អានតួអត្ថបទ
ចិន កូវីដ១៩

កូវីដ១៩ ត្រូវបានរកឃើញ​ក្នុង​សាច់មាន់​កក នាំចូល​ពី​ប្រេស៊ីល នៅ​កំពង់​​ផែ​ឆិនចិន

ចំណីអាហារកក នៅក្នុុងផ្សារទំនើបមួយ​ នៅទីក្រុងប៉េកាំង។ ថ្ងៃទី​១៣ សីហា ២០២០
ចំណីអាហារកក នៅក្នុុងផ្សារទំនើបមួយ​ នៅទីក្រុងប៉េកាំង។ ថ្ងៃទី​១៣ សីហា ២០២០ REUTERS - THOMAS PETER
ដោយ៖ ម៉ម ពិសី
១៣ នាទី

អាជ្ញាធរសុខាភិបាលក្រុងឆិនចិន ភាគខាងត្បូងប្រទេសចិន​ បានបញ្ជាក់ឲ្យដឹងថា គេបានរកឃើញ សំណាកមេរោគជំងឺកូវីដ១៩ នៅក្នុងសាច់មាន់កក ដែលនាំចូលពីប្រទេសប្រេស៊ីល។ នេះគឺជាករណីថ្មីមួយទៀត បន្ទាប់ពី​កាលពី​ខែកក្កដាកន្លងទៅ អាជ្ញាធរចិន បានរកឃើញ មានមេរោគកូវីដ១៩នេះ នៅលើសំបកប្រអប់​បង្គារកក នាំចូលពីប្រទេសអេក្វាទ័រ។

ផ្សាយពាណិជ្ជកម្ម

ក្រោយការពិនិត្យ នៅថ្ងៃទី​១២សីហា ទៅលើសាច់ស្លាបមាន់កក នាំចូលពីប្រទេសប្រេស៊ីល អាជ្ញាធរចិននៅក្រុងឆិនចិន បានអះអាងថា គេបានរកឃើញ មេរោគជម្ងឺកូវីដ១៩ មាននៅក្នុងនោះ។ ភ្លាមៗនោះ អាជ្ញាធរសុខាភិបាលចិន បានបើកប្រតិបត្តិការធ្វើតេស​្ត ទៅលើមនុស្សទាំងអស់ ដែលបានប៉ះពាល់ ឬពាក់ព័ន្ធ និង​ទំនិញ​សាច់ស្លាបមាន់កកនេះ។​ តែលទ្ធផលបង្ហាញថា មិនមាននរណា មានផ្ទុកជំងឺកូវីដ១៩ទេ។

សូមរំលឹកថា នេះមិនមែនជាករណីទីមួយទេ ដែល​អាជ្ញាធរសុខាភិបាលចិន បានរកឃើញ មេរោគជំងឺកូវីដ១៩ នៅក្នុង​ទំនិញចំណីអាហារនាំចូលពីបរទេស។ កាលពីខែកក្កដា អាជ្ញាធរក្រុងវូហ៊ូ នៅខេត្ត​អានហួយ បានរកឃើញ ថាមានកូវីដ១៩ ស្ថិតនៅលើសំបកវិចខ្ចប់ រំបង្គារកក នាំចូល​ពី​ប្រទេសអេក្វាទ័រ ដល់ទៅ២លើកផ្សេងគ្នា។ ចំណែកកាលពីខែមិថុនា អាជ្ញាធរចិនក្រុងប៉េកាំង បានសម្រេចបិទផ្សារលក់ចំណីអាហារដ៏ធំមួយ ឈ្មោះ Xinfadi បន្ទាប់ពីបានរកឃើញ ថាមាន​សំណាកមេរោគជំងឺកូវីដ១៩ នៅលើរានលក់ត្រីសាល់មុន ដែលជាត្រីនាំចូលពីបរទេស។

គួរបញ្ជាក់ថា អាជ្ញាធរចិន បានបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការទប់ទល់ការឆ្លងរាលដាលថ្មីទៀត នូវជំងឺកូវីដ១៩។ ករណីមានមេរោគកូវីដ១៩ ស្ថិតក្នុងចំណីអាហារនាំចូលពីប្រទេសនៅតំបន់អាមេរិកខាងត្បូង គឺកាន់តែធ្វើឲ្យ​គេព្រួយបារម្ភ ព្រោះថានៅទីនោះ ដូចជាប្រទេសប្រេស៊ីលជាដើម ជម្ងឺកូវីដ១៩ កំពុងតែឆ្លងរាលដាលយ៉ាងខ្លាំង។ ប្រេស៊ីល ជាប្រទេសទី២ក្នុងពិភពលោក ដែលមាន​អ្នកឆ្លងកូវីដ១៩ច្រើនបំផុត។

គួរកត់សំគាល់ដែរថា ចិន គឺជាទីផ្សារដ៏ធំ ក្នុងការនាំចូល​ទំនិញចំណីអាហារ ត្រីសាច់ពីបរទេស។ ចំណែកប្រេស៊ីល គឺជាប្រទេសដែលនាំចេញសាច់មាន់ ច្រើនជាងគេបង្អស់លើកលោក។ កាលពីឆ្នាំ២០១៧ ប្រេស៊ីលបាននាំចេញសាច់មាន់កក ទៅចិនបានច្រើនជាងគេ ពោលគឺប្រមាណ​ជា៨៥% នៃការនាំចូលសរុបរបស់​ចិន។ តែក្រោយមកទីផ្សារសាច់មានកកនេះ បានរួញ​ខើចសម្រាប់ប្រេស៊ីល ដោយសារចិនបាន​បើកទទួលសាច់មាន់កក របស់ថៃ អាហ្សង់ទីន និងឈីលី។ ដំណឹងស្តីពីមានមេរោគកូវីដ១៩ នៅក្នុងសាច់មាន់កកប្រេស៊ីលនេះ នឹងរិតតែធ្វើឲ្យ​ប្រេស៊ីលបាត់បង់ទីផ្សារនៅចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ