អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា​ ប្រកាស​ថា​នឹង​ហាម​ឃាត់​ការ​នាំ​ចូល​សព្វាវុធ​យោធា​ជាង​ ១០០ មុខ

សំឡេង ០៥:០១
កងទ័ពឥណ្ឌាម្នាក់បានសម្តែងការស្វាគមន៍ពីយាន Akash Rocket Launcher ក្នុងឱកាសព្យុហយាត្រាទិវាសាធារណរដ្ឋឥណ្ឌាលើកទី ៦៩ នៅទីក្រុងញូវដែលី កាលពីថ្ងៃទី២៦ មករា ឆ្នាំ ២០១៨។
កងទ័ពឥណ្ឌាម្នាក់បានសម្តែងការស្វាគមន៍ពីយាន Akash Rocket Launcher ក្នុងឱកាសព្យុហយាត្រាទិវាសាធារណរដ្ឋឥណ្ឌាលើកទី ៦៩ នៅទីក្រុងញូវដែលី កាលពីថ្ងៃទី២៦ មករា ឆ្នាំ ២០១៨។ AFP - PRAKASH SINGH
ដោយ៖ អ៊ុង គឹមអ៊ាន់
២៩ នាទី

នៅថ្ងៃ​ទី​ ៩ សីហា​ រដ្ឋាភិបាល​ឥណ្ឌា​ បាន​ចេញផ្សាយ​បញ្ជី​នៃ​គ្រឿង​សព្វាវុធ​ចំនួន​ ១០១​ មុខ​ ដែល​ឥណ្ឌា​នឹង​ហាមឃាត់​ជាបណ្តើរៗ​ ក្នុងការ​នាំចូល​នៅ​ចន្លោះ​ខែ​ធ្នូ ឆ្នាំ​ ២០២០​ ដល់​ខែ​ធ្នូ ​ឆ្នាំ ២០២៥​។ ឥណ្ឌា​ ស្ថិត​នៅក្នុង​ចំណោម​ប្រទេស​នាំ​ចូល​អាវុធ​ច្រើន​ជាងគេ​បំផុត​មួយ​ក្នុង​លោក​ ដូច្នោះហើយ ហេតុអ្វី​បានជាពេលនេះ ​ឥណ្ឌា​បែរ​មក​ហាមឃាត់​ការនាំ​ចូល​អាវុធ​ទៅវិញ​?

ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា​ ជា​ប្រទេស​នាំចូល​អាវុធ​ធំ​លំដាប់​ទី​ ២​ លើ​ពិភព​លោក

អស់​រយៈពេល​ជាច្រើនឆ្នាំ​មកហើយ​ ដែល​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​នាំចូល​អាវុធច្រើន​ជាងគេ​បំផុត​មួយ​នៅលើ​ពិភព​លោក​។ យោងតាម​វិទ្យាស្ថាន​ SIPRI (Stockholm International Peace Research Institute) ឥណ្ឌា នៅតែ​ជាប្រទេស​នាំចូល​អាវុធធំ​ជាងគេ​ទី ២​ នៅលើ​ពិភពលោក​ក្នុងអំឡុង​ឆ្នាំ​ ២០១៥​-២០១៩ បន្ទាប់ពី​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​។ នេះ​ រួម​បញ្ចូលទាំង​យន្តហោះ​ចម្បាំង​ យន្តហោះ​ដឹក​ជញ្ជូន​ឧទ្ធម្ភាគចក្រ​ និង​មធ្យោបាយ​ដើម្បី​ធ្វើទំនើបកម្ម​កម្លាំង​ការពារ​ជាច្រើនផ្សេងទៀត​។

ជាមួយគ្នានេះ​ SIPRI ​បាន​ចង្អុល​បង្ហាញដែរ​ថា​ ការនាំ​ចូល​អាវុធពី​អ៊ីស្រាអែល​បាន​កើន​ឡើង​ ១៧៥%​ ហើយពី​បារាំង​កើនឡើង​ ៧១៥%​ ដែល​ធ្វើឲ្យ​ប្រទេស​ទាំងពីរ​នេះ​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ធំ​លំដាប់​ ទី២​ និង​ទី​៣​ បន្ទាប់ពី​សហរដ្ឋអាមេរិក​ក្នុង​អំឡុងឆ្នាំ​ ២០១៥-២០១៩​។

ហេតុអ្វី​ឥណ្ឌា​សម្រេច​ហាមឃាត់​ការនាំចូល​អាវុធ​?

បំរាម​ហាមឃាត់​បរិក្ខារ​យោធា​របស់​ឥណ្ឌា​ មិនមែនជា​លទ្ធផល​នៃការ​ផ្ទុះឡើង​នូវសន្តិភាព​និយម​នោះទេ​។ រដ្ឋាភិបាល​ឥណ្ឌា​ ធ្វើបែបនេះ​ក្នុង​គោលដៅ​ធានា​ថា​ ឥណ្ឌា​ដែល​ជា​ប្រទេស​មាន​យោធា​ចំនួន​ជាង ១​លាន ៤ សែន​ និង​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខរៀង​ទី​ ២ ក្នុងបញ្ជី​នៃ​កងទ័ព​ច្រើនផុត​គេ​នៅក្នុង​លោក​ អាច​ងាក​មក​ទិញ​និង​ប្រើប្រាស់​សព្វាវុធ​ដែល​ផលិត​ចេញពី​រោងចក្រ​នៃប្រទេស​ឥណ្ឌា​ខ្លួនឯងផ្ទាល់​វិញ។

កាលពី​ថ្ងៃអាទិត្យ​ ទី៩ សីហា​ រដ្ឋាភិបាល​ក្រុង​ញូវដែលី​ បាន​ប្រកាសថា​នឹងហាម​ឃាត់​ការនាំចូល​អាវុធយុទ្ធភណ្ឌ​ ចំនួន​១០១ ប្រភេខ​ ចាប់ពី​យុទ្ធោបករណ៍​សាមញ្ញៗ​ រហូត​ដល់​យុទ្ធោបករណ៍​បច្ចេកវិជ្ជា​ជឿនលឿន រួមជាអាទិ៍​នាវា​ដឹកយន្ត​ហោះចម្បាំង​ នាវា​មុជទឹក​ នាវា​ពិឃាត​មីស៊ីល​ យន្តហោះ​គ្មាន​មនុស្សបើក​ កាំភ្លើង​ធុន​តូចធំ​ និង​មីស៊ីល​ជាដើម​។ល។

ក្រុងញូវដែលី​ បានផ្តើម​កាត់បន្ថយ​ការពឹងផ្អែក​លើការ​នាំចូលគ្រឿង​សព្វាវុធក្នុង​វិស័យ​ការពារ​ជាតិ និងបាន​ងាកទៅលើកស្ទួយ​ដល់​ឧស្សាហកម្ម​ផលិត​អាវុធ​ក្នុងស្រុក​ ស្របតាម​គោល​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ណារិនដ្រា ម៉ូឌី​។

លោកណារិនដ្រា​ ម៉ូឌី​ ដែល​ក្រោយពី​បាន​ឃើញថា​ វិបត្តិ​កូវីដ​អាច​ធ្វើឲ្យ​រាំងស្ទះ​ដល់ការ​ចរាចរ​ទំនិញ​ដែលកុម្មង់ទិញ​ពី​បរទេស​ ស្រាប់តែ​ចង់​ជំរុញ​ឲ្យ​ឥណ្ឌាក្លាយជា​ប្រទេស​អាច​ផលិត​និង​ប្រើប្រាស់​អាវុធ​ធ្វើពី​ដៃខ្លួន​ឯងផ្ទាល់​។

ម្យ៉ាងវិញទៀត​ បើ​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយនេះ​ទទួលបាន​ជោគជ័យ​មែននោះ​ ផលិតកម្ម​បច្ចេកវិទ្យា​ខ្ពស់​របស់​ឥណ្ឌា​អាច​ក្លាយជា​អ្នកឈ្នះដ៏ធំ​មួយ​ ខណៈ​បណ្តា​ប្រទេស​អ្នកមាន​នៅជុំវិញ​ពិភពលោក​ក៏​កំពុងពិចារណាឡើងវិញ​ផងដែរ​អំពី​សកលភាវូបនីយកម្ម​ និង​ការពឹងផ្អែក​ខ្លាំងជ្រុលពេក​របស់ពួកគេ​ទៅលើប្រទេសចិន​ក្នុងពេលមានវិបត្តិកូវីដ។

“នេះ​ គឺជា​ការបោះជំហាន​ដ៏​ធំមួយ​ ឆ្ពោះទៅ​រក​ភាពខ្លួន​ទីពឹង​ខ្លួន​ក្នុង​វិស័យ​ការពារជាតិ​”។ នេះ​ ជា​ការ​លើកឡើង​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​ រចនា ស៊ីង​ តាមរយៈ​សារ​បង្ហោះ​នៅលើ​បណ្តាញសង្គម​ធ្វីតធ័រ​ ដោយបាន​បន្ថែមទៀតថា​ “សេចក្តី​សម្រេច​ខាងលើ​ នឹង​ផ្តល់​នូវ​ឱកាស​ដ៏​ល្អ​មួយ​ដល់​ឧស្សាហកម្ម​ការពារជាតិ​ឥណ្ឌា​ក្នុងការ​ផលិត​ទំនិញ​ទាំង​នោះ​. . .ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​កងកម្លាំង​ប្រដាប់អាវុធ​”។

ផលិតនៅឥណ្ឌា

គួររំឭកជូនថា​ នៅក្នុងខែ​ឧសភា​កន្លងទៅ​ប្រទេសឥណ្ឌា​បាន​ប្រកាស​ថា​ ក្រុមហ៊ុន​បរទេស​អាច​ចូល​វិនិយោគ​រហូត​ដល់​ចំនួន​ ៧៤%​ នៅ​ក្នុង​ឧស្សាហកម្ម​អាវុធ​របស់​ខ្លួន​ដោយកើនពី​ ៤៩% និង​មិន​តម្រូវឲ្យ​មាន​ការ​យល់ព្រមពី​រដ្ឋាភិបាល​ឡើយ​។

រដ្ឋអំណាច​ក្រុងញូវដែលី​ សង្ឃឹមថា​គោលនយោបាយ​ថ្មី​នេះ​នឹង​អាច​ស្រូបយក​ក្រុមហ៊ុន​បរទេស​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ ឲ្យទៅ​បង្កើត​មូលដ្ឋាន​របស់​ពួកគេ​នៅក្នុង​ទឹកដី​ឥណ្ឌា​ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​។

បន្ទាប់មកទៀត​ រដ្ឋាភិបាល​ដ៏​បាន​ប្រកាសថា​នឹង​បញ្ឈប់​ការនាំចូល​សព្វាវុធ​ដែលអាច​ផលិត​បាន​ក្នុង​ស្រុក​ ស្របតាម​ចក្ខុវិស័យ​ដើម្បីធ្វើឲ្យ​សេដ្ឋកិច្ច​ឥណ្ឌា​ពឹងផ្អែក​លើ​ខ្លួនឯង​បាន​ក្នុងពេល​មាន​វិបត្តិធំ​ដូចជា​វិបត្តិកូវីដ​ជា​ឧទាហរណ៍​ស្រាប់​។

គួរបញ្ជាក់ជូនដែរថា​ ក្នុង​អំឡុង​សម័យ​សង្រ្គាមត្រជាក់​ ភាគច្រើន​ឥណ្ឌា​ ពឹងផ្អែក​លើ​អតីត​សហភាព​សូវៀត​ សម្រាប់​ឧបករណ៍​យោធា​ និង​ក្រោយមកបានងាកទៅរកអាមេរិក​ និង​បណ្តា​ប្រទេស​អ្នកផ្គត់ផ្គង់អាវុធធំៗ​ជាច្រើនទៀត​មាន​ដូចជា​បារាំង​ ជប៉ុន​ និង​អ៊ីស្រាអែល​ជាដើម​។

កាលពី​ខែកុម្ភៈ​ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ម៉ូឌី​ និង​ប្រធានាធិបតី​អាមេរិក​ដូណាល់​ ត្រាំ​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ប្រទេស​ឥណ្ឌា​ក្នុងការ​ទិញ​សម្ភារៈ​យោធា​ទំនើបៗ​ ក្នុង​តម្លៃទឹក​ប្រាក់​ជាង​ ៣ ពាន់​លាន​ដុល្លារ​អាមេរិក​។

ជារួមមក​ ចាប់តាំងពី​ការផ្ទុះឡើង​នៃ​មេរោគ​កូរ៉ូណាថ្មី​មក​ លោក​ម៉ូឌី​ បាន​ជំរុញ​ដល់​ការ​ផលិត​ក្នុង​ស្រុក​ ក៏ដូចជា​ការពារ​ក្រុមហ៊ុន​តូចៗ​របស់​ឥណ្ឌា​។ ចាប់តាំងពី​ខែ​ឧសភា​ ទន្ទឹម​នឹង​ដាក់​ចេញ​នូវ​យុទ្ធនាការ​ហាមឃាត់​ការនាំចូលអាវុធពី​បរទេស​លោក​ណារិនដ្រា​ ម៉ូឌី​ ក៏​បាន​ផ្តើម​ផងដែរ​កម្មវិធី​ ផលិត​អាវុធ​នៅក្នុង​ប្រទេស​ឥណ្ឌា​ផ្ទាល់​តែម្តង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ