អានតួអត្ថបទ
ហុងកុង

ហុងកុងព្យួរសន្ធិសញ្ញាធ្វើបត្យាប័ន ជាមួយ​បារាំង និង អាល្លឺម៉ង់

ដែនដីស្វ័យត្នហុងកុង
ដែនដីស្វ័យត្នហុងកុង Chensiyuan/CC/Wikimedia Commons
ដោយ៖ ម៉ម ពិសី
១៣ នាទី

រដ្ឋបាលដែនដីហុងកុង បាន​ប្រកាសឲ្យ​ដឹង​ថា ខ្លួនបានសម្រេច​ព្យួរសន្ធិសញ្ញាធ្វើបត្យាប័ន ជាមួយ​ប្រទេសបារាំង និង ប្រទេសអាល្លឺម៉ង់ហើយ។ ការសម្រេចនេះ គឺធ្វើឡើងដើម្បីឆ្លើយតប បន្ទាប់ពីប្រទេសអឺរ៉ុបទាំង២នេះ បានដកខ្លួន​ ចេញពី​សន្ធិសញ្ញាធ្វើបត្យាប័នជាមួយហុងកុង ក្រោយពេល​​ដែល​ច្បាប់ស្តីពីសន្តិសុខជាតិ​ចិន បានចូលជាធរមាន ហើយ​ដែលបារាំង និងអាល្លឺម៉ង់ បានចាត់ទុកថា​ប្រព័ន្ធតុលាការហុងកុង កំពុងបាត់បង់ឯករាជភាព។

ផ្សាយពាណិជ្ជកម្ម

រដ្ឋបាលហុងកុង បានចេញលិខិតប្រកាសមួយ នៅថ្ងៃពុធទី​១២សីហា ដោយបានលើកឡើងថា ប្រទេសបារាំង និងអាល្លឺម៉ង់ បានយកបញ្ហានយោបាយ ទៅលាយឡំជាមួយនិង​ចំណងសហប្រតិបត្តិការ​​ក្នុងវិស័យយុត្តិធម៌។ ប្រការនេះ វាបានធ្វើឲ្យ​ប៉ះពាល់ ទៅដល់ចំណងសហប្រតិបត្តិ រវាងហុងកុង ជាមួយ​បារាំង​និងអាល្លឺម៉ង់។ ដូច្នេះ ហុងកុង សូមប្រកាស​ព្យួរនូវសន្ធិសញ្ញាធ្វើបត្យាប័ន ជាមួយ​ប្រទេសទាំង២នេះ។

គួររំលឹកថា លិខិតប្រកាសរបស់ហុងកុង​នេះ​ គឺវាបានបញ្ជាក់អំពីកំហឹងរបស់​ហុងកុង​ ក្រោយ​ពេល​ដែល​បារាំង និង អាល្លឺម៉ង់ បានសម្រេច ដកខ្លួនចេញពី​សន្ធិសញ្ញាធ្វើបត្យាប័នជាមួយ​ហុងកុង បន្ទាប់ពីច្បាប់សន្តិសុខជាតិចិន បានចូលជាធរមាន។ នៅដើមខែសីហានេះ ក្រសួងការបរទេសបារាំង បានចេញ លិខិតប្រកាសមួយថា ដោយយោងទៅលើ​ស្ថានការណ៍បច្ចុប្បន្ន នៅហុងកុង រដ្ឋាភិបាល​បារាំង បានសម្រេចមិនផ្តល់សច្ចាប័ន ទៅលើ​សន្ធិសញ្ញាធ្វើបត្យាប័ន ដែលបាន​ចុះហត្ថលេខាជាមួយ​ហុងកុង កាលពី​ថ្ងៃទី​៤ ឧសភា ឆ្នាំ២០១៧ ទេ។

ចំណែក រដ្ឋាភិបាលអាល្លឺម៉ង់វិញ រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ ក៏បានប្រកាសដូចគ្នានេះ មុនបារាំងប៉ុន្មានថ្ងៃ ដោយបានលើកឡើងថា បញ្ហាវិបត្តិ និងស្ថានភាពនៅហុងកុង មិនទាន់អាចធ្វើឲ្យ​គេ​ផ្តល់សច្ចាប័ន លើសន្ធិសញ្ញាធ្វើបត្យាប័នបានទេ ហើយ​មួយវិញទៀត គឺដោយសារតែ​អាល្លឺម៉ង់ ត្រូវ​លើកការបោះឆ្នោត​សភា ទៅធ្វើនៅឆ្នាំក្រោយ​ ដោយសារតែជំងឺកូវីដ១៩។

គួរបញ្ជាក់ផងដែរថា ក្រោយការចូលជាធរមាននូវច្បាប់សន្តិុសុខជាតិចិន កាលពីដើមថ្ងៃទី​៣០មិថុនា ប្រទេសមហាអំណាចជាច្រើន បានសម្តែងការព្រួយបារម្ភ អំពី​ការរួញខើចនូវសិទ្ធិសេរីភាព នៅហុងកុង ព្រមទាំងការបាត់បង់ភាពឯករាជ្យ នៃប្រព័ន្ធតុលាការហុងកុង។ មុនបារាំង និងអាល្លឺម៉ង់ មាន​ប្រទេសមួយ​ចំនួន ដូចជាកាណាដា អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ ជាដើម បានសម្រេចចាត់វិធានការមួយចំនួន​ រួចទៅហើយ​ ដើម្បី​ផ្តាច់ ឬព្យួរចំណងសហប្រតិបត្តិការ ក្នុងវិស័យ​យុត្តិធម៌ ជាមួយ​ដែន​ដី​ហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ