពលរដ្ឋហុងកុងមានចំនួនជាង ២៧៥០០០នាក់ ដែលបានធ្វើចំណាកស្រុក នៅចន្លោះឆ្នាំ១៩៨៩ និង១៩៩៧។ លិខិតអនុញ្ញាតលំនៅដ្ឋាន អាចត្រូវបានចេញដោយរដ្ឋាភិបាលកាណាដា ប្រសិនបើមានការវិនិយោគត្រឹមតែ ១៥០០០០ដុល្លារកាណាដា (ឬស្មើ ១១២០០០ដុល្លារអាមេរិក)។ អូស្រ្តាលី ក៏កំពុងផ្តល់ការពន្យារពេលទិដ្ឋាការ រយៈពេល៥ឆ្នាំ ដល់ប្រជាជនហុងកុងផងដែរ ប្រសិនបើពួកគេកំពុងរស់នៅក្នុងប្រទេសនេះរួចហើយ។ លើសពីនេះ ពួកគេក៏នឹងអាចមានឱកាសទទួលបានការអនុញ្ញាតឱ្យស្នាក់នៅជាអចិន្ត្រៃយ៍។ នៅអូស្រ្តាលី ទិដ្ឋាការវិនិយោគ មានតម្លៃថ្លៃជាងមុន ប្រហែល ១,៥លានដុល្លារអូស្រ្តាលី (ឬស្មើ ១,១លានដុល្លារអាមេរិក)។

កោះតៃវ៉ាន់ ក៏បានក្លាយជាទិសដៅផ្សេងទៀតផងដែរ សម្រាប់ពលរដ្ឋហុងកុង។ តៃវ៉ាន់ បានបើកការិយាល័យរដ្ឋបាល ដើម្បីជួយពលរដ្ឋហុងកុងឱ្យតាំងទីលំនៅថ្មី។ គិតត្រឹមចន្លោះខែមករា និងខែឧសភា ពលរដ្ឋហុងកុង ចំនួន៣៣៥២នាក់ បានដាក់ពាក្យស្នើសុំ សម្រាប់ការស្នាក់នៅអចិន្រ្តៃយ៍ នៅកោះតៃវ៉ាន់។ តួលេខនេះបង្ហាញកំណើនទ្វេដង ធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០១៩។ ការស្ទង់មតិថ្មីមួយ បានបង្ហាញថា កោះតៃវ៉ាន់ ជាទិសដៅពេញនិយមបំផុត សម្រាប់ប្រជាជនហុងកុង ចំនួន៥០ភាគរយ ដែលកំពុងពិចារណាធ្វើចំណាកស្រុក។

ក្រៅពីប្រទេសទាំងនេះ អតីតម្ចាស់អាណានិគមចាស់របស់ហុងកុង គឺ ចក្រភពអង់គ្លេស ក៏អាចជាទិសដៅមួយផងដែរ សម្រាប់បំណងចាកចេញរបស់ពលរដ្ឋហុងកុង។ នាពេលបច្ចុប្បន្ន ចក្រភពអង់គ្លេស បានបង្ហាញនូវបំណងបន្ធូរបន្ថយលក្ខខណ្ឌទាមទារយ៉ាងច្រើន សម្រាប់ការស្នើសុំការអនុញ្ញាតមករស់នៅរបស់ពលរដ្ឋហុងកុង។ គួររំលឹកផងដែរថា នៅឆ្នាំ១៩៩០ ចក្រភពអង់គ្លេស បានផ្តល់សញ្ញជាតិរបស់ខ្លួនទៅឱ្យពលរដ្ឋហុងកុង ចំនួន ៥០០០០គ្រួសារ​ ដើម្បីអនុញ្ញាតឱ្យ​ពួកគេចូលមករស់នៅក្នុងប្រទេសរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI